រកឃើញ​ករណី​H5N1ទី៩​ហើយ!

ករណី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០១៣ ក្រសួង​សុខាភិបាល​នៃព្រះរាជា​ណាចក្រកម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​បានចេញ​សេចក្ដី​ប្រកាស​រួមម្ដងទៀត​ស្ដីពីការ​រកឃើញ​ករណី​ថ្មីទី៩​នៃជម្ងឺ​ផ្ដាសាយបក្សី​លើមនុស្ស​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា​ក្នុងឆ្នាំ​២០១៣។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ករណី​ទី៩ កើតលើ​បុរស​ម្នាក់អាយុ​៣៥ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ក្បាលអូរ ឃុំមេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​ចាម ត្រូវបាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅថ្ងៃ​ទី២៣ ខែកុម្ភៈ​ឆ្នាំ២០១៣ ថាមាន​ជម្ងឺ​ផ្ដាសាយ​បក្សីH5N1។ បុរសនេះ​ចាប់ផ្ដើម​ឈឺ នៅថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដោយមាន​គ្រុនក្ដៅ បន្ទាប់មក​ស្ថានភាព​របស់គាត់​កាន់តែ​ធ្ងន់ធ្ងរ នៅថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដោយមាន​គ្រុនក្ដៅ ក្អក​ញឹកញាប់ និង​ហត់។ បុរសនេះ​បាន​ទទួលការ​ព្យាបាល​ដំបូង នៅពេទ្យ​ឯកជន ប៉ុន្តែគ្មាន​ប្រសិទ្ធភាព បន្ទាប់មក​ត្រូវបាន​ដាក់អោយ​សំរាក​នៅមន្ទី​ពេទ្យបង្អែក​ខេត្តកំពង់​ចាម នៅថ្ងៃទី​១៣ ខែ​កុម្ភៈ ដោយមាន​គ្រុនក្ដៅ ក្អក​ខ្លាំង និង​ហត់ និងត្រូវ​ទទួលបាន​ការព្យាបាល​ឱសថ​Tamiflu ភ្លាមៗ។ អ្នកជម្ងឺ​មានជម្ងឺ​សួត នៅថ្ងៃទី​២១ ខែកុ​ម្ភៈ និង​ត្រូវបាន​បញ្ជួនបន្ត​ទៅមន្ទី​ពេទ្យកាល់​ម៉ែត រាជធានី​ភ្នំពេញ។ ទោះជា​មានការ​ជួយ​សង្រ្គោះ យ៉ាង​យកចិត្ត​ទុកដាក់ ពីសំណាក់​ក្រុមគ្រូពេទ្យ​ក៏ដោយ ក៏បុរស​នេះបាន​បាត់បង់​ជីវិត នៅថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ មាន​ភស្តុតាង​បង្ហាញ​ថា មាន​បសុបក្សី​ងាប់ នៅក្នុង​ភូមិ និង​បុរសនេះ​បាន​ប៉ះពាល់​ជាមួយ​សត្វទា​ងាប់ មុនថ្ងៃ​ចាប់ផ្ដើ​ឈឺ។ បុរសនេះ​ជាមនុស្ស​ទី៩ ក្នុងឆ្នាំ​នេះ និង​ជាករណី​ទី៣០ ដែលឆ្លង​វីរុស​ផ្ដាសាយ​H5N1 និង​ជាករណី​ទី២៧ ដែល​ស្លាប់​ដោយសារ​ជម្ងឺនេះ។ ២០ករណី​ក្នុងចំណោម ករណី​ផ្ដាសាយបក្សី​ទាំង៣០ ដែល​កើតមាន​ឡើង នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា កើតលើ​កុមារ​អាយុ១៤​ឆ្នាំ និង​១៩​ករណី ក្នុង​ចំណោម​ករណី​ផ្ដាសាយបក្សី​ទាំង៣០​ជានារី។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​មានប្រសាសន៍​ថា “ជម្ងឺ​ផ្ដាសាយ​បក្សី H5N1 នៅតែ​បន្តគំរាម​កំហែង​ដល់ សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា។ នេះជា​ករណីផ្ដាសាយ​បក្សី​ទី៩ ដែល​កើតមាន​លើមនុស្ស​ក្នុងដើម​ឆ្នាំនេះ។ ការ​ប្រឈម​ចំបង​បំផុត​ចំពោះ​វីរុសគឺ តាមរយៈ​ការ​ប៉ះពាល់ និង​សំលាប់​បសុបក្សី មាន​ជម្ងឺ។ ការ​សំលាប់​និងរៀបចំ​បសុបក្សី​ដែលឈឹ​ឬងាប់ សំរាប់​ធ្វើម្ហូប​គឺជាការ​គ្រោះថ្នាក់ ហើយ​ឥរិយាបថ​នេះ ត្រូវតែ​បញ្ឈប់ ហើយ​កុមារ​នៅតែមាន​ភាពងាយ​រងគ្រោះ​ច្រើន និងមាន​ហានិភ័យ​ខ្ពស់ ពីព្រោះ​ពួកគេ​ចូលចិត្ត លេង​កន្លែង​ដែលមាន​បសុបក្សី។ ខ្ញុំ​សូម​រំលឹក ឪពុកម្ដាយ និង​អ្នក​ថែទាំ​កុមារ​ទាំងអស់ ត្រូវដាក់​កុមារ នៅអោយ​ឆ្ងាយ ពី​សត្វបក្សី​ឈឺ​​ឬងាប់ និង​ព្យាយាម​អោយ​កុមារ​លេង អោយ​ឆ្ងាយពី​មាន់​និងទា។ ឪពុកម្ដាយ និង​អ្នកថែទាំ​កុមារ​ទាំងអស់​ត្រូវប្រាកដ​ថា កុមារ​លាងដៃ​ជាមួយ​សាប៊ូ បន្ទាប់ពី​ប៉ះពាល់​ជាមួយ​បសុបក្សី។ ប្រសិន​ជាពួកគេ​មានដង្ហើម​ញាប់ ឬ​ពិបាកដក​ដង្ហើម ត្រូវនាំ​កុមារ​ទៅរក​ការព្យាបាល​ជាបន្ទាន់ នៅ​គ្រឹះស្ថាន​សុខាភិបាល ដែល​នៅជិត​ផ្ទះ​របស់​លោកអ្នក​បំផុត ហើយ​ត្រូវប្រាប់​មន្រ្តី​សុខាភិបាល អំពី​ប្រវត្តិ ប៉ះពាល់​ជាមួយ​សត្វបក្សី​ឈឺឬ​ងាប់” សម្រាប់​​អត្ថបទ​​បន្ថែម លោកអ្នក​​អាច​ចុច​អាន “កុមារ​កម្ពុជា​​៦នាក់​កើត​ជម្ងឺ​​ផ្ដាសាយ​​បក្សី​​នៅដើម​​ឆ្នាំ២០១៣” និង​” H5N1​នៅ​​កម្ពុជា៖ ករណី​ទី៧ កើត​មាន រីឯ​ករណីទី៥​ស្លាប់ ” ដើម្បី​ជ្រាប​ពត័មាន។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣

Google Analytics Alternative