កុមារកម្ពុជា​៦នាក់​កើតជម្ងឺ​ផ្ដាសាយ​បក្សី​នៅដើម​ឆ្នាំ២០១៣

បើនិយាយ​អំពី​ជម្ងឺ​ផ្ដាសាយ​បក្សី​ ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​មិនទាន់​ភ្លេច​នៅឡើយ​ទេ ចំពោះ​ការ​ខាតបង់​ជាច្រើន និង​សម្លាប់​មនុស្ស​ជាច្រើន​រយនាក់។ ជាអាទិ​ នៅលើ​ពិភពលោក​គិតចាប់ពី​ឆ្នាំ២០០៣​មក មាន​ករណី​ផ្ដាសាយ​បក្សី​សរុប​ទាំងអស់​៦១៦ ដែល​បញ្ជាក់​ដោយមន្រ្តី​ពិសោធន៍ និង​ក្នុងនោះ​មាន៣៦៥​នាក់បាន​ស្លាប់។ នៅដើម​ឆ្នាំ២០១៣​រហូតមក​ដល់ថ្ងៃ​ទី៨ ខែកុម្ភៈ ឆ្នាំ២០១៣​នេះ មាន៦ករណី​ហើយ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ជម្ងឺ​ផ្ដាសាយ​បក្សី​ H5N1 គឺជា​ជម្ងឺ​ផ្ដាសាយ​មួយ ដែល​ជាធម្មតា​ចម្លង​រវាង​សត្វបក្សី​ឈឺ ទៅបក្សី​ផ្សេងទៀត ប៉ុន្តែ​ជួនកាល វាអាច​ចម្លង​ពីបក្សី​ទៅមនុស្ស។ ជម្ងឺ​ផ្ដាសាយ​លើមនុស្ស​ជាជម្ងឺ​ធ្ងន់ធ្ងរ ដែល​តំរូវ​ឲ្យមានការ​ធ្វើការ​ព្យាបាល​នៅមន្ទីរពេទ្យ។ ទោះបីជា​វាមិនងាយ​ឆ្លងពី​មនុស្ស​ម្នាក់ទៅមនុស្ស​ម្នាក់ទៀត ប៉ុន្តែ​បើវា​ផ្លាស់ប្ដូរ វាអាច​រាលដាល ដូចនឹង​ជម្ងឺ​ផ្ដាសាយ​តាមរដូវ​កាល។ ដូច្នេះ​ការរក​ឃើញ​ករណី​ទាន់ពេលវេលា​មាន​សារៈសំខាន់​បំផុត។

ថ្មីៗនេះ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​បានចេញ​សេចក្ដី​ថ្លែងការ​ណ៍ជាបន្តបន្ទាប់​ អំពីការ​រកឃើញ​ករណី​ថ្មីចំនួន៦​ហើយ ដែល​ត្រូវបាន​អះអាង​បញ្ជាក់ថា​វិជ្ជមាន​វិរុសផ្ដា​សាយបក្សី​ H5N1 ក្នុង​ដើមឆ្នាំ​២០១៣​នេះ។ សេចក្ដី​ថ្លែងការណ៍​បាន​លើកឡើង​ដូចតទៅ៖

ករណីទី​៤ កើតលើកុមារីអាយុ១៧ខែម្នាក់ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ព្រៃញាតិ ឃុំព្រៃញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​បញ្ជាក់​ដោយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅថ្ងៃទី​២៦ ខែម​ករា ឆ្នាំ២០១៣ ថាមាន​ជម្ងឺផ្តាសាយបក្សី H5N1។ កុមារីនេះចាប់ផ្តើមឈឺនៅថ្ងៃទី១៣ ខែមករា ដោយមាន​គ្រុនក្ដៅ ក្អក ហូរ​សំបោរ​និងក្អួត។ កុមារី​បាន​ទទួល​ការ​ព្យាបាល​ដំបូង​នៅពេទ្យ​ឯកជន ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព បន្ទាប់មក​ត្រូវបាន​ដាក់ឲ្យ​សំរាក​មន្ទីពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ នៅថ្ងៃទី​១៧ ខែមករា ដោយ​មានគ្រុន​ក្ដៅ ក្អក សន្លឹម​និងហត់។ ទោះបីជា​មានការ​ជួយសង្រ្គោះ​យ៉ាងយក​ចិត្តទុក​ដាក់ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏ដោយ ក៏កុមារីនេះ​បាន​បាត់បង់​ជីវិត នៅថ្ងៃទី​២៨ ខែមករា។ មាន​ភស្តុតាង​បង្ហាញ​ថា មាន​បសុបក្សី ឈឺឬ​ងាប់ នៅក្នុង​ភូមិ និង​កុមារីនេះ​បាន​ប៉ះពាល់​ជាមួយ​សត្វមាន់​ដែល​ឈឺឬ​ងាប់ និង​ចំអិន​ធ្វើអាហារ​មុនថ្ងៃ​ចាប់ផ្ដើម​ឈឺ។

ករណីទី​៥ កើតមាន​លើ កុមារី អាយុ​៩ឆ្នាំ​ម្នាក់ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំថ្មី ស្រុកទឹក​ឈូ ខេត្ត​កំពត ត្រូវ​បាន​បញ្ជាក់​ដោយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៣ ថាមាន​ជម្ងឺ​ផ្ដាសាយបក្សី​ H5N1។ អ្នកជម្ងឺ​បានចាប់​ផ្ដើម​ឈឺ​ នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៣ ដោយមាន​គ្រុនក្ដៅ និង​ក្អក។ កុមារី​បានទទួលការ​ព្យាបាល​ដំបូង​នៅពេទ្យ​ឯកជន ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព បន្ទាប់មក​ត្រូវបាន​ដាក់ឲ្យ​សំរាក​មន្ទីពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៧ ខែ​មករា ដោយមាន​គ្រុនក្ដៅ ក្អក សន្លឹម​និងហត់។ ទោះបីជាមាន​ការជួយ​សង្រ្គោះ​យ៉ាង​យកចិត្ត​ទុកដាក់​ពីសំណាក់​ក្រុមគ្រូពេទ្យ​ក៏ដោយ ក៏​កុមារីនេះបាន​ស្លាប់ នៅថ្ងៃទី​២៨ ខែ​មករា។ មាន​ភស្តុតាង​បង្ហាញ​ថា មាន​បសុបក្សី ឈឺ​ឬងាប់ នៅក្នុង​ភូមិ។ កុមារីនេះ​ជាករណីទី​២៦ នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ដែលឆ្លង​ជម្ងឺផ្ដាសាយបក្សី និង​មនុស្ស​ទី៥ ក្នុងឆ្នាំ​នេះ និង​ជាករណី​ទី២៣ ដែល​ស្លាប់​ដោយសារ​ជម្ងឺនេះ។ ១៧ករណី​ក្នុង​ចំណោម​ករណី​ផ្ដាសាយបក្សី​ទាំង២៦​ ដែលកើតមានឡើងនៅព្រះរាជាណាចក្រកម្ពុជា កើតលើកុមារអាយុក្រោម១៤ឆ្នាំ និង១៧ករណីក្នុងចំណោមករណីផ្តាសាយបក្សីទាំង២៦​ ជានារី។

ករណី​ទី៦ កើត​លើ កុមារី អាយុ៥ឆ្នាំ​ម្នាក់ ដែលមាន​ទីលំនៅ​ក្នុងភូមិ​អាងក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃ​កប្បាស ខេត្ត​តាកែវ ត្រូវ​បានបញ្ជាក់​ដោយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅថ្ងៃ​ទី៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ថាមាន​ជម្ងឺ​ផ្ដាសាយបក្សី​H5N1។ អ្នកជម្ងឺ​បាន​ចាប់ផ្ដើមឈឺ​ នៅថ្ងៃ​ទី២៥ ខែ​មករា ដោយមាន​គ្រុនក្ដៅ ក្អក និង​ក្អួត។ កុមារី​បានទទួល​ការ​ព្យាបាល​ដំបូង​នៅពេទ្យ​ឯកជន ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព បន្ទាប់មក​ត្រូវបាន​ដាក់ឲ្យ​សំរាកនៅមន្ទី​ពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ នៅថ្ងៃទី​៣១ ខែមករា ដោយមាន​គ្រុនក្ដៅ ក្អក និង​ហត់។ ទោះបីជា​មានការ​ជួយ​សង្រ្គោះ​យ៉ាង​យកចិត្ត​ទុកដាក់​ពីសំណាក់​ក្រុមគ្រូ​ពេទ្យ​ក៏ដោយ ក៏កុមារី​នេះបាន​បាត់បង់​ជីវិត នៅថ្ងៃ​ទី៧ ខែកុម្ភៈ ឆ្នាំ២០១៣។ មាន​ភស្តុតាង​បង្ហាញ​ថា មាន​បសុបក្សីឈឺ​ឬងាប់ នៅក្នុងភូមិ និងកុមារីនេះបានប៉ះពាល់ជាមួយសត្វមាន់ដែលឈឺនិងងាប់ មុនថ្ងៃ​ចាប់ផ្ដើម​ឈឺ។ កុមារីនេះ​ជាករណីទី​២៧ នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ដែលឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី និង​មនុស្ស​ទី៦ ក្នុងឆ្នាំ​នេះ និង​ជាករណី​ទី២៤ ដែល​ស្លាប់​ដោយសារ​ជម្ងឺនេះ។ ១៨​ករណី​ក្នុងចំណោម​ករណី​ផ្ដាសាយបក្សី​ទាំង​២៧ ដែលកើតមានឡើងនៅព្រះជាណាចក្រកម្ពុជា កើតលើកុមារអាយុក្រោម១៤ឆ្នាំ និង១៨ករណីក្នុងចំណោមករណីផ្តាសាយបក្សីទាំង២៧ ជានារី។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល​មាន​ប្រសាសន៍​ថា ”ជម្ងឺ​ផ្ដាសាយ​H5N1​នៅតែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា។ នេះជា​ករណី​ផ្ដាសាយ​បក្សីទី​៦ ដែលកើត​មានលើ​មនុស្ស​ក្នុងដើម​ឆ្នាំនេះ ហើយ​កុមារ​នៅតែ​មានភាព​ងាយ​រងគ្រោះ​ច្រើន និងជម្ងឺ​នៅតែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាជន​យើង។ ខ្ញុំសូម​រំលឹក ឪពុកម្ដាយ និង​អ្នកថែ​ទាំកុមារ​ទាំអស់ ត្រូវដាក់​កុមារ​នៅឲ្យ​ឆ្ងាយពី​សត្វបក្សី​ឈឺឬងាប់ និង​ព្យាយាម​ឲ្យ​កុមារ​លេងឲ្យ​ឆ្ងាយពី​កន្លែង​មានសត្វ​បក្សី និង​លាងដៃ​ឲ្យបាន​ញឹកញាប់។ ប្រសិនបើ​ពួកគេ​មានដង្ហើម​ញាប់ ឬ​ពិបាក​ដកដង្ហើម ត្រូវ​នាំកុមារ​ទៅរកការ​ព្យាបាល​ជាបន្ទាន់​នៅគ្រឹះស្ថាន​សុខាភិបាល ដែល​នៅជិត​ផ្ទះ​របស់​លោកអ្នក​បំផុត ហើយ​ត្រូវប្រាប់​មន្រ្តី​សុខាភិបាល អំពី​ប្រវត្ត​ប៉ះពាល់​ជាមួយ​សត្វបក្សី​ឈឺឬ​ងាប់។”

ក្រុមឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល ក្នុងការ​ឆ្លើយតប​ទៅនឹង​ការរាត​ត្បាតនៃ​ជម្ងឺ​ កំពុង​អង្កេត​ស្រាវជ្រាវ​ដល់ទីកន្លែង​កើតហេតុ​នៅឯ​មូលដ្ឋាន និង​មន្ទីពេទ្យ ដើម្បី​ស្វែរក​អ្នក​ប៉ះពាល់​ជិតស្និត​ជាមួយ​កុមារីនេះ និងភាព​ដែលអាច​មាន​ទំនាក់​ទំនងគ្នា​ផ្នែកអេពីដេ​មីសាស្រ្ត​ក្នុង​ចំណោម​ករណី​ទាំង៦ ដែល​កើតក្នុង​ដើមឆ្នាំ​នេះ និង​ចាប់ផ្ដើម​ផ្ដល់ឳសថ​បង្ការ​ដែល​ចាំបាច់។ ជា​បន្ថែម យុទ្ធនាការ​អប់រំ​សុខភាព​សាធារណៈ​កំពុង​ត្រូវបាន​ដំណើរការ​អនុវត្ត នៅភូមិ​ដើម្បី​ជំរាប​ជូនដល់​សមាជិក​ក្រុម​គ្រួសារ នូវ​របៀប​បង្ការ​ការ​ចម្លង​ជម្ងឺ​ផ្តាសាយបក្សី។ សារ​អប់រំ​របស់​រាជរដ្ឋាភិ​បាលរួម​មាន៖ -លាងដៃ ឲ្យ​បាន​ញឹកញាប់ ដាក់កុមារ​នៅឲ្យ​ឆ្ងាយពី​បក្សី ដាក់​សត្វ​បក្សី​នៅឲ្យ​ឆ្ងាយ​ពីកន្លែង​រស់នៅ កុំ​បរិភោគ សត្វបក្សីឈឺឬ​ងាប់ និង​រាល់សត្វ​បក្សី​ដែលធ្វើ​សំរាប់​បរិភោគ ត្រូវ​ចំអិន​ឲ្យ​ឆ្អិនល្អ។

អត្ដបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣

Google Analytics Alternative