បម្រាម១០យ៉ាងពេលបុណ្យចូលឆ្នាំចិន

ជាតិសាសន៍​នីមួយៗ​សុទ្ធមាន​ជំនឿ​រៀងៗខ្លួន។ នៅលើ​ពិភពលោក​យើងនេះ មនុស្សគ្រប់ៗគ្នា​តែងតែ​មានជំនឿ​ សាសនា និង​ប្រពៃណី​ទៅការ​និយម​គោរព​បូជា​របស់ពួកគេ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ជនជាតិចិន​បានកាន់​តំណម ឬ​បម្រាម​១០យ៉ាង​ដែលមាន​តាំងពី​បុរាណ ហើយ​បានហាម​កូនចៅ​មិនឲ្យ​ធ្វើតៗគ្នា​ក្នុង​អំឡុងពេល​ចុលឆ្នាំថ្មី។ តំណម ឬ​បម្រាម​១០១០យ៉ាងមាន​ដូចតទៅ៖

១ . បម្រាម​បោស​សម្អាត
ការ​បោសសម្អាត​គួរតែ​ធ្វើឲ្យ​បាន​រួចរាល់​មុនថ្ងៃ​ចូលឆ្នាំថ្មី។ ការធ្វើ​ដូចច្នេះ​មានន័យ​ថា​ ការ​ចាប់ផ្ដើម​អ្វីៗថ្មី​ទាំងអស់។
របស់​របរ​ដូចជា​​ឧបករណ៍​បូមធូលី អំបោស​​ប្រដាប់​ជូតធូលី គួរ​ប្រមូល​ទុកដាក់​ឲ្យឆ្ងាយ​ពីកន្លែង​សំខាន់ៗ។ ការ​បោសសម្អាត​ធូលី​ក្នុងអំឡុង​ពេលចូល​ឆ្នាំថ្មី មានន័យ​ថា លោកអ្នក​កំពុង​បោស​បណ្ដេញ​សំណាង​ល្អចេញ​ពីផ្ទះ​របស់ខ្លួន។

២ . បម្រាម​ប្រើប្រាស់​របស់​របរ​ពណ៌ខ្មៅ
ពណ៌ខ្មៅ​ជានិមិត្ត​សញ្ញា​តំណាង​ឲ្យសំណាង​អាក្រក់ ដូច្នេះ​សូមកុំ​ប្រើប្រាស់​វាអំឡុង​ពេលចូលឆ្នាំចិ​ន។ ផ្ទុយ​ទៅវិញ​តែមាន​ពណ៌​ក្រហម​មួយគត់​ដែលជា​ពណ៌នាំ​សំណាង និងសិរីសួស្ដី​ដល់​លោកអ្នក។

៣ . បម្រាម​ធ្វើឲ្យ​បែកកែវ ឬ​ចាន
សូម​កុំទម្លាក់​កែវ ឬចាន​ឲ្យលាន់​ឮជាសំឡេង​ខ្លាំង ឬ ធ្វើឲ្យបែក​ដោយ​ចៃដន្យ។ ការ​ធ្វើដូច្នេះ​មានន័យ​ថា វានិង​មានរឿងរ៉ាវ​ឈ្លោះប្រកែកគ្នានៅ​ក្នុង​ក្រុម​គ្រួសារ​នៅក្នុង​ឆ្នាំថ្មី។

៤ . បម្រាម​ប្រើប្រាស់​វត្ថុ​ដែលមាន​ចុងស្រួច
សូម​ប្រមូល​យកវត្ថុ​ទាំងអស់​ដែលមាន​ចុងស្រួច ដូចជា​កាំបិត កន្រៃ​ជាដើម​ដាក់ឲ្យ​ឆ្ងាយផុតពីភ្នែក​គ្រប់ៗ​គ្នាក្នុង​ក្រុមគ្រួសារ និង​ភ្ញៀវ ហើយ​ប្រសិនបើ​អាចចៀសវាង​បានគួរ​កុំប្រើប្រាស់​វាក្នុង​អំឡុងពេល​ចូលឆ្នាំ។

៥ . បម្រាម​ប្រើប្រាស់​លេខ៤
លេខ៤​ត្រូវបាន​គេជឿថា​ជាលេខ​នាំមក​នូវ​អពមង្គល គ្មាន​ជោគ​ជ័យ​សិរីសួស្ដី ដូច្នេះ​គួរកុំ​ប្រើប្រាស់ ឬ​កុំបង្ហាញវា​តែម្ដង។ ទំនៀម​ទម្លាប់​ចិន ហាម​មិនឲ្យ​ប្រើប្រាស់​លេខ៤​ដោយសារ​មូលហេតុ​ការបញ្ចេញ​សំឡេង​លេខ៤ (Si) ដូចគ្នា​ទៅនឹង​សំឡេង (SI) ដែលមាន​ន័យថា​ស្លាប់។ ក្រៅពី​លេខ៤ លេខ៥ ,៦ ,៧ និង​លេខ៤៩ ក៏ជាលេខ​មិនល្អ​ដែរ។

៦ . តុបតែង​ជាមួយ​និងវត្ថុ​មានជោគ​រាសីល្អ ឬ​ឬទ្ធិ​អំណាច
ក្រៅពីការ​ប្រកាន់​ខ្ចាប់ពណ៌​ក្រហម​គេអាច​រៀបចំ​ដាក់តាំង​វត្ថុ​សក្ដិសិទ្ធិ​មួយចំនួន​ទៀត។

៧ . បម្រាម​បិទទ្វារ និង​បង្អួច
ទ្វារ និង​បង្អួច​គួរតែ​បើក​ចំហ​ដើម្បី​ជួយបណ្ដេញ​អពមង្គល និង​រឿងរ៉ាវ​អាក្រក់​ឧបទ្រពចាស់ៗ​ចេញ ហើយ​ត្រៀម​ស្វាគមន៍​ឆ្នាំថ្មី។

៨ . បម្រាម​ដាក់​តាំង​កញ្ចក់
សូមដាក់​កញ្ចក់​ដោយ​ប្រុងប្រយត្ន័ ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​នៅពេល​ដែលគេមក​លេងផ្ទះ​របស់​យើង។

៩ . បម្រាម​ទុកទូដាក់​ចាន និង​ទូទឹកកក​ឲ្យនៅទំនេរ
ចូរទិញ​របស់​របរ និង​ទំនិញ ម្ហូប​អាហារ ផ្លែឈើ​ដាក់ឲ្យ​ពេញទូដាក់​ចាន និង​ទូទឹកកក​មុនពេល​ចូលឆ្នាំថ្មី។

១០ . បម្រាម​បិទភ្លើង
សូមបើក​អំពូលភ្លើង​ទាំងអស់​ទាំងក្នុង និង​ក្រៅផ្ទះ។ ការ​បើក​អំពូល​ភ្លើង​បែបនេះ​ត្រូនគេមាន​ជំនឿថា​វានឹង​មាន​សំណាង​ល្អ និងមាន​អនាគត​ភ្លឺថ្លា។

អត្ថបទ​ដោយ ៖ សុខភាព​កម្ពុជា
ចេញ​ផ្សាយ ៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Google Analytics Alternative