របៀប​ថែទាំខ្លួន​គ្រាមាន​គ្រោះ​ទឹកជំនន់

បើនិយាយ​អំពី​ទឹកជំនន់ គឺ​ពិតជា​បាតុភូត​កើតមាន​ជារៀងរាល់ឆ្នាំ​នៅលើ​ទឹកដី​កម្ពុជា ជាពិសេស​ប្រទេស​ដែលនៅតាម​ដងទន្លេមេគង្គ។ ប្រជាជន​ភាគច្រើន​មិនគិត​ថា ទឹកជំនន់​ជាគ្រោះធម្មជាតិ​នោះទេ ជាហេតុ​ធ្វើឱ្យ​ពួកគេមិន​អើពើ និង​ប្រុងប្រយ័ត្ន​អ្វីទាំងអស់។ តែទឹ​កជំនន់ឆ្នាំនេះ​គឺជា​គ្រោះធម្មជាតិ។ ទស្សនាវដ្ដី សុខភាព​យើង សូមចូល​រួមចំណែក​ទប់ស្កាត់ និង​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការ​ផលិតអត្ថបទ​នេះឡើង។

រូបភាពទស្សនាវដ្តីសុខភាពយើង

អត្ថបទ​ដែល​លោកអ្នក​កំពុង​កាន់អាន​នេះ អាចជា​ព័ត៌មាន​សំខាន់​ណាស់​សម្រាប់​អ្នកដែល​រស់នៅ និង​ធ្វើការ​នៅតាម​តំបន់​លិចទឹក។ សូម​ធ្វើការ​បែងចែក​របៀប​នៃការ​យល់ដឹង​ទៅតាម​ដំណាក់​កាល មុន​ទឹកជំនន់ ពេល​ទឹកជំនន់ និងក្រោយ​ទឹកជំនន់។

ប្រការ​ត្រូវធ្វើ​មុនពេល​មានគ្រោះ​ទឹកជំនន់

ការប៉ាន់​ប្រមាណ​ទំហំទឹ​កជំនន់ គឺជាការ​លំបាក​ខ្លាំងណាស់។ ហេតុនេះ​កម្រិត​នៃការ​ត្រៀម ឬ​ប្រុងប្រយ័ត្ន​ពិតជា​ពិបាក​ព្រៀងទុក។ ប៉ុន្ដែ​លោកអ្នក​ត្រូវមាន​វិធាន​ការការពារ​មួយចំនួន​ដូចតទៅ។

  • ត្រៀម​ទុកជាស្រេច​នូវបង្វិច ឬ​ឧបករណ៍​សម្រាប់​យកចេញ ឬ​ដឹកជញ្ជូន​ចេញក្នុង​ករណីមានការ​ជម្លៀស​ចេញពី​លំនៅដ្ឋាន ទឹកលិច​(សម្លៀក​បំពាក់ ឱសថ ថ្នាំសង្កូវ សម្ភារៈ​ថែទាំកុមារ​តូចៗ​ជាដើម)។
  • សូម​សាកសួរ​យោបល់ពី​អ្នកជំនាញ​ខាងអគ្គិសនី អំពី​របៀប​កាត់ផ្ដាច់​អគ្គិសនី​ក្នុងផ្ទះ​(ក្នុង​ករណី​មានប្រើ​ចរន្ដអគ្គិសនី)។
  • ត្រៀម​ជម្លៀស​ខ្លួនចេញ​ពីលំនៅដ្ឋាន ដែល​លោកអ្នក​ត្រូវតែ​ធ្វើទៅ​រកទីតាំង​សុវត្ថិភាព ឬ​លំនៅដ្ឋាន​បណ្ដោះ​អាសន្ន​មួយ មិនមាន​ទឹកលិច។ សូម​គិតគូរ​អំពីមធ្យោបាយ​ដឹកជញ្ជូន និង​ការចំណាយ​នានា​ដែលអាច​កើតមាន​ទុកជាមុន​ផង។
  • សូម​គិតទុក​ជាមុន​នូវការ​ត្រៀមទឹក និង​ចំណី​អាហារ​សម្រាប់​ទទួលទាន។ ការ​ទទួលទាន​ទឹកមិន​ស្អាត និង​ចំណី​អាហារ មិន​គ្រប់គ្រាន់ អាច​នាំឱ្យ​មានជម្ងឺ​តម្កាត់។
  • សូម​ត្រៀមកូន​វិទ្យុតូច​មួយ​នៅជាប់​នឹងខ្លួន​ដែលអាច​ទទួល​ព័ត៌មាន​បាន​រហ័ស​ទាន់ចិត្ដ​ពីស្ថានីយវិទ្យុ និង​សារព័ត៌មាន​ផ្សេងៗ អំពី​ស្ថានភាព​ទឹកឡើង និងការ​ជួយ​សង្គ្រោះ​នានា។ ហើយ​ត្រូវគិត​អំពីថ្មពិល​សម្រាប់​ដាក់ប្ដូរ ឬ​បញ្ចូល​សម្រាប់​ស្ដាប់វិទ្យុ​នោះផង។
  • សូមលើក​វត្ថុ សម្ភារៈ ឧបករណ៍ និង​សង្ហារិម​ទាំងឡាយ​ដែលនៅ​ផ្ទាល់នឹងដី​ដាក់លើទីតាំង​ខ្ពស់។ ហើយ​ធានា​ឱ្យបាន​ថា សារធាតុ​ពុល ឬ​បំពុល ដូចជាថ្នាំ​សម្លាប់​សត្វ​ល្អិត ប្រេងឥន្ធនៈ​(ប្រេងកាត ប្រេង​សាំង ប្រេង​ម៉ាស៊ីន) ថ្នាំដាក់​រុក្ខជាតិ​ដំណាំនានា និង​គ្រឿងឆេះ​នានា ដាក់​នៅកន្លែង​សុវត្ថិភាព​មួយ។
  • ជាចុងក្រោយ​បើអាច​ធ្វើបាន សូម​ត្រៀមការ​ទប់ស្កាត់​ការជ្រាប​ចូលនៃទឹក​ទៅក្នុង​ផ្ទះ តាមរយៈ​ការទប់​បាវដី ឬ​វិធី ប្រសិទ្ធភាព​នានា។

ប្រការ​ត្រូវធ្វើ​ពេលកំពុង​មានគ្រោះ​ទឹកជំនន់

  • សូមស្ដាប់​ការណែនាំ និង​អនុសាសន៍​របស់​សាលាឃុំ​ស្រុក​ដែល​លោកអ្នក​ស្នាក់នៅ និង​ក្រសួង​ទទួលបន្ទុក ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ និង​តាមរយៈ​វិទ្យុ ទូរទស្សន៍​(សម័យ​ទំនើបនេះ អាច​តាមប្រព័ន្ធ​អ៊ិនធ័រណែត)។
  • សូមកុំ​រង់ចាំ​រហូតដល់​ថ្នល់លិច ឬ​ទឹកហូរ​ដាច់អស់ ដែលធ្វើ​ដំណើរ​លែងកើត ទើប​ចាកចេញពី​លំនៅដ្ឋាន។ ជីវិត​របស់ លោកអ្នក​មានតម្លៃថ្លៃ​ជាងរថយន្ដ​និងម៉ូតូ​របស់​លោកអ្នក។
  • សូមដាក់​ឱ្យមានការ​ឃ្លាំមើល និង​យាមកាម​លំនៅដ្ឋាន​របស់​លោកអ្នក​ដោយ​មនុស្ស ឬ​វិធីផ្សេងៗ​តាមដែល​អាចធ្វើ​ទៅបាន។
  • សូមគោរព​តាមការ​ចង្អុល​បង្ហាញ​របស់​មន្ដ្រីសមត្ថកិច្ច​ដែល​ពាក់ពន្ធ័​នឹងរដ្ឋាករទឹក អគ្គិសនី និងស្ថាប័ន​សាម៉ីនានា បូករួម​ទាំងអ្នក​ជំនាញ​ផ្សេងៗ​ទៀតផងដែរ។
  • សូម​ចុះឈ្មោះ​ទៅក្នុង​បញ្ជី​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់ ដើម្បី​ទទួលបាន​ឱកាស​គាំទ្រ ឬឧបត្ថម្ភ​ពីស្ថាប័ន​សង្គ្រោះ គ្រោះ​មហន្ដរាយ​ដែលផ្ដល់​ការ​ឧបត្ថម្ភ​ពេលមាន​ទឹកជំនន់ និង​ក្រោយពេល​មាន​ទឹកជំនន់។
  • សូម​ស្វែងរក​ទីជម្រក​មាន​សុវត្ថិភាព​នៅតាម​ទីទួល ផ្លូវជាតិ និង​ទីវត្ដអារាម​ខ្ពស់ ដែល​មិនលិចទឹក តែសូម​ប្រុងប្រយ័ត្ន​ចំពោះ​ទីតាំង​ហាមឃាត់​មួយចំនួន​ដែល​សម្រាប់​សាធារណៈ​ប្រើប្រាស់។
  • សូម​ហៅរក​ជំនួយពេល​ត្រូវការ​អ្វីមួយ សាកសួរ​អ្នកជំនាញ ឬ​សមត្ថកិច្ច​ទាក់ទង​នឹងការ​សង្គ្រោះ​គ្រោះទឹក​ជំនន់។ អ្វីដែល​ជាការ​សំខាន់​ផងដែរ គឺបន្ដ​ស្ដាប់ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ជាប្រចាំ។
  • សូម​ទទួលទាន​ចំណី​អាហារ និងទឹក​ដែលស្អាត​មាន​អនាម័យ គ្មាន​ជាតិពុល គ្មាន​មេរោគ តាមវិធី​ចម្អិន និង​ដាក់ ហាលថ្ងៃ​ដើម្បី​សម្លាប់​មេរោគ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការ​ត្រូវធ្វើ​ក្រោយពេល​មានគ្រោះ​ទឹកជំនន់

  • សូម​រួសរាន់​ទៅចុះ​ឈ្មោះក្នុង​បញ្ជីអ្នក​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅតាម​ភូមិសង្កាត់​ដែល​ស្នាក់នៅ ដើម្បី​ទទួលបាន​ជំនួយ​សង្គ្រោះ ប្រសិន​បើមាន ឬក៏​ដើម្បី​ទទួល​ព័ត៌មាន​នានា។
  • សូម​តាមដាន​ព័ត៌មាន សេចក្ដី​ណែនាំ និង​អនុសាសន៍​របស់​សាលាឃុំ​ស្រុក និង​ក្រសួង​ពាក់ព័ន្ធ​នឹងការ​សង្គ្រោះ​អ្នក​រងគ្រោះ ដោយសារ​ទឹកជំនន់។
  • ពេលទឹក​ស្រកសូមវិល​ទៅរក​លំនៅដ្ឋាន​វិញដោយ​ប្រុងប្រយ័ត្ន ករណី​ចាំបាច់​ត្រូវស្នើ​សុំការ​ផ្ដល់​យោបល់ ឬ​ប្រឹក្សា​អំពី អ្នក​ជំនាញ​នានា។
  • សូម​បន្ដស្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ជាប្រចាំ​នៅប៉ុន្មាន​ថ្ងៃក្រោយ​ពីជួប​គ្រោះទឹកជំនន់ ប្រយោជន៍​ទទួលបាន​ព័ត៌មាន​ដំបូន្មាន និង​ចំណេះដឹង​នានា​(ការថែទាំ​សុខភាព សន្ដិសុខ សុវត្ថិភាព។ល។)
  • សូម​បោះបង់​ចោលនូវ​ចំណី​អាហារ​ដែល​នៅសេសសល់​ក្នុងផ្ទះ ដែលប៉ះ​ជាមួយ​ទឹកជំនន់ ទោះបីជា​នៅល្អ​ក្ដី ខូចក្ដី បើ​លោកអ្នក​ទទួលទាន​អាចឆ្លង​មេរោគ នាំឱ្យ​បង្កជម្ងឺ​តម្កាត់​នានា។
  • សូម​ប្រយ័ត្ន​ប្រយែង​ក្នុងការ​ទទួលទាន​ទឹក ដែលសម្បូរ​ទៅដោយ​មេរោគ​នានា ដូចជា​គ្រុន​ពោះវៀន អាសន្ន​រោគ ព្រូន ។ល។ និងអាច​មានសារធាតុ​ពុល​ផ្សេងៗ​ទៀត។
  • សូម​ធ្វើការ​សម្អាត​លំនៅដ្ឋាន​ឱ្យល្អ​មុនពេល​ចូលស្នាក់​នៅដោយ​ការសម្លាប់​មេរោគ ដាក់​ថ្នាំសម្លាប់​ដង្កូវទឹក ថ្នាំសម្លាប់​សត្វ ល្អិត ឬ​ថ្នាំលាង​សម្អាត​មេរោគ ទៅតាម​អនុសាសន៍​និង​គោលការណ៍​នៃការធ្វើ​អនាម័យ។

បណ្ដាំ​ផ្ដាំផ្ញើ ៖ សង្ឃឹមថា​អត្ថបទ​មួយនេះ​ជាចំណងដៃ​សម្រាប់​ប្រជាពលរដ្ឋ និងសង្គម​ជាតិខ្មែរ​ទាំងមូល​ក្នុងការ​អនុវត្ដ និង​គ្រាន់ ជាគំនិត​ថែទាំ​សុខភាព និង​ការពារ​សុវត្ថិភាព​របស់​ខ្លួន និង​អ្នក​រងគ្រោះ។ សូមឱ្យ​ប្រទេសជាតិខ្មែរ​ទាំងមូល​គេចផុត​ពីគ្រោះទឹក​ជំនន់ និង​ទទួលបាន​សេចក្ដីសុខ​ចម្រុង​ចម្រើន​រៀងតទៅ។ ហើយសូម​ប្រជាពលរដ្ឋខ្មែរ​ព្យាយាម​ថែទាំ​សុខភាព និង​សុវត្ថិភាព​របស់ខ្លួន ចៀសវាង​ជម្ងឺ​តម្កាត់ និងការ​លង់ទឹក​ដែលឈាន​ដល់ការ​បាត់បង់​ជីវិត។

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អិលស៊ីស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

Google Analytics Alternative