វិបត្ដិ​​​ផ្លូវចិត្ដ​​​កុមារ

កុមារងាយនឹងទទួលរងនូវការ​កើតវិបត្ដិផ្លូវចិត្ដ នៅពេលដែលពួកគេ​ជួបនូវបញ្ហាអ្វីមួយ។ ឪពុកម្ដាយមួយចំនួន​មិនបានយល់ថា​កូនរបស់ខ្លួនអាចមានវិបត្ដិផ្លូវចិត្ដ​ឬក៏អត់នោះទេ ហើយវិបត្ដិទាំងនោះ​កើតឡើងដោយសារអ្វីនោះដែរ? ក្មេងដែលមានវិបត្ដិ ផ្លូវចិត្ដ​ភាគច្រើនអាចបណ្ដាលមកពី​បញ្ហាជាច្រើន ដែលមាតាបិតា​គ្រប់រូបគួរពិចារណា និងស្វែងយល់ឱ្យបានច្បាស់​អំពីបញ្ហានេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុងទស្សនាវដ្ដី សុខភាពយើង លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ដ​នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បកស្រាយអំពីវិបត្ដិផ្លូវចិត្ដកុមារ រួមទាំងវិធីការពារ​សម្រាប់កុមារផងដែរ។

អ្វីទៅជាវិបត្ដិផ្លូវចិត្ដ​កុមារ?

វិបត្ដិផ្លូវចិត្ដកុមារក៏ដូចជាវិបត្ដិផ្លូវចិត្ដ​មនុស្សធំដែរ ដោយគ្រាន់តែវិបត្ដិផ្លូវចិត្ដកុមារ​ចែកចេញជាពីរគឺវិបត្ដិផ្លូវចិត្ដ និងវិបត្ដិ នៃការលូតលាស់ ពីព្រោះកុមារមានការលូតលាស់​ខាងរាងកាយ ផ្លូវចិត្ដ ផ្លូវគំនិតជាដើម។ វិបត្ដិផ្លូវចិត្ដកុមារ​មិនមានការស្ដែងចេញឱ្យ ដឹងនោះទេ ហើយបើសិនជាមានការសម្ដែងចេញ​គឺចេញតែពីអាការៈខាងក្រៅ គឺមានដូចជាកុមារឈឺ យំ ក្ដៅខ្លួនញឹកញាប់ ក្មេងមិនលេង មិនបរិភោគ ក្មេងរករឿង ក្មេងមិនចង់ទៅសាលាជាដើម។

កត្ដាដែលបណ្ដាលឱ្យកុមារ​មានវិបត្ដិផ្លូវចិត្ដ

កុមារដែលមានវិបត្ដិផ្លូវចិត្ដ​ត្រូវបានគេចែកចេញជាពីរគឺ ៖

១ . កុមារងាយរើសកំហុសដាក់ខ្លួន ៖ ក្នុងគ្រួសារឪពុកម្ដាយ​ប្រើអំពើហិង្សា ជាហេតុធ្វើឱ្យកុមារគិតថា​គឺជារឿងដែលកើត ឡើងគឺបណ្ដាលមកខ្លួន សូម្បីតែរឿងបន្ដិចបន្ដួច​ដែលកើតឡើងនៅក្នុងផ្ទះ​ក៏កុមារចេះតែយកដាក់ខ្លួនដែរ ដោយគិតថា​បើកុំតែមានខ្លួនគេ​ក៏ឪពុកម្ដាយមិនឈ្លោះគ្នាដែរ។ កាលណាដែលក្មេងរើសរឿងបែបនេះ​មកដាក់ខ្លួនហើយ អាចធ្វើឱ្យកុមារ​មានអារម្មណ៍កម្សត់ ដែលធ្វើឱ្យកុមារមិនដេក កុមារឈឺក្បាល ក្ដៅខ្លួន ហើយអាចធ្វើឱ្យ​កុមារធ្លាក់ទឹកចិត្ដ ជាពិសេសបញ្ហាស្មារតីធ្លាក់ចុះ។ ដូចនេះ ឪពុកម្ដាយត្រូវតែយកចិត្ដទុកដាក់​ចំពោះកុមារនៅពេលដែលក្មេងយំ ត្រូវតែលួងលោមក្មេង​ដោយប្រើពាក្យសម្ដីផ្អែមល្ហែម ដោយនិយាយថា​រឿងហេតុដែលកើតឡើងនេះ​មិនមែនមកពីខ្លួនគេនោះទេ។

២ . ក្មេងពេញដោយគំនិតអច្ឆរិយ ៖ កុមារតែងតែគិតថា​ខ្លួនគេនឹងពូកែខ្លាំង ឧទាហរណ៍បើសិនជាឪពុកម្ដាយ​មានការរវល់ ដោយទុកឱ្យយាយតា​ជាអ្នកមើលថែរក្សាជំនួសឪពុកម្ដាយ ធម្មតាការមើលថែរបស់ជីដូន​មិនដូចជាការមើលថែ​របស់ឪពុកម្ដាយទេ ដូចជាពេលខ្លះអាចស្ដីបន្ទោស​ប្រើពាក្យសម្ដីអាក្រក់ ឬក៏វាយជាដើម នៅពេលដែលគាត់និយាយ​ទៅកាន់ក្មេងហើយក្មេងមិនស្ដាប់។ ដូចនេះក្មេងចាំទុកក្នុងចិត្ដ​ដោយគិតថាតាយាយអាក្រក់ ក៏កើតចេញជាចិត្ដស្អប់ ហើយអ្វីដែលមិនល្អនោះគឺ​នៅពេលដែលក្មេងមាន ចិត្ដស្អប់អ្នកណាហើយគឺ​ក្មេងចង់ឱ្យតែអ្នកនោះស្លាប់ សូម្បីតែបងប្អូនបង្កើត​នៅពេលដែលឈ្លោះគ្នាគឺ​ក្មេងចង់ឱ្យតែអ្នកនោះស្លាប់់។ ចៃដន្យអ្នកដែលក្មេងស្អប់ក៏ស្លាប់មែន ពេលនោះហើយក្មេងមួយចំនួនគិតថា​គេខ្លាំងគេពូកែ។ ដូចនេះគេត្រូវតែឱ្យឪពុកម្ដាយ​យល់ចិត្ដគេកាន់តែខ្លាំង អ៊‌ីចឹងហើយបានក្មេងខ្លះរឹងរូស ពិបាកប្រដៅ។ ហើយពេលខ្លះ​នៅពេលដែលឪពុកម្ដាយ​ធ្វើអ្វីមិនត្រូវចិត្ដគឺខឹង គេស្រែកដាក់ ជេរ គេមិនបរិភោគបាយជាដើម។ ដូចនេះលោកអ្នកដែលជាឪពុកម្ដាយ​មិនត្រូវបណ្ដោយឱ្យកូន​កើតមានគំនិតអច្ឆរិយ នោះទេ ព្រោះអាចមានផលវិបាក​ទៅថ្ងៃក្រោយ ហើយគំនិតអច្ឆរិយនេះ​អាចបណ្ដាលឱ្យក្មេងខូច។

ផលប៉ះពាល់ចំពោះ​កុមារមានវិបត្ដិផ្លូវចិត្ដ

កុមារមានវិបត្ដិផ្លូវចិត្ដភាគច្រើន​មិនមានផលប៉ះពាល់អ្វីច្រើន​ទៅលើសង្គមខាងក្រៅទេ តែមានផលប៉ះពាល់ចំពោះគ្រួសារ ជាចម្បង។ កាលណាក្មេងមានវិបត្ដិផ្លូវចិត្ដ ភាគច្រើនធ្វីឱ្យគ្រួសារមានភាពរញ៉េរញ៉ៃ​ធ្វើបាបឪពុកម្ដាយ ហើយពេលខ្លះក្មេងក៏អាច ធ្វើបាបខ្លួនឯង​រហូតឈានទៅដល់ការប្រើប្រាស់ថ្នាំញៀន ហិតកាវជាដើម ហើយអ្វីដែលពិបាកគឺក្មេងអាចគេចសាលារៀន មិនចូលរៀន មិនស្ដាប់ឪពុកម្ដាយ មិនស្ដាប់គ្រូ ហើយបើសិនជាចូលទៅដល់ក្នុងសាលារៀន​ក្មេងក៏មិនមានចិត្ដរៀនសូត្រដែរ ពេលខ្លះអាចបង្ក ឱ្យមានការវាយតប់គ្នា។

វិធីការពារចំពោះ​កុមារមានវិបត្ដិផ្លូវចិត្ដ

ការការពារចំពោះកុមារ​មានវិបត្ដិផ្លូវចិត្ដមានពីរ គឺកុមារដែលមានឪពុកម្ដាយ និងកុមារកំព្រា ៖

១ . ចំពោះកុមារដែលមានឪពុកម្ដាយ ៖ ភាគច្រើនកុមារដែលមានឪពុកម្ដាយ​តែងតែទទួលបាន​ភាពកក់ក្ដៅជាងកុមារកំព្រា ហើយក៏មិនងាយនឹងមានវិបត្ដិផ្លូវចិត្ដ​ដូចកុមារកំព្រានោះទេ។ បើសិនជាកុមារដែលមានឪពុកម្ដាយ ហើយនៅតែមានវិបត្ដិផ្លូវចិត្ដ​នោះគឺបណ្ដាលមកពីឪពុកឬម្ដាយ​ដែលមិនបានយកចិត្ដទុកដាក់ចំពោះកូន មិនយល់ពីចិត្ដរបស់កូនថា កូនចង់បានអ្វី? ហើយកុមារ ប្រភេទនេះ​មានចិត្ដរឹងរូសណាស់។ ឪពុកម្ដាយត្រូវតែស្វែងយល់​ពីកូនឱ្យកាន់តែច្បាស់ថា កូនត្រូវការអ្វី? ហើយឪពុកម្ដាយមិនត្រូវ មានចិត្ដស្រឡាញ់កូនលម្អៀងនោះទេ ព្រោះការដែលឪពុកម្ដាយស្រឡាញ់កូនឱ្យស្មើគ្នា​គឺជាបញ្ហាមួយដែលអាចធ្វើឱ្យ​គ្រួសារមិនចុះសម្រុងគ្នា។ ហើយកត្ដាដែលសំខាន់នោះគឺ​អាចធ្វើឱ្យកូនមានចិត្ដច្រណែននឹងគ្នា អាចមានជម្លោះនឹងគ្នា ហើយក៏អាចឱ្យកូនមាន វិបត្ដិផ្លូវចិត្ដទៀតផង។ កត្ដាដែលសំខាន់នោះគឺ​ឪពុកម្ដាយត្រូវតែផ្ដល់ភាពកក់ក្ដៅ​ឱ្យកូនគ្រប់ៗគ្នា ហើយក៏មិនត្រូវឱ្យកូន​ធ្វើអ្វីទៅតាម ចិត្ដពេកដែរ។

២ . ចំពោះកុមារកំព្រា ៖ ពួកគេតែងតែមាន​វិបត្ដិផ្លូវចិត្ដជានិច្ច ដោយសារតែពួកគេគ្មានឪពុកម្ដាយ គ្មានភាពកក់ក្ដៅ ហើយអ្វីដែលពួកគេត្រូវការនោះគឺ​ការលើកទឹកចិត្ដពីមិត្ដភក្ដិ និងអ្នកដែលនៅជុំវិញខ្លួនរបស់គេ និងចង់ឱ្យគេយកចិត្ដទុកដាក់។

វិធីព្យាបាលចំពោះកុមារ​មានវិបត្ដិផ្លូវចិត្ដ

មិនអាចធ្វើការព្យាបាល​ដោយការប្រើប្រាស់ថ្នាំ ដូចជាមនុស្សចាស់បានទេ គឺគេធ្វើការព្យាបាលដោយការស្វែងរក​មូលហេតុ ដែលបណ្ដាលឱ្យក្មេង​មានវិបត្ដិផ្លូវចិត្ដ។ ការព្យាបាលដោយការស្វែងរកមូលហេតុ​នេះភាគច្រើនគឺគេឱ្យក្មេងលេង។ ជាអាទិការលេងជា របៀបមនោសញ្ចេតនា ការនិយាយស្ដី ដូចជាការនិយាយ​លើកទឹកចិត្ដជាដើម។ ហើយការព្យាបាលខ្លះគឺ​គេបាននាំកុមារទៅលេង កន្លែងមួយដែលមាន​បរិយាយកាសល្អ ហើយសម្បូរទៅដោយ​ប្រដាប់ប្រដាក្មេងលេងជាច្រើន ជាពិសេសគឺ​គេត្រូវឱ្យក្មេងលេងរបស់ ខ្លះៗដែលមានសារៈប្រយោជន៍ ដូចជាមានផ្ទះ មានសមាជិកគ្រួសារ មានយាយតាជាដើម។ គេធ្វើបែបនេះ ដើម្បីឱ្យដឹងថានៅក្នុង ចំណោមមនុស្សទាំងអស់ តើមានអ្នកណាខ្លះដែលជាហេតុធ្វើឱ្យ​កុមារមានវិបត្ដិផ្លូវចិត្ដ? បើតាមការស្រាវជ្រាវ​របស់បរទេសនៅពេល ដែលក្មេងលេងរបស់ទាំងនេះ​ក្មេងអាចបញ្ចេញទង្វើមិនល្អទៅលើរូបនោះ នៅពេលដែលកុមារមានការនឹកដល់មនុស្ស​ដែលធ្វើបាបខាង ផ្លូវចិត្ដរបស់គេ ហើយជួនកាលក្មេងដែលលេងរបស់នោះ​គេអាចហៅឈ្មោះអ្នកដែលគេស្អប់ថែមទៀតផង។

ដំបូន្មាន​អ្នកជំនាញ

កាលណាក្មេងមានវិបត្ដិផ្លូវចិត្ដ​តែងតែមានភាពកម្សត់​មានភាពភ័យខ្លាច ហើយចំពោះក្មេងខ្លះអាចកាច រឹងរូស មិនស្ដាប់ បង្គាប់ជាដើម។ កត្ដាដែលល្អសម្រាប់កុមារនោះគឺ​នៅពេលដែលក្មេងមានវិបត្ដិផ្លូវចិត្ដ ឪពុកម្ដាយបងប្អូន ឬក៏មិត្ដត្រូវតែមានការ លើកទឹកចិត្ដ ដូចជាការទិញនូវវត្ថុអនុស្សាវរីយ៍ ដើម្បីសម្ដែងនូវការយកចិត្ដទុកដាក់ ជាពិសេសមិនត្រូវ​ប្រើពាក្យសម្ដីមិនល្អ ទៅលើក្មេងឡើយ ព្រោះអាចបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ​ដល់កុមារដែលមានវិបត្ដិផ្លូវចិត្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative