ឡេលាប​ស្បែក​សម្លាប់​មនុស្ស​នៅខេត្ដ​កំពង់ស្ពឺ

ភាពចង់​ស្អាត ភាពចង់​សស្អាត ពាក្យប៉ុន្មាន​ម៉ាត់នេះ​តែងតែ​ដិតជាប់​ក្នុងអារម្មណ៍​​របស់​មនុស្សម្នាក់ៗ​ជានិច្ច ជាពិសេស​ចំពោះ​សុភាពនារីខ្មែរ​តែម្ដង។ ដោយហេតុ​ទាំងនេះ​ហើយ ទើប​តម្រូវឱ្យ​នារី​មួយចំនួន​ជ្រើសរើស​យកវិធី​សាស្ដ្រ​ខាត់ស្បែក បកស្បែ​ក និង​លាបឡេ​ជាដើម ព្រោះដើម្បី​កែប្រែ​ភាពស្រអាប់​ឱ្យទៅជា​ភាព​សស្អាត។ ទាក់ទង​នឹងភាព​ចង់សស្អាត​នេះ កាលពី​ពេលថ្មីៗ​នេះ មាន​រឿងរ៉ាវ​មួយបាន​ផ្ទុះឡើង​នៅខេត្ដ​កំពង់ស្ពឺ ដោយសារ​តែនារី​ពីរនាក់​ជាបងប្អូន​បង្កើតបាន​រងគ្រោះ​ថ្នាក់ បណ្ដាល​ឱ្យម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ដោយសារ​ការលាប​ឡេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ថ្មីៗនេះ​មានព័ត៌​មានពីការ​លាបឡេ​លើរាងកាយ​របស់ស្ដ្រី​២នាក់​បងប្អូន បណ្ដាល​ឱ្យបងស្រីស្លាប់ ឯនាង​ប្អូនដែល​លាបតិច​ជាងមិន​អី តែមាន​របួស​នៅលើ​ស្បែក។ ជាមួយ​គ្នានេះ ស្ដ្រី​ម្នាក់ដែល​ជាអ្នក​លក់ឡេ​នោះ ក៏ត្រូវ​បានចាប់​ឃុំខ្លួន​ជាបណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ដែរ។ ទោះបីជាបែប​ណាមក​ទល់នឹង​ពេលនេះ ការយក​ម្សៅនេះ​ទៅពិសោធន៍​នៅមិនទាន់​ដឹងលទ្ធផល​នៅឡើយ​ទេ។ នេះជា​ព័ត៌មាន​មួយដែល​ជាការ​ពញ្ញាក់​ស្មារតី​ដល់ស្ដ្រី​ទូទៅ ជាពិសេស​អ្នក​រស់នៅតាម​ទីជនបទ គួរតែ​មានការ​ប្រុងប្រយ័ត្ន​ជុំវិញ​បញ្ហា​នេះ ដែល​ទិញបន្ដ​ពីអ្នក​ដើរលក់​តាមផ្ទះ​គ្មានប្រភព​ច្បាស់លាស់ និង​គ្មានការ​ទទួលខុស​ត្រូវ។

សូមបញ្ជាក់​ថា រឿងរ៉ាវ​លាបឡេ​ស្លាប់នេះ បានធ្វើ​ឱ្យមាន​ការភ្ញាក់​ផ្អើល។ ហេតុការណ៍​នេះត្រូវបាន​លោក​អនុសេនីយ៍ឯក សោម ពុទ្ធតារា មេបញ្ជា​ការកងរាជ​អាវុធហត្ថ​ស្រុកឱរ៉ាល់​រៀបរាប់ថា ស្ដ្រី​ក្រមុំ​ជាបងប្អូន​បង្កើត​ចំនួន២នាក់​បាន​រងគ្រោះ​ថ្នាក់ ដោយសារ​តែការ​លាបឡេ ដើម្បីឱ្យ​សាច់បាន​សស្អាត ហើយ​នាងបង​ដែលបាន​ស្លាប់​ឈ្មោះ ម៉ាំ សៀក អាយុ២០ឆ្នាំ និង​នាងប្អូន​ឈ្មោះ ម៉ាំ ស្រីអូន អាយុ១៩ឆ្នាំ។ អ្នក​ទាំងពីរ​នាក់​ជាកម្មការិនី​នៅក្រុមហ៊ុន HLH ដាំ​ដំឡូងមីនៅស្រុក​ឱរ៉ាល់ ហើយអ្នក​ទាំងពីរ​នាក់នេះ ក៏​ត្រៀមខ្លួន​ធ្វើជាកូន​ក្រមុំ​ក្នុងរដូវ​ច្រូតកាត់​ខាងមុខនេះដែរ។

បើតាម​នាងប្អូន​ឈ្មោះ ម៉ាំ ស្រីអូន បាន​រៀបរាប់​ថា នាង និង​បងស្រី​បានទិញ​ឡេលាប​ខ្លួនឱ្យសនេះ​ចំនួន​៣ក្លងម្នាក់ សរុប​ទាំងអស់​៦ក្លង ក្នុង​តម្លៃ​មួយក្លង​បីដុល្លារ​ពីឈ្មោះ ឡោ លីហួ ភេទស្រី អាយុ​១៨ឆ្នាំ មាន​ទីលំ​នៅភូមិ​ច្រកទៀក ឃុំត្រញំង​ជោរ ស្រុកឱរ៉ាល់ គឺទិញ​នៅវេលាម៉ោង​១១ព្រឹក ថ្ងៃពី១៥ កញ្ញា ដោយ​ឈ្មោះ ឡោ លីហួ បាន​ទៅលក់​ដល់លំនៅដ្ឋាន​នៅភូមិ​ពោធិ៍មាស ឃុំត្រញំង​ជោរ។ ក្រោយ​ពីទិញ​បាន នៅវេលា​ម៉ោង១រសៀល​ថ្ងៃដដែល ពួកនាង​បានយក​ឡេនោះ​មកលាប​លើដងខ្លួន​ពីចង្កេះ​ទៅក និង​ពីភ្លៅ​ទៅចុង​ជើង។ ក្រោយពី​លាបរួច​ក៏មាន​ប្រតិកម្ម​ឈឺក្បាល វិលមុខ ក្អួតចង្អោរ​ទាំងយប់ និង​មានអាការ​រឹងថ្គាម​ទៀតផង។ ភ្លាមៗ​នោះពុំបាន​ទៅមន្ទីរពេទ្យ​ទេ តែដោយ​សារមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ក៏មក​ពេទ្យ​ឯកជន​នៅក្នុងភូមិ​ច្រកទៀក ឃុំត្រញំង​ជោរ តែ​ពុំទាន់បាន​មួយគីឡូ​ម៉ែត្រផង បងស្រី​នាងក៏​ស្លាប់។ ចំណែកនាង​ជាប្អូន​ត្រូវបាន​គេយក​មកសង្គ្រោះ​ទាន់ ដោយសារ​នាងលាប​ឡេ​នោះតិចជាង​បង។

លោក​អនុសេនីយ៍ឯក សោម ពុទ្ធតារា បាន​ថ្លែងថា​ស្ដ្រីឈ្មោះ ឡោ លីហួ ដែលជា​អ្នកលក់​ឡេនេះត្រូវ​បានឃាត់​ខ្លួននៅទី​បញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ដ ដើម្បី​សាកសួរ​ព័ត៌មាន​ពីឧប្បត្ដិហេតុ​នៃការ​លាបឡេ​នេះ។ ចំពោះ​វត្ថុតាង គឺ​ក្លងដាក់​ឡេចំនួន​៦ដែល លាបអស់​ហើយ​ត្រូវបាន​ប្រគល់​ជូនទៅ​ក្រុមមន្ដ្រី​បច្ចេកទេស​វិទ្យាសាស្ដ្រ​នៃស្នងការ​ដ្ឋានខេត្ដ ដើម្បី​ត្រួតពិនិត្យ​មើលជាតិម្សៅ​ដែលធ្វើ​ឱ្យមាន​គ្រោះថ្នាក់។ នៅវេលា​ម៉ោង៨ព្រឹក​ថ្ងៃទី១៦ កញ្ញា នាងបង​ក៏បាន​ស្លាប់។ ឈ្មោះ​ឡោ លីហួ អ្នកលក់​ឡេបាន​ប្រាប់​សមត្ថកិច្ច​ថា នាងបាន​លក់ឡេ​នេះអស់ច្រើន​មកហើយ ដោយទិញ​ពីផ្សារ​កំពង់ស្ពឺ​យកទៅលក់​នៅឯ​ស្រុកឱរ៉ាល់ ហើយ​អតិថិជន​រាប់រយ​នាក់បានលាប តែពុំ​ដែលមាន​គ្រោះថ្នាក់​ដូចករណី​នេះទេ។ នាងមាន​ស្រុក​កំណើត​នៅឯភូមិ​រាយប៉ាយ ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្ដ​កំពង់ចាម។ ចំនួន​៥ខែមក​ហើយ ដែល​នាងបាន​មករស់នៅ​ជាមួយ​បងប្អូន​ក្នុងភូមិ​ច្រកទៀក ដោយមាន​មុខរបរ​លក់គ្រឿង​ទេសតិចតួច និង​លក់គ្រឿងសម្អាង​ប្រេងម្សៅ​នេះផង។

នៅព្រឹក​ថ្ងៃទី១៧ កញ្ញា មានការ​ចុះសាកសួរ​ស្ដ្រី​រងគ្រោះ ហើយ​ធ្វើការ​ពិនិត្យ​លើរាងកាយ និងម្សៅ​ដែលបាន​លាបនោះ ដោយ​ក្រុមមន្ដ្រី​បច្ចេកទេស​វិទ្យាសាស្ដ្រ​នៃស្នងការ​ដ្ឋានខេត្ដ មន្ដ្រីកងរាជ​អាវុធហត្ថ​ខេត្ដ រួមទាំង​លោកគ្រូ​ពេទ្យបង្អែក​ខេត្ដ តែពុំទាន់​អះអាងថា​ថ្នាំនោះ​មានសារធាតុ​អ្វី និង​ផលិត​នៅទីណា​ទេ។ ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ពិសោធ និង​ស្រាវជ្រាវ​សារធាតុ​ពុលរបស់ឡេ​នេះ ដើម្បី​រកឱ្យ​ឃើញពី​គុណវិបត្ដិ​នៃថ្នាំលាប​នេះ ឬក៏​អ្នកប្រើប្រាស់​ពុំស្របតាម​បច្ចេកទេស​នៃការលាប​ឡេ ទើប​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

Google Analytics Alternative