អត្រា​មរណភាព​មាតា​នៅកម្ពុជា​បានឈាន​ដល់​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នៅឆ្នាំ​២០១៥

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និង​លោកជំទាវ​កិត្ដិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ បាននឹង​កំពុង​យកចិត្ដ​ទុកដាក់​យ៉ាង​សកម្ម​ចំពោះ សុខភាព​ស្ដ្រី ជាពិសេស​សុខភាព​មាតា និង​បុត្រ។ ដើម្បី​កាត់បន្ថយ​នូវអត្រា​គ្រោះថ្នាក់ និងស្លាប់​បាត់បង់​ជីវិត ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នាឆ្នាំ​២០១៥​ខាងមុខ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ឱ្យដឹងក្នុង​ពិធី​ចែកមុង​ដល់​ប្រជាជន​ប្រឈម នឹងជម្ងឺ​គ្រុនចាញ់​ខ្ពស់​នៅស្រុក​កំពង់​សិលា ខេត្ដព្រះសីហនុ កាលពី​ព្រឹកថ្ងៃ​អង្គារ ទី១៣ កញ្ញាកន្លង​មកថា អត្រា​មរណភាព​មាតា​បានធ្លាក់ចុះ​ហើយ ដោយស្ថិត​នៅក្នុង​ចំនួន​ប្រហែល​២០៦​ករណីលើ​១០០,០០០​កំណើត​រស់។ លោកបន្ដ​ថា ការ​ថយចុះ​នូវអត្រា​មរណភាព​មាតានេះ ដោយសារ​មានការ​យកចិត្ដ​ទុកដាក់​ដ៏ខ្ពង់ខ្ពស់​ពីសំណាក់​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និងលោក​ជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដៃគូ​អភិវឌ្ឍន៍ ការ​ចូលរួម​ពីប្រជាពលរដ្ឋ និងការ​ខិតខំ​ប្រឹងប្រែង​ពីបុគ្គលិក​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់។ លោកបន្ដ​ថា “កម្ពុជា​នឹង​សម្រេច​បាននូវ​ការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា មុន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍នាឆ្នាំ​២០១៥”។

លោក​សាស្ដ្រាចារ្យ គុំ កាណាល់ នាយក​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បានមាន​ប្រសាសន៍​ឱ្យដឹង​ថា គ្រប់គោល​ដៅ​របស់​យើង យើងនឹង​សម្រេច​បានតាម​គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​នៅឆ្នាំ​២០១៥ ដោយ​អត្រា​ស្ដ្រីមក​ទទួល​សេវា​ពន្យារ​កំណើត បាន​កើនដល់​៣៩ភាគរយ ស្ដ្រីមក​សម្រាលកូន​ជាមួយ​ឆ្មបដែល​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​បានកើត​ដល់៦៨​ភាគរយ។ លោក​បន្ដថា យោងតាម​ការអង្កេត​ប្រជាសាស្ដ្រ និង​សុខភាព​ឆ្នាំ២០០៥ ស្ដ្រីកម្ពុជា​ចំនួន​៤៧៣នាក់​បានស្លាប់ និង​ការអង្កេត​របស់​អង្គការ UNICEF WB, UNFPA កាលពី​ឆ្នាំ២០០៨​បានបង្ហាញ​ថា អត្រា​មរណភាព​បានធ្លាក់ចុះ​មកនៅ​ត្រឹម២៩១​នាក់ ក្នុង​ចំណោម ១០០,០០០​កំណើតរស់។

លោក​បន្ដថា គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ឆ្នាំ២០១៥ តម្រូវឱ្យ​កម្ពុជា​សម្រេច​បាននូវ​ការកាត់បន្ថយ​មរណភាព​មាតា មកត្រឹម​២៤០ករណី​លើ១០០,០០០​កំណើត​រស់​បង្កើតសេវា​ពន្យារ​កំណើត​ឱ្យកើន​ឡើងដល់​៤០ និង​បង្កើតការ​ឱ្យស្ដ្រី​មានផ្ទៃពោះ​មក សម្រាល​កូន​នៅសេវា​សុខភាព​ជាមួយ​ឆ្មបដែល​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ឱ្យបាន​កើនដល់​៨០ភាគរយ។

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កាលពី​ឆ្នាំ២០០៦ បាន​សម្រេច​ផ្ដល់​ប្រាក់លើក​ទឹកចិត្ដ​ដល់ឆ្មប​ដែលបាន​ផ្ដល់ការ​ថែទាំ និង​សម្រាលកូន​ដល់ស្ដ្រី​ក្នុងមួយ​នាក់៤០,០០០​រៀល​សម្រាប់​ឆ្មប​នៅតំបន់​ទីប្រជុំជន និង​៦០,០០០​រៀលដល់​ឆ្មបធ្វើការ​នៅតាម​មណ្ឌល​សុខភាព​ក្នុងតំបន់​ជនបទ​ដាច់ស្រយាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

Google Analytics Alternative