ទំពាំង​ស្នង​ឫស្សី

សង្គមជាតិ​មួយអាច​ជឿនលឿន និង​រីកចម្រើន​ទៅមុខ​បាន ក៏​អាស្រ័យ​ទៅលើ​កត្ដា​ធនធាន​មនុស្ស ព្រោះ​កត្ដា​ធនធាន​មនុស្ស​ជាតម្រូវការ​មួយ​ដែលសង្គម​ត្រូវការ​ជាចាំបាច់​ដោយ​ខានពុំបាន។ ជាក់ស្ដែង​យុវជន និង​យុវតី​មួយចំនួន​មានការ​ភ្លើតភ្លើន​នឹងការ​សប្បាយ​រហូត​ប្រើប្រាស់គ្រឿង​ញៀន តើវា​បង្កឱ្យមាន​ផលប៉ះពាល់​យ៉ាងណា​ខ្លះដល់​សង្គម ជាពិសេស​វាធ្វើឱ្យ​បាត់បង់នូវ​ធនធាន​មនុស្ស ដូចជា​គ្មានអ្នក​ជំនាន់​ក្រោយ​ស្នងតំណែង​អ្នកជំនាន់​មុន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​ព្រះតេជគុណ គង់ ផែង សមណ​និស្សិត​នៃសាកល​វិទ្យាល័យ ព្រះសីហនុរាជ នឹង​ធ្វើការ​បកស្រាយ​អំពី​ប្រធានបទ​ទំញំងស្នង​ឫស្សី ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប និងយល់​កាន់តែ​ច្បាស់អំពី​ប្រធានបទ​នេះ។

ទំពាំង​ស្នង​ឫស្សីជាអ្វី?

ទំញំង​ស្នងឫស្សី​បើតាម​ភាសាវ​ចនានុក្រម​សម្ដេច ជួន ណាត ចង់សំដៅ​ទៅលើ​កូន ឬកូនសិស្ស​ដែល​ស្នងកិច្ចការ ឬ​ភារកិច្ច ពី​មាតាបិតា ឬពី​លោកគ្រូ​អ្នកគ្រូ គ្រូ​អាចារ្យ និង​អ្នកមាន​ចំណេះដឹង​ជ្រៅជ្រះ​ជាដើម។ ដោយ​សង្កេត​ឃើញថា​មនុស្ស​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​តែងតែ​មានអ្នក​ក្រោយ​ស្នង​ជារៀង​រហូត។ កាលដែល​ស្នងនេះ​ឯង គេហៅថា​ទំញំង​ស្នង​ឫស្សី ប៉ុន្ដែន័យ​នេះរាប់បាន​តែចំណុច​វិជ្ជមាន​ប៉ុណ្ណោះ។ ឧទាហរណ៍ ៖ ប្រសិនជា​មាតាបិតា​មិនបាន​សិក្សារៀន​សូត្រ ហើយ​ជាមនុស្ស​អត់ចេះ អត់ដឹង រួចបន្ដ​មកកូន បើ​កូនចង់​ស្នង​មិនមែន​ស្នង​ល្ងង់ឆោត​ពីមាតាបិតា​នោះទេ។ ហើយការ​ស្នងនេះ​មានន័យ​ថា ជាការស្នង​ពីអ្នក​ចេះ​អ្នកដឹង។ ចំពោះ​អត្ថន័យ​ទំញំង​ស្នងឫស្សី​នេះសំដៅ​បានតែ​ចំណុច​វិជ្ជមាន​ប៉ុណ្ណោះ។ នៅក្នុង​ព្រះពុទ្ធសាសនា ព្រះ​សម្មាសម្ពុទ្ធ​ព្រះអង្គ​សម្ដែង​ពីបុគ្គល ដែលត្រូវ​តបស្នង​សងគុណ​ចំពោះ​មាតាបិតា និងត្រូវ​លើកតម្កើង​វង្សត្រកូល ការលើក​តម្កើង​វង្សត្រកូល​នេះ បាន​ន័យថា​ស្នង​ត្រកូល។ កាល​ពីដើម​មាតាបិតា​ជាអ្នក​លើកតម្កើង​វង្សត្រកូល​ឱ្យបាន​ខ្ពង់ខ្ពស់ និង​ជាអ្នក​ដើរតួ នៅពេល​ដែលមាតាបិតា​ទទួល​មរណភាព​ទៅ ឬ​គាត់ចាស់​ជរាទៅ កូនដែល​ធំឡើង​គឺជាអ្នក​ស្នង​ជាអ្នក​ដើរតួវិញ​ម្ដង។

មូលហេតុ និងផល​ប៉ះពាល់​បណ្ដាល​ឱ្យ​បាត់បង់​នូវកត្ដា​ធនធាន​មនុស្ស

នៅក្នុង​សង្គម​ដែល​កំពុងតែ​មានការ​ស្រេកឃ្លាន​នូវការ​អប់រំ ស្រេកឃ្លាន​នូវ​ធនធាន​មនុស្ស ដោយ​មើលឃើញ​ថា ពេលដែល​ប្រទេស​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​បាន ដោយសារតែ​អ្នក​ទាំងអស់គ្នា​មិនមែន​ជាធនធាន​(មនុស្សដែរ ប៉ុន្ដែ​មិនមែន​ជា ធនធាន​មួយដែល​ចាំបាច់) មិនទាន់​អាចយក​ទៅប្រើការ​បាន។ នៅពេល​ដែល​យុវជន និង​យុវតី​មានការ​ភ្លើតភ្លើន​នឹង​សេចក្ដី​សប្បាយ ខ្លាំងពេក​វាធ្វើឱ្យ​សង្គមជាតិ​បាត់បង់​នូវធនធាន​មួយយ៉ាង​សំខាន់ និង​ជាបញ្ហា​មួយដែល​សង្គម​កំពុង​មានការ​ព្រួយបារម្ភ​ជាខ្លាំង។ ប្រសិនណា​ទំញំង​មិនបាន​ថែរក្សា​ឱ្យបាន​ល្អិតល្អន់​នោះទេ វា​ធ្វើឱ្យ​ទំញំង​ត្រូវ​ខូចខាត ឬត្រូវ​កណ្ដុរស៊ី នាំឱ្យ​ទំញំង​មិនបាន​ក្លាយខ្លួន​ទៅជាឫស្សី​ទេ។ កត្ដា​ធនធាន​មនុស្ស​វាជា​ចំណុច​ក្ដោបរួម​ធនធាន​មនុស្ស​តែម្ដង ក៏ប៉ុន្ដែ​ប្រសិនជា​ក្រឡេក​មើលពីសីលធម៌​វិញ នៅពេល​ដែលមនុស្ស​មានការ​ភ្លើតភ្លើន និង​ជ្រុលជ្រួស​ទៅតាម​សម្ភារៈ​និយម ដោយសារ​តែអ្នក​ទាំងនោះ​មិនទាន់​យល់ច្បាស់ និង​យល់មិន​បានស៊ី​ជម្រៅ ដោយមើល​ឃើញតែ​ចំណុច​រាក់ៗ បែរជា​យល់ឃើញ​ចំណុច​វិជ្ជមាន​ទៅជាអវិជ្ជមាន​ទៅវិញ ជាហេតុ​ធ្វើឱ្យ​បាត់បង់​នូវធនធាន​មួយដោយ​មិនបាន​គិតពិចារណា​ឱ្យបាន​ល្អិតល្អន់ និងគ្រប់​ជ្រុងជ្រោយ។ យុវជន និង​យុវតី​មួយចំនួន​តែងតែ​គិតរម្លង​ថា ខ្លួនឯង​អាចជាឫស្សី​នៅថ្ងៃ​ណាមួយ ប៉ុន្ដែ​មិនបាន​គិតថា​ឫស្សីនោះ​ជាឫស្សី​ប្រភេទណា​នោះទេ។

នៅត្រង់​ចំណុច​មួយទៀត​ដែលជា​មូលហេតុ​ធ្វើឱ្យ​មនុស្ស​មួយចំនួន​មានការ​ភ្លើតភ្លើន ហើយ​ត្រង់​ចំណុចនេះ​វាចែកចេញ​ជា ៤កត្ដា​ធំៗ មាន​ដូចជា ៖

  • កត្ដាទី១ ៖ ការ​អប់រំ កាលណា​បើមនុស្ស​មានការ​អប់រំ​ច្រើន ទោះបីជា​សេពគប់​យ៉ាងម៉េច​ក៏អាច​គេចបាន​ខ្លះៗ​ដែរ។
  • កត្ដាទី២ ៖ អាស្រ័យ​ទៅលើ​ការសេព​គប់ កាលណា​បើបុគ្គល​ខិតខំ​សេពគប់​ជាមួយ​នឹងបុគ្គល​មិនល្អ ធ្វើឱ្យ​ខ្លួនឯង​នឹងមិន​ល្អដែរ។ ដូច​ពាក្យចាស់​បានពោល​ថា បើដើរ​ជាមួយ​ចោរគឺចោរ បើដើរ​ជាមួយ​បណ្ឌិត​គឺបណ្ឌិត។
  • កត្ដាទី៣ ៖ ការ​អប់រំ ដោយកូន​ចៅមិន​សូវទទួល​បានការ​អប់រំ​ពីមាតាបិតា ពី​លោកគ្រូ​អ្នកគ្រូ វា​ជាផ្នែក​មួយធ្វើឱ្យម​នុស្ស​បាត់បង់​នូវក្រម​សីលធម៌ រហូត​ធ្វើខ្លួន​ទៅជា​មនុស្សដែល​សង្គម​គេលេង​រាប់រក។
  • កត្ដាទី៤ ៖ ការ​សាយភាយ​វប្បធម៌ និង​អរិយធម៌​បរទេស តាមរយៈ​អ៊ីនធឺរណែត ទូរទស្សន៍ ការ​ផ្សព្វផ្សាយ​ជាដើម។

ដំបូន្មាន​របស់​ព្រះតេជគុណ

សូម​ប្អូនៗ​យុវជន និង​យុវតី​ទាំងអស់​មេត្ដា​ធ្វើខ្លួន​ឱ្យទៅជា​ទំញំងមួយ​ដែលល្អ​សម្រាប់ស្នងឫស្សី​ទៅថ្ងៃក្រោយ។ ដូច្នេះ​សូមឱ្យ​យុវជន និង​យុវតី​ទាំងអស់​ពិចារណា​នូវផល​វិជ្ជមាន និង​អវិជ្ជមាន កុំ​គិតតែ​សេចក្ដី​សប្បាយ សេចក្ដី​ភ្លើតភ្លើន សម្ភារៈ​និយម ការ​ដើរលេង​សប្បាយ និងត្រូវ​ចៀសឱ្យ​ឆ្ងាយពី​គ្រឿងញៀន។

កំណាព្យ ទំពាំង​ស្នង​ឫស្សី

កូនអើយ​ទំញំ​ស្នងឫសី្ស ប្រាជ្ញព្រឹទ្ធ​កវិស្នង​តម្រា
ព្រះពុទ្ធ​ធម៌សង្ឃ​ស្នង​សាសនា អង្គ​ព្រះក្សត្រា​ស្នង​រាជវង្ស
ពន្លក​កើតមក​ជាកូនខ្មែរ ត្រកូល​ពូកែ​ពីយូរលង់
ច្នេះហើយ​កូនហើយ​ស្នងពូជពង្ស អំបូរ​ផូរផង់​ឱ្យគង់​គាប់។
រក្សា​គុណធម៌​ច្បាប់​បុរាណ កាន់ខ្ជាប់​គ្រប់ប្រាណ​ជាទម្លាប់
បើកូន​កែក្លាយ​ឆ្ងាយ​បង្គាប់ ដូចដុត​រម្ងាប់​ច្បាប់បុព្វេ។
កូន​រក្សា​ឥរិយាបថ សីលធម៌​ប្រាកដ​ណាមាស​មេ
សុភាវ​ធម៌នោះ​ជាកេរ្ដិ៍ កូន​កុំងាក​រេប្រាស​វិន័យ
ជាអាទិ​ដេកដើរ​ឈរអង្គុយ កូនកុំ​ប្រថុយ​ទាំងពោល​ស្ដី
ទោះហូប​ទំពានោះ​ផងក្ដី តោងកូន​រំពៃរំពឹង​គិត។
ជាតិខ្មែរ​ស្នេហ៍​សិទ្ធ​ពុទ្ធសាសនា កាន់ធម៌​សម្មា​ជានិមិត្ដ
តែកូន​កុំផ្អែក​ព្រហ្មលិខិត កម្មផល​កម្រិតត្បិត​ខ្លួនសាង។
អំពើដែល​ល្អផល​ប្រណិត អំពើ​ទុច្ចរិតខ្វះ​សំណាង
កុំលើត​កុំលកុំ​ឡើងចាង កុំ​នៅត្រេងត្រាង​នាំទុក្ខ​សោក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

Google Analytics Alternative