បញ្ហាក្លិនមិនល្អនៅក្នុងបង្គន់គឺជារឿងមួយយ៉ាងសំខាន់សម្រាប់លោកអ្នក ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងទីប្រជុំជន។ បញ្ហានេះធ្វើឱ្យមានផលប៉ះពាល់ដល់បញ្ហាបរិស្ថាន និងសុខភាពទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី សាពណ៌ នាយកសាលាសាពណ៌ម៉ូឌែលលីងអេជេនស៊ី ដើម្បីបកស្រាយអំពីរបៀប និងវិធីបំបាត់ក្លិនមិនល្អនៅក្នុងបង្គន់។
មូលហេតុបណ្ដាលឱ្យមានក្លិនមិនល្អនៅក្នុងបង្គន់
មូលហេតុបណ្ដាលឱ្យមានក្លិនមិនល្អនៅក្នុងបង្គន់ គឺមានដូចខាងក្រោម ៖
- ដោយសារមិនបានសម្អាតឱ្យបានត្រឹមត្រូវ
- ដោយសារមិនចុចទឹក ឬលាងសម្អាតជុំវិញបង្គន់រាល់ពេលប្រើប្រាស់ហើយ
- ក្រដាសដែលប្រើប្រាស់ហើយមិនបានយកចោលភ្លាមៗ
- ពុំមានខ្យល់គ្រប់គ្រាន់ ឬបំពង់បឺតក្លិនចេញ។
មធ្យោបាយការពារកុំឱ្យមានក្លិនមិនល្អនៅក្នុងបង្គន់
លោកអ្នកគួរតែសម្អាត ឬចុចទឹករាល់ការប្រើប្រាស់ហើយ។ ក្រដាសបង្គន់ដែលជូតហើយត្រូវយកទៅចោលនៅក្នុងធុងអនាម័យ ឬប្រើធុងសម្រាមដែលមានមាត់បិទបើក នៅពេលប្រើហើយរួចបោះចោលក្នុងធុងនោះដោយបិទគ្របជិតតាមធម្មតា ក្រដាសបង្គន់នៅពេលជូតហើយគឺយើងត្រូវបោះចោលទៅក្នុងចានបង្គន់។ ប៉ុន្ដែភាគច្រើនគេពុំយល់ពីបញ្ហានេះទេ ដោយគិតថាបើបោះចោលទៅក្នុងចានបង្គន់អាចបង្កឱ្យមានការស្ទះបង្គន់។ បើតាមការស្រាវជ្រាវដិតដល់ទៅ ក្រដាសសម្រាប់ជូតក្នុងបង្គន់គឺតម្រូវឱ្យបោះចោលទៅចានបង្គន់ មិនមែនដាក់ក្នុងកន្ដ្រកសម្រាមទេ។ ព្រោះក្រដាសនេះមានលក្ខណៈទន់ ពេលត្រូវទឹកទៅវានឹងរលាយអស់ ដែលមិនធ្វើឱ្យបង្គន់លោកអ្នកស្ទះទេ។ លើកលែងតែក្រដាសរឹង ឬសំឡីអនាម័យ វានឹងស្ទះបង្គន់។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកចង់ឱ្យបង្គន់មានក្លិនល្អ លោកអ្នកកុំផ្ទុកក្រដាសដែលជូតហើយទៅក្នុងកន្ដ្រកសម្រាម ឬលោកអ្នកប្រើប្រភេទធុងសម្រាមដែលបើកបិទកុំឱ្យមានក្លិនជះមកក្រៅ។ ព្រោះក្រដាសដែលជូតហើយចោលក្នុងធុងសម្រាមវានឹងធ្វើឱ្យមានក្លិនជះស្អុយមិនខានឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

