ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចា​ស់

ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​គឺជា​ជម្ងឺមួយ​ប្រភេទ​ដែល​ពិបាកនឹង​ព្យាបាល ដោយមាន​លក្ខណៈ​ខុសប្លែក​ពីជម្ងឺ​ដទៃទៀត។ ហើយ​មធ្យោបាយ​ដែលល្អ​ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​បញ្ជូន​អ្នកជម្ងឺ​ទៅពិគ្រោះ​យោបល់​ជាមួយ​អ្នកមាន​ឯកទេស​ខាងផ្លូវ​ចិត្ដ ដោយ​មិនត្រូវ​អូសបន្លាយ​ពេលវេលា​ឱ្យអ្នកជម្ងឺ​មាន​សភាព​ធ្ងន់ធ្ងរ​នោះទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​សកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ ធ្វើការ​បកស្រាយ​អំពី​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់។

ចំណាត់​ថ្នាក់​ជម្ងឺ​ផ្លូវចិត្ដ

កាល​ណានិយាយ​ពីជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​របស់​មនុស្ស តាមការ​ឱ្យនិយមន័យ​របស់​អង្គការស្បៀង​អាហារ​ពិភពលោក​ត្រូវបាន​បែងចែកចេញ​ជាបី​ដំណាក់​គឺ ៖

1 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​កុមារ

2 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្ស​ពេញវ័យ

3 . ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់។

ដូច្នេះ​មនុស្ស​ដែលមាន​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​ចាប់ពី​អាយុ​៥០ឡើង​ទៅគេ​ចាត់ទុកថា​ជាជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដមនុស្ស​ចាស់។
មូលហេតុ​ដែលបង្ក​ឱ្យកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់ មូលហេតុ​ដែលបង្ក​ឱ្យកើត​មាន​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់​មិនខុសអ្វី​នឹងបញ្ហា ឬ​មូលហេតុ​នៃជម្ងឺ​ផ្លូវចិត្ដ​កុមារ មនុស្ស​ជំទង់​និងមនុស្ស​ពេញវ័យ​ទេ។ មូលហេតុ​ដែលចម្បង​នោះរួមមាន​៤ចំណុច​សំខាន់ៗ

1 . កត្ដា​សង្គម​​​ និង​បរិស្ថាន​ជុំវិញខ្លួន ៖ ​មនុស្ស​គ្រប់ៗគ្នា​ដែលមាន​ជីវិត​រស់នៅ​ក្នុងសង្គម​មួយ​មិនអាច​រស់នៅ​តែម្នាក់​ឯង​បានទេ។ ការរស់នៅ​បានល្អ​គឺរស់នៅ​ចាប់ពី​២នាក់​ឡើងទៅ ជាការ​ទំនាក់ទំនង​រវាង​មនុស្ស​ពីរនាក់​ប្រាកដ​ជាមាន​ផលប៉ះពាល់​ល្អ និង​ផល​ប៉ះពាល់​អាក្រក់​ហើយ។​ តែប្រសិន​បើមនុស្ស​ពីរនាក់​មានបញ្ហា​ផ្លូវចិត្ដ ការ​ទំនាក់​ទំនង​មិនល្អ​ដូចជាការ​ឈ្លោះទាស់​ទែង ការ​អាក់អន់ចិត្ដ​ដោយ​ក្របខណ្ឌ​ណាមួយ ដូចនេះ​បុគ្គល​ណាម្នាក់​មួយក្នុង​ចំណោម​បុគ្គល​ពីរនាក់​មានផល​ប៉ះពាល់​ផ្លូវចិត្ដ​នឹងគ្នា។ ចំពោះ​ការរស់នៅ​ក្រុមគ្រួសារ​មួយវិញ ច្បាស់​ជាមាន​រកាំរកូស​នឹងគ្នា ដោយ​ក្រុមគ្រួសារ​ខ្លះគឺការ​ទំនាក់​ទំនង​ផ្នែក​ខាងផ្លូវចិត្ដ​មិនសូវ​ជាបាន​ល្អ ដូចជា​មានការ​ឈ្លោះទាស់​ទែងនឹង​គ្នា ប្រកាន់​នឹងបញ្ហា​ផ្សេងៗ​ដែលជួប​ប្រទះ​នៅក្នុង​សង្គម​សព្វថ្ងៃ កូនមាន​ការឈ្លោះ​ជាមួយ​ឪពុកម្ដាយ កូន​ដណ្ដើម​កេរមរតក​នឹងគ្នា ឬកូន​ឈ្លោះ​ជាមួយ​ឪពុកម្ដាយ​ក្មេក។ ទាំងអស់​នេះជា​បញ្ហាមួយ​នៅក្នុង​ក្រុមគ្រួសារ និង​សង្គមជាតិ។

2 . កត្ដា​ចិត្ដសាស្ដ្រ ៖ មនុស្ស​ម្នាក់ៗ​មានកត្ដា​ចិត្ដសាស្ដ្រ​ផ្សេងៗ​គ្នា អ្នកខ្លះ​កត្ដា​ចិត្ដសាស្ដ្រ​រឹងប៉ឹង អ្នកខ្លះ​កត្ដា​ចិត្ដ​សាស្ដ្រ​ទន់ជ្រាយ។ ដូចនេះ​អ្នកដែល​មានកត្ដា​ចិត្ដសាស្ដ្រ​រឹងប៉ឹង​អាចប្រឈម​មុខនឹង​បញ្ហា​ផ្សេងៗ​បាន។ ហើយ​សម្រាប់​អ្នកដែល​មាន​កត្ដា​ចិត្ដសាស្ដ្រ​ទន់ជ្រាយ កាលណាមា​នសម្ពាធ​ជួបនឹង​ព្រឹត្ដិការណ៍អ្វី​មួយ អាច​បណ្ដាល​ឱ្យគាត់​ឆាប់ដួល ឆាប់​ចាញ់ ឆាប់ក្លាយ​ទៅជា​អ្នកជម្ងឺ ដោយសារ​កត្ដា​ចិត្ដសាស្ដ្រ​របស់គាត់​ផុយស្រួយ ទន់ជ្រាយ​ពេក។

3 . កត្ដា​ជីវសាស្ដ្រ ៖ វា​កើតឡើង​ដោយសារ​កត្ដា​ខាងក្រៅ និងកត្ដា​ខាងក្នុង។ កត្ដា​ជីវសាស្ដ្របើ​និយាយ​​ពីយុវភាព​ឥឡូវនេះ​សង្កេត​ឃើញថា​យុវភាព​ច្រើនណាស់​ដែលបាន​នឹងកំពុង​ប្រើប្រាស់​ថ្នាំញៀន និង​ប្រើប្រាស់​សុរា ដោយមាន​​លាយឡំ​ជាមួយ​សារជាតិ​គីមី។ ភាព​ទាំងនេះធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ឬ​ជាដើមហេតុ​ដែលបង្ក​ឱ្យកើត​ឡើងនូវ​​វិបត្ដិ​ផ្លូវចិត្ដ។

4 . កត្ដា​មនុស្ស ឬកត្ដា​រាងកាយ ៖ ដោយ​សង្កេតឃើញ​ថា មនុស្ស​នៅពេល​ឈានចូល​ដល់វ័យ​ចាស់​​តែងតែ​​កើត​មាន​នូវជម្ងឺ​ដោយចៀស​មិនផុត ដោយ​អ្នកខ្លះ​កើតមាន​ជម្ងឺ​ផ្លូវកាយ​រ៉ាំរ៉ៃ​ផ្សេងៗ ដូចជា​អ្នកកើត​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺលើស​ឈាម ជម្ងឺ​សន្លាក់ ជម្ងឺ​មហារីក និងជម្ងឺ​ផ្សេង​ទៀត។ នៅពេល​ដែលអាយុ​កាន់តែ​ច្រើន សុខភាព​​រាងកាយ​កាន់តែទ្រុ​ឌទ្រោម​ទៅ នេះក៏​ជាមូលហេតុ​មួយ ដែល​បង្កឱ្យ​កើតមាន​នូវវិបត្ដិ​ផ្លូវចិត្ដ​មនុស្ស​ចាស់ដែរ។

សរុប​សេចក្ដី​មក​មូលហេតុ​ទាំងបួន​នេះឯង​ដែលបង្ក​ឱ្យកើត​មាននូវ​បញ្ហាជម្ងឺ​ផ្លូវចិត្ដ​ទៅលើ​មនុស្ស។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផល​ប៉ះពាល់​ចំពោះ​អ្នកកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មនុស្សចាស់

បើសិនជា​នរណាម្នាក់​នៅក្នុង​ក្រុមគ្រួសារ​កើតមាន​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ តែងតែ​ធ្វើឱ្យ​កុមគ្រួសារ​មិនមាន​សុភមង្គល ដោយ​វិបត្ដិនេះ​អាចធ្វើ​ឱ្យមនុស្ស​ឆាប់មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង ឆាប់​មួម៉ៅ និង​បង្កតែ​ទំនាស់​ជាមួយ​អ្នកដទៃ។ បើ​ប្រៀបធៀប​មនុស្សចាស់​កើតមាន​នូវជម្ងឺ​វិបត្ដិផ្លូវចិត្ដ​នឹងមនុស្ស​ចាស់​ផ្សេងទៀត ដែលមិន​កើតជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ អាច​និយាយ​បានថា​អ្នកដែល​កើតជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​មិនសូវ​មាន​អាយុវែង​ជាងមនុស្ស​ដែល​មិនកើត​មានជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ​ទេ។ ព្រោះ​ប្រព័ន្ធ​ការពារ​មានការ​អន់ថយ ដូចជា​កត្ដាចិត្ដ​សាស្ដ្រ កត្ដា​ចងចាំ កត្ដា​រាងកាយ ដោយ​បណ្ដាល​មកពី​ការ​សម្រាន្ដ​មិនបាន​គ្រប់គ្រាន់ ការ​ទទួលទាន​មិនសូវ​បាន រហូត​ធ្វើឱ្យ​រាងកាយ ចុះស្គម​ស្គាំង ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​របស់​អ្នកជម្ងឺ​មានការ​ចុះថយ ងាយនឹង​ធ្វើឱ្យ​កើតមាន​ជម្ងឺ​ផ្លូវកាយ និង​មិនមាន​អាយុ​វែង។ ភាព​ទាំងអស់​នេះមិន​ត្រឹមតែ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់ខ្លួនឯង​ទេ អាច​នឹងបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​ក្រុម​គ្រួសារ និង​សង្គមទៀត​ផង។

មធ្យោបាយ​ទប់ស្កាត់ ឬ​ការពារ​កុំឱ្យកើត​មានជម្ងឺ​ផ្លូវចិត្ដ

បញ្ហា​វិបត្ដិ​ផ្លូវចិត្ដ​នៅក្នុង​ក្រុមគ្រួសារ​មួយ លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​មក​ពិគ្រោះយោបល់ និង​ព្យាបាល​ឱ្យបាន​រួសរាន់ ទាន់​ពេលវេលា​ជាមួយ​អ្នកឯកទេស​ជំនាញ។ បើសិន​ជាទុកឱ្យ​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ​ចំពោះម​នុស្សចាស់​​យូរអង្វែង​ពេក ធ្វើឱ្យ​មាន​ផល​​ប៉ះពាល់​ដូចបាន​រៀបរាប់​ខាងដើម។ មធ្យោបាយ​ល្អ​លោកអ្នក​គួរតែ​ឆាប់​ព្យាបាល​ឱ្យទាន់​ពេល​វេលា តែ​ប្រសិនជា​លោកអ្នក​មាន​បញ្ហា វិបត្ដិអ្វី​នៅក្នុង​ក្រុម​គ្រួសារ លោកអ្នក​ឆាប់ស្វែង​រកការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​ឱ្យបានល្អ​ទើបជាការ​ប្រសើរ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ក្នុងនាម​ជាគ្រូពេទ្យ​ឯកទេស​ម្នាក់​ផ្នែកខាង​ផ្លូវចិត្ដ សូមឱ្យ​ប្រជាជន​ទូទៅ​មិនថា​មនុស្សចាស់​ទេ ឱ្យស្គាល់​ពី​ស្ថានភាព​សុខភាព ជាពិសេស​សុខភាព​ផ្លូវចិត្ដ​សំខាន់​ណាស់។ សំខាន់​ជាងគេ​គឺចិត្ដ​នេះឯង។ បើចិត្ដមា​ន​បញ្ហា​​ហើយ​ជម្ងឺ​ផ្លូវកាយ​ក៏ដួល​ទៅតាម​ផ្លូវចិត្ដ​នឹងដែរ។ ដូច្នេះនៅពេលដែ​លមាន​បញ្ហា​នេះកើតមាន​ឡើង ត្រូវ​ស្វែងយល់​ពីមូលហេតុ​នៃផល​ប៉ះពាល់ និង​មធ្យោបាយ​ការពារ។ គឺត្រូវ​ទទួល​ស្គាល់​ខ្លួនឯង​​ថាមាន​បញ្ហា​ផ្លូវចិត្ដ រកវិធី​សាស្ដ្រ​ដើម្បី​ជួយខ្លួនឯង និងជួយ​ក្រុមគ្រួសារ​ឱ្យបាន​ប្រសើរ។ អ្នក​ឯកទេស​រង់ចាំ​អ្នកដែល​មាននូវ​ជម្ងឺ​វិបត្ដិ​ផ្លូវចិត្ដ ឬបញ្ហា​ផ្លូវចិត្ដ​មកធ្វើការ​​ព្យាបាល​ឱ្យបាន​ត្រឹម​ត្រូវ និងទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

Google Analytics Alternative