កីឡាចំបាប់គឺជាកីឡាមួយប្រភេទដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកក្នុងចំណោមកីឡាដទៃៗទៀត។ កីឡានេះមានសារសំខាន់ណាស់ដើម្បីជួយឱ្យសុខភាពរាងកាយរបស់មនុស្ស(អ្នកលេង ឬកីឡាករ)មានសុខភាពល្អ។ តែប្រសិនជាលោកអ្នក លេងមិនបានត្រឹមត្រូវទេ វាអាចបណ្ដាលឱ្យលោកជួបនូវបញ្ហានានាមានដូចជាថ្លោះ គ្រេច និងបាក់ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យ ហុង ឈាងគីម ព្រឹទ្ធាចារ្យកីឡាសម្ព័ន្ធ ចំបាប់កម្ពុជាធ្វើការបកស្រាយអំពីប្រភេទកីឡាចំបាប់។
កីឡាបោកចំបាប់ជាអ្វី?
កីឡាចំបាប់មានន័យថាជាការយកក្បាច់គុណចំបាប់ធ្វើជាវិញ្ញាសាប្រយុទ្ធរវាងមនុស្សនឹងមនុស្ស ដើម្បីរកអ្នកខ្លាំងពូកែ ក្រោមបែបបទក្រឹត្យក្រមកីឡា។
ប្រវត្ដិកីឡាចំបាប់
គុណចំបាប់មកពីពាក្យដើមថា មល្លយុទ្ធ បានបង្កើតឡើងដោយបុព្វបុរសខ្មែរយើងនៅសតវត្សទី៨ នៅដើមគ.ស៧៩២ ឈ្មោះព្រាហ្ម ទឹម្មុ ដើម្បីប្រយុទ្ធតតាំងជាមួយបច្ចាមិត្ដ។ មកដល់បច្ចុប្បន្ននេះ គុណចំបាប់បានក្លាយទៅជាល្បែងចំបាប់ ឬកីឡាចំបាប់ និយមលេងនៅពេលបុណ្យចូលឆ្នាំ សំពះព្រះខែ កឋិនទាន បុណ្យឆ្លងចេតិយ។ល។

រូបភាពទស្សនាវដ្តីសុខភាពយើង
អត្ថប្រយោជន៍កីឡាបោកចំបាប់
កីឡាចំបាប់មានអត្ថប្រយោជន៍ជាច្រើនដល់់រូបរាងកាយមានដូចជា ៖
- ធ្វើឱ្យកម្លាំងធន់ទ្រាំរាល់ការប៉ះទង្គិច
- ធ្វើឱ្យកម្លាំងអំណត់ និងមិនសូវមានការហត់នឿយ
- ធ្វើឱ្យល្បឿនរហ័សរហួនជាងធម្មតា
- មានសន្ទុះខ្លាំងក្លា
- ភាពទន់ភ្លន់នៃរូបរាងកាយរបស់កីឡាករ
- អំពីគុណវិញ្ញាណ(វិញ្ញាណទី៧ ឬលំនឹង)
- អំពីចិត្ដវិញ្ញាណ(វិញ្ញាណទី៨ ឬឆន្ទៈ)
- អំពីសតិវិញ្ញាណ(វិញ្ញាណទី៩ ឬវិចារណៈ)
- អំពីប្រាជ្ញាវិញ្ញាណ(វិញ្ញាណទី១០ ឬវៃឆ្ល្លាត)
ទាំងអស់នេះគឺជាអត្ថប្រយោជន៍នៃកីឡាចំបាប់ ឬគុណចំបាប់។
របៀបលេងកីឡាចំបាប់
របៀបលេងកីឡាចំបាប់គឺតម្រូវឱ្យកីឡាករម្នាក់ប្រកួតជាមួយកីឡាករម្នាក់ទៀត ដោយប្រើក្បាច់គុណចំបាប់បោកផ្ដួល ក្រៀក សង្កត់ រឹប ខ្ទាស់គូប្រកួតមិនឱ្យតតាំងបាន។
ឧទាហរណ៍ ៖ ដូចជាចាប់គូប្រកួតលើក លី ត្រកង បោកគ្រវែង ផ្ដួលនៅពេលប្រយុទ្ធក្នុងជំហរឈរ និងចាប់គូប្រកួតសង្កត់ ក្រៀក រឹប ខ្ទាស់ សន្លាក់នៅពេលប្រយុទ្ធផ្ទាល់ដី។
ដំបូន្មានរបស់អ្នកប្រឹក្សា
គុណចំបាប់ ឬកីឡាចំបាប់ គឺជាវិញ្ញាសាកីឡាសកលដែលទស្សនៈអូឡាំពិកទទួលស្គាល់ជាផ្លូវការ ជាប្រភេទកីឡាចំបាប់ ឬប្រភេទកីឡាអូឡាំពិក។ ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការលេងកីឡាចំបាប់ ឬគុណចំបាប់ កីឡាករចំបាប់ត្រូវតែមានការហ្វឹកហាត់ ជាមួយអ្នកដែលមានជំនាញ និងបទពិសោធន៍ក្នុងការបង្ហាត់ទើបមិនបង្កឱ្យមានផលលំបាកដល់សុខភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

