គ្រាន់តែនិយាយដល់រឿងសម្រស់ស្ដ្រីចាប់ផ្ដើមញញឹមបិទមាត់មិនជិតនោះទេ។ ទោះបីជាពេលកំពុងមានផ្ទៃពោះក្ដីក៏ស្ដ្រី ត្រូវការសម្រស់ផងដែរ សម្រស់គឺជាគ្រាប់ពេជ្រដ៏មានតម្លៃសម្រាប់ពួកគាត់។ ស្ដ្រីមានផ្ទៃពោះភ័យព្រួយខ្លាំងណាស់អំពីការថែរក្សាសម្រស់នេះ។ ទស្សនាវដ្ដី សុខភាពយើង សូមចូលខ្លួនមកជួយលោកស្រីអ្នកនាង។

រូបភាពទស្សនាវដ្តីសុខភាពយើង
ស្ដ្រីខ្លះពេលដែលមានផ្ទៃពោះនៅមានសម្រស់ ឬក៏ស្រស់ស្អាតដូចពេលនៅខ្លួនទំនេរឬនៅវ័យក្រមុំបរិសុទ្ធ។ អ្នកខ្លះទៀត ពេលមានផ្ទៃពោះឡើងមុនលើមុខធាត់កន្ទ្រល និងបាត់បង់អស់នូវសម្រស់រូបរាងកាយ និងស្បែក។ បែបនេះហើយគឺជាក្ដីបារម្ភរបស់ស្ដ្រីមានផ្ទៃពោះ ខាងក្រោមនេះគឺជារបៀបថែរក្សាសម្រស់ឱ្យស្អាតទៅតាមដំណាក់កាលនៃការមានផ្ទៃពោះ។
ការថែរក្សាផ្ទៃមុខ
ផ្ទៃពោះបាននាំឱ្យស្បែករបស់ស្ដ្រីថ្លាភ្លឺ គឺដោយសារអ័រម៉ូន និងការរស់នៅទើបផ្ដល់ជាលទ្ធផលបែបនេះ។ ហេតុនេះស្ដ្រី មានផ្ទៃពោះត្រូវធ្វើការថែរក្សាស្បែកមុខរបស់ខ្លួនជាប្រចាំដូចសព្វដងដែរ ដើម្បីរក្សាឱ្យស្រស់ស្អាតផងដែរ។
- សម្រាប់ស្បែកធម្មតា ៖ សូមដុសលាងមុខមួយថ្ងៃ២ដង ព្រឹក និងល្ងាច ដោយប្រើទឹកស្អាត និងសាប៊ូលាងមុខស្រាល។ លោកស្រីអ្នកនាងអាចប្រើឡេលាបបានផងដែរ។ បន្ទាប់មកសូមលាងសម្អាតវា និងទុកឱ្យស្ងួតបានល្អ។ ជីវភាពប្រចាំថ្ងៃ បញ្ចៀសឱ្យបាននូវសកម្មភាពដែលបង្កការបាត់បង់ជាតិទឹកនៅលើស្បែក និងពីក្នុងខ្លួន។ សូមជ្រើសរើសប្រើផលិតផលដែលសមស្របទៅនឹងសភាពស្បែករបស់លោកស្រីអ្នកនាង។ ក្នុងកំឡុងពេលមានផ្ទៃពោះ ស្បែកប្រឈមនឹងការប្រតិកម្មនានា ជាពិសេសទៅនឹងធាតុផ្សំនៃគ្រឿងសម្អាង ឬផលិតផលនានា។ ហេតុនេះ គួរជ្រើសរើសផលិតផលដែលមិនសូវបង្កប្រតិកម្ម ឬផលិតផលកាត់បន្ថយប្រតិកម្មនៅលើស្បែក។
- សម្រាប់ស្បែកស្ងួត ៖ ជារឿយៗស្បែករបស់ស្ដ្រីមានផ្ទៃពោះមានសភាពស្ងួតជាងមុន។ ហេតុនេះ សូមប្រើប្រាស់ក្រេមការពារស្បែកឬថែរក្សាស្បែកស្ងួតឱ្យបាន២ដងក្នុង១ថ្ងៃព្រឹកល្ងាច។ នៅរដូវក្ដៅខ្លាំង និងត្រជាក់ខ្លាំង និងការស្ថិតនៅជាមួយម៉ាស៊ីនត្រជាក់យូរ អាចបង្កើនការស្ងួតនៃស្បែករឹតតែខ្លាំងឡើង។ ហេតុនេះសូមធ្វើការប្រុងប្រយ័ត្នតាមដែលអាចធ្វើទៅបាន។
- សម្រាប់ស្បែកខ្លាញ់ ៖ ពេលមានផ្ទៃពោះ ស្បែកប្រភេទនេះច្រើនតែប្រសើរជាងមុន។ លោកស្រីអ្នកនាងអាចប្រើប្រាស់ក្រែមសម្រាប់ស្បែកខ្លាញ់ដែលសមស្របជាការគ្រប់គ្រាន់ណាស់ទៅហើយ ជាពិសេសនៅពេលល្ងាច។ ក្នុងករណីកម្របំផុត អាចមានកើតមុននៅលើផ្ទៃមុខ ជាពិសេសនៅមុនពេលកៀកសម្រាល។ ហេតុនេះ សូមពិគ្រោះជាមួយគ្រូពេទ្យ។
- ម៉ាសមុខសម្រាប់ស្ដ្រីមានគភ៌ ៖ ស្នាមក្រមៅឬជាំប្រឿងតូចៗអាចចាប់ផ្ដើមកើតមាននៅលើរង្វង់មុខរបស់លោកស្រី អ្នកនាងចាប់ពីខែទី៤ឬពីខែទី៦ទៅ។ ស្នាមក្រមៅទាំងនេះអាចរលុបបាត់ទៅវិញ ក្រោយពីពេលសម្រាលបុត្ររួច។ ប្រការប្រុងប្រយ័ត្នមួយដែលត្រូវធ្វើគឺសូមកុំត្រូវកម្ដៅថ្ងៃច្រើនពេក ហើយក៏មិនត្រូវផ្ដល់ការទុកចិត្ដជ្រុលទៅលើម៉ាសមុខដែលប្រើពេលមានគភ៌នោះពេកដែរ។ នៅរដូវក្ដៅឬពេលថ្ងៃក្ដៅខ្លាំង លោកស្រីអ្នកនាងមិនត្រូវដើរកាត់ ឬនៅក្រោមកម្ដៅថ្ងៃដោយគ្មានម្លប់ ឬឡេការពារកម្ដៅថ្ងៃនោះទេ។ នៅក្រោមកម្ដៅថ្ងៃ សូមពាក់មួក និងលាបក្រេមការពារកម្រិតខ្ពស់បំផុត។
- ការផាត់មុខ ៖ សូមជ្រើសរើសយកផលិតផលណាដែលមានលក្ខណៈធម្មជាតិ ជាពិសេសសូមប្រើប្រាស់ក្រែមពណ៌ដែលស្រាល និងបំប៉នជាតិទឹកនៅលើស្បែក។ សូមសម្អាតគ្រឿងសម្អាងនៅលើផ្ទៃមុខរៀងរាល់ល្ងាចដោយយកចិត្ដទុកដាក់ ជាពិសេសគឺសំឡី និងផលិតផលថែរក្សាស្បែកមុខ។

រូបភាពទស្សនាវដ្តីសុខភាពយើង
ការថែរក្សាធ្មេញ
ការមានផ្ទៃពោះមិនបង្កធ្វើឱ្យធ្មេញដង្កូវស៊ីនោះទេ។ ផ្ទុយទៅវិញ វាអាចជំរុញឱ្យស្ថានភាពធ្មេញដែលមានដង្កូវស៊ីរឹតតែធ្ងន់ធ្ងរ។ ផលប៉ះពាល់ផ្សេងៗមួយចំនួនទៀត គឺអញ្ចាញធ្មេញហូរឈាម និងកំណកកំបោរនៅជើងធ្មេញច្រើនជាងមុន។ ហេតុនេះ សូមលោកស្រីអ្នកនាងបង្កើនការយកចិត្ដទុកដាក់ដោយដុសធ្មេញឱ្យបានប្រសើរជាងមុនរៀងរាល់ក្រោយពេលទទួលទានអាហាររួច។ គួរប្រើប្រាស់ខ្សែរួតធ្មេញ ច្រាសពិសេស ឬប្រដាប់បាញទឹកជំរុះសំណល់ចំណីអាហារដែលនៅជាប់នឹងធ្មេញ និងបង្ករោគដង្កូវស៊ីធ្មេញ។ សូមជ្រើសរើសយកវិធីសម្អាតធ្មេញ និងកំណកជើងធ្មេញ។
នៅពេលមានផ្ទៃពោះ លោកស្រីអ្នកនាងគួរទៅជួបគ្រូពេទ្យធ្មេញ ដើម្បីធ្វើការត្រួតពិនិត្យ ដោយចាប់ផ្ដើមពីការត្រួតពិនិត្យធ្មេញទាំងអស់។ ហើយលោកអ្នកអាចបន្ដតាមដានបានតាមរយៈការទៅពិនិត្យធ្មេញជាប្រចាំ។ ធ្មេញដែលមានសុខភាពល្អ អាចផ្ដល់ការចិញ្ចឹម ទំពាអាហារបានល្អ និងបញ្ចៀសបាននូវគ្រោះថ្នាក់បង្កដោយមេរោគនាំឱ្យប៉ះពាល់ទៅដល់ទារក។ បើអញ្ចាញធ្មេញរបស់លោកស្រីអ្នកនាងហើមប៉ោង និងហូរឈាមគឺជាការកើតរោគរលាកអញ្ចាញធ្មេញ។ រោគនេះអាចថមថយទៅវិញនៅខែទី៥ និងអាចបាត់អស់តែម្ដងនៅពេលសម្រាល។ ជាទូទៅបើមានករណីបែបនេះ ទន្ដបណ្ឌិតច្រើនតែផ្ដល់ដំបូន្មានឱ្យប្រើអាហារបំប៉ន ឬវីតាមីនសេ និងប៉េ។
ការថែរក្សាក្រចក
ក្រចកផុយឬងាយបាក់ គឺជាករណីកើតមានជារឿយក្នុងកំឡុងពេលមានផ្ទៃពោះ។ ហេតុនេះសូមកាត់វាឱ្យខ្លី និងតម្រឹមវាឱ្យត្រឹមត្រូវល្អ ព្រោះវាអាចធន់បានជាងមុន។ ប្រសិនបើនៅតែមានបញ្ហាទៀត នោះសូមលោកអ្នកនាងប្រើប្រាស់ថ្នាំថែរក្សាក្រចកណាដែលមិនបង្កផលប៉ះពាល់ទៅដល់ទារកនៅក្នុងផ្ទៃ។
ការថែរក្សាសក់
ពេលមានផ្ទៃពោះ គឺមានលទ្ធផលល្អសម្រាប់ស្ដ្រីមានផ្ទៃពោះ។ ព្រោះថាស្ដ្រីមានផ្ទៃពោះភាគច្រើនមានសក់ទន់រលើប និងមិនជំពាក់នោះទេ ពោលគឺពួកគាត់មានសក់ស្អាតជាងពេលមុន។ តើនេះជាបញ្ហាសក់ខ្លាញ់ឬ? មនុស្សភាគច្រើនបានភ្លេចគិតរឿងនេះ។ រីឯការជ្រុះសក់ជាលក្ខណៈធម្មជាតិក៏ធូរស្រាលជាងមុនដែរ។ ទាំងនេះគឺជាមហិទ្ធិរិទ្ធិរបស់អ័រម៉ូនគភ៌។ ស្ថិតក្នុងស្ថានភាពនេះ សក់មានលក្ខណៈសម្បត្ដិចំនួនច្រើនជាងមុន និងកម្លាំងសក់ខ្លាំងជាងមុន។ មិនតម្រូវឱ្យមានការព្យាបាលពិសេសណាមួយនោះទេ លោកស្រីអ្នកនាងគ្រាន់តែបង្កើនការលាងសម្អាត ឬកក់សក់ដោយសាប៊ូធម្មតាជាការស្រេចទៅហើយ។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

