ណាំ ប៉ុណ្ណារ័ត្ន សុខភាព​​​ជារឿងសំខាន់​​​​សម្រាប់​​​មនុស្សម្នាក់់ៗ

ភាពប៉ិនប្រសព្វក្នុងការតែងនិពន្ធបទភ្លេង និងជាតារាចម្រៀងមួយដួង​ដែលទទួលបានការគាំទ្រ​យ៉ាងច្រើនពីប្រិយមិត្ដ ជាពិសេសមិត្ដយុវវ័យនោះគឺលោក ណាំ ប៉ុណ្ណារ័ត្ន។ បច្ចុប្បន្ននេះលោក ណាំ ប៉ុណ្ណារ័ត្ន មានការមមាញឹកជាច្រើន ក្នុងនាមជាអ្នកសិល្បៈ និងជាមន្ដ្រីរាជការ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ណាំ ប៉ុណ្ណារ័ត្ន បានចូលខ្លួនមកបកស្រាយ​ពីការថែរក្សាសម្រស់ និងសុខភាពរបស់លោកផ្ទាល់​ជូនដល់ប្រិយមិត្ដអ្នកអានទាំងអស់ ជាពិសេសប្រិយមិត្ដដែលមានការគាំទ្រ​ចំពោះរូបលោកទទួលជ្រាប តាមរយៈ​​​​កិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិមុន​ឈានចូលសិល្បៈ

មុនឈានជើងចូលសិល្បៈ លោកប៉ុណ្ណារ័ត្នជានិសិ្សត​រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ខាងផ្នែកវិទ្យាល័យសូរ្យតន្ដ្រី ជំនាញព្យាណូ បន្ទាប់មកលោកបានទៅបន្ដការសិក្សា​ផ្នែកសូរ្យតន្ដ្រីនៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ ពេលបានបញ្ចប់ការសិក្សា និងបានត្រឡប់មកមាតុភូមិវិញ ស្របពេលជាមួយគ្នានោះលោក ប៉ុណ្ណារ័ត្នបានក្លាយខ្លួនទៅជាអ្នកចម្រៀង​នៅ ផលិតកម្មយូធូ​ក្នុងឆ្នាំ២០០៥ តាមរយៈម្ចាស់ផលិតកម្មយូធូ។ មុនពេលចូលច្រៀងឱ្យផលិតកម្មយូធូ លោក ប៉ុណ្ណារ័ត្ន បានសរសេរ អត្ថបទចម្រៀងចំនួន១០បទ​ទៅឱ្យម្ចាស់ផលិតកម្ម មិនយូរប៉ុន្មានម្ចាស់ផលិតកម្ម​មានការពេញចិត្ដនូវអត្ថបទ និងទឹកដមសម្លេងរបស់ លោក ទើបម្ចាស់ផលិតកម្ម យូធូ ឱ្យលោកក្លាយទៅជាអ្នកចម្រៀង​នៅផលិតកម្មយូធូ។ បទចម្រៀងដំបូងរបស់លោក ប៉ុណ្ណារ័ត្ន ដូច ជាបទ អស់ជំនឿ បទម៉ែ និងបទជាច្រើនទៀត មានការទទួលស្គាល់ពីប្រិយមិត្ដ​យ៉ាងខ្លាំង ហើយបទចម្រៀងទាំងអស់នេះ​ជាការនិពន្ធ ទំនុកច្រៀងដោយខ្លួនឯង រីឯបទភ្លេងលោកសម្រួលពីបទបរទេស។

ការថែរក្សា​សម្រស់

– ការថែរក្សាសក់ ៖ លោកមិនយកចិត្ដទុកដាក់ទេ ពីព្រោះលោកជាមនុស្សប្រុស។ លោកបន្ដទៀតថា សក់មិនត្រូវកក់រាល់ ថ្ងៃនោះទេ មានន័យថាក្នុងមួយសប្ដាហ៍​លោកកក់សក់បីដង និងធ្វើការបន្ទន់សក់២ដង។

– ការថែរក្សាស្បែកមុខ ៖ លោកមិនសូវតុបតែង​មុខទេក្នុងកម្មវិធី ខនសឺតឬក្នុងរាត្រីកម្សាន្ដ ប៉ុន្ដែគ្រាន់តែនៅពេលដែល បញ្ចប់ពីកម្មវិធី លោកតែងតែធ្វើការសម្អាតផ្ទៃមុខ​លោកជាប្រចាំជាមួយផលិតផលដែលល្អ និងមានគុណភាព ដើម្បីធ្វើការសម្អាតជាតិ ខ្លាញ់ និងធូលីដីដែលនៅជាប់តោង​លើផ្ទៃមុខ។

– កាថែរក្សាស្បែកដងខ្លួន លោកមិនភ្លេចទេក្នុង​ការថែរក្សាស្បែក។ នៅពេលដែលលោកងូតទឹក ឬជម្រះរាងកាយ លោកតែងតែធ្វើការសម្អាតខ្លួនប្រាណ​ដោយប្រើសាប៊ូដុសខ្លួនជាប្រចាំ ព្រោះសាប៊ូជួយកម្ចាត់នូវ​បាក់តេរីកខ្វក់ និងជួយឱ្យស្បែកភ្លឺ រលោង។

– ការថែរក្សាភ្នែក ៖ បច្ចុប្បន្ននេះភ្នែករបស់លោកមានបញ្ហា​ដោយលោកឧស្សាហ៍ធ្វើការងារ​ជាមួយកុំព្យូទ័រ ដូច្នេះលោក តែងតែ​មើលអ្វីដែលមានពណ៌បៃតង ព្រោះពណ៌នេះជំនួយដល់បញ្ហាភ្នែករបស់លោក។ ចំពោះការថែរក្សាភ្នែកវិញ នៅពេលដែលភ្នែក របស់លោកមានបញ្ហា និងមានធូលីដីលោកធ្វើការ​សម្អាតចេញ។

– ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញជាបញ្ហាសំខាន់​ណាស់សម្រាប់លោក ប៉ុណ្ណារ័ត្ន។ លោកតែងតែធ្វើការសម្អាត មាត់ធ្មេញ(ដុសធ្មេញ)​យ៉ាងតិច៣ដងក្នុងមួយថ្ងៃ និងទៅពិនិត្យមាត់ធ្មេញ២ដង​ក្នុងមួយឆ្នាំ និយាយរួម៦ខែទៅពិនិត្យម្ដង។

ការថែរក្សា​សុខភាពរាងកាយ

– ការទទួលទានដំណេក ៖ ដោយមានការមមាញឹក​នឹងការងារពេក ហេតុនេះហើយទើបបានជារ័ត្ន​មិនសូវបានទទួលទាន ដំណេកគ្រប់គ្រាន់។ ប៉ុន្ដែសង្ឃឹមថានៅថ្ងៃមុខ លោកនឹងព្យាយាមទទួលទានដំណេក​ឱ្យបានគ្រប់គ្រាន់ ដោយលោកសម្អាងថា ដើម្បីឱ្យ សុខភាពល្អ​គួរតែទទួលទានដំណេកឱ្យបានគ្រប់៨ម៉ោង​ទើបជាការប្រសើរសម្រាប់សុខភាពមនុស្សម្នាក់ៗ។

– ការទទួលទានអាហារ ៖ លោកទទួលទានអាហារ​មិនសូវបានទៀងទាត់ទេ ដោយលោកជាប់រវល់ក្នុងការតែងនិពន្ធ​ជាបទ ភ្លេង និងការងារនៅក្នុងស្ដូដយ៉ូ ដូច្នេះការទទួលទានអាហារ​របស់លោកមិនបានទៀងទាត់ឡើយ។

– លំហាត់ប្រាណ ៖ ការហាត់ប្រាណគឺជារឿងមួយដ៏សំខាន់​សម្រាប់មនុស្សម្នាក់ មិនថារូបលោក ឬអ្នកដទៃឡើយ។ ពី មុនលោកតែងតែធ្វើលំហាត់ប្រាណ​ជារៀងរាល់ថ្ងៃមិនសូវខានទេ ដោយលោកបានហាត់ប្រាណ​នៅក្នុងក្លឹបមួយកន្លែង ប៉ុន្ដែសម្រាប់ បច្ចុប្បន្ននេះលោក​មិនមានពេលគ្រប់គ្រាន់ទេ ដោយរូបលោកមានការមមាញឹក​នឹងការងារជាខ្លាំង។

រូបភាពទស្សនាវដ្តីសុខភាពយើង

គោលបំណង​ទៅថ្ងៃអនាគត

សព្វថ្ងៃនេះលោកប៉ុណ្ណារ័ត្ន​ជាមន្ដ្រីរាជការនៅក្រសួងវប្បធម៌វិចិត្រសិល្បៈ ដូច្នេះគោលបំណងទៅថ្ងៃអនាគត​របស់លោក ប៉ុណ្ណារ័ត្នមានបំណង​ចង់បើកនូវសាលាបង្រៀនភ្លេងមួយកន្លែង ដើម្បីបណ្ដុះបណ្ដាលឱ្យកូនខ្មែរ​មួយចំនួនដែលមាននិស្ស័យខាងភ្លេង ​ឱ្យមានចំណេះដឹងគ្រប់គ្រាន់ និងចង់បង្កើតជា Business ផ្ទាល់ខ្លួនផងដែរ។

បណ្ដាំផ្ញើរបស់លោក ណាំ ប៉ុណ្ណារ័ត្ន

សូមផ្ដាំផ្ញើទៅប្រិយមិត្ដ ជាពិសេសមិត្ដយុវវ័យនិងយុវតីទាំងឡាយ​សូមមេត្ដាកុំប្រើប្រាស់​ក៏ដូចជាការសេពនូវគ្រឿងញៀន ព្រោះគ្រឿងញៀនបណ្ដាលឱ្យ​លោកអ្នកខូចនូវសុខភាព រាងកាយចាស់ទ្រុឌទ្រោម ខាតថវិកា ខាតទាំងពេលវេលា។ និយាយរួម ទៅការប្រើប្រាស់ និងសេពគ្រឿងញៀន​បង្កតែគុណវិបត្ដិគ្មានទេគុណសម្បត្ដិ​សម្រាប់លោកអ្នក។ ជាចុងក្រោយនេះលោកប៉ុនណារ័ត្ន ​សូមអរគុណចំពោះប្រិយមិត្ដ និងប្រជាពលរដ្ឋខ្មែរ ដែលមានការគាំទ្រ​ចំពោះរូបលោកឱ្យមានសុខភាពល្អ និងរកស៊ីទទួលទានមានបាន គ្រប់ៗគ្នា។​​​​​​​

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ណាំ ប៉ុណ្ណារ័ត្ន
  • អាយុ  ៖ ២៧ឆ្នាំ
  • ថ្ងៃ ខែ ឆ្នាំកំណើត ៖ ១៩៨៥
  • ទីកកន្លែងកំណើត ៖ ភ្នំពេញ
  • កម្ពស់ ៖ ១,៦៧សង់ទីម៉ែត្រ
  • កម្រិតវប្បធម៌ ៖ បញ្ចប់បរិញ្ញាបត្រ​ផ្នែកសូរ្យតន្ដ្រីនៅក្រៅប្រទេស
  • ទម្ងន់ ៖ ៦០គីឡូក្រាម
  • បងប្អូន ៖ ៤នាក់ ប្រុស២ ស្រី២(ជាកូនទី២)
  • អាជីពនាពេលបច្ចុប្បន្ន ៖ ជាអ្នកសិល្បៈ ​និងជាមន្ដ្រីរាជការ
  • ស្ថានភាពគ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative