របៀប​ថែទាំ​ទារក​ពេលរាក

ប្រជាពលរដ្ឋ​មួយចំនួន​ធំតែងតែ​យល់ឃើញ​ថា មូលហេតុ​ដែលអាច​ធ្វើឱ្យ​ទារក​រាក​គឺបណ្ដាល​មកពី​ម្ដាយ​ដែល​ទទួលទាន​អាហារ​ផ្ដេសផ្ដាស។ ទារក​រាក​មិនមាន​ការ​ទាក់ទង​នឹងការ​ទទួល​អាហារ​របស់​ម្ដាយ​នោះទេ បណ្ដាល​មកពី​ការ​ខ្វះអនាម័យ​ក្នុងការ​ថែទាំ​ទារក។ ការ​ថែទាំ​ទារក​ពេលរាក​គឺជា​រឿងមួយ​ដែល​លោកអ្នក​គប្បីស្វែ​ងយល់​ដឹងឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​អាច​បណ្ដាល​ឱ្យទារក​បាត់បង់​ជាតិទឹក​កាន់តែ​ច្រើន បើ​នៅតែ​មានការ​ធ្វេស​ប្រហែស។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​បកស្រាយ​ពីការ​ថែទាំ​ទារក​នៅពេល​រាក ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខឃាង អ្នក​ឯកទេស​ផ្នែក​បេះដូង​កុមារ​នៃមន្ទីរពេទ្យ​កុមារជាតិ។

ហេតុអ្វី​បានជា​ទារករាក?

ទាករាក​បណ្ដាល​មកពី​វីរុស​បាក់តេរី និង​បណ្ដាល​មកពី​ពពួក​បារ៉ាស៊ីត។ បញ្ហា​ដែលជួប​ប្រទះជាញឹកញាប់​ជាងគេ​នោះ គឺ​បណ្ដាល​មកពី​វីរុស។ ការឆ្លងវី​រុស​ទាំងនោះ​គឺអាច​ចម្លង​ទៅដល់​ទារកយ៉ាង​ងាយស្រួល តាមរយៈ​ការ​ប៉ះពាល់​ផ្ទាល់​របស់​ទារក​ទៅនឹង​របស់​របរ​មិនស្អាត ដូចជាដប​ទឹកដោះគោ​ជាដើម។ មួយវិញ​ទៀតនោះ​គឺ​បណ្ដាល​មកពី​ការ​ថែទារក​ដោយ​ខ្វះ​អនាម័យ មិនបាន​សម្អាត ដៃឱ្យ​បានស្អាត​រាល់ពេល​ប៉ះពាល់​ទារក ដូចជា​ពេល​បំបៅដោះ ឬ​ពេលឆុង​ទឹកដោះគោ​ដាក់ដប​ឱ្យទារក​បៅ​ជាដើម។ កត្ដា​ទាំងនេះ​ងាយ​ធ្វើឱ្យ​វីរុស​ឆ្លង​ទៅទារក។ ដើម្បីចៀសវាង​បញ្ហា​នេះ លោកអ្នក​គប្បី​មាន​អនាម័យ​ឱ្យល្អ​នៅពេល​ថែទាំ​ទារក។

ការ​ថែទាំទារក​ពេលរាក

នៅពេល​រាក ទារក​បៅ​មិនបាន​ច្រើន​ដូចធម្មតា​នោះទេ ដូចនេះ​ទារកងា​យ​ប្រឈម​មុខនឹង​កង្វះ​អាហា​រូបត្ថម្ភ។ ការរាក ធ្វើឱ្យ​ទារក​បាត់បង់​ជាតិទឹក​ច្រើន​បើមិន​បានបង្គ្រប់​ទឹកវិញ អាច​បណ្ដាល​ឱ្យទារក​កាន់តែ​មាន​អាការ​ធ្ងន់ធ្ងរ។ ពេល​ទារករាក ត្រូវ​មើលថែ​ឱ្យបាន​ដិតដល់ លោកអ្នក​ត្រូវ​យកចិត្ដ​ទុកដាក់​ទៅលើ​ការ​បាត់បង់​ជាតិទឹក។ ទារក​មិនដូចជា​កុមារ​ដែលអាច​ញ៉ាំទឹក​បានយ៉ាង​ច្រើន​នោះទេ ដូចនេះ​វិធី​ដែលល្អ​គឺការ​បំបៅដោះ​កូនឱ្យ​បាន​ញឹកញាប់​ជាជាង​ពេល​ធម្មតា។ ទឹកដោះ​ម្ដាយ​ជាអាហារ និង​ភេសជ្ជៈ​ដែល​ទារក​ត្រូវការ​ចាំបាច់​នៅអាយុ៦ខែ​ដំបូង មិនតែ​ប៉ុណ្ណោះ​ទឹកដោះ​ម្ដាយ​គឺជា​ឱសថ​ដែលអាច​ព្យាបាល​អាការ​រាក​របស់​ទារក​បានទៀត​ផង។ បើសិន​ជាទារក​នៅតែ​មានសភាព​មិនធម្មតា​បន្ទាប់​ពីការ​បំបៅដោះ​ទៀតនោះ លោកអ្នក​គប្បី​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ មួយវិញ​ទៀត បើសិនជា​ទារក​មានជម្ងឺ​ដទៃ​ហើយ​មានរាក​ទៀតនោះ សញ្ញា​ដែល​ត្រូវយកចិត្ដ​ទុកដាក់​គឺនៅពេល​ទារក​ក្អួតខ្លាំង មាន​សភាព​ហត់ខ្លាំង ក្ដៅ​ខ្លាំង លាមក​មានឈាម​ឬ​សម្បោរ ឈឺពោះ​ខ្លាំង ឬយំ​នៅពេល​នោម គឺ​លោកអ្នក​ត្រូវ​បញ្ជូន​ទារក​ទៅរក​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា។

ដំបូន្មាន​អ្នក​ជំនាញ

វិធី​បង្ការ​ដ៏ល្អ​នោះ លោកអ្នក​ត្រូវមាន​អនាម័យ​ឱ្យបាន​ស្អាត​រាល់ពេល​មើលថែ​ទារក ដើម្បី​ឱ្យទារក​ចៀសផុត​ពីជម្ងឺ​រាក ក៏ដូចជា​ជម្ងឺ​ដទៃទៀត​ដែរ។ សូម​កុំមាន​ការ​ធ្វេសប្រហែស​ឱ្យសោះ ព្រោះ​ទារក​ងាយមាន​គ្រោះថ្នាក់​ណាស់ មិនថាតែ​បញ្ហា​រាកទេ បើសិន​ជា ទារក​មានបញ្ហា​អ្វីក៏ដោយ ត្រូវ​រួសរាន់​យកចិត្ដ​ទុកដាក់​នាំទារក​មកពិនិត្យ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យជំនាញ​ឱ្យបាន​ទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

Google Analytics Alternative