ជាការពិតណាស់ស្ដ្រីគ្រប់រូបនៅពេលដែលដល់ថ្ងៃសម្រាលបុត្រ តែងតែចង់ឱ្យខ្លួន និងកូនទទួលបាននូវសុវត្ថិភាពល្អ និងរួចផុតពីគ្រោះថ្នាក់ផ្សេងៗ។ វិធីសម្រាលកូនដោយការវះកាត់ បូម ឬតាមធម្មជាតិក្ដី សុទ្ធសឹងជាវិធីសាស្ដ្រផ្សេងៗគ្នា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យកូនកើតចេញពីពោះម្ដាយដោយសុវត្ថិភាព នៅពេលទារកគ្រប់ខែ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង គ្រូពេទ្យមានតួនាទីសំខាន់ណាស់ក្នុងការវិនិច្ឆ័យ និងសម្រេចចិត្ដធ្វើការបង្កើតកូនតាមវិធីណាមួយ ដើម្បីឱ្យទារក និងម្ដាយមានសុវត្ថិភាពល្អ។

រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យ អ៊ូច ឌីណា ឯកទេសផ្នែកសម្ភព និងរោគស្ដ្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការបកស្រាយទៅលើការសម្រាលកូនដោយការបូម ការវះកាត់ និងតាមធម្មជាតិ ជូនដល់ប្រិយមិត្ដអ្នកអានឱ្យបានជ្រាបកាន់តែច្បាស់។
តើនៅពេលណាទើបគ្រូពេទ្យសម្រេចបង្កើតកូនដោយបូម?
មុននឹងសម្រេចចិត្ដធ្វើការបង្កើតកូនដោយបូម គឺនៅពេលដែលស្ថានភាពរបស់ម្ដាយចុះទន់ខ្សោយអស់កម្លាំងក្នុងការប្រឹង។ ម្ដាយមួយចំនួនមិនសូវចេះប្រឹងដោយខ្លួនឯង ឬដោយសារតែអាងត្រគាករបស់ម្ដាយ និងក្បាលរបស់កូនមិនសមស្របជាមួយគ្នា ជាពិសេសទៅទៀតនៅពេលដែលក្បាលទារកស្រុតចុះនៅទ្វារមាសខាងក្រៅរបស់ម្ដាយ។ គេមិនអាចធ្វើការបូមនៅពេលដែលក្បាល កូនស្ថិតនៅខ្ពស់ក្នុងទ្វារមាសនៅឡើយនោះទេ។ ដូច្នេះការសម្រាលកូនដោយបូមមិនមែនមានន័យថា នៅពេលណាដែលកូនកើតមិនរួច គឺត្រូវតែធ្វើការបូមនោះទេ គឺគ្រូពេទ្យត្រូវចេះវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងល្អិតល្អន់បំផុតតាមលក្ខណៈបច្ចេកទេស។
តើនៅពេលណាទើបគ្រូពេទ្យសម្រេចបង្កើតកូនដោយធ្វើការវះកាត់?
មុននឹងសម្រេចចិត្ដធ្វើការបង្កើតដោយការវះកាត់យកកូន គឺនៅពេលដែលទារកមិនអាចកើតតាមផ្លូវធម្មជាតិបាន ដោយសារតែមូលហេតុផ្សេងៗដូចជា ៖
- ទម្រង់កូនមិនប្រក្រតី(កូនទទឹងពោះ)
- កូនមានទំហំធំ
- ម្ដាយសម្រាលកូនច្រើនដងពេក
- ម្ដាយធ្លាប់ធ្វើការវះកាត់ពីមុន
- សុកបាំងមាត់ស្បូន
- ទងសុកធ្លាក់ចុះចេញមកក្រៅមុនកូនកើត
- កូនមានសុខភាពមិនល្អ
- ម្ដាយមានជម្ងឺទឹកនោមផ្អែម ឬជម្ងឺបេះដូង
តើនៅពេលណាទើបសម្រាលកូនដោយធម្មជាតិ?
ការសម្រាលកូនដោយធម្មជាតិ គឺជាការសម្រាលកូនដោយឯកឯងដោយមិនចាំបាច់ធ្វើការបូម ឬវះកាត់អ្វីឡើយ មានន័យថា អាងត្រគាករបស់ម្ដាយធំទូលាយ ទម្រង់បង្ហាញរបស់កូនសមស្របអាចកើតចេញមកដោយខ្លួនឯងបាន ក្បាលរបស់កូនមានទំហំ ល្មមអាចសម្រាលដោយធម្មតាបានដោយមិនចាំបាច់ខំប្រឹងទាញ ឬរុញច្រានអ្វីឡើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង
តើវិធីសម្រាលកូនទាំងបីមួយណាមានប្រសិទ្ធភាពជាង?
ការសម្រាលកូនដោយបូម វះកាត់ និងធម្មជាតិ គឺមានប្រសិទ្ធភាពដូចគ្នាទាំងអស់ អាស្រ័យទៅតាមលក្ខណៈពិសេសរបស់វា។ គ្រូពេទ្យមិនអាចធ្វើអ្វីតាមតែចិត្ដនឹកឃើញនោះទេ គឺត្រូវធ្វើទៅតាមទិសដៅរបស់វា។
ផលប៉ះពាល់នៃការសម្រាលកូន
ផលប៉ះពាល់នៃការសម្រាលកូនតាមវិធីទាំងបីនេះ គឺអាចកើតមានបញ្ហាជាយថាហេតុ ដរាបណាគ្រូពេទ្យ ឬឆ្មបដែលទទួលខុសត្រូវក្នុងការសម្រាលកូនមិនអនុវត្ដទៅតាមលក្ខណៈបច្ចេកទេសនៃក្បួនសម្រាលតាមបែបបទវេជ្ជសាស្ដ្រ។ ផលប៉ះពាល់ទាំងនោះរួមមាន ៖
- រហែកមាត់ស្បូន បណ្ដាលឱ្យហូរឈាមខ្លាំង
- ការក្លាយរោគ ដោយខ្វះអាសិបស៊ី(asepsie) ឬការសម្លាប់មេរោគ
- ការហូរឈាមខ្លាំង ក្រោយពេលទម្លាក់សុកមិនអស់
- ប៉ះទង្គិចទៅលើផ្លូវបញ្ចេញទឹកនោមនៅពេលធ្វើការវះកាត់
- ហើមប៉ោងក្បាលកូន នៅពេលធ្វើការបូមមិនប្រកបដោយសុវត្ថិភាព។
ដំបូន្មានអ្នកជំនាញ
ការសម្រាលដោយបូម វះកាត់ និងតាមធម្មជាតិ សុទ្ធសឹងជាវិធីសាស្ដ្រប្រកបដោយលក្ខណៈវិទ្យាសាស្ដ្រនិងបច្ចេកទេសទាំងអស់ មិនអាចមានអ្នកណាមួយ ឬគ្រូពេទ្យណាអាចកែច្នៃឱ្យមានការខុសប្លែកពីលក្ខណៈដើមបានឡើយ។ ប្រសិទ្ធភាពនៃ វិទ្យាសាស្ដ្របច្ចេកទេសទាំងអស់នេះ ក៏អាស្រ័យទៅលើលក្ខណៈសម្បត្ដិរបស់បុគ្គល ឬគ្រូពេទ្យនីមួយៗ។ អាស្រ័យហេតុនេះស្ដ្រីទាំងឡាយដែលត្រូវសម្រាលបុត្រ គួរតែជ្រើសរើសយកមន្ទីរពេទ្យណាដែលមានជំនាញត្រឹមត្រូវក្នុងការបង្កើតកូន ដើម្បីចៀសវាង កើតមាននូវបញ្ហាផ្សេងៗជាយថាហេតុ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

