វិធីដាំ់ធ្មេញបែបសម័យទំនើបគឺជាវិធីមួយដ៏ល្អ និងមានប្រសិទ្ធភាព ដែលអាចធ្វើឱ្យធ្មេញរបស់លោកអ្នកមានសភាពស្រស់ស្អាត និងមានភាពគួរឱ្យទាក់ទាញផងដែរ។ លើសពីនេះទៅទៀតធ្វើឱ្យធ្មេញរបស់លោកអ្នកមានភាពរឹងមាំ ព្រមទាំងមិនបាត់បង់ធ្មេញទាំងសងខាង ប៉ុន្ដែត្រូវចំណាយថវិកាច្រើន ពេលវេលាយូរ និងទទួលរងការឈឺចាប់បន្ដិចបន្ដួចផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង ធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចិម ធ្វើការបកស្រាយអំពីវិធីដាំធ្មេញបែបសម័យទំនើប ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាប។
អំពីការដាំធ្មេញ
ការដាំធ្មេញគឺជាការដាក់ធ្មេញបន្ថែម។ ការដាំធ្មេញមានន័យដូចគ្នាទៅនឹងការដាំដើមឈើដែរ ប៉ុន្ដែធ្មេញមិនមានឫសដូចជាដើមឈើទេ។ ដូចនេះមុននឹងចាប់ផ្ដើមដាំធ្មេញ មុនដំបូងត្រូវធ្វើឫសធ្មេញសិប្បនិម្មិតឡើងសិន ដើម្បីដាំបណ្ដុះចេញមកងាយស្រួល ក្នុងការដាក់ធ្មេញពីលើនោះគេហៅថាអ៊ីក្លា។ ដោយសារតែលោកអ្នកធ្វេសប្រហែសមិនបានប៉ះធ្មេញឱ្យបានត្រឹមត្រូវ ឬក៏ពីមុនមកបាន ជាដកធ្មេញចោលដែលធ្វើឱ្យបាត់ធ្មេញអស់មួយ ដូចនេះការដាំមានន័យថាជាការបណ្ដុះបង្គោលមួយនៅកន្លែងដែលបាត់ ហើយដាក់ធ្មេញពីលើ។
សារៈប្រយោជន៍នៃការដាំធ្មេញបែបសម័យទំនើប
សារៈប្រយោជន៍នៃការដាំធ្មេញបែបសម័យទំនើបមានដូចជា ៖
- ធ្វើឱ្យធ្មេញនឹងរឹងមាំមួយទ្រមួយ
- មិនប៉ះពាល់ដល់ធ្មេញដទៃទៀត
- មានសម្ព័ន្ធភាពធ្មេញដូចធ្មេញកំណើតជាដើម។
វិធីដាំធ្មេញបែបសម័យទំនើប
ការដាំធ្មេញបែបសម័យទំនើបនេះសំខាន់បំផុតទាក់ទងទៅនឹងឆ្អឹងធ្មេញមនុស្សយើង។ ដូចជាការដាំស្ពៃអាស្រ័យទៅនឹងដី ប្រសិនណាបើដីល្អ ទិន្នផលនៃការដាំស្ពៃនឹងទទួលបានផលច្រើន បើដីមិនល្អការដាំស្ពៃមិនទទួលបានទិន្នផលច្រើនទេ។ ប៉ុន្ដែបើនិយាយពី ការដាំធ្មេញវិញ បើឆ្អឹងធ្មេញគ្រប់គ្រាន់អាចដាំបាន តែបើឆ្អឹងមិនគ្រប់គ្រាន់ការដាំធ្មេញមិនអាចទៅរួចទេ។ ប្រសិនណាបើធ្មេញរបស់មនុស្សយើងមានបីស្រាប់តែបាក់ធ្មេញកណ្ដាលមួយ ត្រូវខាតធ្មេញពីរទាំងសងខាង។ ដូចនេះដើម្បីកុំឱ្យខាតធ្មេញត្រូវធ្វើបង្គោលមួយថ្មី ហើយមុននឹងការធ្វើបង្គោលត្រូវគិតពីឆ្អឹងធ្មេញជាមុនសិន។

រូបភាពទស្សនាវដ្តីសុខភាពយើង
ផលប៉ះពាល់នៃការដាំធ្មេញបែបសម័យទំនើប
បើសិនជាលោកអ្នកជ្រើសនូវកន្លែងដែលមិនមានសុវត្ថិភាព ឬជាមួយគ្រូពេទ្យដែលមិនមានជំនាញនោះលោកអ្នកអាចនឹងជួបជាមួយនឹងផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួនដូចជា ៖
- ត្រូវចំណាយថវិកាច្រើននៅក្នុងការព្យាបាល
- ខាតបង់ពេលវេលា
- អាចឆ្លងនូវមេរោគដែលធ្វើឱ្យមានបញ្ហាសុខភាពមាត់ធ្មេញ
- អ្នកជម្ងឺត្រូររងនូវការឈឺចាប់។
វិធីការពារមុនពេលដាំធ្មេញបែបសម័យទំនើប
លោកអ្នកដែលមានបំណងចង់មកដាំធ្មេញជាដំបូងលាកអ្នកត្រូវតែមិនមែនជាអ្នកជក់បារី(អ្នកស្រឡាញ់ធ្មេញ)។ ចំណែកអ្នកជម្ងឺទឹកនោមផ្អែមក៏មិនមែនជាបញ្ហានៃការដាំធ្មេញដែរ អាចដាំបានគ្រប់ករណីទាំងអស់ ក៏ប៉ុន្ដែអ្នកទឹកនោមផ្អែមត្រូវមានកម្រិត មួយអាចដាំបាន។ ការដាំធ្មេញគឺតម្រូវឱ្យលោកអ្នកមានការស្រឡាញ់ធ្មេញ ថែទាំធ្មេញ និងមិនមែនជាអ្នកជក់បារី។
ដំបូន្មានអ្នកជំនាញ
មុននឹងឈានដល់ការដាំធ្មេញសំខាន់បំផុតត្រូវគិតដល់បញ្ហាការថែទាំធ្មេញឱ្យបានល្អទើបជាការប្រសើរ ព្រោះថាដាំធ្មេញ អាចដាំបានគ្រប់ករណីទាំងអស់ ប៉ុន្ដែត្រូវខាតពេលវេលាច្រើន ចំណាយថវិកាច្រើន រងការឈឺចាប់។ ដូចនេះអ្វីដែលសំខាន់បំផុតនោះ លោកអ្នកគប្បីត្រូវថែរក្សាធ្មេញរបស់ខ្លួនឱ្យបានស្អាតជាប់ជានិច្ច ចៀសវាងការដាំធ្មេញ និងការដាក់ធ្មេញ ព្រោះថាមិនមែនជាធ្មេញកំណើតរបស់យើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

