សោម ម៉ាល័ក្ខ ភាព​ស្រស់ស្អាត​បានមក​ពីការ​ថែរក្សា និង​យកចិត្ដ​ទុកដាក់

សព្វថ្ងៃនេះ​កញ្ញា សោម ម៉ាល័ក្ខ កំពុង​ទទួលបាន​ការ​ពេញនិយម និង​គាំទ្រ​ពីសំណាក់​ទស្សនិកជន​គ្រប់​ស្រទាប់វណ្ណៈ ជាពិសេស​មិត្ដយុវវ័យ​តែម្ដង។ ទោះបីជា​មានភាព​មមាញឹក​នឹងការងារ​សិល្បៈ​យ៉ាងណា ក៏កញ្ញា​មិនដែល​ធ្វេស​ប្រហែសនូវ​ការ​ថែរក្សាសម្រស់ និង​សុខភាព​របស់​កញ្ញាឡើយ។ 

រូបភាពទស្សនាវដ្តីសុខភាពយើង

កញ្ញា សោម ម៉ាល័ក្ខ បាន​ចូលខ្លួន​មក​បកស្រាយ​អំពីការ​ថែរក្សា​សម្រស់​ជាមួយនឹង​ទស្សនាវដ្ដី សុខភាព​យើង ដើម្បី​ប្រាប់​ពីវិធី​សាស្ដ្រ​នៃការ​ថែរក្សា​សម្រស់ និងការ​ថែរក្សា​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ ជាពិសេស​គឺមិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិមុន​ឈានចូល​វិស័យ​សិល្បៈ

មុននឹង​ឈានជើង​ចូលវិស័យ​សិល្បៈ កញ្ញា ម៉ាល័ក្ខ ជាសិស្ស​ម្នាក់ដែល​រៀន​នៅវិទ្យាល័យ​សន្ធរម៉ុក។ ក្រោយមក​កញ្ញា ម៉ាល័ក្ខ បាន​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​នេះតាមរយៈ​ពូ និង​បងៗ ដែល​ពួកគាត់​ជាសិល្បករ​ជើងចាស់​បាន​ណែនាំ​ឱ្យកញ្ញា​ចូលក្នុង​វិស័យ​សិល្បៈនេះ។ កាលពីដំបូង​កញ្ញា ម៉ាល័ក្ខ គ្រាន់តែ​ជាតារា​បង្ហាញ​ម៉ូត និង​ថតស្ពត​តែប៉ុណ្ណោះ។ ពេល​បច្ចុប្បន្ន​នេះ កញ្ញា​បានក្លាយខ្លួន​ទៅជា​តារាសម្ដែង​កាយវិការ​ខារ៉ាអូខេ និង​ខ្សែភាពយន្ដ​ទៀតផង។ ចំពោះ​បទចម្រៀង​ដំបូង​គេបង្អស់​ដែលកញ្ញា​បានសម្ដែង នោះគឺ​បទ ប្រុសមិនសង្ហា ជូត​ទឹកភ្នែក​ស្រីស្អាត រីឯ​ខ្សែភាពយន្ដ​ដំបូង​វិញ គឺរឿង​កែវភ្នែក​របស់​ស្ថានីយ​ទូរទស្សន៍ ទទក និង​ខ្សែភាពយន្ដ​ទី២ គឺរឿង​ភ័ព្វសំណាង​របស់​ទូរទស្សន៍​9ជទណប។

ការ​ថែរក្សា​សម្រស់

ខណៈពេល​ដែលកញ្ញា សោម ម៉ាល័ក្ខ មានភាព​មមាញឹក​នឹងការងារ​សម្ដែង និង​ថតខ្សែ​ភាពយន្ដ​យ៉ាងណា​ក៏ដោយ ក៏​កញ្ញា​មិនដែល​ធ្វេស​ប្រហែស​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​នោះទេ។ ព្រោះ​កញ្ញា​យល់ថា វាជាការ​ចាំបាច់​ណាស់​ដែល​ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត សុខភាពល្អ​នាំមក​នូវភាព​ជោគជ័យ។ ខាងក្រោម​នេះគឺជា​វិធី​ថែរក្សា​សម្រស់​របស់​កញ្ញា សោម ម៉ាល័ក្ខ ដែលបាន​ធ្វើការ​អនុវត្ដន៍ជាប្រចាំ។

  • ការ​ថែរក្សា​សក់ ៖ សក់​ជាផ្នែកមួយ​ដ៏សំខាន់​សម្រាប់​មិត្ដនារី​គ្រប់រូប។ ពេលមាន​កម្មវិធី​ម្ដងៗ កញ្ញា​តែងតែ​ធ្វើសក់ ជាប្រចាំ ហើយ​ពេលខ្លះ​ក៏មាន​លាបពណ៌​ដែរ។ ក្រោយ​ចប់ពីការ​សម្ដែង ឬ​កម្មវិធី​ណាមួយ ពេល​ត្រឡប់​មកវិញ​កញ្ញា​ត្រូវតែ​សម្អាតសក់​ជាមួយ​សាប៊ូ​ជាប្រចាំ​រួចបន្ទន់​តាម​ក្រោយ នេះជា​វិធីសាស្ដ្រ​របស់​ម៉ាល័ក្ខ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ចំពោះ​ស្បែកមុខ កញ្ញា ម៉ាល័ក្ខ តែងតែ​ប្រឈមមុខ​នឹងការ​ផាត់់មុខ​ច្រើនដង ដូច្នេះ​ក្រោយ​ពេល សម្រាក​ពីការងារ ពេល​ត្រឡប់​មកដល់​ផ្ទះវិញ កញ្ញា ម៉ាល័ក្ខ ត្រូវតែ​ជូតមុខ​រួចលាង​សម្អាត​មុខជាមួយ​ហ្វមលាង​មុខជាប្រចាំ ព្រោះ​ការធ្វើបែប​នេះ ដើម្បី​កុំឱ្យ​មុខមាន​បញ្ហា​ដោយសារ​ធូលី ឬ​ជាតិម្សៅ។ កញ្ញា ម៉ាល័ក្ខ តែងតែ​ឧស្សាហ៍​បិទម៉ាស និង​បិទផ្លែបឺរ​ផងដែរ ការធ្វើ​បែបនេះ​ដើម្បី​ឱ្យផ្ទៃមុខ​មានសភាព​ម៉ដ្ឋរលោង និង​ម៉ដ្ឋខៃ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ស្បែក​ជាផ្នែកមួយ​ដ៏សំខាន់​របស់​មនុស្ស​ដោយអត់​ពុំបាន ដូចនេះ​ហើយបាន​ជាកញ្ញា ម៉ាល័ក្ខ លាបឡេ​ថែរក្សា​ជាប្រចាំ។ ចំពោះស្បែក​ដងខ្លួន​វិញភាគច្រើន​គឺលាប​ឡូសិន​ការពារ​កម្ដៅថ្ងៃ ក្នុងមួយ​សប្ដាហ៍​កញ្ញា ម៉ាល័ក្ខ ខាត់ស្បែក មួយដង ដោយខាត់​ជាលក្ខណៈ​ធម្មជាតិ ដូចជា​ក្រូចពោធិ៍សាត់ និង​អម្ពិល​ទុំជាដើម។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​គឺជារឿង​មួយដ៏សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ហេតុនេះ​ហើយ​បានជា​កញ្ញា​ត្រូវតែ សម្អាត​មាត់ធ្មេញ​ជារៀងរាល់​ថ្ងៃ ក្នុងមួយថ្ងៃ​យ៉ាងតិច​៣ដង។ ហើយការ​ទៅពិនិត្យ​សុខភាព​មាត់វិញ​កញ្ញា ម៉ាល័ក្ខ ទៅពិនិត្យ​រៀងរាល់​៦ខែម្ដង និយាយរួម​១ឆ្នាំ២​ដងដែរ។
  • ការ​ថែរក្សា​ភ្នែក ៖ ទាក់ទង​នឹងការ​ថែរក្សា​ភ្នែកកញ្ញា​មានការ​លំបាក​បន្ដិច ដោយកញ្ញា​ជាតារា​សម្ដែង និង​តារា​ភាពយន្ដ ដូចនេះ​ការតុបតែង​នៅត្រង់​បរិវេណ​ភ្នែកច្រើន​ជាងគេ ជាហេតុ​ធ្វើឱ្យ​កញ្ញា​មានការ​លំបាក​ក្នុងការ​ថែរក្សា។ នៅពេល​ទំនេរពីការងារ​សិល្បៈ កញ្ញា​តែងតែ​យកត្រសក់​មកបិទ​នៅត្រង់​បរិវេណ​ភ្នែក ឬជា​ម៉ាសបិទ​ភ្នែក ព្រោះការ​ធ្វើបែបនេះ​ដើម្បីឱ្យ​ភ្នែកមាន​សភាព​ស្រស់ស្អាត។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ទាក់ទង​នឹងរោម​ចិញ្ចើម​ម៉ាល័ក្ខ​ឧស្សាហ៍​កោរ ជាពិសេស​នៅពេល​ដែល ផាត់មុខ គេតែងតែ​កោរចិញ្ចើម​ជានិច្ច ដើម្បីឱ្យ​ចេញរាង​មកឃើញ​ស្អាត។ ចំពោះ​រោមភ្នែក​វិញកញ្ញា ម៉ាល័ក្ខ តែងតែ​ប្រើម៉ាស្ការ៉ា​ជាប់ ព្រោះ​ជំនួយ​ដល់​រោមភ្នែក។ ចំពោះ​បបូរមាត់​វិញ​ភាគច្រើន​កញ្ញា ម៉ាល័ក្ខ ឧស្សាហ៍​លាបក្រែម​រលោង​ដើម្បីកុំឱ្យ​បបូរមាត់​មាន​សភាពស្ងួត និង​ប្រេះ។
  • ការ​ថែរក្សា​ក្រចកដៃ និង​ក្រចក​ជើង ៖ ទាក់ទង​នឹងការ​ថែរក្សា​ក្រចកដៃ និង​ក្រចកជើង​វិញ កញ្ញា​ម៉ាល័ក្ខ​និយម​ចូលចិត្ដ ធ្វើការ​កាត់ក្រចក និង​លេងម៉ូត​ក្រចក​ជាប្រចាំ​មិនសូវ​ជាខាន​នោះទេ ព្រោះនេះ​ជាចំណង់​ចំណូល​ចិត្ដតាំងពី​ក្មេងមក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

មួយ​សប្ដាហ៍​កញ្ញា​ធ្វើលំហាត់​ប្រាណ​បានពី​មួយដង​ទៅពីរដង​ដែរ។ ប្រសិនជា​មានពេល​ទំនេរ​ពីការងារ​សិល្បៈ​វិញ កញ្ញា ម៉ាល័ក្ខ ធ្វើ​លំហាត់ប្រាណ​១សប្ដាហ៍​ម្ដង ដូចជា​នៅក្នុង​ក្លឹបហាត់​ប្រាណ​ជាដើម។

គោល​បំណង​ទៅថ្ងៃ​អនាគត

មនុស្ស​គ្រប់ៗរូប​តែងតែ​ត្រូវការ​អាជីព​មួយដ៏​ពិតប្រាកដ​ទៅថ្ងៃអនាគត។ ក្រៅពី​ការងារ​សិល្បៈ​នាពេល​បច្ចុប្បន្ន​នេះ កញ្ញា ម៉ាល័ក្ខ​មាន​គោលបំណង​ទៅថ្ងៃ​អនាគត​ចង់បើក​ជាហាង​កែសម្ផស្ស​មួយ។ ចំពោះ​ការងារ​សិល្បៈវិញ​ប្រសិនបើ​ទស្សនិកជន​នៅតែ​គាំទ្រ ម៉ាល័ក្ខ​នៅតែ​បន្ដអាជីព​ជាអ្នក​សិល្បៈ​ដដែល។

បណ្ដាំផ្ញើ​របស់​កញ្ញា សោម ម៉ាល័ក្ខ

សូម​បងប្អូន​គ្រប់រូប​ចេះថែរក្សា​សុខភាព ប្រសិនបើ​សុខភាព​មិនល្អ​នាំឱ្យ​មានការ​ប៉ះពាល់​ដល់​ការងារ​របស់​លោកអ្នក។ ដូច នេះ​ទោះបីជា​មានការ​មមាញឹក​នឹងការងារ​យ៉ាងណាក្ដី គួរតែ​លៃលក​ពេលវេលា​បន្ដិចបន្ដួច​ហាត់ប្រាណ​ដើម្បី​សុខភាព​ផង ព្រោះ​សុខភាព​គឺជា​រឿងមួយ​សំខាន់​ណាស់​សម្រាប់​បុគ្គលម្នាក់ៗ​ដែល​ទាមទារ​ឱ្យយក​ចិត្ដទុកដាក់​ថែទាំ​ដោយ​ប្រុងប្រយ័ត្ន ដោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ។

ខាងលើនេះ​គឺជាយល់​ឃើញ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់កញ្ញា សោម ម៉ាល័ក្ខ តែប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដបាន​ហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ សោម ម៉ាល័ក្ខ
  • អាយុ ៖ ២១ឆ្នាំ
  • កម្ពស់ ៖ ១,៦៣​សង់ទីម៉ែត្រ
  • ថ្ងៃខែ​ឆ្នាំកំណើត ៖ ១៧ ០៧ ១៩៩១
  • ទម្ងន់ ៖ ៤៥​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣៣ ២៥ ៣១
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • បងប្អូន ៖ ៤នាក់ ប្រុស២នាក់ ស្រី២នាក់(ជាកូនទី៣)
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ
  • អាជីពនាពេល​បច្ចុប្បន្ន ៖ ជាតារា​សម្ដែង​កាយវិការ​ខារ៉ាអូខេ និង​ខ្សែភាពយន្ដ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

Google Analytics Alternative