ក្រសួង​សុខាភិបាល​ពង្រឹង​វិន័យ​មន្ដ្រី​សុខាភិបាល

មានមតិ​ជាច្រើន​បាន​ចោទសួរ​គ្រូពេទ្យ​ថា តើជីវិត​មនុស្ស​សំខាន់​ជាង ឬ​លុយ​សំខាន់​ជាង? មូលហេតុ​ទាំងអស់​នេះហើយ ដែល​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​មួយចំនួន​បាន​បាត់បង់​ជីវិត​(ក្រុមគ្រួសារ​មិនមាន​លទ្ធភាព​បង់ថ្លៃ​សេវា ឬ​គ្មានប្រាក់)។ ស្រប​ជាមួយគ្នា​នេះដែរ ក្រសួង​សុខាភិបាល​បានធ្វើការ​ណែនាំ​ដល់​មន្ដ្រី​រាជការ បុគ្គលិក​សុខាភិបាល​ទាំងអស់​បន្ដ​អនុវត្ដ​ឱ្យបាន​ជាដាច់ខាត​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ប្រកាន់​នូវ​អត្ដចរិត​ស្លូតបូត សុភាព​រាបសា រាក់ទាក់​ចំពោះ​អ្នកជម្ងឺឱ្យបាន​ជាប្រចាំ ជាពិសេស​ចំពោះ​ប្រជាជន​ក្រីក្រ ស្របនឹង​ពាក្យ​ស្លោក​ដែល​លើកឡើង​ថា “គ្រូពេទ្យ​ជាមាតា​របស់​អ្នកជម្ងឺ”។

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្រោមការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជាប្រមុខ​មន្ដ្រីរាជការ បុគ្គលិក​សុខាភិបាល​បាន​ខិតខំ​យកចិត្ដ​ទុកដាក់​អនុវត្ដ​ភារកិច្ច​យ៉ាង​សស្រាក់​សស្រាំ សម្រេច​បាន​លទ្ធផល​ស្របតាម​គោល​នយោបាយ សុខាភិបាល​គួរឱ្យ​កត់សម្គាល់។

ទន្ទឹមនឹង​គុណ​សម្បត្ដិ​ដូចបាន​លើកឡើង​ខាងលើ​នេះ ក្រសួង​សុខាភិបាល​ក៏នៅ​សង្កេតឃើញ​មាន​លេចឡើង​នូវ​បាតុភាព អសកម្ម​មួយ​ចំនួនចេញ​ពីមន្ដ្រី​បុគ្គលិក​មួយចំនួន​តូចដែល​ពុំទាន់​បាន​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួង ជាពិសេស​ពុំទាន់​បាន​យកចិត្ដ​ទុកដាក់​ខ្ពស់​ចំពោះ​អ្នកជម្ងឺ​ក្រីក្រ​ដែលមាន​ការខ្វះខាត​ជីវភាព និង​ថ្លៃសេវា​ពិនិត្យ​ថែទាំ និង​ព្យាបាល​ជម្ងឺ។

ដើម្បី​អនុវត្ដ​ឱ្យបាន​ម៉ឺងម៉ាត់​តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ដែលបាន​ថ្លែងក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវអគារ​កម្ពស់ ៧ជាន់​នៅសាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ដ្រ កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ ក្រសួង​សុខាភិបាល​ធ្វើការ​ណែនាំ​ដល់មន្ដ្រី​រាជការ បុគ្គលិក​សុខាភិបាលទាំ​ងអស់​នៅ​បណ្ដា​អង្គភាព​សុខាភិបាល​ថ្នាក់​កណ្ដាល មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ដ មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព និងបុស្ដិ៍​សុខភាព​ដូចតទៅ ៖

1 . បន្ដអនុវត្ដ​ឱ្យបាន​ជាដាច់ខាត​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ

2 . ប្រកាន់​អត្ដចរិត​ស្លូតបូត សុភាព​រាបសា រាក់ទាក់​ចំពោះ​អ្នកជម្ងឺ​ឱ្យបាន​ជាប្រចាំ ជាពិសេស​ចំពោះ​ប្រជាជន​ក្រីក្រ​ឱ្យស្រប​នឹងពាក្យ​ស្លោក​ដែលលើក​ឡើងថា “គ្រូពេទ្យ​ជាមាតារបស់​អ្នកជម្ងឺ”។

3 . មិនត្រូវ​ចាត់ទុក​ការងារ​ហិរញ្ញ​ប្បទាន​ជាធំទេ បានសេចក្ដី​ថាត្រូវ​គិតពីការ​ពិនិត្យ ថែទាំ និង​ព្យាបាល​ជម្ងឺ​ជាមុន​ទើបគិត​ថ្លៃ​សេវា​ជាក្រោយ។

4 . ត្រូវធ្វើ​យ៉ាងណា​បញ្ចប់​បាតុភាពការ​ទុកអ្នក​ជម្ងឺ​ចោល​មិនពិនិត្យ​ថែទាំ និង​ព្យាបាល​ដោយ​មូលហេតុ​ខ្វះថវិកា​សម្រាប់​បង់ថ្លៃ​សេវា​ចាប់ពី​ពេលចេញ​សារាចរ​នេះទៅ។ ក្នុង​ករណីមាន​បាតុភាព​នេះកើត​ឡើង​នៅអង្គភាព ឬ​បង្កដោយ​បុគ្គលិក​សុខាភិបាលណា​ម្នាក់ ក្រសួង​សុខាភិបាល​នឹង​អនុវត្ដ​នូវវិន័យ​យ៉ាង​តឹងរ៉ឹង​បំផុត មិន​អត់ឱនឱ្យ​ឡើយ។

ឯកសារ​យោង ៖ សារាចរ​ណែនាំ​ស្ដីពីការ​ពង្រឹង​វិន័យ​មន្ដ្រី​សុខាភិបាល

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative