កុមារម្នាក់​ទៀតហើយ​ស្លាប់​ដោយសារ​ជម្ងឺ​ផ្ដាសាយ​បក្សី​នៅកម្ពុជា

ជម្ងឺ​ផ្ដាសាយ​បក្សី ​(H5N1)​នៅតែ​បន្ដឆក់​យកជីវិត​មនុស្ស​នៅព្រះរាជា​ណាចក្រ​កម្ពុជា​បានយ៉ាង​ងាយស្រួល​បំផុត ជាពិសេស​ទៅលើ​កុមារ។ ជាក់ស្ដែង​នៅថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១១ កន្លងទៅ មាន​កុមារី​អាយុ​៦ឆ្នាំ​ម្នាក់​បានស្លាប់​បាត់បង់​ជីវិត ដោយសារ​ជម្ងឺ​ផ្ដាសាយបក្សី ​(H5N1)នេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្រសួង​សុខាភិបាល​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ប្រកាស​ដល់​សាធារណៈ​ជន​ជ្រាបថា កុមារី​អាយុ​៦ឆ្នាំ​ម្នាក់មាន​ទីលំនៅ​ក្នុងភូមិ​តាំងថ្លើង ឃុំ​មេព្រីង ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម បាន​ស្លាប់កាល​ពីថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១១ បណ្ដាល​មកពី​មានជម្ងឺ​សួត​ធ្ងន់ធ្ងរ បន្ទាប់​ពីបាន​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី ​(H5N1)។ អ្នកជម្ងឺ​បាន​ចាប់ផ្ដើម​ឈឺ​នៅថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ​២០១១។ កុមារីនេះ​ត្រូវបាន​ទទួលការ​ព្យាបាល​ដំបូង​ដោយ​ពេទ្យ​ឯកជន​នៅក្នុង​ភូមិ ប៉ុន្ដែគ្មាន​ប្រសិទ្ធភាព ហើយ​បន្ទាប់មក​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី១២ ខែសីហា ឆ្នាំ​២០១១។ គ្រូពេទ្យ​នៃមន្ទីរពេទ្យ​មានការ​សង្ស័យថា​កុមារី​នេះមាន​ជម្ងឺ​ផ្ដាសាយ​បក្សី និងបាន​ផ្ញើ​វត្ថុវិភាគ​ទៅវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ វត្ថុ​វិភាគ ដែលបាន​យកទៅ​ពិនិត្យ​នៅវិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​រកឃើញ​ថាមាន​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី​(H5N1)នៅថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ​២០១១ Tamiflu។ ទោះជា​មានការ​ជួយ​សង្គ្រោះ​យ៉ាងយក​ចិត្ដទុកដាក់​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ដោយ​ឱសថ​ព្យាបាល Tamiflu ក៏ដោយ ក៏កុមារី​រូបនេះ​បានស្លាប់​បាត់បង់​ជីវិត​នៅថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១១។ មាន​ភស្ដុតាង​បង្ហាញថា មាន​បសុបក្សី​ស្លាប់​នៅក្នុង​ភូមិ ហើយ​កុមារី​នេះក៏បាន​ប៉ះពាល់​ជាមួយ​សត្វមាន់​ដែល​ឈឺ ឬ​ងាប់ និង​លាមក​របស់ វាមុន​ថ្ងៃចាប់ផ្ដើម​ឈឺ។
កុមារីនេះ​ជាករណី​ទី១៨ នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលបាន​ឆ្លងជម្ងឺ​ផ្ដាសាយ​បក្សី និង​ជាករណី​ទី១៦​ដែលបាន​ស្លាប់​ដោយសារ​ជម្ងឺនេះ។ ករណី​ផ្ដាសាយ​បក្សី​ទាំង៨​ដែលកើត​ឡើង​នៅព្រះរាជា​ណាចក្រកម្ពុជា​ក្នុងឆ្នាំ​នេះ គឺស្លាប់​ទាំងអស់ ក្នុងនោះ​៧ករណី​នៃករណី​ទាំង៨​ជាកុមារ ហើយ​១២ករណី​ក្នុងចំណោម​ករណី​ទាំង១៨​ជាកុមារី។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា “ជម្ងឺ​ផ្ដាសាយបក្សី(H5N1)នៅតែ​បន្ដ​គម្រាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន យើងឃើញ​មាន​ករណី​ជម្ងឺ​ផ្ដាសាយ​បក្សី ​(H5N1)កើតមាន​ច្រើននៅ​ក្នុងឆ្នាំ​នេះ ហើយ​កុមារ​មាន​ភាពងាយ​រងគ្រោះ​ច្រើន។ ខ្ញុំសូម​រម្លឹក​ឪពុកម្ដាយ និង​អ្នកថែរក្សា​កុមារ​ទាំងអស់ ត្រូវដាក់​កុមារ​នៅឱ្យ​ឆ្ងាយពី​សត្វបក្សី​ឈឺឬ​ងាប់ និងត្រូវ​ព្យាយាម​ឱ្យកុមារលេង​ឱ្យឆ្ងាយ​ពីកន្លែង​មានសត្វ​បក្សី ហើយ​លាងដៃ​ឱ្យបាន​ញឹកញាប់។ ប្រសិនបើ​ពួកគេ​មានរោគ​សញ្ញា​ជម្ងឺ​ផ្លូវដង្ហើម គឺត្រូវ​នាំកុមារ​ទៅរក​ការព្យាបាល​ជាបន្ទាន់​នៅគ្រឹះស្ថាន​សុខាភិបាល​ដែលនៅជិត​ផ្ទះរបស់​លោកអ្នក​បំផុត ហើយ​ត្រូវប្រាប់​មន្ដ្រី​សុខាភិបាល​ទាំងនៅ​សេវា​មន្ទីរពេទ្យ​សាធារណៈ និង​មន្ទីរពេទ្យ​ឯកជន​និងគ្លីនិក​ឯកជន​អំពី​ប្រវត្ដិ​ប៉ះពាល់​ជាមួយ​សត្វបក្សីឈឺឬ​ងាប់”។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺ​ផ្ដាសាយ​បក្សី ​(H5N1)​គឺជា​ជម្ងឺ​ផ្ដាសាយ​មួយ ដែលជា​ធម្មតា​ចម្លង​រវាង​សត្វបក្សី​ឈឺទៅ​បក្សីផ្សេង​ទៀត ប៉ុន្ដែ​ជួនកាល​វាអាច​ចម្លង​ពីបក្សី​ទៅមនុស្ស​ផងដែរ។ ជម្ងឺ​ផ្ដាសាយ​លើមនុស្ស​ជាជម្ងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវឱ្យ​ធ្វើការ​ព្យាបាល​នៅមន្ទីរពេទ្យ។ ទោះបីជា​វាមិនងាយ​ឆ្លង​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់ទៀត​ក៏ដោយ ប៉ុន្ដែ​បើវា​ផ្លាស់ប្ដូរ វានឹង​អាច​រាលដាល​ដូចនឹង​ជម្ងឺ​ផ្ដាសាយ​តាមរដូវ។ ដូច្នេះការ​រកឃើញ​ករណី​ជម្ងឺ​ទាន់ពេលវេលា​មាន​សារៈសំខាន់​បំផុត។

ដូច​ករណី​ទាំងអស់​មុនៗ​ដែរ ក្រុម​ឆ្លើយតប​បន្ទាន់​របស់ក្រ​សួង​សុខាភិបាល​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការរាតត្បាត​នៃជម្ងឺ​កំពុង​អង្កេត​ស្រាវជ្រាវ​ដល់​ទីកន្លែង​កើតហេតុ​នៅឯ​មូលដ្ឋាននិង​មន្ទីរពេទ្យ ដើម្បី​ស្វែងរក​អ្នក​ប៉ះពាល់​ជិតស្និទ្ធ ជាមួយ​កុមារី​នេះ និង​ចាប់ផ្ដើម​ផ្ដល់ឱសថ​បង្ការ​ដែល​ចាំបាច់។ យើងបាន​ស្រង់យក​វត្ថុវិភាគ​ពីអ្នក​ដែល​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកជម្ងឺ សរុប​ទាំងអស់​មាន​១៤នាក់ ប៉ុន្ដែ​លទ្ធផល​គឺអវិជ្ជមាន។ យុទ្ធនាការ​អប់រំ​សុខភាព​កំពុង​ត្រូវបាន​ដំណើរ​ការអនុវត្ដ ដើម្បី​ជម្រាប​ជូនដល់​សមាជិក​ក្រុមគ្រួសារ​នូវ​របៀប​បង្ការ​ការចម្លង​ជម្ងឺ​ផ្ដាសាយ​បក្សី។ សារ​អប់រំ​ទាំងនោះ​រួមមាន ៖ លាងដៃ​ឱ្យបាន​ញឹកញាប់ ដាក់កុមារ​នៅឱ្យឆ្ងាយ​ពីសត្វ​បក្សី ដាក់សត្វ​បក្សី​នៅឱ្យ​ឆ្ងាយពី​ទីកន្លែង​រស់នៅ និងកុំ​បរិភោគ សត្វ​បក្សីឈឺ ឬ​ងាប់ រាល់សត្វបក្សី​ឈឺ ឬងាប់​ដែលធ្វើ​សម្រាប់​បរិភោគ​ត្រូវចម្អិន​ឱ្យបាន​ឆ្អិនល្អ។

ចំពោះ​ស្ថានភាព​ពិភពលោក​វិញ​ចាប់តាំង​ពីឆ្នាំ​២០០៣​មាន​ករណី​ផ្ដាសាយបក្សី​សរុប​ទាំងអស់​៥៦៥ ដែលបញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍ និង​ក្នុងនោះ​មាន៣​៣១នាក់​បានស្លាប់។

ឯកសារ​យោង ៖ សេចក្ដី​ប្រកាស​ព័ត៌មាន​រួមរវាង​ក្រសួង​សុខាភិបាល​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative