រ៉ែខនិជ ​(ត) ៖ ជាតិ​ប៉ូតាស្យូម

ថ្ងៃនេះ​ដល់​វេនជាតិរ៉ែ​ខនិជ​ប៉ូតាស្យូម​មកបង្ហាញ​ខ្លួនម្ដង​ហើយ។ ប៉ូតាស្យូម​ពិតជា​ដើរ​តួនាទី​មិនចាញ់​សារធាតុ​ដែល លោកអ្នក​បាន​ជ្រាប​កន្លងមក​នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាព​យើង លេខមុនៗ​នោះទេ។
តួនាទី​ជាតិ​ប៉ូតាស្យូម

រូបភាពទស្សនាវដ្តីសុខភាពយើង

សារធាតុ​ប៉ូតាស្យូម​ដែលបាន​ចាត់បញ្ចូល​ទៅក្នុង​ចំណាត់ថ្នាក់​រ៉ែខនិជ ឬ​អាហារ​បំប៉ន​ត្រូវបាន​គេស្គាល់​ថាជា​ជាតិរ៉ែខនិជ​ជួយ​លំនឹង​ប្រព័ន្ធ​ប្រសាទ​សាច់ដុំ។ វាមាន​តួនាទី​ពិសេស​ដូចជា ៖

  • ជួយ​លំនឹង​សីរសាស្ដ្រ​ទូទៅ ៖ សារធាតុ​រ៉ែខនិជ​មួយមុខ​នេះ ជួយ​លំនឹង​ឬសមាសភាព​ផ្សំ​នៃសរីរាង្គកាយ​ទូទៅ ព្រោះ​ថាវាជា​អ្នក​គ្រប់គ្រង​សារធាតុ​ទឹក​នៅក្នុង​ខ្លួន។
  • ជួយ​សម្រប​សម្រួល​ជាមួយ​សូដ្យូម ៖ វាមាន​តួនាទី​បញ្ច្រាសពី​ជាតិរ៉ែខនិជ សូដ្យូម​ក្នុងការ​សម្រួល​មេតា​ប៉ូលីស។
  • ជួយ​បេះដូង​សម្រួល​សម្ពាធ​ឈាម ៖ ប៉ូតាស្យូម​ជាសារធាតុ​សារវ័ន្ដ​ជួយ​សុខភាព​បេះដូង​បានល្អ និង​ជាពិសេស​សម្រប​សម្រួល​លំនឹង​សម្ពាធ​សរសៃ​ឈាម​អាកទែរ។
  • ជួយ​សាច់ដុំ ៖ ជាតិ​រ៉ែខនិជ​នេះ​ទប់ស្កាត់​ការ​កន្ដ្រាក់ខ្លាំង​នៃ​សាច់ដុំ ហើយ​ជាពិសេស​ប្រឆាំងនឹង​អាការ​ក្ដាមកាច់ និង​រមួល​ក្រពើ។
  • ជួយ​ខួរក្បាល ៖ មានការ​ស្រាវជ្រាវ​បានបង្ហាញ​ថា ជាតិ​ប៉ូតាស្យូម​នេះជួយ​ឱ្យមាន​ការ​ស្រូប​ប្រូតេអ៊ីន និងការ​ផ្ដល់​អុកស៊ីសែន​ទៅ​ខួរក្បាល​កើនឡើង ដែល​នាំឱ្យ​សតិស្មារតី​ប្រសើរ។
  • ជួយ​តួនាទី​តម្រង់នោម ៖ ប៉ូតាស្យូម​ដើរតួនាទី​ភ្ញោច​តួនាទី​របស់​តម្រង់នោម​ផងដែរ។
  • ជួយ​ដល់ការ​បញ្ចេញ​អាំង​ស៊ុយលីន ៖ វាក៏មាន​តួនាទី​សំខាន់​មួយទៀត​នេះផង​ដែរ គឺ​ករណីអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម ដោយសារ​ថាប៉ូតាស្យូម​វាជួយ​ភ្ញោច​ឱ្យបញ្ចេញ​អ័រម៉ូន​អាំងស៊ុយលីន​បានល្អ។

របប​អាហា​រូបត្ថម​ប្រចាំថ្ងៃ​របស់​ជាតិ​ប៉ូតាស្យូម

ខ្លួនប្រាណ​មនុស្ស​ត្រូវការ​ការ​ទទួលទាន​ចូលជា​ប្រចាំ​នូវសារធាតុ​ប៉ូតាស្យូម ក្នុង​បរិមាណ​ចំនួន​ជាមធ្យម​ពី៤០០​ទៅ៦០០ មីលីក្រាម​សម្រាប់​មនុស្ស​ទូទៅ។

កង្វះជាតិ​ប៉ូតាស្យូម​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

ប្រសិនបើ​យើង​ទទួលទាន​ជាតិ​ប៉ូតាស្យូម​មិនបាន​គ្រប់គ្រាន់​នោះទេ អាចនាំ​ឱ្យប៉ះពាល់​សុខភាព​គួរឱ្យ​កត់សម្គាល់។ ផល​ប៉ះពាល់​ទាំងនេះ​ដែល​ចម្បង​ជាងគេ រួមមាន​គឺការ​ស្ពឹកខ្លួន ចង្វាក់​បេះដូង​ដើរមិនល្អ​ជួនអាក់ ហត់នឿយ អស់កម្លាំង ក្ដាមកាច់ រមួល​ក្រពើ លើស​ឈាម ច្រាល​ជាតិទឹក នាំឱ្យ​មានកង្វះ​ជាតិម៉ាញ៉េស្យូម​ជាមួយគ្នា​ផងដែរ និង​នាំឱ្យ​មានការ​ឡើងសម្ពាធ​ឈាម​នៅកន្លែង​ផ្សេងៗទៀត​ជាដើម។

ចំណី​អាហារ​ដែលមាន​ជាតិ​ប៉ូតាស្យូម

ជាតិ​ប៉ូតាស្យូម​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន ជាពិសេស​មាន​នៅលើ​ចំណី​អាហារ ដូចជាស្រាបៀរ បន្លែ និង​ផ្លែឈើ​ស្ងួត បន្លែស្រស់​(ដូចជា​ប៉េងប៉ោះ ដំឡូង​បារាំង​ជាដើម) សណ្ដែកបារាំង ផ្លែចេក ថ្លើមត្រី ត្រីសូម៉ុង សាច់មាន់ សាច់ទា​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុ​បង្កឱ្យ​ខ្វះ និងឱ្យ​លើសជាតិ​ប៉ូតាស្យូម

មាន​កត្ដា​មួយចំនួន​អាចបង្ក​ឱ្យមាន​ការខ្វះ​ជាតិប៉ូតាស្យូម​នៅក្នុង​ខ្លួន ដែលអាច​នាំឱ្យ​ជីវិត​មនុស្ស​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់ស្លាប់​បាន ជាពិសេស​ក្នុង​ករណី​មនុស្ស​ដែលមាន​សុខភាព​មិនសូវ​ល្អ ដូចជា​អ្នក​ឧស្សាហ៍​ហត់នឿយ អស់​កម្លាំង និងមនុស្ស​វ័យចំណាស់​ជាដើម។ អ្នក​ញៀនសុរា អ្នកប្រើ​ថ្នាំបញ្ចុះ​ទឹកនោម​ច្រើន អ្នកប្រើ​ថ្នាំរម្ងាប់​អារម្មណ៍ អ្នកញៀន​កាហ្វេ អ្នក​ចូលចិត្ដទទួលទាន​ស្ករ​ឬផ្អែម និងអ្នក​ទទួលទាន​ថ្នាំ​គ័រទីកូអ៊ីដ​រយៈពេល​យូរ សុទ្ធតែ​អាចចាត់​ទុកវា​ជាក្រុម​ដែលអាច​ប្រឈម​នឹងកង្វះ​ជាតិប៉ូតាស្យូម​បានដែរ​ហើយ។
ផ្ទុយ​ទៅវិញ​អ្នកជម្ងឺ​មួយចំនួន​ក៏មិនអាច ឬ​មិនត្រូវ​ប្រើគ្រាប់​ថ្នាំ​អាហារ​បំប៉ន​បន្ថែម ជាពិសេស​លើអ្នក​ខ្សោយ​តម្រង់​នោម និង​អ្នកជម្ងឺ​ទឹកនោម​ផ្អែម។ ព្រោះថា​វាអាច​នាំឱ្យ​មានការ​ច្រាល​ជាតិប៉ូតាស្យូម​ច្រើន​នៅក្នុង​ខ្លួន។ ករណី​អ្នកជម្ងឺ​បេះដូង ដែល​កំពុង​ព្យាបាល​ដោយ​ឱសថ​មួយចំនួន​ក៏ត្រូវ​ហាមឃាត់​ក្នុង​ករណី​ប្រើប្រាស់​ជាតិប៉ូតាស្យូម​ផងដែរ។ សូម​បញ្ជាក់​ថា ការលើស​ជាតិ ប៉ូតាស្យូម​នៅក្នុង​ខ្លួនច្រើន​ជ្រុល អាច​សម្លាប់​ជីវិត​មនុស្ស​បាន។

ជាតិ​ប៉ូតាស្យូម​ជាគ្រាប់​ថ្នាំអាហារ​បំប៉ន

គ្រាប់ថ្នាំ​អាហារ​បំប៉ន​ប៉ូតាស្យូម​មាន​ទម្រង់​ជាក្លរូ​ប៉ូតាស្យូម ឬ​ក្លុយកូណាត អាចមាន​កម្រិត​បរិមាណដូស​ពី៦០០​មីលីក្រាម​ទៅ១ក្រាម។ អាហារ​បំប៉ន​ដែលមាន​ជាតិ​ប៉ូតាស្យូម​នេះឃើញ​មានដាក់​លក់​នៅពាសពេញ​ទីផ្សារ​ជាទម្រង់​ផ្សេងៗ​គ្នា។

ក្នុង​ករណីអ្ន​កជម្ងឺ​លើសឈាម​បន្ដិចបន្ដួច ប្រសើរ​បំផុត​អ្នកជម្ងឺ​ត្រូវលេប​ជាតិ​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ដំណាល​គ្នា​ជាមួយ​ថ្នាំ​ប្រឆាំង​នឹងការ​លើស​ឈាម។ ម្យ៉ាងទៀត​គ្រូពេទ្យ​ឬអ្នក​ជំនាញ​ក៏បាន​ទូន្មាន​ផងដែរ ដូចគ្នា​ទៅនឹង​ករណី​អស់កម្លាំង​ល្ហ្ហិតល្ហៃ និង​ការ​ថមថយ​រ៉េផ្លិច។

តួនាទី​សំខាន់​បំផុត​គឺជាតិ​ប៉ូតាស្យូម​អាច​ប្រឆាំង​នឹងការ​លើសជាតិ​សូដ្យូម ជាពិសេស​ឥទ្ធិពលដែល​បាន​បណ្ដាល​មកពី​ការ​លើសនោះ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative