កុមារ​អាយុ​ក្រោម​២ឆ្នាំ​ត្រូវបាន​ហាម​ឃាត់ការ​ប្រើប្រាស់​ទឹកដោះ​គោម្សៅ

ក្រសួង​សុខាភិបាល​បាន​ព្រមាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព​ទៅលើ​ការលក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក-កុមារ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​បើក​ដំណើរការ​នូវ​អាជីវកម្ម​នេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​ស្រី ប្រាក់ សោភ័ណនារី អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពា​មាតា​និងទារក​នៃក្រសួង​សុខាភិបាល​ធ្វើការ​ជំរុញឱ្យ​ក្រសួងពាក់ព័ន្ធ​ចំនួន​៤ ដែលមាន​ក្រសួង​សុខាភិបាល ក្រសួង​ឧស្សាហកម្មរ៉ែ និង​ថាមពល ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ព័ត៌មាន ត្រូវតែ​ចូលរួម​ពិនិត្យ​ឡើងវិញ​នូវការ​អនុវត្ដ​អនុក្រឹត្យ​លេខ​១៣៣ និង​ប្រកាស​រួមស្ដី​ពីការ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក-កុមារ ដែលមាន​អាយុ​ក្រោម​២ឆ្នាំ។ លោកស្រី​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី សុខភាព​យើង កាលពីថ្ងៃ​ទី២៣ ខែសីហាថា អនុក្រឹត្យ​នេះបាន​ផ្ដោត​យ៉ាង​សំខាន់​ទៅលើ​ការ​ផ្សពផ្សាយ ប៉ុន្ដែ​មិនបាន​ទាមទារ​ឱ្យ​ផលិតករ ឬ​ក្រុមហ៊ុន​ទាំងអស់​បញ្ឈប់​ការលក់ដូរ​របស់​ខ្លួនទេ ដោយ​គ្រាន់តែ​មិន​អនុញ្ញាត​ឱ្យ​ផ្សាយ​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ។ ព្រោះ​ថាការ​ផ្សព្វផ្សាយ​កន្លងមក​នេះ វាបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ដ​របស់​ម្ដាយ ក្នុងការ​បំបៅដោះ​កូន ដោយ​សារការ​ផ្សព្វផ្សាយ​នោះ បានធ្វើ​ឡើង​មិនមាន​ភាព​ត្រឹមត្រូវ។ លោកស្រី​ថ្លែងថា ៖ “យើង​កំពុង​ធ្វើការ​ជំរុញ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ឱ្យបន្ដការ​ចុះតាម​ដាន និង​ត្រួតពិនិត្យ​ឡើងវិញ​នូវការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ​នៅគ្រប់​ទីកន្លែង​ទាំងអស់”។

អង្គការ​សុខភាព​ពិភព​លោកបាន​ធ្វើការ​សិក្សា​រកឃើញ​ថានៅក្នុង​ឆ្នាំ២០១០​នេះ ការ​បំបៅដោះកូន​ដោយទឹ​កដោះ​មាន​ចំនួន​កើនឡើង
អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ធ្វើការ​សិក្សារក​ឃើញថា តាមរយៈ​យុទ្ធនាការ​បំបៅ​កូនដោយ​ទឹកដោះ​សុទ្ធនៅ​ប្រទេស​កម្ពុជា​បាន​រកឃើញ​នូវ​លទ្ធផល​កើនឡើង​យ៉ាងខ្លាំង​នៃអត្រា​បំបៅ​កូនដោយ​ទឹកដោះ​ម្ដាយ​សុទ្ធ​រយៈពេល​៦ខែ ពី១១​ភាគរយ​នៅឆ្នាំ​២០០៥រហូតដល់​៧៤ភាគរយ​នៅឆ្នាំ​២០១០ ដែលនេះ​គឺជា​ជោគជ័យ​ដ៏មហិមា​ក្នុងការ​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​បាន​រហូត​ដល់​ទៅ៦ពាន់នាក់​ជារៀងរាល់​ឆ្នាំ។

មន្ដ្រី​អង្គការ​បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​ចំពោះ​កុមា​រដែល​បៅ​ទឹកដោះគោ​ម្សៅ

លោក Dr. Peter J.M Van Maren តំណាង​អង្គការ​សុខភាព​ពិភព​លោក​បានមាន​ប្រសាសន៍​ថា គ្រប់គ្នា​អាច​ធានា អះអាង​ថា ម្ដាយដែល​ចិញ្ចឹមកូន​ដោយ​ទឹកដោះគោ​ម្សៅ​គឺជា​ហេតុផល​ធ្វើឱ្យ​ក្មេងងាយ​ស្លាប់ និងឈឺ​ច្រើនដង បើ​ប្រៀប​និងការ​ចិញ្ចឹម កូនដោយ​ទឹកដោះ​ម្ដាយ។ លោកបន្ដ​ថា ការ​ស្លាប់ និង​ឈឺច្រើន​ដង​របស់​កុមារ គឺដោយ​សារតែ​ការ​ក្លាយរោគ​ចំពោះទារក​ដែលទើប​នឹងកើត។ ហើយ​ពួកគេ​អាចកើត​មានជម្ងឺ​រាក ជម្ងឺ​រលាក​សួត បញ្ហា​ផ្នែក​ពោះវៀន បញ្ហា​កុមារ​មាន​កម្ពស់​ទាប ជម្ងឺ​រលាក​ស្បែក រលាក​ត្រចៀក និង​មានចង្កោម​សញ្ញា​ធ្វើឱ្យកុមារ​ស្លាប់​មួយ​រំពេច​ក៏មាន​ដែរ ហើយ​និងមាន​ជម្ងឺ​ហឺត ជម្ងឺ​ឈាម​សស៊ីឈាម​ក្រហម ជម្ងឺ​ទឹកនោម​ផ្អែម ប្រភេទី១​ជាដើម។ លោកថ្លែង​ថា យើងបាន​រកឃើញ​ថា ការប្រើ​ទឹកដោះគោ​ម្សៅនៅ​ប្រទេស​កម្ពុជា​គឺមាន​ប្រហែល​១០ភាគរយ​ក្នុង​ចំណោម​កុមារ​ទាំងអស់ ហើយ​កុមារ​ទាំងនោះ​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃការ​ចិញ្ចឹម​ដោយ​ទឹកដោះ​គោម្សៅ។ លោក​ថា វាគឺជា​ការព្រួយ​បារម្ភ​របស់​យើង ព្រោះថា​ជារៀង​រាល់ឆ្នាំ​មាន​កុមារ​កម្ពុជា​ប្រហែល​៧៩០០នាក់​ត្រូវបាន​ស្លាប់ ដោយ​សារការ​បំបៅកូន​ជាមួយ​នឹង​ទឹកដោះគោ​ម្សៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative