អ្នក​ទទួល​គ្រឿងស្រវឹង​ច្រើន​ហួសហេតុ

គ្រឿងស្រវឹង​មួយចំនួន​គឺមាន​លក្ខណៈ​ជាសាកល ដូចជា​ស្រាបៀរ ស្រាស ឬ​ស្រាវីស្គី​ជាដើម រីឯ​គ្រឿង​ស្រវឹង​ខ្លះទៀត​គឺ មាន​លក្ខណៈ​ប្លែកៗ​ពីគ្នា​ទៅតាម​វប្បធម៌​នីមួយៗ ដូចជា​សម្រាប់វប្បធម៌ខ្មែរ​គឺមាន​ទឹកត្នោត​ជូរ និង​ស្រាអាញី​ជាដើម។ ការ​ផលិត​គ្រឿងស្រវឹង​ដែល​មិនស្របច្បាប់​អាចមាន​លាយ​សារធាតុ​គីមី​មួយចំនួន​ដែល​បង្កឱ្យ​មាន​គ្រោះថ្នាក់។ លោកអ្នក​ភាគច្រើន​អាច​ទទួលទាន​គ្រឿង​ស្រវឹង​ម្ដងម្កាល​ជាមួយ​មិត្ដភក្ដិ មួយចំនួន​ទៀត​ពិសា​ជារៀងរាល់ថ្ងៃ​ប៉ុន្ដែ​មិនលើស​លប់នោះទេ។ លោកអ្នក​មួយចំនួន​ទៀតគឺ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសកំណត់​តែម្ដង។ នេះហើយ​គឺជា​ប្រការ​ដែល​លោកអ្នក​គប្បី​ត្រូវ​យកចិត្ដ​ទុកដាក់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ហេតុអ្វី​បានជា​លោកអ្នក​ញៀនគ្រឿង​ស្រវឹង? ដើម្បី​ធ្វើការ​បកស្រាយ​ទៅលើ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ដែលជា​អ្នកឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ​នៃ​គ្លីនិក​សាន់រ៉ាយ បាន​ចូលរួម​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ពិសា​គ្រឿងស្រវឹង​ប៉ុណ្ណា​ទើប​ហៅថា​ច្រើន​ហួសហេតុ?

លោកអ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​ភាគច្រើន​ជាអ្នក​ដែល​ពិសាជា​រៀងរាល់​ថ្ងៃ។ កាលណា​លោកអ្នក បាន​ទទួលទាន​គ្រឿងស្រវឹង​ហើយ វាបាន​បង្កឱ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅដល់​ផ្នែក​សុខភាព បាន​ន័យថា​ជាអ្នក​ដែល​ទទួលទាន​ច្រើន​ហួស​ហេតុ។ មាន​លោកអ្នក​មួយចំនួន​បាន​ទទួលទាន​គ្រឿងស្រវឹង​ច្រើន​ហួសហេតុ​ដែរ ប៉ុន្ដែអាច​គ្រប់គ្រង​ការ​រស់នៅ​បានជា​ធម្មតា។ ទោះបីជា​យ៉ាងណា​លោកអ្នក​ត្រូវតែ​គិតគូរ​យកចិត្ដ​ទុកដាក់ ព្រោះ​នៅពេល​ខាងមុខ​នឹងធ្វើ​ឱ្យមាន​បញ្ហា​ទៅដល់​សុខភាព​មកពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​នេះជា​មិនខាន។ លោកអ្នក​ដែល​យល់ឃើញ​ថាខ្លួន​អាច​គ្រប់គ្រង​ក្នុងការ​ទទួលទាន​គ្រឿង ស្រវឹង​របស់ខ្លួន​បានល្អ​មិនមាន​បញ្ហា​អ្វីនោះ គឺ​នៅមិនទាន់​ដឹងថា​កំពុងតែ​ពិសា​ហួសហេតុ​នោះទេ។ ដោយសារ​តែ​កាលណា​រាងកាយ របស់​លោកអ្នក​ស៊ាំនឹង​ជាតិស្រា​មិនងាយ​ស្រវឹង នោះហើយ​ជាសញ្ញា​មួយនៃការ​ពិសា​គ្រឿងស្រវឹង​ច្រើន​ហួសហេតុ ដែលនឹង​ប្រឈម មុខ​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​នៅថ្ងៃ​ណាមួយ។ ដូចនេះ​លោកអ្នក​គប្បី​ស្វែងយល់​ឱ្យបាន​ឆាប់ពីការ​ទទួលទាន​គ្រឿង​ស្រវឹង​នេះ ព្រោះ​វាជា​ប្រការ​សំខាន់​មួយជួយ​លើក​កម្ពស់​សុខភាព និងការ​បង្ការ​ជម្ងឺ។

ហេតុអ្វី​បានជា​លោកអ្នក​មួយចំនួន​ទទួល​គ្រឿងស្រវឹង​ច្រើន​ហួសហេតុ?

ហេតុផល​សំខាន់ៗ​ដែលធ្វើ​ឱ្យមាន​ការ​ចាប់ផ្ដើម​ពិសា​គ្រឿង​ស្រវឹង​គឺដើម្បី​ភាពចង់​សប្បាយ​រីករាយ​ជួបជុំ និងការ​អូសទាញ ពី​សំណាក់​មិត្ដភក្ដិ។ លោកអ្នក​ភាគច្រើន​ចេះ​ទទួលទាន​គ្រឿងស្រវឹង​ដោយការ​សាកល្បង​កាលពី​នៅក្នុង​វ័យជំទង់។ យុវវ័យ​មួយចំនួន គ្រាន់តែ​ចង់ធ្វើ​ការ​សាកល្បង​នឹងការ​សេពគ្រឿង​ស្រវឹង​តែប៉ុណ្ណោះ តែមាន​មួយចំនួន​ទៀត​ចាប់ផ្ដើម​ទទួលទាន​គ្រឿងស្រវឹង​កាន់តែ​ទៀងទាត់។ ស្ថិតក្នុង​វ័យ​កណ្ដាល​នៃជីវិត លោកអ្នក​មួយចំនួន​ក៏​ចាប់ផ្ដើម​ការ​ទទួលទាន​គ្រឿងស្រវឹង ជាពិសេស​ចំពោះ​លោកអ្នក​ដែលមាន​ភាព​តានតឹង​ផ្លូវចិត្ដ។ ការ​ពិសា​គ្រឿង​ស្រវឹង​ក៏អាច​កើតឡើង​នៅពេល​ដែល​លោកអ្នក​មួយចំនួន​ប្រើវា​ក្នុងការ​ដោះស្រាយ​បញ្ហា​លំបាក​ផងដែរ។ លោកអ្នក​ដែល​ពិសា​គ្រឿងស្រវឹង​ជារៀង​រាល់ថ្ងៃ គឺ​កើតមាន​ចំណង់​ទាំងកាយ​ទាំងចិត្ដ​ក្នុងការ​សេពគ្រឿង​ស្រវឹង ប្រការ​នេះ​ហើយ​គេហៅថា​ញៀន។ បើសិនជា​លោកអ្នក​ញៀនគ្រឿង​ស្រវឹង ហើយ​មិនបាន​ពិសា​នោះនឹង​ចាប់ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួលក្នុង​រាងកាយ។ ដូចនេះ​ទាមទារ​ការ​ធូរស្បើយ​គឺការ​ពិសា​ថែមទៀត។ ការ​ញៀននេះ​នឹងធ្វើឱ្យ​លោកអ្នក​ពិសា​កាន់តែ​ច្រើន​ហួសហេតុ ហើយ​លោកអ្នក​នឹង​ប្រឈម​មុខ​ជាមួយ​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះសុខភាព។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទទួលទាន​កាន់តែ​ច្រើន​ហួសហេតុ​បង្ក​គ្រោះថ្នាក់​កាន់តែ​ខ្លាំង

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​នឹងធ្វើ​ឱ្យអន្ដរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព។ លោកអ្នក​នឹងមាន​អាការ​ធីងធោង ភាំងៗ ក្រោយ​ពីការ​ពិសា​ហើយ ហើយ​មិនមាន​ការ​ចងចាំ​អំពីអ្វី​ដែលបាន​កើតឡើង​នោះទេ។ លោកអ្នក​នឹងមាន​អាការ​តានតឹង និង​ញ័រខ្លួន ក្នុង​ករណី​ធ្ងន់ធ្ងរ​ប្រែទៅជា​វង្វេងវង្វាន់ និង​មាន​ប្រកាច់​ទៀតផង។ មិនតែ​ប៉ុណ្ណោះ​គឺងាយ​បង្កឱ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ ជាពិសេស​ពេល​កំពុង​បើកបរ។ លោកអ្នក​ដែល​ពិសាច្រើន​ហួសហេតុ​នឹងបង្ក​ឱ្យមាន​រោគសញ្ញា ដូចជា​ហូរឈាម​ក្នុងក្រពះ ស្បែក​ពណ៌លឿង មានជម្ងឺ​ថ្លើម អសមត្ថភាព​ផ្លូវភេទ ធ្លាក់​ទឹកចិត្ដ ធ្វើ​អត្ដឃាត មានបញ្ហា​ដំណេក ភាន់​គំនិត ខូច​ខួរក្បាល​ជាដើម។ មិនតែ​ប៉ុណ្ណោះ​លោកអ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ នឹងមាន​ផ្ទុក​មេរោគអេសដ៍​ដោយសារ​តែការ​ប្រថុយ​គ្រោះថ្នាក់​រួមភេទ មិនប្រើ​ស្រោមអនាម័យ។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​មិនត្រឹមតែ​ជះឥទ្ធិពល​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​ចំពោះសង្គមជាតិ​ទៀតផង។ ការជះ​ឥទ្ធិពល​ទាំងនោះ​គឺនឹង​ធ្វើឱ្យ​មានភាព​ក្រីក្រ​កាន់តែ​ខ្លាំង ដោយសារ​លទ្ធភាព​បំពេញ​ការងារ ត្រូវបាន​ថយចុះ ហើយ​បុគ្គល​ចំណាយ​ថវិកា​ច្រើន​ទៅលើគ្រឿង​ស្រវឹង។ កើតមាន​អំពើ​ហិង្សា​ក្នុងគ្រួសារ និងក្នុង​សហគមន៍ បាត់បង់​ការងារ ប្រឈម​មុខការ​បែកបាក់​ក្រុម​គ្រួសារ និងមាន​បញ្ហា​ផ្លូវច្បាប់។

តើត្រូវ​ទទួលទាន​គ្រឿងស្រវឹង​កម្រិត​ណា?

សម្រាប់​បុរស​គឺមិនឱ្យ​លើសពី​ពីរឯកត្ដា​ក្នុងមួយ​ថ្ងៃនោះទេ បើសិនជា​ស្រាបៀរ​គឺ​ទទួលទាន​បានពីរ​កំប៉ុង បើ​ស្រាស ស្រាក្រហម​បាន​ចំនួន​១០០មីលីលីត្រ​ស្មើនឹង​មួយកូន​កែវតូច​ក្នុងមួយ​ថ្ងៃ។ បើចំពោះ​ស្រាខ្លាំងៗ​វិញគឺ​បាន​ចំនួន​៣០មីលីលីត្រ ហើយ​បើសិនជា​ស្រា​កាន់តែ​ខ្លាំង​គឺទទួលទាន​កាន់តែ​តិច។ បើចំពោះ​ស្ដ្រី​គឺមិនឱ្យ​លើសពី​មួយឯកត្ដា​ទេក្នុង​មួយថ្ងៃ​នោះទេ បើសិន​ជាស្រាបៀរ គឺ​ទទួលទាន​បានមួយ​កំប៉ុង​ក្នុងមួយ​ថ្ងៃ ហើយ​ចំនួន​ស្រាដូច​ដែលបាន​រៀបរាប់​ខាងលើ គឺ​បន្ថយ​ចំនួន​មួយ​ឯកត្ដា​នៃ​កម្រិតការ​ទទួលទាន​សម្រាប់​បុរស។ អ្វីដែល​ល្អ​ជាងនេះ​ទៅទៀត លោកអ្នក​គប្បី​ប្ដូរពីការ​ពិសា​ភេសជ្ជៈ​ដែលមាន​ជាតិស្រវឹង​ទៅជា​ភេសជ្ជៈ​ដែល​មិនមាន ជាតិ​ស្រវឹង គប្បី​ពិសា​គ្រឿង​ស្រវឹង​លាយ​ជាមួយទឹក​ឬសូដា។ លោកអ្នក​គប្បី​លាយជាតិ​ស្រវឹង​កាន់តែតិច​ទៅៗ ពុំគប្បី​ពិសា​ពេលថ្ងៃត្រង់​នោះទេ។ គប្បី​ពិសា​អាហារ​មុនពេល​ដែល​លោកអ្នក​ទទួលទាន​គ្រឿង​ស្រវឹង​កែវដំបូង។ ជាពិសេស​នោះគប្បី​កាត់​បន្ថយ​ពេលវេលា ទៅរង្គសាល​កម្សាន្ដ​រាត្រី ឬ​ពេលវេលា​ជួបជុំ​ជាមួយ​មិត្ដភក្ដិ​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គប្បី​ផ្អាក​ឬកាត់បន្ថយ​ក្នុងការ​ទទួលទាន​គ្រឿង​ស្រវឹង។ បើសិនជា​លោកអ្នក​ញៀនខាន​ទទួលទាន​មិនបាន គួរតែ​ទទួលទាន​ពី៤ទៅ៥ថ្ងៃ​ក្នុងមួយ​សប្ដាហ៍។ ការ​កាត់បន្ថយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ ឬ​បញ្ឈប់​តែម្ដង មិន​ត្រឹមតែ​ជាការ​គិតគូរ​ពីសុខភាព​របស់​ខ្លួននោះ​ទេ ថែមទាំង​ជាអ្នក​ដែល​គិតគូរ​ពីសុភមង្គល​ជាមួយ​ប្រពន្ធ​កូន និងក្រុម​គ្រួសារទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative