កីឡា​ប៉េតង់

កីឡា​ប៉េតង់​គឺជាប្រភេទ​កីឡាមួយ​ដែលជួយ​ជំរុញ​ឱ្យសុខភាព​របស់​លោកអ្នក​មាន​សុខភាព​ល្អ និង​ចៀសពី​ជម្ងឺតម្កាត់​ផ្សេងៗ​បាន​ផងដែរ ដោយ​មិនចាញ់​កីឡា​ដទៃៗទៀត​ប៉ុន្មាន​ទេ ព្រោះ​ថាប្រភេទ​កីឡានេះ​អាចលេង​បានទាំងស្រី​ទាំងប្រុស ទាំងចាស់​ទាំងក្មេង និយាយរួម​មិន​ប្រកាន់ភេទ និង​អាយុ​ឡើយ ឱ្យតែ​អាចលេង​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​ឯកឧត្ដម មាស សារិន អនុ​ប្រធាន និង​អគ្គលេខា​ធិការ​សហព័ន្ធ កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា ធ្វើការ​បកស្រាយ​អំពី​ប្រភេទ​កីឡា​ប៉េតង់ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប និងយល់​កាន់តែ​ច្បាស់​អំពីបញ្ហា​នេះ។

កីឡា​ប៉េតង់​ជាអ្វី?

ប៉េតង់​គឺមាន​ពាក្យពីរម៉ាត់​ដែល​បូករួម​បញ្ចូលគ្នា មានន័យ​ថាប៊ូល​បូកតង់​បានជា​ពាក្យប៉េតង់។ កីឡា​ប៉េតង់​គឺជាកីឡា​មួយ​ប្រភេទ​ដែលគេ​តម្រូវ​យកជើង​ផ្ដុំគ្នា បើតាម​ភាសា​បារាំងហៅ​ថា ប៉េតង់។ ហើយ​កីឡា​ប៉េតង់នេះ​ជាប្រភេទ​កីឡាមួយ​ដែលមាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​លេង ព្រោះ​ប្រសិនជា​អ្នកចង់​លេងមាន​តែប៊ូល និង​សម្ភារៈ​ក៏អាច​លេងបាន ហើយ​មិនសូវ​រើសទីតាំង។

ប្រវត្ដិ​កីឡា​ប៉េតង់

គេ​ចាប់ផ្ដើម​លេងកីឡា​នេះតាំងពី​១៩០៧ ដោយ​លោក សើដឺប៉ូល ជាអ្នក​បង្កើត​កីឡានេះ​ឡើង នៅប្រទេស​បារាំង​ភាគ​ខាងត្បូង​ក្លាយពី​ពាក្យ​រ៉ូម៉ាំង​មកពី​ពាក្យ ប៉ូល​ដុស។ បច្ចុប្បន្ននេះ​កីឡា​ប៉េតង់​ជាប្រភេទ​កីឡា​ដ៏ទំនើប​ដែលមាន​ប្រទេស​រហូត​ជាង៧០​ប្រទេស​និយម​លេងកីឡា​នេះ។ ហើយ​កីឡាករ​ដែលឆ្នើម​មានជាង​កន្លះ​លាននាក់ រួមមាន​ប្រទេសកម្ពុជា​ផងដែរ​ប្រហែល​ជាង២០០​ផ្លាយនាក់។
របៀប​លេង និង​របៀប​ឱ្យពិន្ទុ

1 . របៀប​លេង

កីឡាករ​តម្រូវ​ចាប់កូន​រួចផ្សង ក្រុម​ដែលផ្សង​ឈ្នះ​មុនត្រូវ​ចូលក្នុង​ស៊ែប និង​ចាប់បោះប៊ី​ទៅលេង បើលេង​ម្នាក់ឯង បោះប៊ី​ផង បោះប៊ូល​មុនគេ​ផង បើលេង​ពីរនាក់​បោះប៊ី​ទៅហើយ ឱ្យអ្នកណា​ទៅចូល​មុនក៏​បានដែរ សម្រាប់​ពីរនាក់​(កីឡាករ​រួមក្រុម) ស្រេចតែ​កីឡាករ​ជាអ្នក​កំណត់។ បោះប៊ី​ត្រូវយក​ចម្ងាយ​មិនត្រូវ​តិចជាង​៦ម៉ែត្រ និង​មិនច្រើន​ពី១០​ម៉ែត្រ កាលណា​បោះ​មិនបាន​អាចបោះ​ម្ដងទៀត បោះ​រហូត​គ្រប់បីដង។ ប្រសិនជា​បោះមិន​បាន លែងមាន​សិទ្ធ​បោះទៀត​ហើយ តម្រូវ​ឱ្យក្រុម​មួយទៀត​ជាអ្នក​បោះម្ដង។ ពេល​លេង និងពេល​កំពុង​លេង កាលណា​ប៊ូល​ទៅប៉ះប៊ី​រួចខ្ទាត​ចេញលើស​ពី១០ម៉ែត្រ​ត្រូវតែ​បោះម្ដង​ទៀត។ របៀប​លេង មានច្រើន​បែប​ណាស់ គឺម្នាក់​ទល់ម្នាក់ ២នាក់​ទល់២នាក់ ៣នាក់​ទល់នឹង​៣នាក់ កាលណា​លេង​៣នាក់​ទល់៣នាក់​គេអាច​អនុញ្ញាត​ឱ្យមាន​កីឡាករ​បម្រុង​១នាក់ ប៉ុន្ដែ​អ្នកលេង​ជាផ្លូវការណ៍​មានតែ​៣នាក់ទេ។ ក្ន្នុងការ​លេងកាល​ណាមួយ​នាក់ទល់​មួយនាក់ កីឡាករ​អាចកាន់​ប៊ូល​បានបីគ្រាប់ ពេលលេង​ពីរនាក់​ទល់ពីរនាក់ និង​បីនាក់ទល់​បីនាក់ កីឡាករ​កាន់បាន​តែប៉ូលពីរ​គ្រាប់ទេ។ តាមក្បួន​គេបែងចែក​កីឡាករ​ម្នាក់ត្រូវ​មានប៊ូល​បីគ្រាប់ កាលណា​ខ្លួនគេ​ចង់លេង​មួយទល់​នឹងមួយ​អាចកាន់​បាន៣គ្រាប់។

រូបភាពទស្សនាវដ្តីសុខភាពយើង

2 . របៀប​ឱ្យពិន្ទុ

ប៊ូល​ខាងក្រុម​ណាមាន​ប៊ូល​ជិតជាងគេ​ត្រូវ​រាប់ពិន្ទុ។ ឧទាហរណ៍ ខាងក្រុម​(ក)មាន​ប៊ូលមួយ​ជិតជាង​ខាងក្រុម​(ខ) ត្រូវគេ​រាប់មួយ​ពិន្ទុ ហើយ​លេងត​ទៅទៀត រហូតដល់​១៣ពិន្ទុ​ទើបបាន​ឈ្នះ ឬ​គេហៅថា​សិច ប៉ុន្ដែ​សម្រាប់​ពួក​យុវជន​គេលេង​ត្រឹមតែ​១១ពិន្ទុ។ ហើយ​ទីលាន​នេះគេធ្វើ​ប្លែកៗពីគ្នា​ណាស់ ជួនកាល​ក្រួស​ក្រហម​ក៏អាចលេង​បាន ជួនកាល​ដីទទេ​ក៏លេង​បានដែរ។ កីឡា​ប្រភេទនេះ​អាច​លេងបាន​ទាំងស្រី​ទាំងប្រុស​ទាំងចាស់​ទាំងក្មេង មិន​ប្រកាន់​ភេទ និង​វ័យ​ឡើយ។ ហើយ​ការលេង​ប៉េតង់នេះ​ក្រោយមក​គេបាន​ចងក្រង​ជាច្បាប់​លេង ច្បាប់​ប្រកួត គឺ​ផ្ដើមលេង​មិនតិច​ជាង៦​ម៉ែត្រ និង​មិនច្រើន​ជាង១០ម៉ែត្រ​ទេ ដោយគេ​បោះគ្រាប់​ប៊ី។ ចំពោះ​ប៊ូលមាន​ប្រវែង​អង្កត់ផ្ចិត​ពី៧សង់ទីម៉ែត្រ​ទៅ៨សង់​ទីម៉ែត្រ ហើយ​ទម្ងន់​របស់​ប៊ូល​ពី៦៥០ទៅ​៨០០ក្រាម។ អំពី​ទីលាន​គេអាចលេង​ជាតារា​​Open មានន័យ​ថាតារាង​បើក​ទូលាយ ប៉ុន្ដែ​ប្រសិន​ជាការ​ប្រកួតគេ​ត្រូវធ្វើ​ទីលាន​ដែលមាន​រនាំង​ព័ទ្ធជុំវិញ ហើយ​មានខ្សែ​កំណត់​ទីលាន គឺ​៥គុណ​នឹង១៤ កាលណា​គេចង់​ធ្វើទីលាន​មួយគេ​ត្រូវប្រើដី​៥គុណ​នឹង១៦​ម៉ែត្រ គេទុក​កន្លះ​ម៉ែត្រដើម្បី​ឱ្យប៊ូល​រត់ចេញ ឬក៏ដី​ទូលាយ​គេអាច​ទុកមួយ​ម៉ែត្រ​ក៏បានដែរ ប៉ុន្ដែ​សាច់​ក្នុងការ​លេងគេកំណត់​តែ៤គុណ​១៥ម៉ែត្រ​ប៉ុណ្ណោះ។ ក្នុង​ទីលាន​គេអាច​លេងបោះ​ពីខាង​ណាមុន​ក៏បានដែរ មុននឹង​លេងក្រុម​នីមួយៗ​ត្រូវផ្សង​រកអ្នក​ដែល​ត្រូវចេញ​មុន គេអាច​ចាប់​ជាកាក់ ឬ​ជាការ​ប៉ាវស៊ីស៊ុម ស្រេចតែ​ចិត្ដរបស់​អ្នកលេង។ កាលណា​ចេញមុន​ត្រូវបោះ​ប៊ីមុន ប៉ុន្ដែ​មុននឹង​បោះប៊ី​គេគូស​រង្វង់សិន ហើយ​រង្វង់អាច​មានប្រវែង​ពីបីតឹក ទៅបីតឹក​កន្លះ សម្រាប់​កីឡាករ​ឈរនៅទី​នោះ។ ហើយ​គ្រាប់ប៊ី​គេធ្វើ​អំពីឈើ ឬ​ផ្លាស្ទិច រីឯប៊ូល​គេធ្វើ​អំពីដែក។

អត្ថ​ប្រយោជន៍​កីឡា​ប៉េតង់

អត្ថ​ប្រយោជន៍​គឺពិតជា​មាន ព្រោះបាន​ប្រមូល​កម្លាំង​មនុស្ស​មកលេង​កីឡានេះ ហើយ​ចៀសផុត​អំពើ​ឧបាយមុខ​ផ្សេងៗ ប្រសិនជា​យុវជន ឬ​យុវតី​មកលេង​កីឡានេះ អាច​ជក់ចិត្ដ​ហើយអាច​ភ្លេចនូវ​រឿង​ផ្សេងៗ ដូចជា​ដើរលេង សេព​គ្រឿងញៀន​ជាដើម។ ហើយមាន​សារប្រយោជន៍​សម្រាប់​សុខភាព និងជាការ​រួបរួម​ក្នុងសង្គម សាមគ្គីភាព មិត្ដភាព ស្គាល់គ្នា មិន​ប្រកាន់​ពូជសាសន៍ និន្នាការ​នយោបាយ មិន​ប្រកាន់​ឋានៈ សញ្ជាតិ ព្រោះ​ពេលដែល​លេងកីឡា​គឺភ្លេច​អ្វីទាំងអស់ ហើយ​បំណង​តែមួយ​គត់គឺចង់​ឈ្នះ និងការ​បង្ដើត​នូវ​បរិយាកាស​សាមគ្គីភាព យោគយល់​គ្នាទៅវិញ​ទៅមក និងការ​ចៀសផុត​ពីគ្រឿង​ញៀន​ផងដែរ។

ដំបូន្មាន​របស់​អ្នកប្រឹក្សា

ជាចុងក្រោយ​នេះឯកឧត្ដម​ជឿជាក់​ថាមនុស្ស​ដែលមាន​វ័យជ្រុល ពេលលេង​កីឡា​មិន​ខ្លាំងក្លា​ដូចគេ​ទេ(កីឡា​ដែលប្រើប្រាស់​កម្លាំង​ច្រើន) មានតែ​កីឡា​ប៉េតង់​ទេដែល​ជួយឱ្យ​មនុស្សចាស់​ទាំងនោះ​អាចលេង​បាន និង​ទទួលបាន​សុខភាព​ល្អ មាន​អារម្មណ៍​ជ្រះស្រឡះ ពេលដែល​បានមក​លេង ហើយ​ទទួលបាន​ការ​កម្សាន្ដ​សប្បាយ​រីករាយ​ពេលជួប​ជុំលេង​កីឡា​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative