វិធី​បំបាត់ក្លិន​មិនល្អ​នៅក្នុង​ផ្ទះបាយ

មនុស្ស​គ្រប់រូប​មិនថា​ស្ដ្រីឬបុរស​ឡើយ តែងតែ​មាន​បំណង​ប្រាថ្នា​ចង់ឱ្យ​ផ្ទះបាយ​របស់ខ្លួន​មាន​សណ្ដាប់​ធ្នាប់ មាន​របៀប​រៀបរយ និង​ប្រកប​ដោយ​ផាសុកភាព។ ដូច្នេះ​ហើយបាន​ជាស្ដ្រី​ឬបុរស​ទាំងឡាយ​ខិតខំ​រិះរក​មធ្យោបាយ ដើម្បី​តុបតែង​កន្លែង​ផ្សេងៗ​ឱ្យមានភាព​ប្រសើរ ជាពិសេស​នៅក្នុង​ផ្ទះបាយ ធ្វើ​បែបណា​មិនឱ្យ​មានក្លិន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោកស្រី សាពណ៌ នាយក​សាលាសា​ពណ៌ម៉ូឌែល​លីងអេជេនស៊ី ដើម្បី​បកស្រាយ​អំពី​របៀប និង​វិធី​បំបាត់ក្លិន​មិនល្អ​នៅក្នុង​ផ្ទះបាយ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​ជ្រាប​កាន់តែ​ច្បាស់ពី​បញ្ហានេះ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ក្លិនមិនល្អ

បញ្ហា​ដែល​បណ្ដាល​ឱ្យមាន​ក្លិន​មិនល្អ​នៅក្នុង​ផ្ទះបាយ​របស់​លោកអ្នក ដោយសារ​តែការ​ចម្អិនម្ហូប​អាហារ​ហើយ​មិនបាន​សម្អាត​ចង្ក្រានបាយ​ឱ្យបាន​ទាន់​ពេលវេលា។ ហើយ​ម្ហូបអាហារ​ដែល​នៅសេសសល់​មិនបាន​គ្របឱ្យ​បាន​ស្រួលបួល ទើប​បង្កឱ្យ​មានក្លិន ទាំងនោះ​ជះក្លិន​មិនល្អនៅ​ជុំវិញ​ចង្ក្រាន​បាយ។ ហើយ​ម្យ៉ាងវិញ​ទៀត ពេល​ចម្អិនម្ហូប​អាហារ​លោកអ្នក​មិនបាន​បើកបង្អួច ឬ​ទ្វារ ដើម្បី​ឱ្យមាន​ខ្យល់​អាកាស​ចេញចូល​បានល្អ ធ្វើ​បែបនេះ​ដើម្បី​ឱ្យក្លិន​ទាំងនោះចេញពី​ផ្ទះបាយ។ បញ្ហា​មួយទៀត​គឺចាន​ឆ្នាំងដែល​ផ្អាប់​ប្រឡាក់​មិនបាន​លាង​សម្អាត ហើយ​ទុក​រយៈពេល​យូរក៏​អាចធ្វើ​ឱ្យមាន​ក្លិនឆ្អាប​នៅក្នុង​ចង្ក្រាន​បាយដែរ។

មធ្យោបាយ​ការពារ​ដើម្បី​កុំឱ្យ​មានក្លិន​មិនល្អ

មធ្យោបាយ​ដើម្បី​កម្ចាត់​នូវក្លិន​ទាំងនេះ​ចេញ គឺ​ត្រូវចាត់​វិធានការ​ដូច​ខាងក្រោម ៖

  • ត្រូវសម្អាត​ចង្ក្រានបាយ និង​បរិវេណ​ចង្ក្រានបាយ​រាល់ការ​ចម្អិនម្ហូប​អាហារ​ហើយ
  • ត្រូវសម្អាត​ចានឆ្នាំង​ភ្លាមៗ កុំផ្អាប់​ទុក
  • ម្ហូបដែល​ចម្អិន​ហើយ ឬម្ហូប​សល់គ្រប​ឱ្យមាន​របៀប ឬ​ដាក់ក្នុង​ចានជ័រ​ប្លាស្ទិក ហើយ​ដាក់ក្នុង​ទូទឹកកក​បើមាន​ទូទឹកកក
  • បើចង្ក្រាន​បាយ​របស់​លោកអ្នក​ទំនើប​ទាន់សម័យ លោកអ្នក​ត្រូវ​បើកម៉ាស៊ីន​សម្រាប់​បូមខ្យល់​ចេញរាល់​ការចម្អិន
  • ចង្ក្រាន​បាយ​ត្រូវមាន​ខ្យល់អាកាស​គ្រប់គ្រាន់ ដូចជា​បើកបង្អួច​នៅពេល​ដែល​ចម្អិន​ម្ហូបអាហារ។

ផល​ប៉ះពាល់​ដល់​មជ្ឈដ្ឋាន​ទូទៅ និងបញ្ហា​សុខភាព

សុខភាព​ជារឿង​ចម្បង​សម្រាប់​យើង​ទាំងអស់គ្នា បើ​លោកអ្នក​ព្រងើយ​កន្ដើយ​មិន​រវីរវល់ គឺ​អាចធ្វើ​ឱ្យការ​រស់នៅ​ប្រចាំថ្ងៃ​របស់​លោកអ្នក​ទៅជា​ធុញថប់ ក្លាយ​ទៅជា​កណ្ដាស់ ដោយសារ​ហិតក្លិន​មិនល្អ​នេះ អាចធ្វើឱ្យ​លោកអ្នក​ផ្ដាសាយ​ឈឺក្បាល។ល។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​កុំឱ្យមាន​ក្លិន​មិនល្អ​នៅក្នុងផ្ទះ​បាយ លោកអ្នក​គួរតែ​រៀបចំ និង​សម្អាត​ផ្ទះបាយ​ក្រោយពេល​ដែល​លោកអ្នក​ចម្អិន​ម្ហូបអាហារ​រួចរាល់ ដោយ​មិនត្រូវ​ទុកនូវ​របស់របរ​នោះយូរ​ពេកទេ អាចបង្ក​ឱ្យមាន​ក្លិន​មិនល្អ​នៅក្នុង​ផ្ទះបាយ ហើយ​ទូដាក់​ម្ហូបអាហារ ត្រូវ​សម្អាត​ជារៀង​រាល់ថ្ងៃ នៅពេល​ដែលឈប់​ប្រើប្រាស់​ត្រូវលាង​ជម្រះ​ចោល ហើយ​ត្រូវបើក​ចំហទ្វារ និង​បង្អួចឱ្យ​មានខ្យល់​ចេញចូល​បានល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative