ជម្ងឺ​កម្សត់

លោកអ្នក​មួយចំនួន​តែងតែ​មានការ​ប៉ះទង្គិច​ផ្នែកផ្លូវ​អារម្មណ៍​ដែលជា​ហេតុការណ៍​មួយ​កើតឡើង​ដោយសារ​ភាពរន្ធត់ ឈឺចាប់ អារម្មណ៍​ខ្លោចផ្សា រហូត​ធ្វើឱ្យ​ស្រមោល​អតីតកាល​ទាំងនេះ​ដិតដាម​ដោយភាព​ហ្មងសៅ​ដក់ជាប់​ក្នុង​ខួរក្បាល។ លើសពី​នេះ លោកអ្នក​មួយចំនួន​ទៀត​មានអាការ​ខូចចិត្ដ សោកស្ដាយ ឬមាន​ជម្ងឺ​ស្ដាយក្រោយ​ជាដើម។ អាការ​ទាំងនេះ​ហើយបាន​បញ្ជ្រាប​ឱ្យមនុស្ស​ដែល​ទទួលរង ឬ​ប៉ះទង្គិច​នូវ​ហេតុការណ៍​ខាងលើនេះ​បង្កឱ្យ​មានជម្ងឺ​កម្សត់​តែម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជម្រាបជូន​លោកអ្នក​ឱ្យយល់​ច្បាស់អំពី​ជម្ងឺ​ខាងលើ​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ​នៃមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ធ្វើការ​បកស្រាយ​ដូចតទៅ។

ជម្ងឺ​កម្សត់​ជាអ្វី?

ជម្ងឺកម្សត់​គឺជា​ជម្ងឺម្យ៉ាង​ដែល​កើតឡើង​ដោយសារ​ព្រឹត្ដការណ៍​រន្ធត់ ឈឺចាប់ ស្ដាយក្រោយ។ ភាគច្រើន​នៃអ្នក​ដែលមាន​ជម្ងឺនេះ ច្រើន​កើតមាន​ឡើង​ចំពោះ​គ្រួសារ​ខ្លួនឯង​ដែល​បាត់បង់​អ្វីមួយ​ឬបាត់បង់​សមាជិក​គ្រួសារ​ដែល​ជាទី​ស្រឡាញ់ ក្នុង​ហេតុការណ៍​ដ៏អាក្រក់​បំផុត។ ហើយ​កត្ដា​ទាំងនេះ​បានជំរុញ​ឱ្យមាន​អនុស្សាវរីយ៍​ឈឺផ្សា​ដក់ជាប់​ក្នុង​ខួរក្បាល ឬ​បេះដូង​តែម្ដង។ មនុស្ស​ប្រភេទ​នេះ ងាយ​ធ្វើឱ្យ​មានការ​ប៉ះទង្គិច​ផ្នែកផ្លូវ​អារម្មណ៍ ឱ្យតែមាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ក៏ដោយ សូម្បីតែ​អ្នកដទៃ​ពេលដែល​បានឮ​គេនិយាយ​ឬគេប្រាប់​គឺហូរទឹកភ្នែក​ដោយ​មិនដឹងខ្លួន​តែម្ដង។

កត្ដា​ដែលបាន​ជំរុញ​ឱ្យមាន​ជម្ងឺកម្សត់

លោកអ្នក​មួយចំនួន​ដែលមាន​ជម្ងឺ​កម្សត់​នោះ អាចមាន​កត្ដា​៣យ៉ាង។ កត្ដា​ទីមួយ​មកពី​កត្ដាសង្គម កត្ដាទីពីរ​មកពី​កត្ដាចិត្ដសាស្ដ្រ កត្ដាទី៣​មកកត្ដា​ជីវសាស្ដ្រ។

1 . កត្ដា​ដែលកើត​ចេញពី​សង្គម ៖ គឺ​កើតឡើង​ដោយសារ​មានតំណពូជ ព្រោះ​តែបាត់បង់​មនុស្ស​ដែលខ្លួន​ស្រឡាញ់ ឬ​រស់ នៅក្នុង​បរិយាកាស​ស្រងេះ​ស្រងោច​ម្នាក់ឯង មាន​អារម្មណ៍​ឯកា​មិនហ៊ាន​ចេញទៅ​ណាមកណា​នោះទេ គឺ​ចូលចិត្ដ​សម្ងំ​នៅក្នុង​បន្ទប់តែ​ម្នាក់ឯង ហើយ​មិនសូវ​ចូលចិត្ដ​និយាយ​ទៅកាន់​អ្នកដទៃ​ឡើយ។ បញ្ហានេះ​ហើយ​បានជំរុញ​ឱ្យមនុស្ស​ប្រភេទ​នេះ មានជម្ងឺ​កម្សត់​តែម្ដង។

2 . កត្ដា​ចិត្ដសាស្ដ្រ ៖ គឺជា​កត្ដាមួយ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺកម្សត់​ផងដែរ។ កត្ដានេះ​សំខាន់​ណាស់ ព្រោះ​វាអាច​ប៉ះពាល់ ដល់​សតិអារម្មណ៍ទាំ​ងមូល និង​ចិត្ដគំនិត អាច​ធ្វើឱ្យ​បុគ្គល​ក្លាយជា​មនុស្ស​វិកលចរិត​ដោយមិន​ដឹងខ្លួន។

3 . កត្ដា​ជីវសាស្ដ្រ ៖ គឺជាការ​រស់នៅ​ជួបផល​លំបាក ទុក្ខវេទនា ជីវភាព​រកព្រឹក​ខ្វះល្ងាច។ កត្ដានេះ​ហើយ​ក៏អាច​ជំរុញ​ឱ្យ លោកអ្នក​មានជម្ងឺ​កម្សត់​បានដែរ។

រោគសញ្ញា​ជម្ងឺ​កម្សត់

រោគសញ្ញា​ជម្ងឺក​ម្សត់​អាចចែកចេញ​ជាពីរ ៖ រោគសញ្ញា​ស្ដែងចេញ​ឱ្យឃើញ​ជាក់ស្ដែង និង​រោគសញ្ញា​មិន​ពិតប្រាកដ។

1 . រោគសញ្ញា​កម្សត់​ស្ដែងចេញ​ឱ្យឃើញ ៖ គឺជាការ​បង្ហាញ​នូវអត្ដចរិត​ស្រងេះស្រងោច ស្រគត់​ស្រគំ ហើយជា​មនុស្ស​ចូល ចិត្ដ​សម្ងំ​នៅក្នុង​បន្ទប់​តែម្នាក់ឯង មិនសូវ​ចូលចិត្ដ​ភាពអ៊ូអរ ហើយមិន​ចូលចិត្ដ​និយាយ​ច្រើន។ អ្នកមាន​ជម្ងឺ​កម្សត់​ប្រភេទ​នេះ ជាមនុស្ស អៀន​ច្រើនផង​ដែរ។ មិនតែ​ប៉ុណ្ណោះ​ធ្វើឱ្យ​អ្នកជម្ងឺ​ដេក​មិនលក់ អស់​កម្លាំង ទទួលទាន​អាហារ​មិនសូវ​បាន។ ក្រៅពីនេះ​អ្នកដែល​មានជម្ងឺកម្សត់​មិនសូវ​ចូលចិត្ដ​ធ្វើការងារ​ប៉ុន្មាន​ឡើយ ហើយ​បាត់បង់​ភាព​ជឿជាក់ អស់សង្ឃឹម ពេលខ្លះ​អាចឈាន​ដល់ការ​ចង់សម្លាប់​ខ្លួន មាន​អារម្មណ៍​ឯកោ មានអារម្មណ៍​ធុញទ្រាន់។

2 . រោគសញ្ញា​កម្សត់​មិន​ពិតប្រាកដ ៖ អ្នកជម្ងឺ​ប្រភេទនេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​រាងកាយ ព្រោះ​វាអាច​កើតឡើង​ដោយសារ បរិយាកាស​សង្គម មានគ្រោះ​ទុរក្ភិក្ស មានរឿង​ចលាចល ស្រុក​ក្រខ្សត់​ជាដើម។ អ្នកដែល​យកហេតុការណ៍​នេះមកដាក់​ក្នុងចិត្ដ ឬ​បេះដូង​ភាគច្រើន​ធ្វើឱ្យ​ខ្លួនឯង​កម្សត់​ដោយមិន​ដឹងខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺកម្សត់

ប្រសិនបើ​លោកអ្នក​មានបងប្អូន ឬ​ក្រុមគ្រួសារ​មានជម្ងឺ​នេះ​កើតឡើង គឺត្រូវ​យកអ្នកជម្ងឺ​ទៅព្យាបាល​ដោយ​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ដ។ បន្ទាប់មក​ត្រូវធ្វើការ​គាំទ្រ​ទៅលើ​អ្នកជម្ងឺ​ឱ្យលុប​បំបាត់ភាព​សៅហ្មង ភាព​ឈឺចាប់ ឬភាព​ស្ដាយក្រោយ។ ជាពិសេស​រឿងរ៉ាវ​អាក្រក់ៗ​ដែល​កើតឡើង​ពីអតីតកាល ឬ​បច្ចុប្បន្នកាល​ជាដើម។ អ្នកជម្ងឺ​ប្រភេទ​នេះ ត្រូវធ្វើ​យ៉ាងណា​ជំរុញដល់​ពួកគេ​ឱ្យបង្ក​បរិយាកាស​ក្នុងសង្គម​ឱ្យបាន​ច្រើន បង្កភាព​សប្បាយរីករាយ និង​កម្សាន្ដនានា។ ព្រោះវា​អាចចៀស​ផុតនូវ​ស្លាកស្នាម​អនុស្សាវរីយ៍​ឈឺចាប់​កន្លងមក។

វិធី​ការពារ​ជម្ងឺកម្សត់

ដើម្បី​ការពារ​កុំឱ្យ​មានជម្ងឺ​កម្សត់នេះ លោកអ្នក​ត្រូវតែ​តាំងអារម្មណ៍​ខ្លួនឯង​ថា ត្រូវធ្វើ​យ៉ាងណា​បំភ្លេច​រឿងរ៉ាវ​អាក្រក់ៗ​ចោលឱ្យ​អស់ លុបបំបាត់​ការ​ឈឺចាប់ ភាព​សៅហ្មង ហើយ​ត្រូវស្វែងរក​បរិយាកាស​ក្នុងសង្គម​ណាដែល​ល្អៗ ឧស្សាហ៍​ចូលរួម​ជាក្រុម​ជាមួយ​មិត្ដភក្ដិ ក្រុមគ្រួសារ។ ត្រូវ​ចៀសវាង​ដាច់ខាត​ការពារ​ឱ្យបាន​នូវជម្ងឺ​ស្ដ្រេស ព្រោះ​វាជាដើម​ចមបង្ក​ឱ្យមាន​ជម្ងឺកម្សត់​នេះតែម្ដង។ ប្រសិនបើ​ស្ដ្រេសនេះ​កើតមាន​រ៉ាំរ៉ៃ​ក្នុងខ្លួន​លោកអ្នក​នោះ យូរទៅៗ​វាអាច​បង្កឱ្យ​មានជម្ងឺ​វិកលចរិត​តែម្ដង។ ដូច្នេះ​ហើយ​ត្រូវ​ការពារ​យ៉ាងណា ត្រូវ​ធ្វើការ​កែអារម្មណ៍​ខ្លួនឯង​ឱ្យបានល្អ ទទួលយក​ខ្យល់​ឬបរិយាកាស​បរិសុទ្ធ លះបង់ភាព​សោកសៅ។ បញ្ហានេះ​អាចការពារ​កុំឱ្យ​មានជម្ងឺ​ស្ដ្រេស​ជ្រៀតចូល​បានទៀតផង។

ផលប៉ះពាល់​នៃជម្ងឺ​កម្សត់

ប្រសិនបើ​លោកអ្នក​មិនយក​អ្នកជម្ងឺ​កម្សត់​ទៅព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ អ្នកជម្ងឺ​អាចក្លាយ​ទៅជា​មនុស្ស​វិកលចរិត ឬ​មានជម្ងឺ​សរសៃ​ប្រសាទ​នៅថ្ងៃ​ណាមួយ​មិនខាន​ឡើយ។ មិនតែ​ប៉ុណ្ណោះ​ជម្ងឺនេះ​ប្រសិនបើ​គ្មានអ្នក​គាំពារ ឬ​អ្នកមើល​ការ​ខុសត្រូវ​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ អាចធ្វើ​ឱ្យអ្នក​ជម្ងឺបាក់​ទឹកចិត្ដ មាន​អារម្មណ៍​មួហ្មង ហើយ​អាចឈាន​ដល់ការ​សម្លាប់ខ្លួន​ផងដែរ។

ដំបូន្មាន​អ្នកជំនាញ

ដើម្បី​ចៀសផុត​ជម្ងឺកម្សត់ លោកអ្នក​ត្រូវតែ​លុបបំបាត់​ស្លាកស្នាម​អនុស្សាវរីយ៍​ដែល​កើតឡើង​អាក្រក់ៗ ឬ​បំផ្លាញ​បរិយាកាស​អួអាប់​ចេញពី​ក្នុងខ្លួន ស្វែងរក​ទីតាំង​ណាមួយ​ដែល​ប្រកបដោយ​សុវត្ថិភាព ដើម្បី​លំហែ​អារម្មណ៍​ឱ្យបាន​ស្រស់ថ្លា។ ត្រូវ​បំភ្លេច​អាការ​ឈឺចាប់ ភាព​សៅហ្មង ហើយត្រូវ​ចេះស្វែងរក​ដៃគូល្អ​មកសាសង​ជាមួយគ្នា​ពីនេះ​ពីនោះ​លេងកម្សាន្ដ។ បើសិន​លោកអ្នក​ប្រើវិធី​របៀប​នេះបាន នឹង​កាត់បន្ថយអា​រម្មណ៍​ធុញថប់ ហើយជម្ងឺ​កម្សត់​មិនអាច​ចូលលុក​លុយបាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative