វី ជីវ័ន្ដ ស្រស់សង្ហា​ដោយសារ​សុខភាព

ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​តាំងពី​ជនបទ​រហូត​បានក្លាយ​ខ្លួន​ទៅជាតារា​សម្ដែង​មួយរូប ដែល​ទទួលបាន​ការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ដ គឺ​លោក វី ជីវ័ន្ដ ដែលជា​តារា​សម្ដែង និងជា​អ្នកលេង​ភ្លេងមួយ​រូបដ៏​មានទេព​កោសល្យ។ បច្ចុប្បន្ននេះ​ជីវ័ន្ដ មានការ​មមាញញឹក​នឹងការងារ​សិល្បៈ​ណាស់ ប៉ុន្ដែ​លោក​មិនដែល​ធ្វេស​ប្រហែស​ក្នុងការ​ថែរក្សា​សុខភាព​រាងកាយ និង​សម្រស់​ទេ។ តើ​លោក ជីវ័ន្ដ ថែរក្សា​សុខភាព​រាងកាយ និង​សម្រស់​យ៉ាងណា បានជា​មានរាង​ស្រស់សង្ហា​យ៉ាងនេះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក វី ជីវ័ន្ដ បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់លោក​ផ្ទាល់​ជូនដល់​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ ជាពិសេស​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះរូប​លោក​ទទួល​ជ្រាប​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ប្រវត្ដិ​មុនចូល​សិល្បៈ

ដំបូង​លោក ជីវ័ន្ដ ជាអ្នក​ស្រែចម្ការ​មួយរូប ហើយ​មកបន្ដ​ការ​សិក្សា​នៅក្រុង​ភ្នំពេញ​តាមរយៈ​អ៊ំបង្កើត​របស់លោក​(ឯល ប៉ុណ្ណា) ដែលនាំ​លោក ជីវ័ន្ដ មកបន្ដ​ការសិក្សា​នៅក្រុង​ភ្នំពេញ និង​រៀនខាង​ភ្លេង​ជំនាញ​ហ្វូត។ លោក ជីវ័ន្ដ ចាប់ផ្ដើម​រៀនចាប់​តាំងពី​១៩៩៦ និង​បញ្ចប់​បរិញ្ញាបត្រ​នៅឆ្នាំ​២០០៨ នៅសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ មានថ្ងៃ​មួយ​លោក ជីវ័ន្ដ បានចេញ​ទៅក្រៅ​ប្រទេស​ដើម្បី​ចូលរួម​និស្សិត​ស្ម័គ្រចិត្ដ ដែលហៅ​ថា Leader Training។ ពេលលោក​ត្រឡប់​មកវិញ​ក៏ចាប់ផ្ដើម​លេង​ភ្លេង និង​បានស្គាល់​បងប្អូន ហើយអ្នក​ទាំងនោះ​បានណែនាំ​ឱ្យលោក​ថតនៅ​ផលិត​កម្ម M។ ម្ចាស់​ផលិតកម្ម​មានការ​ពេញចិត្ដ​នូវ​ទេពកោសល្យរបស់​លោក។ បទដំបូង​ដែលលោក​បានសម្ដែង​មុននោះគឺ​បទ នរណា​ប្រើឱ្យ​អ៉ែម​ធ្វើអី ស្នេហាអ្នក​ក្រ ប្រុស​មិនសង្ហា​ជូតទឹកភ្នែក​ស្រីស្អាត​ជាដើម។ បច្ចុប្បន្ននេះ​លោក​មានការ​មមាញញឹក​នឹង​ការងារ​សិល្បៈ និង​ជាអ្នក​ធ្វើការងារ​រាជការ​ផង។

ការ​ថែរក្សា​សម្រស់

  • ការ​ថែរក្សា​ស្បែកមុខ ៖ នៅក្នុង​អាជីព​ជាអ្នក​សិល្បៈ​មួយរូប លោក​តែងតែ​ធ្វើការ​តុបតែង​មុខ​នៅពេល​ឡើងឆាក​ម្ដងៗ។ នៅពេល​ដែលច្រៀង​ចប់ លោក​តែងតែ​ធ្វើការ​លាងសម្អាត​មុខ​ជាមួយ​នឹងហ្វូម​លាងសម្អាត​មុខ ដើម្បី​ការពារ​កុំឱ្យ​មុខឡើង​ខ្លាញ់ ឬ​មុន។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ការ​ថែរក្សា​ស្បែក​គឺជា​រឿងមួយ​យ៉ាង​សំខាន់​ណាស់​សម្រាប់រូប​លោក។ ដូចនេះ​ពេល​ងូតទឹក លោក​ត្រូវតែ​ដុសលាង​សម្អាត​ខ្លួននឹង​សាប៊ូ​ជានិច្ច ដើម្បី​កម្ចាត់​នូវពពួក​បាត់តេរី និង​មេរោគ​ផ្សេងៗ។
  • ការ​ថែរក្សា​ភ្នែក ៖ លោក ជីវ័ន្ដ យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការ​ថែរក្សា​ភ្នែក ពេល​ដែលមាន​កម្ទេចកម្ទី​ចូលក្នុង​ភ្នែក ឬមាន​អារម្មណ៍​ថាក្រហាយ​ភ្នែក លោក ជីវ័ន្ដ តែងតែ​លាង​សម្អាត​ភ្នែក​ជាមួយ​ទឹកស្អាត ឬ​យកទឹក​ថ្នាំមក​បន្ដក់​នៅក្នុង​ភ្នែក ព្រោះ​ធ្វើ​បែបនេះ​ដើម្បី​កុំឱ្យភ្នែក​មានការ​ស្រអាប់ និង​មិនធ្វើឱ្យ​ខូចភ្នែក។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​ជារឿង​មួយដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប មិនថា​រូប​លោក ឬ​អ្នកដទៃ​ឡើយ។ ដូចនេះ​លោក​ឧស្សាហ៍​ធ្វើការ​សម្អាត​ធ្មេញ​ជាប្រចាំ និយាយ​រួម​បន្ទាប់ពី​ងូតទឹក​ហើយ​តែង​សម្អាត​ធ្មេញបីដង​ក្នុងមួយ​ថ្ងៃ។ រីឯការ ទៅពិ​និត្យ​សុខភាព​មាត់ធ្មេញ​វិញ លោក​ពិនិត្យ​២ដង​ក្នុងមួយ​ឆ្នាំ។
  • ការ​ថែទាំសក់ ៖ ទោះបីជា​សក់​របស់​លោក​មើលទៅ​មានការ​ខុសប្លែក​ក៏ដោយ ប៉ុន្ដែ​សម្រាប់​រូបលោក​គឺគិត​ថាជាការ​លេង​ស្ទីល​មួយ ដើម្បីឱ្យម​នុស្ស​ផង​ទាំងឡាយ​មានការ​ចាប់​អារម្មណ៍។ លោក​ថែរក្សា​សក់យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច មាន​ន័យថា​ក្រោយពេល​ចប់ពី​កម្មវិធី​ណាមួយ​លោកតែងតែ​ងូតទឹក បន្ទាប់មក​កក់សក់ និង​បន្ទន់​តាមពី​ក្រោយ ព្រោះធ្វើ​បែបនេះ​ដើម្បីឱ្យ​សក់មិន​ស្ងួត និង​មិនបែក​ចុង។

ការ​ថែទាំ​សុខភាព​រាងកាយ

  • ការ​ទទួលទាន​ដំណេក ៖ លោក​មិនសូវ​មានពេល​គ្រប់គ្រាន់​ក្នុងការ​ទទួលទាន​ដំណេក​ទេ ដោយហេតុ​ថាលោក​ជាប់រវល់ លេងភ្លេង​នៅក្នុង​ក្លឹបរាត្រី។ លោកចេញ​ពីលេង​ភ្លេងវិញ​ពីម៉ោង​១ ឬម៉ោង​២ភ្លឺ ហើយ​ចូលគេង​ចាប់ពី​ម៉ោង៣​យប់ រហូត​ម៉ោងជាង​១០ព្រឹក។
  • ការ​ទទួលទាន​អាហារ ៖ លោក​ទទួលទាន​អាហារ​មិនបាន​ទៀងទាត់​នោះទេ ប៉ុន្ដែលោក​បែរជា​ព្យាយាម​ទទួលទាន​ទឹកឱ្យបាន​ច្រើន។ ព្រោះ​ប្រសិន​ណាបើ​លោក​មិនទាន់​ទទួលទាន​អ្វីទេ គឺ​លោក​តែងតែ​យកទឹក​មកជំនួស​អាហារ​ទាំងនោះ​សិន។
  • លំហាត់​ប្រាណ ៖ ពេលដែល​លោក​ភ្ញាក់ពី​ដំណេក លោក​តែងតែ​ធ្វើលំហាត់​ប្រាណ​ជាអាវង់សង់ ឬ​លើកដុំដែក​បន្ដិច​បន្ដួច​ដែរ ព្រោះការ​ធ្វើ​បែបនេះ​ដើម្បី​ឱ្យរាងកាយ​មើលទៅ​សិចស៊ី និង​ទទួលបាន​សុខភាពល្អ​ថែមទៀត ហើយ​ចំពោះ​កីឡា​ទាត់បាល់ និង​បាល់ទះ​វិញ យូរៗ​លោកលេង​ម្ដង ព្រោះ​លោក ជីវ័ន្ដ មានការ​មមាញញឹក​នឹង​ការងារ​ពេក ជាហេតុ​ធ្វើឱ្យ​លោក​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​លេងកីឡា។

រូបភាពទស្សនាវដ្តីសុខភាពយើង

បំណង​ទៅថ្ងៃ​អនាគត

លោកចង់​បើក​វង់តន្ដ្រី ឬ​ខនសឺត​ធំៗ ព្រោះ​លោក ជីវ័ន្ដ មាន​និស្ស័យ​ខាងលេង​ភ្លេង​ស្រាប់ ហើយ​ក៏ជាក្ដី​ស្រមៃ​ដ៏ធំមួយ ដែល​លោកគិត​ជាយូរ​មកហើយ។

បណ្ដាំផ្ញើ​របស់លោក

ក្នុងនាម​រូបលោក​ផ្ទាល់​ដែលបាន​ឃ្លាតឆ្ងាយ​ពីស្រុក​កំណើត ឃ្លាតឆ្ងាយ​ពីឪពុក​ម្ដាយ​ជាទីស្រឡាញ់​ជាទី​គោរព​មករស់នៅ​ជាមួយ​អ៊ំប្រុស និង​អ៊ំស្រី។ អ្នកមាន​គុណ​ទាំងពីរ​មើលការ​ខុសត្រូវ​ណែនាំ​ឱ្យរូប​លោកដើរ​ទៅរក​ផ្លូវល្អ​ជានិច្ច ព្រោះ​អ្នកទាំងពីរ​ខ្លាចរូប លោក​ខិលខូច ឬ​ដើរខុស​ផ្លូវ។ ដូច្នេះ​ហើយ​បានជា​រូបលោក​ប្រកាន់​ខ្ជាប់នូវ​ការណែនាំ​ក៏ដូចជា​ការ​ទូន្មាន​ប្រៀន​ប្រដៅ ដោយ​លោក​មិនដែល​ភ្លេចឡើយ។ ប្រសិន​ជាមាន​ពេលទំនេរ​ពីការងារ​សិល្បៈ និង​ការងារ​រាជការ លោក ជីវ័ន្ដ យក​ពេលវេលា​ទាំងនោះ​មកស្ដាប់​តន្ដ្រី លេង​កីឡា អានសៀវភៅ​ជាដើម។ លោក ជីវ័ន្ដ សូម​ផ្ដាំផ្ញើ​ទៅប្រិយមិត្ដ​ទាំងឡាយ ជាពិសេស​យុវជន និង​យុវតី​ទាំងឡាយ មេត្ដាចៀសវាង​នូវការ​សេពគ្រឿង​ញៀន ការ​ប្រើប្រាស់​គ្រឿងញៀន ក៏​ដូចជាការ​ជួញដូរ​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​ជាអ្វី​ដែលសង្គម​ជាតិ​ទាំងមូល​ស្អប់ខ្ពើម និង​បំផ្លាញ​អនាគត​ខ្លួនឯង​ផង។ លោកអ្នក​គួរតែ​យក​ពេលវេលា​ទាំងនោះ​ទៅរៀន​សូត្រ រៀន​ភ្លេង ស្ដាប់​តន្ដ្រី អាន​កាសែត អាន​ទស្សនាវដ្ដី មើល​ទូរទស្សន៍ លេង​កីឡា​ជាដើម ព្រោះ​ធ្វើឱ្យ​អារម្មណ៍​ដែល​តានតឹង​ទាំងប៉ុន្មាន បែរជា​រីករាយ សើច​សប្បាយ និង​មានសុខភាព​ល្អទៀតផង។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ វី ជីវ័ន្ដ
  • អាយុ ៖ ២៩ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំកំណើត ៖ ០១. ០៤. ១៩៨៥
  • ទីកន្លែង​កំណើត ៖ នៅភូមិ​វត្ដថ្មី ឃុំព្រៃ​ដំបង ស្រុកមុខ​កំពូល ខេត្ដកណ្ដាល
  • កម្ពស់ ៖ ១,៧៧ម៉ែត្រ
  • ទម្ងន់ ៖ ៧១គីឡូក្រាម
  • កម្រិត​វប្បធម៌ ៖ បរិញ្ញាបត្រ​សិល្បៈ​តូរ្យតន្ដ្រី
  • បងប្អូន ៖ ៤នាក់ ប្រុស២ ស្រី២​(ជាកូនទី១)
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ ជាតារាង​សម្ដែង អ្នកលេង​ភ្លេង និង​ជាមន្ដ្រី​រាជការ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative