ក្បួន​ថែរក្សា​គភ៌ ៖ ជីវភាព​ប្រចាំថ្ងៃ(ត)

“កុំធ្វើការ​ធ្ងន់ពេក” “ប្រយ័ត្ន​ដួលណ៎ា” “ថ្នម​ខ្លួន”។ល។ ទាំងនេះ​គឺជា​សំដី​របស់​ក្រុមគ្រួសារ ដែលបាន​និយាយ​ទៅកាន់​ស្ដ្រីមាន​ផ្ទៃពោះ​ដើម្បី​ថែរក្សា​គភ៌។ តើ​ពិតជា​ត្រឹមត្រូវ​ដែរឬ​ទេ? ទស្សនាវដ្ដី សុខភាព​យើង សូម​ណែនាំ​លោកអ្នក​ឱ្យបាន​ជ្រាបអំពី​ចំណេះដឹង និង​ព័ត៌មាន​វិទ្យាសាស្ដ្រ​សម្រាប់​ការថែទាំ​ខ្លួន​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​ពិតការ​តាំងគភ៌ ឬ​ការមាន​ផ្ទៃពោះ មិន​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ទម្លាប់​លោកស្រី​អ្នកនាង​នោះទេ។ ព្រោះថា​ស្ដ្រីមាន​ផ្ទៃពោះ​អាច​សម្របខ្លួន​ដោយ​ខ្លួនឯង​ទៅនឹងការ​វិវឌ្ឍន៍​របស់ផ្លូវកាយ និង​កម្លាំង​កំហែង​ល្វើយ​របស់ខ្លួន​បាន។ ខ្លួនប្រាណ​របស់​មនុស្ស​ពិតជាមាន​ព្រំដែន​កំណត់​មួយយ៉ាង​ពិតប្រាកដ មិនអាច​ឆ្លងលើស​បាន​នោះទេ។

សកម្មភាព​វិជ្ជាជីវៈ

ក្នុង​ករណី​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ជាអ្នក​វិជ្ជាជីវៈ​មួយរូប និង​កំពុង​ប្រកប​របរ​រកស៊ី គាត់តែង​ចោទជា​សំណួរ​ថា “ខ្ញុំគួរ​បន្ដ​ការងារ គួរ​កាត់បន្ថយ ឬ​គួរតែ​បញ្ឈប់​តែម្ដង?”។ ការ​សម្រេចចិត្ដ​គឺវា​ផ្អែក​ទៅលើ​ល័ក្ខខ័ណ្ឌកា​រងារ និង​ស្ថានភាព​សុខភាព។ ប្រសិនបើ​មុខរបរ ឬ​វិជ្ជាជីវៈ ដែល​កំពុង​អនុវត្ដ​នោះ​មិនជា​ប្រើកម្លាំង​ខ្លាំងក្លា​នោះទេ ស្ដ្រីមាន​ផ្ទៃពោះ​អាចបន្ដ​ធ្វើកិច្ច​ការងារ​វិជ្ជាជីវៈ​របស់​ខ្លួន ដោយ​គ្មានបញ្ហា​អ្វីឡើយ។ តាម​ផ្លូវចិត្ដ​ការ​សម្រាក​មាតុភាព​គឺពិតជា​គ្រប់គ្រាន់​ហើយ។ សូមមាន​ទំនុកចិត្ដ​លើច្បាប់ ឬ​បទបញ្ជា​ផ្ទៃក្នុង ការងារ​ដែលបាន​ប្រើ​ជាធរមាន គឺ​កំពុង​ការពារ​លោកស្រី​អ្នកនាង និង​គិតគូរ​បានល្អ​អំពីការ​សម្រាក​ពេលមាន​កូនរបស់​ស្ដ្រី។ បើក្នុង​ករណី​មាន​ហេតុផល​អាក្រក់​កើតឡើង គ្រូពេទ្យ​របស់​លោកស្រី​អ្នកនាង​នឹងចេញ​ជាវេជ្ជបញ្ជា​ឱ្យសម្រាក​ពីការងារ​ទៅតាម​កម្រិត​នៃបញ្ហា​នោះ។ ប៉ុន្ដែ​សូម​លោកស្រី​អ្នកនាង​កុំធ្វើ​ខ្លួនឱ្យ​ដូចជា “ស្ដ្រី​អស្ចារ្យ” (Supper woman)អី។ បើ​លោកស្រី​អ្នកនាង​មាន​អារម្មណ៍ ឬ​ស្ថានភាព​សុខភាព​មិនសូវ​អំណោយ​ផល សូមគិត​ទៅដល់​ការ​កាត់បន្ថយ​ការងារ និងការ​ទទួល​បន្ទុក អាច​រហូត​ទៅដល់​ផ្អាកឬ​បញ្ឈប់ អស់ជា​ស្ថាពរ​តែម្ដង។

ដូចដែល​ប្រជាពលរដ្ឋខ្មែរ​ភាគច្រើន​ធ្លាប់បាន​អាន​សៀវភៅ“​២៤ម៉ោង​ដើម្បី​សុខភាពល្អ” ដែល​និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ រួចមក​ហើយ​តាំងពី​ឆ្នាំ២០០០ ការ​ហាត់ប្រាណ និង​ក្បួនថែទាំ​សុខភាព​ត្រូវធ្វើ​នៅគ្រប់ទី​កន្លែង មិនថា​នៅផ្ទះ នៅ​កន្លែងធ្វើការ​នោះទេ។ ហេតុនេះ​នៅកន្លែង​ធ្វើការ ឬ​កំពុង​ប្រកប​វិជ្ជាជីវៈ ក៏ស្ដ្រី​មានផ្ទៃពោះ​អាចធ្វើ​ការហាត់​ប្រាណ​បានផង​ដែរ។

  • សូម​ដកដង្ហើម​ចូល និង​ហែកលើក​ស្មាឡើង​លើ។ បន្ទាប់មក​សូមរក្សា​កាយវិការ​នេះរយៈពេល​៣ឬ​៤វិនាទី ទើប​ព្រលែង ខ្យល់​ដង្ហើម​ចេញមក​វិញ។
  • សូមធ្វើ​ចលនា​រុញស្មា​ពីមុខ​ទៅក្រោយ​ដូចកាយវិការ​ពើងដើមទ្រូង​ឱ្យបាន​២ឬ​៣ដង។
  • សូម​ជន្ទើត​ចុងជើង​បន្ដិច រួចហើយ​បង្វិល​កជើង​ជារង្វង់​សាចុះ​សាឡើង ដើម្បី​ឱ្យចរន្ដ​ឈាម​រត់ទៅតាម​ជើង និង​ប្រអប់ជើង​បានល្អ។

សកម្មភាព​ការងារ​ផ្ទះ​សម្បែង

ស្ដ្រីមាន​ផ្ទៃពោះ​អាចធ្វើ​ការងារ​ផ្ទះបាន​ជាធម្មតា ដើម្បី​មាន​សុខភាព​ល្អ។ មិនមាន​ការហាម​ប្រាម​ចំពោះ​សកម្មភាព​ការងារ នៅក្នុង​ផ្ទះសម្បែង​នោះទេ សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ។ ផ្ទុយ​ទៅវិញ​តាម​លក្ខណៈ​វេជ្ជសាស្ដ្រ​បានឱ្យ​ដឹងថា សកម្មភាព​ផ្លូវកាយ​របស់​ស្ដ្រី​មាន​ផ្ទៃពោះ នៅ​ប៉ុន្មានខែ​ដំបូង និង​ប៉ុន្មានខែ​ចុងក្រោយ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​គភ៌។ ប៉ុន្ដែ​សូមចៀសវាង​ការ​លើក ឬ​ទាញ​របស់​ធ្ងន់ៗ។ សូម​រៀបចំ​ការងារ​ផ្ទះ​របស់​លោកស្រី​អ្នកនាង។ ស្ដ្រីអាច​ទទួលយក​ការជួយ​ការងារ​ពីមនុស្ស​នៅក្បែរ​ខ្លួន ពិសេស​គឺបុរស​ដែល​ជាអនាគត​ឪពុករបស់​ទារក​ក្នុងផ្ទៃ​តែម្ដង។ បើក្នុង​ករណី​ស្ដ្រី​ចង់ផ្លាស់​ប្ដូរផ្ទះ ឬក៏​រៀបចំផ្ទះ​ជាទ្រង់ទ្រាយ​ធំ អាចធ្វើបាន​នៅត្រីមាស​ទី២​វាគឺជា​ដំណាក់​កាលមួយ​សមស្រប។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​ធ្វើដំណើរ ការឈប់​វិស្សមកាល និងការ​ផ្លាស់ទី

សញ្ញា​ប្រុងប្រយ័ត្ន​មួយចំនួន​គួរតែ​ត្រូវធ្វើ​ឬអនុវត្ដ​តាម ជាពិសេស​ពេលស្ដ្រី​មានផ្ទៃពោះ​ត្រូវ​ធ្វើដំណើរ និង​បំផ្លាស់ទី​ពីកន្លែង​មួយទៅ​កន្លែងមួយ។ ពីព្រោះ​ថា លោកស្រី​អ្នកនាង​មិនមែន​ខ្លួនមួយ​តែម្នាក់ឯង​ទៀតនោះ​ទេ តែមាន​អាច្រម៉ក់​ម្នាក់រួម​ដំណើរ​ជាមួយ​ដែរ។

  • សូម​ចៀសវាង​មធ្យោបាយ​ធ្វើដំណើរ​ណាដែល​អូសបន្លាយ​ពេលវេលា​យូរ និង​ដដែលៗ ជាពិសេស​បណ្ដាល​ឱ្យ​ល្ហិតល្ហៃ អស់កម្លាំង។ ជាឧទាហរណ៍ ការធ្វើ​ដំណើរ​ដោយ​រថយន្ដ​ផ្លូវឆ្ងាយ។
  • នៅ២ខែ​ចុងក្រោយ​មុន​សម្រាល សូម​លោកស្រី​អ្នកនាង​កុំធ្វើដំណើរ​ផ្លូវឆ្ងាយ​ពេក។ ប្រសិនបើ​សកម្មភាព​នេះអាច​បង្កឱ្យ​មានការ​សម្រាល​មុនខែ លោកស្រី​អ្នកនាង​អាច​ប្រឈម​នឹងការ​សម្រាល​កូន ឬ​ឆ្លងទន្លេ​នៅមន្ទីរ​សម្ភព​ឬកន្លែង​សម្រាល​មិនបាន​ស្គាល់​ជាមុន​មួយ។
  • សូមផ្ដល់​ព័ត៌មាន​ដល់​គ្រូពេទ្យ​នូវ​គម្រោង​ធ្វើដំណើរ​របស់​លោកស្រី​អ្នកនាង។ គឺជា​ករណី​ចាំបាច់​តែម្ដង​បើ​ស្ថានភាព​សុខភាព​របស់​លោកស្រី​អ្នកនាង​មិនល្អ​ឥតខ្ចោះ​នោះទេ ឬ​ទិសដៅ​ដែលត្រូវ​ទៅមាន​ចម្ងាយ​ឆ្ងាយ។
  • សូម​ខ្វល់ខ្វាយ​បន្ដិច​ចំពោះ​ការធ្វើ​ដំណើរ​ឆ្លងស្រុក​ឬឆ្លងទ្វីប ជាពិសេស​ករណី​ឆ្លងពី​ប្រទេសមួយ​ទៅកាន់​ប្រទេស​មួយទៀត។ ព្រោះថា​ទោះបីជា​ថ្នាំបង្ការ​ឬវ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជម្ងឺឆ្លង​ពេលធ្វើ​ដំណើរក្ដី ក៏ថ្នាំ​បង្ការ​និងថ្នាំ​ព្យាបាល​ទាំងនោះ​មួយចំនួន​មិនអាច​ប្រើបាន​នោះទេសម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ។ ពោលគឺ​វ៉ាក់សាំង​មួយចំនួន​ហាមប្រើ​ឬចាក់​នៅពេល​មាន​ផ្ទៃពោះ។ ជាអាទិ​ថ្នាំព្យាបាល​ជម្ងឺ​គ្រុនចាញ់​មិនអាច​ប្រើប្រាស់​បាន​នោះទេ។

1 . ការធ្វើ​ដំណើរ​តាម​រថយន្ដ ៖ ស្ដ្រីអាច​អង្គុយ​ដោយយក​ខ្នើយកល់​ចង្កេះ ដែល​អាចជួយ​កាត់បន្ថយ​ការ​ឈឺចាប់ ឬ​ចុកចង្កេះ។ ដើម្បី​កម្ដៅ ឬកាត់​បន្ថយ​ភាពតានតឹង​នៅជើង សូម​បង្កើនការ​ឈប់​សម្រាក​តាមផ្លូវ​ឱ្យបាន​ញាប់ អាចក្នុង​រវាង​៥០ទៅ១០០​គីឡូម៉ែត្រ​ត្រូវឈប់​ម្ដង ក្នុង​ករណី​ផ្លូវពិបាក​ឬមិន​អាចបើក​លឿនបាន។ ការ​ធ្វើដំណើរ​ឆ្ងាយ​ត្រូវហាម​ប្រាម​ដាច់ខាត​នៅត្រី​មាសទី៣។ សូម​ដាក់ខ្សែ​ក្រវាត់​ជាប្រចាំ​ពេល​ចាប់ផ្ដើម​ចេញដំណើរ ទោះបី​ពេលអង្គុយ​នៅកៅអី​មុខក្ដី កៅអីក្រោយ​ក្ដី។ សូម​រឹតខ្សែ​ក្រវាត់ នៅក្រោម​ពោះ និង​នៅលើ​ភ្លៅទាំងពីរ។

2 . ការ​ធ្វើដំណើរ​តាមយន្ដ​ហោះ ៖ ការ​ធ្វើដំណើរ​តាម​យន្ដហោះ មិនត្រូវ​បានហាមឃាត់​នោះទេ សម្រាប់​ការធ្វើ​ដំណើរ​ផ្លូវឆ្ងាយ។ ប៉ុន្ដែសូម​ប្រុងប្រយ័ត្ន គឺ​អាស្រ័យ​ទៅលើ​ក្រុមហ៊ុន​យន្ដហោះ ក្រុមហ៊ុន​ខ្លះហាម​មិនឱ្យ​ស្ដ្រីដែល​មានផ្ទៃពោះ​ចាប់ពី​៧ខែ ឡើង​ទៅធ្វើដំណើរ ឬ​ជិះយន្ដ​ហោះ​របស់ខ្លួន​នោះទេ។

3 . ការ​ធ្វើដំណើរ​តាម​រថភ្លើង ៖ ទោះបីជា​នៅប្រទេស​កម្ពុជា​សព្វថ្ងៃ​មិនទាន់​មានផ្លូវដែក និង​រថភ្លើង​ទំនើប​ដែលមាន​សុវត្ថិភាព និង​ផាសុកភាព​ជិះក្ដី តែសង្ឃឹម​ថាមាន​នៅពេល​ឆាប់ៗ។ ហេតុនេះ សូម​លោកស្រី​អ្នកនាង​ទទួលយក​ចំណេះដឹង​នេះ​ផងដែរ។ ករណីរ​ថភ្លើង​ទំនើប​គឺវាពិតជា​វិសេស​វិសាល​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ។ ករណី​ធ្វើដំណើរ​ទៅឆ្ងាយ​ច្រើនម៉ោង សូម​ទិញ សំបុត្រ​នៅទូ ឬកៅអី​ដែលអាច​ដេកសណ្ដូក​ជើងឬ​ទម្រេត​ខ្លួនបាន។

4 . ការ​ធ្វើដំណើរ​តាមកង់ និង​ម៉ូតូ ៖ គឺជាករណី​គ្រោះថ្នាក់​ខ្លាំងណាស់ ជាពិសេស​ក្នុង​ករណីដួល ឬ​រលាត់ខ្លាំង។

សកម្មភាព​កីឡា

ពេលមាន​ផ្ទៃពោះ មិនខុស​ពីពេល​នៅពោះ​ទទេនោះទេ ស្ដ្រីត្រូវ​ការសកម្មភាព​ផ្លូវកាយ ជាពិសេស​គឺលំហាត់​ប្រាណ។ ស្ដ្រីដែល​ហាត់ប្រាណ​បាន​ទៀងទាត់ ជាពិសេស​នៅពេលមាន​ផ្ទៃពោះ គាត់មាន​អារម្មណ៍ល្អ​ និង​ក្រោយ​ពីសម្រាល​គាត់ឆាប់​ទទួលយក ការ​វិលមក​ធម្មតា​ឬស្អាត​វិញនូវ​រូបរាងកាយ​របស់​គាត់។

ការ​ដើរ ការ​ហាត់ប្រាណ​ងាយៗ និងការ​ហែលទឹក គឺជា​កីឡា​ដែលអ្នក​ជំនាញ​ទូន្មាន​ឱ្យធ្វើ។ សូមធ្វើ​វាទៅតាម​កម្រិត ហាត់​របស់​លោកស្រី​អ្នកនាង​រៀងៗខ្លួន។ ជាដំបូន្មាន សូម​ដើរឱ្យ​បាន១ថ្ងៃ​ពី៣០​ទៅ៦០នាទី។ ជាពិសេស សូម​ជ្រើសរើស​កន្លែង​ដែលដើរ​សមស្រប​មានផាសុកភាព ដូចជា​នៅក្នុង​សួនច្បារ ឧទ្យាន​ផ្លូវស្ងាត់ ផ្លូវលំ​ជនបទ​ជាដើម។

ប៉ុន្ដែសូម​កុំធ្វើ ឬ​ហាត់ប្រាណ​ដែល​គំហុក​ឬប្រើ​កម្លាំង​ខ្លាំង និង​កីឡា​ជាក្រុម​ដែល​តម្រូវឱ្យ​មានការ​លោត និង​ប៉ះទង្គិច​គ្នា ដូចជា​បាល់ទះ ជិះស្គី បាល់បោះ​ជាដើម។ ចាប់ពី​ខែទី៦​ទៅ ការ​លេងកីឡា​តែននីស និងវាយ​ប៉េងប៉ុង​ក៏ត្រូវ​បានហាម​ឃាត់​ផងដែរ។

(សូម​បន្ដអាន​នៅលេខ​ក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative