កូនខ្ញុំ​ដេក​ស្រមុក

លោកអ្នក​មួយចំនួន​ធំ​តែងតែ​យល់ថា​ក្មេង​ដែលដេក​ឮសូរ​ស្រមុក​គឺជា​ក្មេង​ដែលដេក​លក់​ស្កប់ស្កល់ ផ្ទុយ​ទៅវិញ​ស្រមុក​គឺជា​រោគសញ្ញា​ដែលមាន​ការ​ពាក់ព័ន្ធ​ទៅនឹង​ផ្លូវដង្ហើម។ ក្មេង​ដេកឮ​សូរសម្លេង​ស្រមុក ភាគច្រើន​ជាក្មេង​ដែលមាន​សុខភាព​មិនសូវ​ល្អឡើយ ហើយ​ការ​ស្រមុកនេះ​អាច​បណ្ដាល​ឱ្យក្មេង​មិនសូវ​លូតលាស់​បានល្អ រៀន​មិនសូវ​ពូកែ ដេកយំ​នៅពេល​យប់ ឬ​ក្អក។ ទាំងនេះ​គឺជា​រោគសញ្ញា​កូន​របស់​លោកអ្នក​មានបញ្ហា​ចំពោះ​សុខភាព​ដែល​លោកអ្នក​គួរតែ​យកចិត្ដ​ទុកដាក់​បំផុត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺ​កុមារ​នៃមន្ទីរពេទ្យ​កុមារជាតិ ដើម្បីឱ្យ​លោកអ្នក​យល់ និង​ជ្រាប​ឱ្យកាន់តែ​ច្បាស់​អំពី​មូលហេតុ​ក្មេងដេក​ស្រមុក។

តើ​ក្មេងដេក​ស្រមុក​បណ្ដាល​មកពី​មូលហេតុ​អ្វី?

ក្មេងដេក​ស្រមុក​គឺជា​មូលហេតុ​ដែល​បញ្ជាក់​ពីរោគ​សញ្ញា​នៃជម្ងឺ​ត្បៀតផ្លូវ​ដង្ហើម។ មូលហេតុ​ការដេក​ស្រមុក​នេះត្រូវ​បាន​ចែកចេញ​ជាពីរ​ធំៗគឺ ៖
1 . ត្បៀតផ្លូវ​ដង្ហើម​ផ្នែក​ច្រមុះ ៖ ច្រមុះ​ជាផ្នែក​មួយដ៏​សំខាន់​សម្រាប់​ស្រូបយក​អុកស៊ី​សែន។ នៅក្នុង​ច្រមុះ​គឺមាន​រន្ធបន្ដ រហូត​ដល់ផ្លូវ​ដង្ហើម។ មូលហេតុ​ដែលក្មេង​ដេក​ស្រមុក​នេះគឺ​បណ្ដាល​មកពី​សាច់​នៅក្នុង​ច្រមុះ​រីកមាឌ ធ្វើឱ្យ​ត្បៀតរន្ធ​ផ្លូវដង្ហើម។ មូលហេតុ​ក្មេងដេក​ស្រមុក​នេះអាច​កើតមាន​ពី៧​ទៅ១០​ភាគរយ សម្រាប់​កូនក្មេង​ដេកស្រមុក​ជាប់​ជាប្រចាំ និង​២០ភាគរយ​ដែល​កើតមាន​ចំពោះ​ក្មេងដេក​ស្រមុក​តែមាន​បាត់ៗ ក្នុង​ករណីនេះ​មិនសូវ​ជាមាន​បញ្ហាជា​ធ្ងន់ធ្ងរ​ពេកនោះទេ​ចំពោះ​ក្មេង។ ក្មេង​ដែល​ដេក​ស្រមុក មាន​ប្រហែល​ជា៧០​ទៅ៨០​ភាគរយ នៅពេល​ធំទៅវា​ក៏បាត់​ស្រមុក​ដោយឯងៗ ជាទូទៅ​គឺមាន​អាយុ​ចាប់ពី​១២ឆ្នាំ​ទ្បើងទៅ។ ចំពោះ​ក្មេងដេក​ស្រមុកនេះ​ក៏អាច​បណ្ដាល​មកពី​ការ​រលាក និង​ប្រតិកម្ម​ជាមួយ​របស់​អ្វីមួយ​ដែលធ្វើ​ឱ្យរលាក​ហើយ​ក្រហម​នៅខាងក្នុង​នៃសាច់​ច្រមុះ។

2 . អាការ​មិនដក​ដង្ហើម​ពេលក្មេង​ដេកលក់ ៖ ចំពោះ​កុមារ​មួយចំនួន​កាលណា​ដេកស្រមុក​យូៗ​ទៅភ្លេច​ដកដង្ហើម។ កុមារ​មិនដក​ដង្ហើម​ធ្វើឱ្យ​ខ្វះអុកស៊ីសែន ជាហេតុ​ធ្វើឱ្យ​កុមារ​ភ្ញាក់​ហើយក៏បា​នស្រែក​យំ ហើយ​ពេលខ្លះ​បានឮ​សូរសម្លេង​ក្អក ឬឈ្លក់​ក៏មាន​ដែរ។ ឪពុកម្ដាយ​មិនសូវ​ជាមាន​ការ​ចាប់អារម្មណ៍​ប៉ុន្មានទេ​ចំពោះ​បញ្ហានេះ។

រោគ​សញ្ញា​ក្មេងដេក​លក់​មិនដក​ដង្ហើម

លោកអ្នក​ដែលជា​ឪពុកម្ដាយ​អាចសម្គាល់​កូនដេក​ស្រមុក ថាជា​រោគសញ្ញា​ដែលបញ្ជាក់​ថាកូន​របស់​លោកអ្នក​មាន​សុខភាព​មិនល្អ ដូចជា​នៅពេល​ដែលកូន​លោកអ្នក​គេងហើយ​ឮសម្លេង​ស្រមុក​ខុសប្លែក​ពីធម្មតា លោកអ្នក​អាចមើល​ទៅលើ​ចលនា​ពោះ និង​ទ្រូងមិន​ស្របគ្នា​នៅពេល​ដែលដក​ដង្ហើម។ បើសិនជា​លោកអ្នក​សង្កេត​មើល​ទៅឃើញ​មិនដក​ដង្ហើម​ពី៤​ទៅ៥​វិនាទី ជួនកាល​អាចមិន​ដកដង្ហើម​រហូត​ដល់១នាទី​ក៏មាន​ដែរ ធ្វើឱ្យ​ខ្វះអុក​ស៊ីសែន កុមារ​ដេកមិន​ស្ងប់ ហើយ​ក៏ស្រែកយំ​តែម្ដង។ នៅពេល​ដែលដឹង​ខ្លួនជួន​កាល កុមារ​អាចក្អក ក្អែ​ច្រើន នោម​យប់ ជួនកាល​ភ្ញាក់​កណ្ដាល​យប់​ច្រើនដង ដោយសារ​តែត្បៀត​ផ្លូវដង្ហើម ឆាប់អស់​កម្លាំង ឆេវឆាវ ទាំងនេះ​គឺជា​រោគសញ្ញា​ដែល​លោកអ្នក​អាច​សម្គាល់​មើលនៅពេល​ដែលកូន​លោកអ្នក​មាន​បញ្ហា។

វិធី​ព្យាបាល​ក្មេង​ដេក​ស្រមុក

កុមារ​ដេកស្រមុក​ត្រូវ​ព្យាបាល​ដោយ​បន្ដក់​សេរ៉ូមប្រៃ ឬក៏​ប្រើសេរ៉ូម​ប្រៃបាញ់​នៅក្នុង​ច្រមុះ ឬ​ក៏ប្រើថ្នាំ​ទៅតាម​ប្រភេទ​នៃជម្ងឺ​ស្រមុក។ បើការ​ប្រើថ្នាំ​ឬក៏ប្រើ​សេរ៉ូម​មិនបាន​ជោគជ័យ គឺ​អាចឈាន​ទៅដល់​ការ​វះកាត់។ អ្វីដែល​ល្អសម្រាប់​លោកអ្នក​គួរតែ​ចាប់ផ្ដើម​មុនដំបូង​នោះគឺ​នាំកូន​ឬកុមារ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​ស្វែងរក​មូលហេតុ​ដើម្បី​ធ្វើការ ព្យាបាល។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផល​ប៉ះពាល់​របស់​ក្មេងដេក​ស្រមុក​ហើយ​មិនដក​ដង្ហើម

ក្មេងដែល​មានអាយុ​ចាប់ពី​១២ឆ្នាំ​ឡើងទៅ​នៅតែ​ដេកស្រមុក​មិនបាត់ នៅតែ​ត្បៀតផ្លូវ​ដង្ហើម រលាក​ច្រមុះ​រ៉ាំរ៉ៃ​អាចមានផល​ប៉ះពាល់​ដល់ការ​លូតលាស់​របស់​ក្មេង មិនឆាប់​ធំធាត់​ដូចក្មេង​ដទៃ។ ជាពិសេស​ធ្វើឱ្យ​ឆ្អឹងមុខ​មិនសូវ​លូតលាស់​បានល្អ ជាហេតុ​ធ្វើឱ្យ​ក្រអូមមាត់​ប៉ោងខ្លាំង គឺ​ធ្វើឱ្យ​មានទម្រង់​មុខស្រួច ធ្វើឱ្យ​អ័ក្ស​របស់​ធ្មេញ​វាចង្អៀត​ដុះមក​មិនបាន​ស្មើដូច​ធ្មេញ​ធម្មតា។ ក្មេង ប្រភេទនេះ​មិនសូវ​លូតកម្ពស់​បានល្អ រាង​ល្អិត ប៉ះពាល់​ដល់ការងារ​ពេលថ្ងៃ នៅពេល​ដែល​ទៅសាលា​ដេក រៀនមិន​ពូកែ ធ្វើឱ្យ​មិនស្រឡះ​ខ្លួន ឆាប់​ខឹង ប៉ះពាល់​ដល់បេះដូង​រួមទាំង​ខួរក្បាល​ផងដែរ។

វិធី​ការពារ​ដើម្បី​កុំឱ្យ​ក្មេងដេក​ស្រមុក

ជម្ងឺ​ស្រមុក​មិនអាច​ធ្វើការ​ការពារ​បាននោះ​ទេ តែ​លោកអ្នក​អាចសង្កេត​មើលថា​តើកូន​របស់លោកអ្នក​ស្រមុក​ដោយសារ​មូលហេតុ​អ្វី ជួនកាល​ស្រមុក​ដោយសារ​តែការ​រលាក​ដែលអាច​បណ្ដាល​មកពី​អាឡែកហ្ស៊ី​នឹង​សារធាតុ​អ្វីមួយ។ ដូចនេះ​លោកអ្នក​ត្រូវតែ​ចៀសវាង​ជានិច្ច​ចំពោះ​របស់​ប្រើប្រាស់ ដែលជា​ហេតុធ្វើ​ឱ្យកុមារ​ងាយនឹង​អាឡែក​ហ្ស៊ី។ អ្វីដែល​ល្អបំផុត​នោះ លោកអ្នក​ត្រូវតែមាន​អនាម័យ​ជានិច្ច ទាំងការ​រស់នៅ ការ​ទទួលទាន ការ​អនាម័យ​ចំពោះ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត​ចំពោះកូន​របស់​លោកអ្នក។

ដំបូន្មាន​អ្នក​ជំនាញ

បើសិនជា​លោកអ្នក​មានការ​សង្ស័យ​ថាកូន​របស់​លោកអ្នក​មានបញ្ហា​ដូចដែល​បាន​រៀបរាប់​ខាងលើ លោកអ្នក​គួរតែ​នាំកូន​របស់​លោកអ្នក​មកជួប​គ្រូពេទ្យ​ដែលមាន​ជំនាញ ដើម្បីឱ្យ​គ្រូពេទ្យពិនិត្យ និង​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​ចៀសវាង​ការកើត​មានបញ្ហា​ធ្ងន់ធ្ងរ​ចំពោះកូ​ន​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative