ខ្វះជាតិទឹក និង​​​ផលប៉ះពាល់

កង្វះជាតិទឹកគឺធ្វើឱ្យមានការប្រឈមមុខ​ទៅនឹងបញ្ហាសុខភាព និងជំរុញឱ្យរាងកាយមិនធំលូតលាស់ និងស្បែកគ្មានសំណើម អាចឈានទៅមានជម្ងឺ​ឈឺថ្កាត់ផ្សេងៗ ដូចជាហេវហត់ អស់កម្លាំង រាងកាយទ្រុឌទ្រោមជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីយល់ដឹងអំពីបញ្ហាខ្វះជាតិទឹក និងផលប៉ះពាល់ ទស្សនាវដ្ដី សុខភាពយើង ជួបសម្ភាសជាមួយវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺបេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ។

ការខ្វះ​ជាតិទឹក

ទឹកគឺជាវត្ថុរាវម្យ៉ាងដែលមនុស្ស សត្វ រុក្ខជាតិ និងធម្មជាតិនានា​ត្រូវការជាចាំបាច់ដើម្បី​ទ្រទ្រង់សុខភាព ឬ និងជាអាហារប្រចាំថ្ងៃ​ដែលមិនអាចអត់បាន។ ទឹកមានអត្ថប្រយោជន៍មួយទៀត​អាចជួយស្រោចស្រពដល់រុក្ខជាតិ ផលដំណាំផ្សេងៗ និងសត្វពាហនៈគ្រប់ប្រភេទ។ ជាទូទៅនៅក្នុងខ្លួនមនុស្សគ្រប់រូប​ត្រូវការជាតិទឹកជាចាំបាច់​ដែលមានការកំណត់​យ៉ាងច្បាស់លាស់ ប៉ុន្ដែ មនុស្សទាំងនោះហាក់បីដូច​មិនមានការយកចិត្ដទុកដាក់ឱ្យ​បានត្រឹមត្រូវតាមតម្រូវការ ឬការណែនាំរបស់គ្រូពេទ្យនោះទេ។ ជាតិទឹក នៅក្នុងខ្លួនមនុស្សគ្រប់រូប​ចាប់ផ្ដើមពីទារកដែលមានអាយុក្រោម១ឆ្នាំ​ត្រូវការជាតិ៧០ភាគរយ ហើយពី១ឆ្នាំដល់អាយុ៥ឆ្នាំត្រូវការ ជាតិទឹក៦៥ភាគរយ ហើយពី៥ឆ្នាំរហូតដល់មនុស្សចាស់គឺ​ត្រូវការជាតិទឹក៦០ភាគរយ។

ប្រសិនបើជាតិទឹកដែលផ្ទុកក្នុងខ្លួនមនុស្សមិនគ្រប់គ្រាន់​តាមអាយុកាលទេនោះ អាចប្រឈមនឹងការថមថយកម្លាំង​គ្រប់គ្រងរាងកាយ។ សម្រាប់មនុស្សធំ​ត្រូវទទួលទានទឹកក្នុងមួយថ្ងៃ​ឱ្យបានមួយលីត្រកន្លះទៅបីលីត្រ ប៉ុន្ដែក៏មានការប្រែប្រួលទៅតាម ស្ថានភាពផងដែរ ដោយហេតុថាពេលខ្លះគាត់ធ្វើការងារច្រើន ហេវហត់ត្រូវការទឹកច្រើន។ ចំណែកមនុស្សមួយចំនួនមិនសូវបញ្ចេញ កម្លាំងពលកម្ម​អាចទទួលទានតិចជាងនេះ ហើយភាគច្រើននៃមនុស្សទាំងនេះ​មានរាងកាយស្លេកស្លាំង និងស្បែកស្ងួតជាដើម។ ម្យ៉ាងទៀតកង្វះទឹក​ធ្វើឱ្យរាងកាយមិនសូវធំធាត់​ដូចមនុស្សដែលទទួលទានទឹកច្រើនឡើយ។ សម្រាប់កុមារវិញពីអាយុ១ឆ្នាំដល់៥ឆ្នាំ ត្រូវការទឹកក្នុងថ្ងៃ​ពី១លីត្រទៅមួយលីត្រកន្លះ។ ចំពោះកុមារអាយុពី៥ឆ្នាំដល់អាយុ១០ឆ្នាំ​អាចត្រូវការទឹកពី១លីត្រទៅ២លីត្រជា ប្រចាំ។

មូលហេតុបណ្ដាល​ឱ្យខ្វះជាតិទឹក

បញ្ហាខ្វះជាតិទឹកគឺបណ្ដាលមកពីការបាត់បង់ជាតិទឹក​តាមរយៈការរាករូស ក្អួត ឬបាត់បង់តាមស្បែក ខណៈពេលដែលលោក អ្នកឈរនៅហាលថ្ងៃយូរ ហើយរលាកស្បែក។ ចំពោះអ្នកជម្ងឺតម្រងនោម ប៉ះពាល់ទៅនឹងខួរក្បាល ការបញ្ចេញអ័រម៉ូន ធ្វើឱ្យអ្នក ជម្ងឺនោមច្រើន ហើយមិនបានទទួលទានទឹក​ឱ្យបានសមាមាត្រទៅតាម​ការបញ្ចេញចោល។ មួយទៀតការខ្វះជាតិទឹក​ដោយ មិនសូវទទួលទានទឹកតែម្ដង។ កត្ដាទាំងនេះអាចជំរុញដល់សុខភាពរបស់អ្នក​ជម្ងឺប្រឈមនឹងការបាត់បង់នូវថាមពល​គ្រប់ពេលវេលា ហើយអ្នកជម្ងឺប្រភេទនេះនឹងងាយរងគ្រោះ​ដោយជម្ងឺឱកាសនិយមផ្សេងៗទៀតផង។

ផលប៉ះពាល់ចំពោះ​មនុស្សខ្វះជាតិទឹក

ការខ្វះជាតិទឹកធ្វើឱ្យមានផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពអាចបណ្ដាលឱ្យ​លោកអ្នកងាយទទួលរងជម្ងឺផ្សេងៗ ដូចជាជម្ងឺសន្លាក់ ជម្ងឺចុករោយ បញ្ហាផ្នែកផ្លូវដង្ហើម ធ្វើការឆាប់ហត់ ដែលស្ដែងចេញពីការទទួលជាតិទឹក​មិនគ្រប់គ្រាន់។ ចំពោះកុមារ អាចធ្វើឱ្យមានអាការៈហេវហត់ បេះដូងលោតញាប់។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញាចំពោះមនុស្សខ្វះជាតិទឹក

ចំពោះមនុស្សធំក្ដី កុមារក្ដី អាការខ្វះជាតិទឹកបានបង្ហាញនូវសកម្មភាព​នៅលើរាងកាយមួយចំនួន ដូចជាការហេវហត់ មានស្បែកស្លេកស្លាំង ធ្វើការងារឆាប់ហត់ ឆាប់ចេញញើស ថែមទាំងផ្លូវដង្ហើមលោតញាប់ហើយឮ។ ពេលខ្លះអ្នកជម្ងឺដែលខ្វះជាតិទឹក មិនអាចធ្វើការងារធ្ងន់ៗបាននោះឡើយ ដោយសារកម្លាំងកាយមិនគ្រប់គ្រាន់។

វិធីការពារការ​ខ្វះជាតិទឹក

ដើម្បីចៀសវាងនូវ​អាការៈខ្វះជាតិទឹក លោកអ្នកត្រូវតែទទួលទានទឹកមួយថ្ងៃ​ឱ្យបានពីមួយលីត្រកន្លះទៅបីលីត្រ ចំពោះ មនុស្សចាស់។ ចំណែកកុមារដែលមាន​អាយុក្រោមមួយឆ្នាំ ឪពុកម្ដាយត្រូវផ្ដល់ទឹក​ធ្វើយ៉ាងណាឱ្យបាន១លីត្រ។ ចំពោះកុមារចាប់ពី អាយុ២ឆ្នាំដល់៥ឆ្នាំ​ត្រូវទទួលទានទឹកឱ្យបានមួយលីត្រទៅពីរលីត្រ ព្រោះការទទួលទានទឹកគ្រប់គ្រាន់​តាមតម្រូវការនាំឱ្យមាន សុខភាពល្អ រាងកាយមាំមួន និងបញ្ញាឈ្លាសវៃទៀតផង។

វិធីព្យាបាលដើម្បី​បង្គ្រប់ជាតិទឹក

អ្នកជម្ងឺដែលខ្វះជាតិទឹក​ត្រូវតែទទួលទានទឹកឱ្យបានទៀងទាត់ ដើម្បីស្ដារមកវិញនូវការបាត់បង់​ដោយសារជម្ងឺរាករូស ឬជម្ងឺតម្រងនោម។ លើសពីនេះដើម្បីព្យាបាល​បង្គ្រប់ជាតិទឹកឱ្យមានចំណុះ​ក្នុងខ្លួនដូចដើម ត្រូវតែជ្រើសរើសយក​ចំណីអាហារណា ដែលមានផលប្រយោជន៍​អាចផលិតបាននូវជាតិទឹក ហើយបំប៉នដល់សុខភាព ដូចជាផ្លែក្រូចពោធិ៍សាត់ ទឹកអំពៅ ទឹកសណ្ដែក និងទឹកផ្លែឈើកំប៉ុងជាដើម ដើម្បីជំនួសជាតិទឹកដែលបាត់បង់។ មិនតែប៉ុណ្ណោះចំណីអាហារ​ខាងលើនេះអាចផ្ដល់នូវ​ផលប្រយោជន៍ សម្រាប់សុខភាពទៀតផង។

ដំបូន្មាន​អ្នកជំនាញ

ប្រជាពលរដ្ឋគ្រប់រូបគប្បី​ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីថែរក្សារាងកាយ​ឱ្យមានភាពមាំមួន ចៀសវាងនូវ ជម្ងឺឈឺថ្កាត់ផ្សេងៗ។ ទឹកអាចផ្ដល់ផលប្រយោជន៍​ច្រើនណាស់ចំពោះរាងកាយ និងកោសិកានានា។ ដូច្នេះការទទួលទានទឹកច្រើន​មិនមែនជារឿងអត់ប្រយោជន៍ ឬខាតបង់នូវសុខភាពនោះឡើយ។ ការទទួលទានទឹក​កាន់តែច្រើន កាន់តែល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative