កូនខ្ញុំ​ដុះសាច់​ច្រមុះ

ធូលី​ដី ផ្សែង​បារី ផ្សែង​ប្រេងឥន្ធនៈ និង​កម្ទេច​កម្ទីល្អិត​ផ្សេងៗទៀត អាច​បង្កឱ្យ​កូន​របស់​លោកអ្នក​ជួបនូវ​បញ្ហា​(ជម្ងឺ)​ផ្សេងៗ ជាពិសេស​វាធ្វើ​ឱ្យមាន​ការឆួល​ច្រមុះ ហើយ​បង្ក​ទៅជាការ​រលាក​ច្រមុះ និងដុះ​សាច់ច្រមុះ​ក៏អាច​ថាបាន​ដែរ(ក្នុង​ករណី​ទាប)។ ដូចនេះ​ក្នុងនាម​ជាមាតាបិតាត្រូវ​ថែរក្សា និង​ការពារ​កូនឱ្យ​បានខ្ជាប់​ខ្ជួន ដើម្បី​ចៀសវាង​នូវបញ្ហា​នេះកុំឱ្យ​កើតមាន​ឡើង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺកុមារ​នៃមន្ទីរពេទ្យ​កុមារជាតិ នឹង​ធ្វើការ​បកស្រាយ​អំពី​ប្រធានបទ​កូនខ្ញុំ​ដុះសាច់​ច្រមុះ ដើម្បី​ឱ្យលោកអ្នក​បានជ្រាប។

ជម្ងឺ​ដុះសាច់​ច្រមុះ​ជាអ្វី?

ការ​ដុះសាច់​ច្រមុះ​ជាការ​ដុះសាច់​ជាប់នឹង​ផ្ទៃច្រមុះ​ខាងក្នុង​មាន​លក្ខណៈ​ជាដុំសាច់​ទន់ៗ ហើយ​មិនឈឺ មាន​រាងដូច​តំណក់​ទឹកភ្នែក ឬ​កញ្ចុំ​ផ្លែទំញំង​បាយជូរ។ ការ​ដុះសាច់​ច្រមុះ​នេះគេពុំ​សូវឃើញ​កើតមាន​នៅលើ​ក្មេងតូចៗ​ទេ ប៉ុន្ដែ​ភាគច្រើន​កើតមាន​នៅលើ​ក្មេងធំ ឬ​មនុស្សចាស់។

មូលហេតុ​ដែល​បណ្ដាល​ឱ្យដុះ​សាច់ច្រមុះ

ការ​ដុះសាច់​ច្រមុះ​អាចកើត​មានឡើង​ដោយសារ​មានការ​រលាក​រ៉ាំរ៉ៃ​នៃភ្នាស​ក្នុង​របស់ច្រមុះ ដូចក្នុង​ករណី​អ្នកជម្ងឺ​ហឺត ផ្ដាសាយ​ញឹកញាប់ ប្រតិកម្ម​ច្រមុះ​ជាដើម។ មកដល់​ពេលនេះ គេ​ពុំទាន់​យល់ច្បាស់​អំពីដើម​ហេតុ​ដំបូង​បង្អស់​ដែលធ្វើ​ឱ្យមាន​ការ ដុះសាច់​ច្រមុះ​នេះនៅឡើយ​ទេ ព្រោះ​មនុស្ស​មួយចំនួន​ដែល​កើតមាន​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​ច្រមុះ ប៉ុន្ដែ​បែរជា​ពុំមាន​ដុះសាច់​ច្រមុះ​ទៅវិញ ខណៈ​ដែល​មនុស្ស​មួយចំនួន​ទៀតមាន​ការដុះ​សាច់ច្រមុះ។ ដោយ​ករណីនេះ​គេសង្ស័យ​ទៅលើ​ភាព​ខុសគ្នា​នៃប្រព័ន្ធ​ការពារ​រាងកាយ របស់​មនុស្ស​ម្នាក់​ដែលឆ្លើយតប​ទៅនឹង​ការ​រលាក​ខុសៗគ្នា។

រោគ​សញ្ញា​នៃការ​ដុះសាច់​ច្រមុះ

រោគសញ្ញា​ដែលបង្ហាញ​ឱ្យដឹង​ថាជាការ​ដុះសាច់​ច្រមុះ​មានដូចជា ៖

  • ហៀរ​សម្បោរ
  • តឹងច្រមុះ​ជាប់​រហូត​ពុំមាន​ពេលធូរ​ស្បើយ
  • មាន​ស្លេស្ម​ធ្លាក់ពីច្រមុះ​ទៅក្នុងបំ​ពង់ក
  • មិនសូវ​ដឹងក្លិន ឬ​បាត់បង់​ដឹងក្លិន
  • មិនសូវ​ដឹង​រសជាតិ
  • ឈឺមុខ ឬ​ឈឺក្បាល
  • ឈឺធ្មេញ​លើ
  • ធ្ងន់ក្បាល
  • ស្រមុក
  • រមាស់​ភ្នែក ឬ​ច្រមុះ

ទាំងអស់​នេះសុទ្ធសឹង​ជារោគសញ្ញា​ដែល​បង្ហាញ​ឱ្យដឹងថា​ជារោគ​សញ្ញា​ដុះសាច់​ច្រមុះ។

ផល​ប៉ះពាល់​នៃការ​ដុះសាច់​ច្រមុះ

ការ​ដុះសាច់​ច្រមុះ​នេះអាច​បង្កឱ្យ​មានផល​វិបាកខ្លះៗ​ដូចជា ៖

  • ស្ទះ​ផ្លូវដង្ហើម​មួយភ្លែតៗ​នៅពេល​គេងលក់
  • ងាយ​រលាក​ថង់ខ្យល់​របស់​ឆ្អឹងមុខ
  • ធ្វើឱ្យ​ជម្ងឺ​ហឺតធ្វើ​ទុក្ខខ្លាំង
  • អាចបង្ក​ទៅជា​រលាក​ស្រោម​ខួរក្បាល។

វិធី​ការពារ​ការដុះ​សាច់ច្រមុះ

ប្រសិនជា​កូន​របស់​លោកអ្នក​មានជម្ងឺ​ប្រតិកម្ម​ច្រមុះ ឬ​ជម្ងឺហឺត លោកអ្នក​ត្រូវនាំ​កូន ឬកុមារ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល និង​គ្រប់គ្រង​ជម្ងឺនោះ​ឱ្យបាន​ធូរស្បើយ។ លោកអ្នក​ត្រូវការពារ​កូនៗ​កុំឱ្យ​ប៉ះពាល់​នូវ​សារធាតុ​មួយចំនួន​ដែល​ធ្វើឱ្យ​ឆួលច្រមុះ ដូចជា​ធូលី​ក្នុងផ្ទះ ផ្សែង​បារី ផ្សែង​ប្រេងឥន្ធនៈ និង​កម្ទេចកម្ទី​ល្អិត​ផ្សេងៗទៀត។ ត្រូវ​អនុវត្ដ​អនាម័យល្អ​ដោយការ​លាងដៃ​ឱ្យបាន​ស្អាត និង​ញឹកញាប់។ លាងសម្អាត​ច្រមុះ​ជាមួយ​ទឹកសេរ៉ូម​ប្រៃ។

ដំបូន្មាន​របស់​អ្នកប្រឹក្សា

ប្រសិនបើ​កូន​របស់​លោកអ្នក​មាន​រោគសញ្ញា និង​មានការ​សង្ស័យ​ថាមាន​ដុះសាច់​ច្រមុះ សូមនាំ​កូនៗ ឬ​កុមារ​ទៅពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ​វាយតម្លៃ​ផ្ដល់ដំបូន្មាន និង​ព្យាបាល​ឱ្យបាន​សមស្រប។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative