ការ​បញ្ចូល​ឈាម

ឈាម​ជាសារធាតុ​មួយ​ដែលមាន​នៅក្នុង​ខ្លួន​របស់​មនុស្ស ហើយ​មាន​តួនាទី​សម្រាប់​ទ្រទ្រង់សរីរាង្គ និងជួយ​សង្គ្រោះ​ជីវិត​មនុស្ស។ រីឯ​ការបញ្ចូល​ឈាម​គឺជាការ​ជួយជីវិត​មនុស្ស​ឱ្យរួច​ផុតពី​សេចក្ដី​ស្លាប់ និង​កាត់បន្ថយ​នូវអត្រា​អ្នកស្លាប់​បានមួយ​ចំណែក​ធំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើកិ​ច្ចសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ទូច ឧត្ដម ឯកទេសផ្នែក​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យកាល់ម៉ែត លោកនឹង​ធ្វើការ​បកស្រាយ​អំពី​ប្រធានបទ​ការបញ្ចូល​ឈាម ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប និង​យល់​កាន់តែ​ច្បាស់អំពី​ប្រធានបទនេះ​។

ការបញ្ចូល​ឈាម

ការបញ្ចូល​ឈាម​មានន័យថា​ជាការ​បូមឈាម​ពីមនុស្ស​ម្នាក់ ឬ​ច្រើននាក់​ផ្ដល់​ទៅឱ្យ​មនុស្ស​ម្នាក់​ផ្សេងទៀត​ដែល​ត្រូវការ​ឈាម​ជាចាំបាច់។

សារៈ​ប្រយោជន៍​នៃការ​បញ្ចូល​ឈាម

សារៈប្រយោជន៍​នៃការ​បញ្ចូល​ឈាម​មានដូចជា ៖

  • ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​បាត់បង់​ឈាម​ឱ្យរួច​ផុតពី​សេចក្ដីស្លាប់
  • ជាអំពើ​មនុស្សធម៌
  • ចេះ​ជួយគ្ន្នា​ក្នុងគ្រា​មានអាសន្ន
  • ជួយចែក​រំលែកគ្នា​ទៅវិញ​ទៅមក
  • កាត់​បន្ថយ​នូវអត្រា​អ្នកស្លាប់​ដោយការ​ខ្វះឈាម

ទាំងនេះ​សុទ្ធសឹង​ជាសារៈ​ប្រយោជន៍​នៃការ​បញ្ចូល​ឈាម។ ដូចនេះ​បុគ្គលម្នាក់ៗ​ត្រូវតែ​មានតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ចែករំលែក​ឈាម​ទៅឱ្យ​ជនរងគ្រោះ(​មនុស្ស)​ដោយការ​ខ្វះឈាម ឬ​បាត់បង់​ឈាម។ សរុប​សេចក្ដីមក ការ​បញ្ចូលឈាម​មាន​សារៈសំខាន់​ណាស់​សម្រាប់បុគ្គល​គ្រប់រូប​ទាំងអស់ មិនថាក្មេង​មិនថាចាស់​ឡើយ ត្រូវតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​បូមឈាម។

ផល​ប៉ះពាល់​នៃការ​បញ្ចូល​ឈាម

នៅពេល​ដែល​បុគ្គលម្នាក់​ផ្ដល់ឈាម​ទៅឱ្យ​បុគ្គលម្នាក់​ផ្សេងទៀត វាមិន​បង្កឱ្យ​មានផល​ប៉ះពាល់​អ្វីទៅដល់​បុគ្គល​(អ្នកផ្ដល់​ឈាម)​នោះទេ ដោយសារ​ក្នុងខ្លួន​របស់​មនុស្ស​មានឈាម​៣៣០មីលីលីត្រ​សម្រាប់​ចែករំលែក ឬ​សម្រាប់​បរិច្ចាគ។ ដូចនេះ​ការ​បញ្ចូលឈាម​ឬបូមឈាម​មិនមាន​ផល​ប៉ះពាល់​អ្វីទៅដល់​សរីរាង្គ​របស់​មនុស្ស ឬ​អ្នកផ្ដល់​ឈាម​នោះទេ។

វិធី​ការពារ​ក្រោយពេល​បញ្ចូល​ឈាម

សុខភាព​របស់​មនុស្ស​ក្រោយពេល​ដែលបាន​បញ្ចូល​ឈាម គួរតែ​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ និង​ទទួលទាន​អាហារ​ឱ្យបាន​ទៀងទាត់។ បើអាច​គួរតែ​ទទួលទាន​អាហារ​មួយចំនួន ដូចជា​សាច់គោ សាច់ជ្រូក សាច់ត្រី បន្លែ ផ្លែឈើ ឬ​ទឹកផ្លែ​ឈើ ជាពិសេស​ត្រូវ​ទទួលទាន​ទឹកឱ្យ​បានច្រើន។ ព្រោះ​អាហារ​ទាំងនេះ​ជួយឱ្យ​សុខភាព​របស់​លោកអ្នក​មាន​សុខភាព​ល្អ មាន​កម្លាំង និង​ឆាប់មាន​ឈាម​ឡើងវិញ។ ក្រោយពេល​ដែលអ្នក​ផ្ដល់ឈាម​ហើយ​មិនចាំបាច់​ទទួលទាន​ថ្នាំអ្វីទេ យកល្អ​គួរតែ​ទទួលទាន​ទឹកឱ្យ​បានច្រើន ព្រោះការ​ទទួលទាន​ទឹក​វាជួយ​ធ្វើឱ្យ​ឈាម​ឆាប់មាន​សារជាថ្មី។

ដំបូន្មាន​របស់​អ្នកប្រឹក្សា

ជាចុង​ក្រោយនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​អាចផ្ដល់​ឈាម សូម​កុំមាន​ការ​ភិតភ័យ និងបារម្ភ​ពីរឿង​បូមឈាម​នេះ ព្រោះមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះគិតថា​ពេលបូម​ឈាម​ធ្វើឱ្យ​ឈាម​មិនអាច​កើតឡើង​សារជាថ្មី និង​បង្កផល​ប៉ះពាល់​ទៅដល់​សុខភាព​ទៀត។ សូម​កុំគិត​យ៉ាងដូច្នេះ មានន័យ​ថាក្រោយពេល​បូម ឬ​បញ្ចូល​ឈាម ឈាមនឹង​កើតមានឡើង​ដោយ​ឯងៗ និងមិន​ប៉ះពាល់​ទៅដល់​សុខភាព​របស់​លោកអ្នក​ទេ។ ត្រង់​ចំណុចនេះ​សូម​លោកអ្នក​ទាំងអស់​មេត្ដា​បំផុស​នូវ​សេចក្ដី​ក្លាហាន​ឡើង ដើម្បី​ជួយ​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​លោកអ្នក​ជួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative