ការ​វះកាត់​ស្បូន

ក្នុង​មួយឆ្នាំៗ​លើ​ពិភពលោក​ទាំងមូល​ស្ដ្រី​ប្រហែល​១០.០០០​នាក់ត្រូវ​ទទួលការ​ព្យាបាល​ដោយ​វះកាត់​ស្បូន។ នេះជា​វិធី​វះកាត់​ពិសេស​មួយដែល​ត្រូវចាត់​បញ្ចូល​ក្នុង​ប្រភេទ​វះកាត់​ធំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើ​ង បានជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេស​ផ្នែក​សម្ភព និង​រោគស្ដ្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​នឹងធ្វើការ​ពន្យល់​អំពី​វិធីវះកាត់​ស្បូន រួមទាំង​ផល​ប៉ះពាល់​ដើម្បីឱ្យ​ស្ដ្រី​គ្រប់រូប​បានយល់ និង​ជ្រាប​ឱ្យកាន់តែ​ច្បាស់​អំពីការ​វះកាត់​ស្បូន។

តើអ្វី​ទៅដែល​ហៅថាការ​វះកាត់​ស្បូន?

គឺជាការ​វះធំ​មួយ​ដើម្បី​កាត់យក​ស្បូន​ចេញពី​ក្នុងពោះ​ដោយ​មូលហេតុ​ផ្សេងៗ។ ការ​វះកាត់ស្បូន​មាន៤​ប្រភេទ​ខុសៗគ្នា ៖

1 . ការ​វះកាត់​ស្បូនចេញ​តែ២ភាគ៣ ដោយ​រក្សាទុក​មាត់ស្បូន។

2 . ការ​វះកាត់​ស្បូនចេញ​ទាំងមូល។

3 . ការ​វះកាត់ស្បូន​ទាំងមូលបូ​កបន្ថែម​ការ​វះកាត់​ដៃស្បូន​ទាំងសង​ខាង។

4 . ការ​វះកាត់​ស្បូនយក​ទាំងឫស​គល់។

របៀប ឬ​បច្ចេកទេស​នៃការ​វះកាត់​ស្បូន

បច្ចេកទេស​វះកាត់​មានបីបែប ៖

1 . ការ​វះកាត់​ដោយ​បើកពោះ​យកដុំស្បូន ៖ បច្ចេកទេស​នេះប្រើ​លើជម្ងឺ​ដុំពកស្បូន ជម្ងឺ​អង់ដូម៉ែតទ្រីយ៉ូ។ ករណី​ជម្ងឺ មហារីក​ស្បូន គេត្រូវ​ប្រើថ្នាំ​សណ្ដំ​ឱ្យអ្នក​ជម្ងឺសន្លប់។

2 . ការ​វះកាត់​យកដុំ​ស្បូនតាម​ទ្វារមាស ៖ បច្ចេកទេស​នេះប្រើ​លើស្បូន​ដែលមាន​ជម្ងឺ​ស្រុតស្បូន និង​ជម្ងឺ​មហារីក​មាត់ស្បូន ដែលទើប​ចាប់ផ្ដើម។ ដើម្បី​ធ្វើការ​វះតាម​គេត្រូវ​ធ្វើប្រើថ្នាំ​សណ្ដំឱ្យសន្លប់ ឬ​ឱ្យស្ពឹក​មួយកំណាត់​ខ្លួន​ចុះក្រោម។

3 . ការ​វះកាត់​តាមទ្វារមាស​គួបផ្សំ​នឹងការ​ចោះពោះ ៖ ដើម្បី​មើលតាម​កញ្ចក់​ទូរទស្សន៍។

ករណី​តម្រូវឱ្យ​ធ្វើការ​វះកាត់​ស្បូន

សម្របតាម​ឯកទេស​នៃការ​តាមដាន និង​ត្រួតពិនិត្យ​ជម្ងឺ នោះមាន​បញ្ហា​៥យ៉ាង​ដែល​គ្រូពេទ្យ​ឯកទេស​តម្រូវឱ្យ​អ្នកជម្ងឺ ទទួលយក​ការវះកាត់​ស្បូន ៖

1 . ជម្ងឺ​ដុំពក​ក្នុងស្បូន​ធ្វើទុក្ខ​(ពិបាក​បត់ជើង​ធំ ពិបាក​នោម មករដូវ​ច្រើន​លើសលប់រយៈពេល​យូរ)

2 . ការ​ហូរឈាម ឬ​ធ្លាក់ឈាម​មិនឈប់​ឈរ​ពីក្នុងស្បូន ដែល​បណ្ដាល​មកពី​មូលហេតុ​ផ្សេងៗនៃ​ជម្ងឺស្បូន ហើយ​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​ស្លេកស្លាំង​ខ្លាំង រហូត​ប៉ះពាល់​ដល់សុខភាព​ទូទៅ។

3 . ជម្ងឺ​អង់ដូម៉ែត​ទ្រីយ៉ូ​កើតលើស្បូ​នដែល​បណ្ដាល​ឱ្យមាន​ការ​ចុកចាប់​ខ្លាំងពេល​មករដូវ​ម្ដងៗ ឈឺ​ចុកចាប់​ក្នុងពោះ​មិន​ឈប់ឈរ ឈឺ​ចុកចាប់​ពេល​រួមរ័ក។ល។

4 .  ជម្ងឺ​ស្រុតស្បូន​ជាជម្ងឺ​ភាគច្រើន​កើត​នៅលើ​ស្ដ្រីវ័យ​ចំណាស់​ដែល​អស់រដូវ​ហើយ​ដែលមាន​កូនច្រើន។

5 . ជម្ងឺ​មហារីក​ភ្នាសស្បូន មាត់ស្បូន និង​ដៃស្បូន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​នៃការ​វះកាត់ស្បូន

  • អាចមាន​ពី១០5​ទៅ១៥5 បើសិន​គ្រូពេទ្យ​វះកាត់​មានការ​ធ្វេសប្រហែស ឬក៏​ស្ថានភាព​ជម្ងឺ​មានភាព​ធ្ងន់ធ្ងរ។
  • សរីរាង្គ​ដែលអាច​ប៉ះពាល់​ច្រើនជាង​គេគឺផ្លូវ​បង្ហូរ​ទឹកនោម ប្លោក​នោម និង​ពោះវៀន ព្រោះ​ជាក្រុម​សរីរាង្គ​ដែលនៅ​កៀកនឹងស្បូ​ន។
  • ការស្ទះ​សរសៃឈាម
  • ការ​ក្លាយ​រោគដោយ​បច្ចេកទេស​វះកាត់​ធ្វើមិនបាន​ស្អាតល្អ​មានឆ្លង​មេរោគ។

តើការ​វះកាត់​ស្បូនអាច​បង្ក​បញ្ហា​ទៅលើ​បញ្ហា​រួមភេទ​ដែរឬទេ?

ចំពោះស្ដ្រី​ដែល​ទទួលការ​វះកាត់​ស្បូន​ត្រូវបាន​ហាម​មិនឱ្យ​រួមភេទ​រយៈពេល​ពី៦ទៅ៨​សប្ដាហ៍។ ចំពោះ​បញ្ហា​ដដែល​នេះគេ អង្កេត​ឃើញថា​ស្ដ្រី១ភាគ៣​ដែល​វះកាត់​ស្បូន​ជួបវិបត្ដិ​មនោសញ្ចេតនា​ពេល​រួមភេទ ១ភាគ៣​ទៀត​ហាក់បី​ដូចគ្មានអ្វី​ប្រែប្រួល និង​១ភាគ៣​ទៀត​ទទួលការ​ប្រសើរ​លើស​ធម្មតា។

ដំបូន្មាន​អ្នកជំនាញ

ចំពោះស្ដ្រី​រាល់រូប​ដែល​ពេញវ័យ​ត្រូវតែ​យកចិត្ដ​ទុកដាក់​លើរាល់​ភាពមិន​ប្រក្រតី​លើសុខភាព​ប្រដាប់​បន្ដពូជ​របស់ខ្លួន​(ស្បូន) ទោះជា​បញ្ហា​ទាំងនោះ​មានភាព​មិនធ្ងន់ធ្ងរ​ក៏ដោយ ព្រោះយើង​មិនអាច​នឹងធ្វើការ​ប៉ាន់ស្មាន​ថាជម្ងឺ​ទាំងនេះ​វានឹង​ក្លាយទៅជា​យ៉ាងនោះ​ទេ។ ដើម្បីឱ្យស្ដ្រី​ទាំងឡាយ​អាចចៀស​ផុតពី​គ្រោះថ្នាក់​ដែល​បណ្ដាល​ពីបញ្ហា​សុខភាព​បន្ដពូជ ត្រូវតែ​ទៅពិគ្រោះ​ជម្ងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាចាំបាច់​បំផុត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative