លី អ៊ីវ៉ាធីណា សម្រស់​ជាជម្រើស​បន្ទាប់​ពីសុខភាព

តារា​ចម្រៀង​ស្រីកូន​កាត់ចិន​ដ៏តូច​ច្រឡឹង​ដែល​កំពុងរះ​ចែងចាំង​គួរឱ្យ​ស្រឡាញ់ និង​ស្ថិត​នៅក្នុង​ដួងចិត្ដ​របស់​យុវវ័យ​ទាំងប្រុស​ទាំងស្រី មានការ​គាំទ្រយ៉ា​ងច្រើន​ពីសំណាក់​មហាជន​នោះគឺ កញ្ញា លី អ៊ីវ៉ាធីណា ដែល​សព្វថ្ងៃ​នេះជាតារា​ប្រចាំ​ផលិតកម្ម អឹម(M)។ ឥឡូវនេះ​ធីណាកំពុង​តែមាន​ការ​មមាញឹក​នឹង​ការងារ​ជាច្រើន ដូចជា​ការ​សម្ដែង និង​ច្រៀង​បទថ្មីៗ​ជាច្រើន​បទ។ ទោះបី​ជាមានការ​មមាញឹក​យ៉ាងណា​ក៏ដោយ ធីណា​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សាសុខភាព និង​សម្រស់​របស់​កញ្ញាដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ធីណា​បាន​ចូលមក​បកស្រាយ​អំពីការ​ថែរក្សាសុ​ខភាព និង​សម្រស់​ជាមួយ​នឹង​ទស្សនាវដ្ដី សុខភាព​យើង ដើម្បី​ប្រាប់ពី​វិធីសាស្ដ្រ​ថែរក្សា​សម្រស់ និងការ​ថែរក្សា​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​ទាំងអស់ ពិសេស​គឺមិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិចូល​សិល្បៈ

កញ្ញា លី អ៊ីវ៉ាធីណា បាន​បញ្ចប់ការ​សិក្សា​នៅក្នុង​ឆ្នាំ២០០៤​នៅសាលា​ចិនលិបឃុន​ត្រឹមថ្នាក់​ទី១០។ គួររម្លឹក​ផងដែរ កាលពី​ចុងឆ្នាំ២០០៣​ធីណា​បានប្រឡូក​ក្នុងវិស័យ​សិល្បៈ​នៅក្នុង​វ័យ១៦ឆ្នាំ។ នៅមុន​ពេលឈាន​ចូលសិល្បៈ​ក្រុមគ្រួសារ​របស់​ធីណាបា​ននាំគ្នា​ទៅទទួល​ទានអាហារ​ពេលល្ងាច​នៅក្នុង​ផ្សារទំនើប​ផាកហ្វេ ហើយ​នៅខាង​មុខផ្សារ​មានការ​ប្រគំ​តន្ដ្រី​ប្រចាំហាង​មីកាឌែន ដើម្បី​កំដរ​អារម្មណ៍​ភ្ញៀវ​ដែលចូល​ទៅក្នុង​ផ្សារ​ផាកហ្វេ ពេលនោះ​ដោយសារ​តែមានការ​ជំរុញ និង​លើក​ទឹកចិត្ដ​ពីគ្រួសារ​ធីណា​ក៏បាន​ឡើងច្រៀង​តែម្ដង។ ដោយសារ​តែមាន​ទឹកដម​សម្លេង​ពីរោះ​ម្ចាស់ហាង​មីកាឌែន​បានសុំ​ជួបជាមួយ​ម្ដាយ​របស់​ធីណា ដើម្បី​សុំឱ្យ​ធីណា ច្រៀង​ប្រចាំ​នៅក្នុង​ហាង​មីកាឌែន​តែម្ដង។ នៅពេល​ដែលធីណា​ច្រៀង​នៅក្នុង​ហាង​បាន​រយៈពេល​ជាង៥ខែ ម្ចាស់​ផលិតកម្ម​រស្មីស្ទឹងសង្កែ​ក៏បាន​មក​ទាក់ទង​ឱ្យធីណា​ចូលច្រៀង​នៅផលិតកម្ម​នៅដើម​ឆ្នាំ២០០៤។ ចំពោះ​បទចម្រៀង​ដំបូង​ដែលល្បី​ក្នុងផលិតកម្ម​ស្ទឹងសង្កែនោះ​ គឺនារីលើវិថី​ស្នេហ៍ ពាក្យ​ស្រឡាញ់​និងពាក្យ​ស្អប់ ដឹង​ដែរ និង​បទអាមួយ​ស្នេហ៍ស្មោះ។ ធីណា​បាន​ច្រៀង​នៅផលិតកម្ម​ស្ទឹងសង្កែ​បាន​រយៈពេល​ជាង២ឆ្នាំ បន្ទាប់មក​ក៏បាន​ទៅច្រៀង​ឱ្យផលិតកម្មស្ទឹងសែន។ នៅក្នុង​បទចម្រៀង​ដែលល្បី​នៅក្នុង​ផលិតកម្ម​ស្ទឹងសែន​នោះគឺ​បទ ទាន់សម័យ​ផងថ្លៃ និង​បទជាច្រើន​ទៀត។ ក្រោយមក​ធីណា​ក៏បាន​ទៅច្រៀង​ឱ្យផលិតកម្ម​យូធូ ចំពោះបទល្បី​បំផុត​នោះ គឺបទ​សុំទោស និង​បទរសើប។ បន្ទាប់​មកទៀត​ធីណា​ក៏បានចូល​ច្រៀង​នៅផលិតកម្ម​ព្រូដាយមិន​(ពឌ) បទដែល​ល្បីនោះ​គឺបទ ស្ដាយ​មិនបាន​ឆ្លើយថា​ស្នេហ៍ និងបទ​លារហូត។ បន្ទាប់​ពីចូល​ច្រៀង​នៅផលិតកម្ម​ព្រូដាយមិន​បានជាង​មួយឆ្នាំ ធីណា​ក៏បានផ្លាស់​ចូលច្រៀង​នៅផលិតកម្ម​អឹម​រហូត​មកដល់​ពេលនេះ​គឺបាន​រយៈពេល​២ឆ្នាំ​ហើយ។ សម្រាប់បទ​ដែល​ទទួលបាន​ការ​គាំទ្រ​ជាងគេ​នោះគឺបទ ឈឺចាប់​ស្របគ្នា ស្នេហ៍អស់​ដង្ហើម និងបទ​ទឹកភ្នែកគ្មាន​តម្លៃជា​ដើម។ សព្វថ្ងៃនេះ​ធីណា​កំពុងតែ​មមាញឹក នឹង​ការងារ​ជាច្រើន ទាំងការ​ច្រៀង​ក៏ដូចជា​ការ​ថតជាខារ៉ាអូខេ​ថ្មីៗ​ឱ្យផលិតកម្ម​អឹម និង​ផលិតកម្ម​នៅក្រៅ​ស្រុក​ផងដែរ។

វិធី​ថែរក្សាស​ម្រស់

ធីណា​មានការ​មមាញឹក​ច្រើន​នឹង​ការងារ ដូចជាថ​តបទថ្មីៗ និងការ​សម្ដែង​នៅតាម​ខេត្ដជាដើម។ តែទោះ​បីជាមាន​ការមមាញឹក​ច្រើន​យ៉ាងណា​ក៏ដោយ​ក៏ធីណា​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សុខភាព​ក៏ដូចជា​ការថែរក្សាស​ម្រស់​របស់​ធីណា​ផងដែរ។ ខាងក្រោម​នេះគឺជា​វិធី​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​កញ្ញា លី អ៊ីវ៉ាធីណា ដែលបាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សាសក់ ៖ ធីណា​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​សរសៃសក់ ដូចនេះ​ការ​ថែរក្សាសក់​ជារៀងរាល់​២ថ្ងៃ ធីណា​តែងតែ​កក់សក់​១ដង ហើយ​នៅមួយ​សប្ដាហ៍​គឺអប់​១ម្ដង។ ធីណា​មិនសូវ​ជាចូលចិត្ដ​លេងពណ៌សក់​ប៉ុន្មាន​នោះទេ។ បើសិន​ជាលាប​ពណ៌ សក់​ច្រើនតែ​ប្រើពណ៌​ធម្មជាតិ ព្រោះ​ពណ៌ធម្មជាតិ​មិនធ្វើ​ឱ្យសក់​ឆាប់ខូច។ អ្វីដែល​ប្រសើរ​ជាងនេះ​នោះគឺ ធីណា​បាន​ជ្រើសរើស​ប្រភេទ​សាប៊ូ​កក់សក់​ដែលមាន​សារជាតិ​ជំនួយ​ដល់សក់ និងសម​ជាមួយ​នឹងស្បែក​ក្បាល និង​សក់​តែម្ដង។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ធីណា​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​ការថែរក្សា​ស្បែក​មុខ ព្រោះ​ស្បែកមុខ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ធីណា។ ធីណា​តែងតែ​ប្រើឡេ​ការពារ​នៅពេល​ថ្ងៃ និង​ពេលយប់ ដើម្បី​ឱ្យស្បែកមុខ​មាន​សំណើម​គ្មានមុន។ នៅពេល​ដែល​ចេញទៅក្រៅ​ម្ដងៗ ធីណា​មិនដែល​ភ្លេចឡើយ​ចំពោះ​ការ​ប្រើឡេ​ការពារ​ពន្លឺថ្ងៃ។ ពេលដែល​សម្ដែង​ចប់ ធីណាតែងតែ​យក​ទឹកបាញ់​មុខហើយ​នឹងយក​កន្សែង​ស្អាត​ប្រើសម្រាប់​ជូតម្សៅ​ចេញភ្លាមៗ ដើម្បី​ការពារ​កុំឱ្យ​កើតមុន​ខ្សាច់។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ធីណា​មិនសូវ​ជាយកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​ស្បែកដង​ខ្លួនប៉ុន្មាន​នោះទេ ដោយ​គ្រាន់តែ​នៅពេល​ដែល​ងូតទឹក​ធីណា​ធ្វើការ​លាងជម្រះ​ខ្លួន​ដោយ​សាប៊ូសម្លាប់​មេរោគ បន្ទាប់​ពីលាង​ជម្រះ​ខ្លួនហើយ ធីណា​បានប្រើ​ឡេការពារ​កម្ដៅថ្ងៃ និងផ្ដល់​ជាតិសំណើម​ដល់ស្បែក​តែប៉ុណ្ណោះ។
  • ការ​ថែរក្សា​ធ្មេញ ៖ ចំពោះ​សុខភាព​មាត់ធ្មេញ​ធីណា​មិនដែល​ធ្វេសប្រហែស​ឡើយ ហើយ​ជារៀងរាល់​៦ខែ​ធីណា​តែងតែ​ទៅពេទ្យ​ធ្មេញ ដើម្បី​ធ្វើការ​ពិនិត្យ​មាត់ធ្មេញ​ជាប្រចាំ ជាពិសេស​នៅពេល​ដែលមាន​បញ្ហា​សុខភាព​មាត់ធ្មេញ។ ធីណា​តែងតែ​ធ្វើការ​សម្អាតធ្មេញ​ពីរទៅ​បីដង​ក្នុងមួយ​ថ្ងៃ ពេលព្រឹក ថ្ងៃ និង​មុនពេល​ចូលគេង។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​ការថែរក្សា​ភ្នែក​ធីណា​មិនសូវ​ជាយកចិត្ដ​ទុកដាក់​ប៉ុន្មាន​ទេ ប៉ុន្ដែធីណា​ក៏មិនដែល​ធ្វេស​ប្រហែស​ឡើយ នៅក្នុង​រវាង៦ខែ​ឬ១ឆ្នាំ​តែងតែ​ទៅពិនិត្យ​១ដង ជាពិសេស​នៅពេល​មាន​អារម្មណ៍​ថាភ្នែក​មានបញ្ហា។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះ​ចិញ្ចើម​ធីណា​មិនសូវ​ជាយកចិត្ដទុ​កដាក់​ថែរក្សា​ឱ្យបាន​ដិតដល់​នោះទេ ព្រោះ​ចិញ្ចើម​របស់​ធីណា​ក្រាស់​ស្រាប់។ នៅពេល​ដែលសម្ដែង​ធីណា​គ្រាន់តែ​យកខ្មៅដៃ​គូសចិញ្ចើម​បន្ដិចៗ​តែប៉ុណ្ណោះ។ ចំពោះ​ការកោរ​ចិញ្ចើម ធីណា​មិនសូវ​ជាកោរ​ញឹកញាប់​ពេកនោះ​ទេ តែបើ​កោរគឺកោរ​នៅពេល​ដែល​ចាំបាច់​តែប៉ុណ្ណោះ។ បើ​និយាយ​ចំពោះ​រោមភ្នែក​ធីណា​មិនសូវ​លាប​ម៉ាស្ការ៉ា​ច្រើនពេក​នោះទេ ហើយ​នៅពេល​ដែល​សម្ដែង​ចប់ធីណា​តែងតែ​ធ្វើការ​សម្អាត​រោមភ្នែក ដោយ​ជូត​ម៉ាស្ការ៉ា​ចេញ ដើម្បី​ការពារ​កុំឱ្យរោមភ្នែក​ជ្រុះ។ ចំពោះ​បបូរមាត់ ធីណាមិន​ចូលចិត្ដ​លាបក្រេម​នោះទេ លើកលែង​តែពេល​សម្ដែង ទើប​ធីណាលាប​ហើយ​ច្រើនតែ​ប្រើពណ៌​ស្រាលៗ។
  • ការ​ថែរក្សា​ក្រចកដៃ ក្រចក​ជើង ៖ ធីណា​មិន​ចូលចិត្ដ​លាបពណ៌​ក្រចក​នោះទេ ព្រោះ​ខ្លាច​ធ្វើឱ្យ​ក្រចក​ខូច។ នៅក្នុង​មួយសប្ដាហ៍​ធីណា​ធ្វើការ​សម្អាត​ក្រចកដៃ និង​ក្រចកជើង​យ៉ាង​ហោចណាស់​៣ដង​នៅក្នុង​មួយសប្ដាហ៍ ដូចជា​ការកាត់​សាច់ និងកាត់​តម្រឹម​ក្រចក​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 

ការ​ថែរក្សា​សុខភាព​រាងកាយ

ធីណា​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការ​ទទួលទាន​ដំណេក ព្រោះការ​ទទួលទាន​ដំណេក​គឺមាន​សារៈសំខាន់​ណាស់ ចំពោះ​ធីណា។ ចំណែក​ឯការ​ទទួលទាន​អាហារ​វិញ ធីណា​តែងតែ​កំណត់​ពេល​នៅក្នុង​ការ​ទទួលទាន​អាហារ​ជានិច្ច។ ធីណាមិន​ចូលចិត្ដ អាហារ​ផ្អាប់​ហើយស្អុយ​នោះទេ។ ទោះបីជា​មានភាព​មមាញឹក​យ៉ាងណា​ក៏ដោយ ធីណា​តែងឆ្លៀត​ពេល​ធ្វើលំហាត់​ប្រាណ។ កីទ្បា ដែល​ធីណា​ចូលចិត្ដ​លេងជាងគេ​នោះ គឺ​កីទ្បា​ហែលទឹក។

គោល​បំណង​ទៅថ្ងៃ​អនាគត

ក្រៅពី​អាជីព​ជាអ្នក​ចម្រៀង ធីណា​មិនទាន់​គិតគូរ​ឬបង្កើត​មុខរបរ​អ្វីផ្សេង​នោះទេ ធីណា​នឹង​នៅច្រៀង​កំដរ​អារម្មណ៍ ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​រូបនាង​ជារៀងរហូត។

បណ្ដាំ​ផ្ញើ

សុភាពនារី​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សម្រស់ និង​សុខភាព​ឱ្យបាន​ល្អ។ នៅពេល​ដែល​វិលត្រឡប់​មក ពីកម្មវិធី​អ្វីមួយ​ត្រូវតែ​ប្រញាប់​ធ្វើការ​លាង​សម្អាត​មុខឱ្យ​បានស្អាត ដើម្បី​ចៀសវាង​ការ​កើតមាន​បញ្ហា​ចំពោះ​ស្បែកមុខ។ ជាពិសេស​គឺ ត្រូវ​គិតគូរ​ពីសុខភាព​ឱ្យបាន​ច្រើន​ទើបជាការ​ប្រសើរ ហើយ​អ្វីដែល​ល្អបំផុត​នោះគឺការ​ធ្វើ​លំហាត់ប្រាណ​យ៉ាងហោច​ណាស់​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​១០នាទី​ទើបជាការ​ល្អ។

ខាង​លើនេះ​គឺជាយល់​ឃើញ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា លី អ៊ីវ៉ាធីណា តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដបាន​ហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ លី អ៊ីវ៉ាធីណា
  • អាយុ ៖ ២៤ឆ្នាំ
  • ថ្ងៃខែឆ្នាំ​កំណើត ៖ ១៩ កុម្ភៈ ១៩៨៧
  • កម្ពស់ ៖ ១,៥៧សង់​ទីម៉ែត្រ
  • ទម្ងន់ ៖ ៤៣​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ២៦ ២៧ ៣០
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • បងប្អូន ៖ ២នាក់ ស្រីទាំង​២(ជាកូនពៅ)
  • អាជីពនាពេល​បច្ចុប្បន្ន ៖ តារា​ចម្រៀង
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

 

Google Analytics Alternative