វិធី​សាស្ដ្រ​ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី

មេហ្ស៉ូ​តេរ៉ាពី​ជាចំណុច​សំខាន់​មួយនៃកា​រ​ព្យាបាល ដែលអាច​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន​នៅលើផ្ទៃ​មុខ និង​ដងខ្លួន ដូចជា​ព្យាបាល​នូវភាព​ស្រអាប់​នៃស្បែក ពណ៌​ជាំខ្មៅ​នៃស្បែក ភាព​ជ្រីវជ្រួញ​បណ្ដាល​មកពី​អាយុ​កាន់តែ​ច្រើន​របស់​បុគ្គលម្នាក់ៗ ធ្វើឱ្យ​ស្បែក​មាន​សភាព​តឹងរលោង និង​បន្ថយនូវ​ស្រទាប់​ខ្លាញ់​នៅបរិវេណ​ជុំវិ​ញពោះ ចង្កេះ ចង្កា និងភ្លៅ​ជាដើម។ វាជា​វិធីសាស្ដ្រ​វេជ្ជសាស្ដ្រ ទំនើប​ដែល​ពុំវះកាត់ គ្មាន​ស្នាមរបួស ឬ​បញ្ហា​ឆ្លងរោគ​ផ្សេងៗ​ឡើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា ឯកទេស​វះកាត់​កែសម្ផស្ស​នៃបន្ទប់​ពិគ្រោះ Pearl Medical Cabinet ពន្យល់​អំពី​វិធីសាស្ដ្រ​ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី ដើម្បី​លោកអ្នក​នាងកញ្ញា​បាន​យល់កាន់តែ​ច្បាស់។

តើ​អ្វីទៅជា​មេហ្ស៉ូតេរ៉ាពី?

មេហ្ស៉ូ​តេរ៉ាពី​ជាវិធី​សាស្ដ្រ​ដែលអាច​ព្យាបាល​នូវផ្នែក​ណាមួយ​នៃ​រាងកាយ​ដោយ​ចាក់បញ្ចូល​នូវ​សារជាតិ​ពិសេស ដូចជា​វីតាមីន សារជាតិ​រ៉ែខនិជ និងជាតិ​អាមីណូអាស៊ីត ដោយ​ម្ជុល​តូចឆ្មារៗទៅ​ក្នុង​ស្រទាប់​ក្រោមស្បែក។ ការ​បំបាត់​ខ្លាញ់​ដោយ​មេហ្ស៉ូតេរ៉ាពី ជាវិធី​សាស្ដ្រ​ដែល​ពេញនិយម​បំផុត ដែលអាច​ជំនួសការ​វះកាត់​បំបាត់​ខ្លាញ់​ក្នុង​ករណី​ដុំខ្លាញ់​មាន​ទំហំល្មម ជាពិសេស​នៅក្រោម​ចង្កេះ និង​បរិវេណភ្លៅ​។ វិធី​សាស្ដ្រនេះ​អាចជួយ​ឱ្យបំបាត់​នូវការ​កកនូវ​ស្រទាប់ខ្លាញ់​ក្រោម​ស្បែក ជួយ​សម្រក​ទម្ងន់ និង​ព្យាបាល​ស្បែក​នៅពេល​មានអាយុ​ច្រើន។ ការ​ស្រកចុះស្គម​ឃើញមាន​សរសៃដៃ ក៏អាច​ព្យាបាល​បំបាត់​ដោយវិធី​នេះដែរ។

វិធី​សាស្ដ្រ​ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី

វិធី​សាស្ដ្រ​ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី​អាច​ព្យាបាល​នៅតាម​ផ្នែក​មួយចំនួន​នៃ​រាងកាយរ​បស់​លោកអ្នក។ ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​ខ្លះៗ​នៃការ​ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី ៖

  • មេហ្ស៉ូ​តេរ៉ាពី​អាច​ព្យាបាល​បំបាត់​ខ្លាញ់ ៖ មេហ្ស៉ូ​តេរ៉ាពី​ព្យាបាល​លើកត្ដា​៣សំខាន់​ក្នុងការ​កកើត​ជាស្រទាប់​ខ្លាញ់។ វេជ្ជបណ្ឌិត​ឯកទេស​នឹង​រៀបចំ​នូវ​រូបមន្ដ​ថ្នាំពិសេស​ដើម្បី​ព្យាបាល​នូវ​បញ្ហាទាំងនេះ ដែល​ក្នុងនោះ​ជួយ​សម្រួល​ចលនា​បង្ហូរ​ឈាម ទឹក រងៃ និង​បំបែក​ស្រោម​ស្រទាប់​នៃកោសិកា​ខ្លាញ់​នានា​នូវការ​បញ្ចេញ​មកក្រៅ​នៃកោសិកា​ខ្លាញ់​ទាំងនោះ។ មេហ្ស៉ូតេរ៉ាពី​អាច​ព្យាបាល បំបាត់​រាល់ទីតាំង​នៃការ​កកស្រទាប់​ខ្លាញ់​លើរាងកាយ។
  • មេហ្ស៉ូតេរ៉ាពី​អាច​ព្យាបាល​បញ្ហា​ស្បែក ៖ ការ​ចាក់បញ្ចូល​នូវ​វីតាមីន​ដែល​ត្រូវការ​ទៅក្រោម​ស្រទាប់​ស្បែក​នឹងជួយ​ឱ្យ​កោសិកា​ទទួល​នូវការ​រីកចម្រើន​លូតលាស់ ជួយ​ជំរុញឱ្យ​បង្កើត​នូវជាតិ​កូឡាហ្សែន និង​អេឡាស្ដីង។ រាល់​បុគ្គលម្នាក់ៗ​អាច​ចាប់ផ្ដើម ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី ដើម្បី​ការពារ​កុំឱ្យកើត​នូវស្នាម​ជ្រួញ​លើស្បែក នៅពេល​អាយុ​ពីពាក់​កណ្ដាល​២០ឆ្នាំ​ឡើងទៅ។

លទ្ធផល​នៃការ​ព្យាបាល​អាស្រ័យ​ទាំងស្រុង​លើបុគ្គល​ម្នាក់ៗ និងបញ្ហា​នីមួយៗ ដែល​ទទួលនូវ​ការ​ព្យាបាល។ ជាទូទៅ​លោកអ្នក​អាចសម្គាល់​នូវ​លទ្ធផល​ក្រោយ​ការព្យាបាល​ពី២ទៅ​៣ដង ដោយ​ហេតុ​ថាកោសិកា​ត្រូវការ​នូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​លូតលាស់។ ក្នុង​លក្ខណៈ​ខ្លះ លទ្ធផល​អាចសម្គាល់​ឃើញ​ចាប់តាំង​ពីការ​ព្យាបាល​ដំបូងម្ល៉េះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សារៈ​ប្រយោជន៍​នៃមេហ្ស៉ូតេរ៉ាពី

មេហ្ស៉ូតេរ៉ាពី​ក្នុងការ​ព្យាបាល​បំបាត់​ខ្លាញ់​គឺពុំត្រូវ​ការ​សម្រាក​នៅគ្លីនិក ឬ​ពេលឈប់​សម្រាក​ពីការងារ​ឡើយ។ មេហ្ស៉ូតេរ៉ាពី គឺ​ព្យាបាល​ដោយចំ​នៅលើ​ទីតាំង​ស្រទាប់​ខ្លាញ់​ណាមួយ​ពិតប្រាកដ។ ស្រទាប់​ខ្លាញ់​ដែលត្រូវ​បំបាត់​គឺពុំ​កើតឡើង​វិញឡើយ។ លើសពីនេះ​ទៀត​មេហ្ស៉ូតេរ៉ាពី​ជួយ​ធ្វើឱ្យ​ស្បែក​មានសភាព​ស្មើ តឹង​រលោង​ថែមទៀត។ ជាពិសេស​កោសិកា​ស្បែកមុខ​ដែល​លូតលាស់​ក្រោយ ពីការ​ផ្ដល់នូវ​សារធាតុ​ចាំបាច់​ហើយ​មានសភាព​ថ្លា។ មេហ្ស៉ូតេរ៉ាពី​ត្រូវបាន​ព្យាបាល​និងបាន​ប្រើប្រាស់​យ៉ាង​ទូលាយ​ក្នុងការ​ព្យាបាល​កែសម្ផស្ស។ មានបញ្ហា​ជាច្រើន​ដែលអាច​ព្យាបាល​ដោយ​ជោគជ័យ​តាមរយៈ​មេហ្ស៉ូតេរ៉ាពី​នេះ ដូចជា​បញ្ហា​ជម្ងឺមុន ផលវិបាក​មុនការ​បំបាត់​ស្រទាប់​ខ្លាញ់ក្រោម​ស្បែក ស្នាម​ជ្រីវជ្រួញ​នៃស្បែក និង​ពណ៌​ស្រអាប់​នៃស្បែក។ ដោយ​មានជំនួយ​ពីការ​ជំរុញ​លើស្បែក​ដែលមាន​ក្នុងប្លាកែត​(PRP) ត្រូវបាន​ប្រើប្រាស់​សម្រាប់​ធ្វើឱ្យ​ស្បែកមាន​សភាព​ស្រស់​បំព្រង​ភ្លឺថ្លា និង​ក្មេងជាង​វ័យ។

លទ្ធផល​ដែល​ទទួលបាន​គឺស្ថិតនៅ​ជាយូរ​អង្វែង បើសិនជា​លោកអ្នក​អនុវត្ដ​នូវកីឡា​ជាប្រចាំ ជាពិសេស​ទទួលទាន​នូវចំណីអាហារ​ដែលត្រឹ​មត្រូវ។ ប៉ុន្ដែ​មនុស្ស​គ្រប់រូប​មិនអាច​បញ្ឈប់​នូវការ​វិវឌ្ឍន៍​នៃអាយុ និង​ភាពចាស់​នៃខ្លួន​បានឡើយ។ ដូចនេះ​លោកអ្នក​ត្រូវការ​ព្យាបាល​ជាបន្ដ ដើម្បី​រក្សា​ឱ្យបាន​យូរអង្វែង​នូវលទ្ធផល​ដែល​លោកអ្នក​ទទួលបាន។

ផល​ប៉ះពាល់​នៃការ​ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី

បុគ្គលម្នាក់ៗ​អាចមាន​អារម្មណ៍​ថាឈឺចាប់​បន្ដិចបន្ដួច​ឬក្ដៅ​ឆៀបៗ ពេល​ចាក់បញ្ចូល​ថ្នាំនីមួយៗ ប៉ុន្ដែការ​ឈឺចាប់​នេះគឺមាន​លក្ខណៈ​បន្ដិចបន្ដួច​អាច​ទ្រាំទ្រ​បានដោយ​គ្មានបញ្ហា​អ្វីធំដុំ​ឡើយ។ វេជ្ជបណ្ឌិត​ឯកទេស​នឹងផ្ដល់​ថ្នាំស្ពឹក​លាបលើ​ស្បែក ដើម្បីប​ន្ថយនូវ​អារម្មណ៍​ឈឺចាប់​ទាំងនេះ។ ចំពោះ​ផលវិបាក​មានតែ​មួយគត់​របស់​មេហ្ស៉ូតេរ៉ាពី គឺការ​ឈឺចាប់ រមាស់ ពិសេស​ក្នុងការ​ព្យាបាល​បំបាត់​ខ្លាញ់​ក្រោមស្បែក ប៉ុន្ដែ​បញ្ហា​ទាំងនេះ​នឹងបាត់​ទៅវិញ​នៅក្នុង​រយៈពេល​១សប្ដាហ៍។

វិធី​ការពារ​នៅក្រោយ​ពេល​ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី

ចំពោះ​វិធីការពារ​និងការ​តមចំណី​អាហារ គឺ​អាស្រ័យ​ទៅលើ​បញ្ហា​របស់​លោកអ្នក ដែល​វេជ្ជបណ្ឌិត​ព្យាបាល​ធ្វើការ​ជម្រាប ជូនដល់​អតិថិជន​មុនពេល​ទទួលការ​ព្យាបាល។ ជាទូទៅ​អតិថិជន​ត្រូវបាន​ហាមឃាត់​មិនឱ្យ​លាបម្សៅ ឬ​សារធាតុ​សម្អាត​ផ្សេងៗទៀត ក្រោយ​៤ម៉ោង​នៃការ​ព្យាបាល និង​ហាម​ងូតទឹក​ក្នុងកំឡុង​៦ម៉ោង​ក្រោយការ​ព្យាបាល។ ក្នុងការ​ព្យាបាល​បំបាត់​ខ្លាញ់ អ្នកជម្ងឺ​ត្រូវ​ទទួលទាន​ទឹកឱ្យ​បានច្រើន​ពី២​ទៅ៣លីត្រ និង​លេងកីឡា​ដើម្បី​ជំរុញ​ដល់ការ​បញ្ចេញ​ខ្លាញ់​ទាំងនេះ។

ដំបូន្មាន​អ្នក​ជំនាញ

វិធី​សាស្ដ្រ​មេហ្ស៉ូតេរ៉ាពី​នេះ អាច​ត្រូវព្យាបាល​បំបាត់​ខ្លាញ់​នៅក្រោម​ចង្កា ដើម​ដៃ បរិវេណ​ពោះ ភ្លៅ និង​កន្លែង​ខាងក្រោយ​ចង្កេះ។ លើសពីនេះ​ទៅទៀត​មេហ្ស៉ូតេរ៉ាពី​អាចជួយ​ឱ្យស្បែក​មានសភាព​រលោង តឹង ភ្លឺថ្លា នៅលើ​មុខ និង​ក។ នៅប្រទេស​អឺរ៉ុប រាល់​បុរស​ស្ដ្រី​ចាប់ផ្ដើម​ទទួល​នូវការ​ព្យាបាល​ដោយ​មេហ្ស៉ូតេរ៉ាពី​នេះតាំងពី​អាយុ​៣០ឆ្នាំ ដើម្បីប​ន្ថយនូវ​ភាពចាស់​លើផ្ទៃមុខ និង​ដងខ្លួន ។ ប៉ុន្ដែ​មេហ្ស៉ូតេរ៉ាពី​អាច​ព្យាបាល​បាននូវ​គ្រប់​ដំណាក់​កាលនៃអា​យុ។ ដើម្បីឱ្យ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់ និងចៀស​ផុតពី​ការ កើតមាន​បញ្ហា​ផ្សេងៗ លោកអ្នក​ត្រូវតែ​ស្វែង​រកកន្លែង​ដែលមាន​គុណភាព​ខ្ពស់ និងមាន​អនាម័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative