ផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​សាប៊ូ​ដុសខ្លួន​លាយឡំ​គ្នា

ជាការពិត​គ្រួសារ​មួយចំនួន​តែងតែ​ប្រើប្រាស់​នូវសាប៊ូ​ដុសខ្លួន​លាយឡំ​គ្នា ដោយ​ពុំបាន​គិតថា​នឹងមាន​ផល​ប៉ះពាល់​ចំពោះ​ស្បែក​នោះទេ។ ការ​ប្រើប្រាស់​សាប៊ូ​ដុសខ្លួន​លាយឡំគ្នា​ផ្ដល់នូវ​ផល​ប៉ះពាល់​ជាច្រើន​ដល់​ស្បែក ជាពិសេស​នៅពេល​ដែល​លោកអ្នក​មិនបាន​យល់ច្បាស់​អំពី​ប្រភេទ​សាប៊ូ សារៈប្រយោជន៍​របស់​សាប៊ូ និង​គុណវិបត្ដិ​របស់​សាប៊ូ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា​សម្ផស្ស នៃ​សម្អាងការ​លុច្ស ដើម្បី​ពន្យល់​អំពីផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នា។

សារៈ​ប្រយោជន៍​នៃការ​ប្រើប្រាស់​សាប៊ូ

សាប៊ូ​ដុសខ្លួន​មានច្រើន​តម្រូវ​ទៅតាម​ប្រភេទ​ស្បែក និង​តាមក្លិន។ សាប៊ូ​មាន​តួនាទី​ធ្វើឱ្យ​ស្បែក​រលោង ភ្លឺចាំង ហើយ​ប្រភេទ​សាប៊ូខ្លះ​ធ្វើឱ្យ​ស្បែកទន់ ស្បែកម៉ដ្ដ។ ចំណែកឯ​ប្រភេទ​សាប៊ូ​ខ្លះទៀត​ធ្វើឱ្យ​ស្បែកមាន​សំណើម ការពារ​កម្ដៅថ្ងៃ និង​ជួយ​សម្អាត​ក្អែល​បានទៀត​ផង។ លោកអ្នក​នឹង​ទទួលបាន​សារៈប្រយោជន៍​ទាំងនេះ បើ​លោកអ្នក​ជ្រើសរើស​សាប៊ូ​ត្រូវនឹង​ប្រភេទ​ស្បែក។ អ្វីដែល​ពិសេស​ជាងនេះ​គឺសាប៊ូ​អាច​ការពារ​ការឆ្លង​ជម្ងឺផ្សេងៗ ដូចជា​ជម្ងឺសើស្បែក​ជាដើម ប្រសិនបើ​ប្រើប្រាស់​តាមការ​ណែនាំ​របស់​អ្នកជំនាញ​ថែរក្សា​ស្បែកបាន​ត្រឹមត្រូវ។

ផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នា

ការ​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នាផ្ដល់​មកវិញ​នូវផល​ប៉ះពាល់​ជាច្រើន​ដល់ស្បែក ដូចជា​ធ្វើឱ្យ​ស្បែកឡើង​នូវកន្ទួល​រមាស់ ខ្មៅស្រអាប់ ស្បែក​ប្រតិកម្ម និងងាប់​កោសិកា​ស្បែក។ ហើយ​កត្ដា​ដែល​សំខាន់នោះ​គឺបើសិន​ជានរណា​ម្នាក់​កើតរោគ​សើស្បែក អាច​ឆ្លងនៅពេល​ដែល​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នា។

វិធី​ការពារ​ស្បែក

មុននឹង​លោកអ្នក​ជ្រើសរើស​សាប៊ូ លោកអ្នក​ត្រូវធ្វើការ​ពិនិត្យស្បែក​ជាមុន​សិន ដើម្បី​ឱ្យដឹងថា​តើស្បែក​របស់​លោកអ្នក​ត្រូវ​ប្រើប្រាស់​សាប៊ូ​ប្រភេទណា ហើយត្រូវ​ជ្រើសរើស​សាប៊ូ​ដែលមាន​គុណភាព​ខ្ពស់។ ត្រូវតែ​ចៀសវាង​ការ​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នា ព្រោះនាំឱ្យ​ងាយនឹង​ឆ្លងមេរោគ​ផ្សេងៗ ហើយ​ម្យ៉ាងទៀត​ដើម្បីឱ្យ​ស្បែកស្អាត លោកអ្នក​មិនគួរ​ទិញនូវ​សាប៊ូ​ដែលមាន​ជាតិគីមី បំផ្លាញ​ស្បែកនោះ​ទេ។ ចំណុចដែល​សំខាន់​លោកអ្នក​ដែលមាន​ស្បែក​ប្រតិកម្ម​ជាមួយ​នឹងសាប៊ូ ត្រូវទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ថែរក្សា​ស្បែក​ឱ្យបាន​ទាន់ពេល​វេលា ដើម្បី​រកវិធី​ព្យាបាល និង​ការពារ។ ហើយត្រូវ​បញ្ឈប់ការ​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នា។

ដំបូន្មាន​អ្នក​ជំនាញ

ស្បែក​ស្រស់ស្អាត​ភ្លឺរលោង​ជាបំណង​ប្រាថ្នា​សម្រាប់​លោកអ្នក​គ្រប់រូប។ ដូច្នេះ​ដើម្បី​ការពារ​ស្បែក​កុំឱ្យខូច លោកអ្នក​គួរតែ ជ្រើសរើស​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ហើយ​ត្រូវតែ​វិភាគ​ចំពោះ​សាប៊ូ​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ការ​ជ្រើសរើស​ផលិត ផល​ខុស។ ត្រូវ​ប្រើប្រាស់​សាប៊ូ​ដាច់ដោយ​ឡែក​ពីអ្នកដទៃ ដើម្បី​ការពារ​ការឆ្លង​ជម្ងឺផ្សេងៗ ត្រូវ​ធ្វើការ​ពិនិត្យ​ស្បែក​ជាមុនសិន មុនពេល​ជ្រើសរើស​នូវផលិតផល​អ្វីមួយ​មកប្រើ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative