បើក​វគ្គ​បណ្ដុះបណ្ដាល​ភាព​ជាដៃគូ ដើម្បី​សុវត្ថិភាព​ឆ្លើយតប​មេរោគ​អេដស៍ និងជម្ងឺអេ​ដស៍

មេរោគ​អេដស៍ និង​ជម្ងឺអេដស៍​គឺជា​ប្រភេទ​ជម្ងឺមួយ​ដែលបាន​នឹងកំពុង​មាន​វិធានការ​ការពារ និង​ទប់ស្កាត់​យ៉ាង​ម៉ឺងម៉ាត់ ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ស្រប​ជាមួយ​នេះដែរ នៅ​ស្នងការ​នគរបាល​ខេត្ដបន្ទាយ​មានជ័យ​មានបើក​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​ដៃគូ ដើម្បី​សុវត្ថិភាព​ឆ្លើយតប​មេរោគអេដស៍​និងជម្ងឺ​អេដស៍​ដល់​សិក្ខាកាម និង​មន្ដ្រីនានា ដែលបាន​ចូលក្នុង​វគ្គបណ្ដុះ​បណ្ដាល​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ដ ព្រឹកថ្ងៃទី​១៨ កក្កដា​កន្លងមក​មានបើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពីភាព​ជាដៃគូ​សហគមន៍​ដើម្បី​សុវត្ថិភាព​ឆ្លើយតប​មេរោគ​អេដស៍ និងជម្ងឺ​អេដស៍ ដែលមាន​រយៈពេល​៥ថ្ងៃ ចាប់ពី​ថ្ងៃទី១៨​ទៅដល់២៣​កក្កដា និង​រៀបចំឡើង​ដោយ​លេខាធិការ​ដ្ឋាន​អេដស៍ ក្រសួង​មហាផ្ទៃ និង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ដបន្ទាយ​មានជ័យ។ វគ្គ​បណ្ដុះ​បណ្ដាល​នេះមាន​ការ​សហការ និង​គាំទ្រ​ពីទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ(USAID) តាម​រយៈគម្រោង​ប្រសិទ្ធ​(Prasit) និង​អង្គការ​សហ​ប្រជាជាតិ សម្រប​សម្រួល​ការងារ​អេដស៍​ប្រចាំ​កម្ពុជា (UNAID).

ពិធីនេះ​ប្រព្រឹត្ដ​ទៅក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍ទោ ប៉ែល វិបុល ទី​ប្រឹក្សាលោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង អនុ​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​ជាប្រធាន​លេខាធិការ​ដ្ឋានអេដស៍​ក្រសួង​មហាផ្ទៃ លោក​វេជ្ជបណ្ឌិត ទា ផល្លា អនុប្រធាន​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ជម្ងឺអេដស៍ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពីស្នងការ-ស្នងការរង​អធិការ-អធិការរង នាយ-នាយរង​ការិយាល័យ នាយ-នាយរង​ផ្នែក នាយ-នាយរង​ប៉ុសិ៍្ដ មន្ដ្រី​ប៉ុសិ៍្ដ ជាសិក្ខាកាម​ចូលរួម​ចំនួន៤៦នាក់។

លោក​ឧត្ដមសេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល​ខេត្ដបន្ទាយ​មានជ័យ​បានឡើង​ថ្លែងសុន្ទរកថា​ស្វាគមន៍ និង​រាយការណ៍ ពី​លទ្ធផល​ដែល​សម្រេចបាន​រាល់ការងារ​ទប់ស្កាត់​បង្ការ បង្ក្រាប និង​សកម្មភាព​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន។

លោក​ឧត្ដមសេនីយ៍​ទោ ប៉ែន វិបុល និងលោក​វេជ្ជបណ្ឌិត ទា ផល្លា បាន​បញ្ជាក់​ថា វគ្គបណ្ដុះ​បណ្ដាល​នេះមាន​គោល​បំណង បង្កើនការ​យល់ដឹង​ទាក់ទង​នឹង​មេរោគអេដស៍ និង​ជម្ងឺអេដស៍ ព្រមទាំង​ផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​បំពាន​គ្រឿងញៀន និង​យល់ដឹងពី​ច្បាប់​អេដស៍ ច្បាប់​គ្រឿងញៀន និងច្បាប់​ប្រឆាំង​ការជួយ​ដូរមនុស្ស និង​កាពារ​អនីតិជន និង​ដើម្បី​យល់ដឹង​ច្បាស់​ពីតួនាទី​ភារកិច្ច របស់​កងកម្លាំង​នគរបាលជាតិ​ក្លាយជា​កម្លាំង​ចលករ​សហគមន៍ ដើម្បីធានា​ឱ្យមាន​សុវត្ថិភាព​សង្គមកុ្នងការ​ឆ្លើយតប និង​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍។

កម្មវិធី​នេះគឺជា​ការ​សាកល្បង​លើកទី១​នៅក្នុង​ខេត្ដ ដោយជួយ​បង្កើន​បរិយាកាស​ឱ្យកង​កម្លាំង​នគរបាលជាតិ​ក្នុងការ​កំណត់ ពីតំបន់​ចម្លង​ព្រមទាំង​បង្ហាញ​ពីហេតុផល​ល្អៗ​ដល់ថ្នាក់​ដឹកនាំ​ពីការ​ផ្ដោតទៅលើ​ក្រុម​ប្រជាជន​ប្រឈមមុខ​ខ្ពស់ និង​កម្មវិធី​ដែលកាត់បន្ថយ​ការចម្លង​ថ្លីៗ ការ​វិវឌ្ឍន៍​កម្មវិធី​បង្ការ​គឺផ្ដ់ោតលើ​តំបន់​គោលដៅ ជាពិសេស​ទីក្រុងធំ និង​ធានា​ឱ្យបាន​នូវកម្មវិធី​បង្ការ​ដែលមាន​គុណភាព​ខ្ពស់ និងមាន​ប្រសិទ្ធភាព។

លោក​វេជ្ជបណ្ឌិត ទា ផល្លា បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​ខិតខំ​យកចិត្ដ​ទុកដាក់​ស្ដាប់​គ្រូបង្គោល ដើម្បី​ឱ្យការ​អនុវត្ដ​ការបង្ការ​ជម្ងឺអេដស៍​សម្រេចបាន​តាម​អនុសាសន៍របស់​ប្រមុខរដ្ឋាភិបាល​សម្ដេច​អគ្គមហាសេនាបេតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជា​ណាចក្រកម្ពុជា​ដែលបាន​ដាក់ឱ្យ​អនុវត្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative