របួស​វះកាត់ និង​រោគមុន

ជម្រាបសួរ​លោក​វេជ្ជបណ្ឌិត។ ខ្ញុំ​ធ្លាប់បាន​ឃើញ​លោក​វេជ្ជបណ្ឌិត​ជាញឹកញាប់​នៅលើ​កញ្ចក់​ទូរទស្សន៍​ស្ទើរតែគ្រប់​ប៉ុស្ដិ៍។ ខ្ញុំ​ចូលចិត្ដ​កិច្ចសម្ភាសន៍​របស់​លោកខ្លាំង​ណាស់ ជាពិសេស​ខ្ញុំមាន​ចំណាប់​អារម្មណ៍​លើបញ្ហា​សុខភាព​ជាខ្លាំង។ ខ្ញុំឧស្សាហ៍​អានសៀវភៅ ទស្សនាវដ្ដី សុខភាពយើង របស់​លោកវេជ្ជបណ្ឌិត​ផងដែរ ជាអត្ថបទ​ដ៏មាន​សារៈសំខាន់​ជាច្រើន។ ខ្ញុំ​ដឹងថា​លោកវេជ្ជបណ្ឌិត រវល់​នឹងការងារ​ខ្លាំងណាស់ ហេតុនេះ​ហើយ​បានជាខ្ញុំ​សម្រេចចិត្ដ​សរសេរ​អ៊ីម៉ែល​ទៅជូន​លោក​វេជ្ជបណ្ឌិត​វិញ។ ឥឡូវ​ខ្ញុំមាន​បញ្ហា​មួយចំនួន​ដែល​ត្រូវ​សាកសួរ ៖

  • ខ្ញុំ​ធ្លាប់មាន​ការ​វះកាត់​ម្ដង កាលពីខ្ញុំ​អាយុ​បាន១៧ឆ្នាំ។ សព្វថ្ងៃនេះ​ខ្ញុំមាន​អាយុ​២០ឆ្នាំ​ហើយ។ ស្នាម​វះកាត់នេះ​បានធ្វើ​ឡើងនៅលើ​ពោះ​របស់ខ្ញុំ​ត្រង់ម្ដុំ​ក្រពះ វាមាន​ប្រវែង​វែងដល់​ទៅ៤អ៊ីង​ឯណោះ។ តើ​ខ្ញុំអាច​លើកវត្ថុ ឬ​អ្វីមួយ​ដែលមាន​ទម្ងន់ធ្ងន់​ដល់ ទៅ​៤០-៥០​គីឡូក្រាម​បានដែរ​ឬទេ?
  • កាល​ពីមុន ខ្ញុំមិន​ធ្លាប់មាន​រោគមុន​នៅលើ​ផ្ទៃមុខ​ខ្ញុំនោះទេ។ ប៉ុន្ដែ​ឥឡូវនេះ​មានមុន​លេចចេញ​នៃផ្នែក​ខ្លះនៃផ្ទៃមុខ​របស់ខ្ញុំ ជាពិសេស​នៅម្ដុំ​ចង្កា ក្រោម​ត្រចៀក និង​ម្ដុំក។ តើ​ខ្ញុំអាច​ព្យាបាល​វាជា​ដោយវិធី​ណាទៅ? ខ្ញុំធ្លាប់​ព្យាបាល​ម្ដងកាល​ពីពីរ​ខែមុន ប៉ុន្ដែ​មិនមាន​ប្រសិទ្ធភាព​ឡើយ។

ពិតណាស់​ខ្ញុំផ្ដល់​ការគាំទ្រ​ដល់អ្វី​ដែល​លោកវេជ្ជបណ្ឌិត​បាននិង​កំពុងធ្វើ។ ជាពិសេស​ការពន្យល់​របស់​លោកពិតជាមាន​តម្លៃ មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ជាពិសេស​ទៅទៀត​គឺការ​អភិវឌ្ឍន៍​សង្គមជាតិ​ទៅមុខមួយ។
សូមថ្លែង​អំណរ​គុណ​ដល់ជំនួយ​របស់​លោក​វេជ្ជបណ្ឌិត​ជាមុន និងសូម​ទទួល​សេចក្ដី​ស្រឡាញ់​អំពីខ្ញុំ។
ឃ. ដ. រ អាយុ២០ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូម​ជម្រាបសួរ។ អរគុណប្អូន​ផងដែរ​ដែលបាន​គាំទ្រ​ការងារ សកម្មភាព និង​ស្នាដៃ​របស់ខ្ញុំ​បាទ ខ្ញុំបាទ​រំភើប​ខ្លាំងណាស់ នូវសម្ដី​គាំទ្រ​ទាំងឡាយ​របស់ប្អូន ដែល​សុទ្ធតែ​ជាបំណង និង​គោលដៅ​របស់ខ្ញុំ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គម ជាតិខ្មែរ។ តាមរយៈ​អ៊ីម៉ែល​របស់ប្អូន ខ្ញុំបាទ​ពិបាក​ដឹងថា​តើជាស្ដ្រី​ឬបុរស តែបើតាម​ឈ្មោះ​ប្រហែល​ជាប្អូនស្រី​ហើយ។ ការ​ដឹងអំពី ភេទ​របស់ប្អូន​និងព័ត៌មាន​ដទៃទៀត ពិតជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ឆ្លើយទៅនឹង​សំណួរ​នានា​របស់ប្អូន។ បើតាម​ការ​រៀបរាប់ របស់​ប្អូន គឺប្អូន​ធ្លាប់​ជាមនុស្ស​ទទួលរង​នូវជម្ងឺ​ធ្ងន់ធ្ងរ​រហូតដល់​វះកាត់ ហើយថ្មីៗ​នេះប្អូន​ចាប់មាន​រោគផ្សេង​ទៀត ដូចជា​រោគមុន ប្អូន​ជាមនុស្ស​ដែលយកចិត្ដ​ទុកដាក់​នឹង​សុខភាព។ ខ្ញុំសូម​ធ្វើការ​ឆ្លើយនឹង​សំណួរ​ប្អូន​ទាំងពីរ​ម្ដងមួយ​ដូចតទៅ ៖

  • តាម​ធម្មតា ការ​វះកាត់​មាន​របៀប​ផ្សេងៗគ្នា និង​ទំហំ​ប្រវែង​ខុសៗគ្នា​ផងដែរ។ សព្វថ្ងៃ​នេះ មាន​វិធីវះកាត់​ទំនើប ដែល​ទំហំវះ​មានប្រវែង​ខ្លី ឬ​ស្ទើរតែ​មើលមិន​ឃើញ​តែម្ដង ក្រោយពេល​ព្យាបាល​រួច។ ករណី​ប្អូនស្រី ៤អ៊ីង​(ប្រហែល​១តឹក)ជា

ប្រវែង​មួយធំ​មែនទែន មិនដឹង​ថាតើប្អូន​វះកាត់នេះ​ដោយសារ​ករណីអ្វី​នោះទេ។ ការពិត​ទំហំ​នៃការ​វះកាត់​នេះមិន​ប៉ះពាល់​ដល់ការ​ធ្វើ ការ និង​ជីវិត​រស់នៅ​ធម្មតា​របស់ប្អូន​ក្រោយពីការ​វះកាត់​នោះប៉ុន្មាន​ទេ លើកលែង​តែមាន​ការកាត់​សាច់ដុំពោះ​មួយចំនួន​ដែល​ពិបាក​ដល់ការ​ប្រឹងលើក​អ្វីមួយ​ដែលធ្ងន់។ ប៉ុន្ដែប្អូន​អាចមាន​របៀប​លើកមួយ​ដោយមិន​សូវប្រើប្រាស់​ក្បាលពោះ ឬ​សាច់ដុំពោះ​បាន​ខ្លះដែរ។ ហេតុនេះ ករណីប្អូន​ប្រហែល​ជាអាច​លើកទម្ងន់​ប៉ុណ្ណឹង​បាន ប៉ុន្ដែ​សូមប្អូន​ជួប​គ្រូពេទ្យ​ផ្នែកវះកាត់​បន្ថែមផង​ដើម្បី​បញ្ជាក់ ព្រោះវា​អាស្រ័យ​ទៅលើ​ស្ថានភាព​វះកាត់​នេះ តើជាថ្នេរ​បណ្ដោយ ឬក៏​ទទឹងពោះ។

  • រោគមុន​នៅលើ​ផ្ទៃមុខ​របស់ប្អូន​គឺជា​ករណី​រោគមុន​ដែល​បណ្ដាល​មកពី​អរម៉ូន ដែល​ខ្មែរយើង​និយម​ហៅថា មុនឡើង​ខ្លួន មុនកម្លោះ ឬ​មុនក្រមុំ​នោះឯង។ ការ​ព្យាបាល​ពិបាក​នឹងធ្វើ​ឱ្យវាជាដាច់​ណាស់ ព្រោះវា​នឹងបាត់​ដោយខ្លួនឯង​នៅពេល​វ័យរាង​ជ្រាល បន្ដិច។ ប៉ុន្ដែ​មានវិធី​ព្យាបាល​អាច​ទប់ស្កាត់​មិនឱ្យ​ធ្ង្ងន់ធ្ងរ ដែល​ឈានដល់​ការបង្ក​រោគបាន។ សម្រាប់ប្អូន​បើជាស្ដ្រី វាអាច​មាន​ស្ថានភាព ធ្ងន់ធ្ងរ​បន្ថែម​ទៀត នៅមុន​ពេលមក​រដូវ មាន​ន័យថា​មុនរឹតតែ​ឡើងខ្លាំង។ ប្អូន​មិនអាច​ព្យាបាល​រោគមុន​ដោយ​ខ្លួនឯង​នោះទេ មានតែ គ្រូពេទ្យ​ជំនាញ​នោះទេ ប៉ុន្ដែអាច​ថែទាំខ្លួន​ទប់ស្កាត់ និង​ទប់ទល់​បានដោយ​អនុវត្ដ​វិធីសាស្ដ្រ​ថែទាំ ដូចជា​លាងសម្អាត​មុខជាប្រចាំ កម្ចាត់​មេរោគ​ពីលើ​ផ្ទៃមុខ និង​មិនត្រូវ​ញេច​ឬច្របាច់​ផ្ដេសផ្ដាស ដែល​នាំឱ្យ​ក្លាយរោគ​នោះទេ។

សង្ឃឹម​ថាប្អូន​ពេញចិត្ដ​នូវរាល់​ចម្លើយ​ទាំងអស់​នេះ។ បើ​នៅមាន​ចម្ងល់ ប្អូនអាច​សរសេរ​សំបុត្រ​មកខ្ញុំបាទ​ជាថ្មី​ម្ដងទៀត។ សូម​ជូនពរ​ប្អូនមាន​សុខភាពល្អ សម្រស់ស្អាត និង​សំណាងល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative