កិច្ច​សហការ​រវាង​ប្រទេស​ជិតព្រំដែន​កម្ពុជា​បានជំរុញ​ឱ្យមាន​ការ​ទប់ស្កាត់​ជម្ងឺឆ្លង

ប្រទេស​កម្ពុជា​បាន​ខិតខំ​ពង្រឹង​កិច្ច​សហការ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​វៀតណាម-ឡាវ ដើម្បី​បន្ដការ​ប្រយុទ្ធ​ទប់ស្កាត់​ជម្ងឺឆ្លង​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត អ៊ុយ វែងគី ប្រធាន​រដ្ឋបាល​កម្មវិធី​ទ្រទ្រង់​សុខាភិបាល​ជំហាន​ទី២​នៃក្រសួង​សុខាភិបាល​បានប្រាប់​ភ្នំពេញប៉ុសិ៍្ដ​កាលពី​ម្សិលមិញ​ថា ដោយមាន​កិច្ច​សហការ​គ្នារវាង​ប្រទេស​វៀតណាម កម្ពុជា ឡាវ ក្នុងការ​ទប់ស្កាត់​ជម្ងឺឆ្លង​ក្នុង​ប្រទេស និង​ជម្ងឺឆ្លង​តាម​ព្រំដែន ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB បានផ្ដល់​ថវិកា​ប្រមាណ​១០លានដុល្លារ សម្រាប់​អនុវត្ដ​គម្រោង​ប្រយុទ្ធ និង​ទប់ស្កាត់​ជម្ងឺឆ្លង​ក្នុង​មហាអនុ​តំបន់​ទន្លេមេគង្គ​ទី២ ដែលបាន​ចាប់ផ្ដើម​អនុវត្ដ​ពីឆ្នាំ​២០១១-២០១៥។ លោកបន្ដ​ថា ADB បានផ្ដល់​គម្រោង​ជួយ​នៅក្នុង​តំបន់​ដែលជាប់​ព្រំដែន​កម្ពុជា វៀតណាម និង​ឡាវ ដោយ​ផ្ដោតយ៉ាង​សំខាន់​លើជម្ងឺ​ឆ្លង។ លោក​ថ្លែងថា គម្រោងនេះ​ត្រូវ​ទាមទារ​ឱ្យមាន​កិច្ចសហការ​យ៉ាងខ្លាំង​ក្លា​ពីអាជ្ញាធរ​ព្រំដែន​ប្រទេស​វៀតណាម និង​ឡាវ ដើម្បី​រៀបចំ​ប្រព័ន្ធ​ទប់ស្កាត់​ឆ្លើយតប​ឱ្យបាន​ទាន់ពេល​វេលា លើ​ករណី​ឆ្លងជម្ងឺ​ដែលអាច​កើតមាន​នៅតាម​ព្រំដែន។

នាយកដ្ឋាន​ប្រយុទ្ធ​នឹងជម្ងឺ​ឆ្លង​ត្រូវការ​ប្រើប្រាស់​ថវិកា​ដែលបាន​មកពី​ម្ចាស់​ជំនួយ ADB សម្រាប់​គម្រោង​បង្កើត​ភ្នាក់ងារ​ឆ្លើយតប​បន្ទាន់​តាមបណ្ដា​ខេត្ដ លោក​វេជ្ជបណ្ឌិត អ៊ុយ វែងគី និយាយ​ថា ទឹកប្រាក់​ដែលយើង​បាន​ទទួលពី​ម្ចាស់​ជំនួយ គឺត្រូវ​រៀបចំ​ជាប្រព័ន្ធ​ឆ្លើយតប​ជាបន្ទាន់នៅក្នុង​ខេត្ដចំនួន​១០ ដែលជាប់​ប្រទេស​វៀតណាម និង​ឡាវ។ ដូច្នេះ​តាមខេត្ដ និងតាម​ស្រុកប្រតិបត្ដិ​នីមួយៗ​ត្រូវតែ​រៀបចំ ឱ្យមាន​មន្ដ្រី​ឆ្លើយតប ដើម្បីធ្វើ​សេចក្ដី​រាយការណ៍ និង​សកម្មភាព​ប្រតិបត្ដិការ​សង្គ្រោះ​ភ្លាមៗ នៅពេល​មានជម្ងឺ​ឆ្លងផ្ទុះ​កើតឡើង។

ឯកឧត្ដម អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានធ្វើ​ការណែនាំ​ដល់មន្ដ្រី​នៅក្រោម​ឱវាទ​ថា ម្ចាស់​ជំនួយ​បានមើល​ឃើញ​អំពី​សារៈសំខាន់ ក្នុងការ​រីករាលដាល​នៃជម្ងឺ​ឆ្លង ដូច្នេះមន្ដ្រី​ដែល​ស្ថិត​នៅក្នុង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​អនុវត្ដ​ធ្វើការងារ​នេះយ៉ាងម៉េច​ឱ្យមាន​តម្លាភាព។ លោកបន្ដ​ថា ការងារ​នេះ​មិនមែន​ពាក់ព័ន្ធ​តែ​ប្រទេស​កម្ពុជា​តែឯងទេ ប៉ុន្ដែ​វាបាន​ជាប់​ពាក់ព័ន្ធ​នឹង ប្រទេស​វៀតណាម និង​ឡាវ​ផងដែរ ដូច្នេះ​លោក​ចង់ឱ្យ​មន្ដ្រី​ទាំងអស់​បានយល់ដឹង​អំពី​ផែនការ និង​សកម្មភាព​ដែលត្រូវ​ធ្វើឱ្យ​បាន​ច្បាស់លាស់ ដោយសារ​តែនេះ​គឺជា​ផលប្រយោជន៍​រួម។ លោកថ្លែង​ទៀតថា ៖ “យើងត្រូវ​ធ្វើការ​ទប់ស្កាត់​ជម្ងឺឆ្លង​ឱ្យបាន​ទាន់ពេល​វេលា បើ​មិនដូច្នេះ​ទេ វានឹង​អាចនាំ​ឱ្យមាន​អន្ដរាយ​រហូត​បណ្ដាល​ឱ្យមនុស្ស​ស្លាប់ ព្រោះ​ជម្ងឺឆ្លង​គឺជាជម្ងឺ​ដែល​រីករាល​ដាល ដូច្នេះយើង​ត្រូវតែ​ធ្វើការ​បង្ការមុន។

ករណី​ជម្ងឺឆ្លង​នៅតែ​ជាក្ដី​ព្រួយបារម្ភ​របស់​រាជរដ្ឋាភិបាល

លោក សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជម្ងឺ​ឆ្លងនៃ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា ADB មាន​គម្រោង សម្រាប់​ប្រទេស​ទាំងបី ដោយសារ​តែសមត្ថភាព​ឆ្លើយតប​នៅមាន​កម្រិត ដែលនេះ​វាបាន​ផ្សារភ្ជាប់​ទៅនឹង​ការ​ព្រួយបារម្ភ​នៅក្នុង​តំបន់ សម្រាប់​ការ​ប្រយុទ្ធ​នឹង​ទប់ស្កាត់​ការ​រីករាលដាល​ជម្ងឺ​គ្រុនផ្ដា​សាយបក្សី។ លោកបន្ដ​ថា ជម្ងឺ​ឆ្លងដែល​ជាដើម​ហេតុគួរ​ឱ្យព្រួយបារម្ភ​ជាងគេ​នោះ គឺជម្ងឺ​គ្រុនឈាម ព្រោះថា​ក្នុង១ឆ្នាំ​ជម្ងឺនេះ​ត្រូវ​ផ្ទុះឡើង​ម្ដង បន្ទាប់មក​ជម្ងឺ​គ្រុនផ្ដាសាយ​បក្សី ជម្ងឺ​រាករូស ពុល​ចំណីអា​ហារ និង​ជម្ងឺឆ្លង​ជាច្រើន​ប្រភេទ​ទៀត។ លោកថ្លែង​ថា ៖ “យើង​ត្រូវតែ​ពង្រឹង​សមត្ថភាព​មន្ដ្រី​របស់យើង​នៅតាម​ច្រកព្រំដែន ដើម្បី​កិច្ច សហការ​អន្ដរជាតិ​ទប់ស្កាត់​ជម្ងឺឆ្លង​ទាំងនេះ”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative