ប្រជាជាតិ​អាស៊ាន​ផ្ដោតការ​យកចិត្ដ​ទុកដាក់​លើ​កំណើន​ជម្ងឺ​មហារីក

ជម្ងឺ​មហារីក​គឺជា​ជម្ងឺមួយ​ដែលធ្វើ​ឱ្យមនុស្ស​ម្នាមាន​អារម្មណ៍​ខ្លាច​រអា​គ្រប់ៗគ្នា ហើយ​ជម្ងឺនេះ​ប្រសិនជា​ព្យាបាល​មិនទាន់​ពេលវេលា​ទេ អ្នកជម្ងឺ​អាចនឹង​បាត់បង់​ជីវិតបាន។ ដើម្បី​ចូលរួម​ចំណែក​ដល់ការ​យល់ដឹង​ឱ្យកាន់តែ​ច្បាស់ទៀត​នោះ ប្រជាជាតិ​អាស៊ាន​បាន​រៀបចំ​វេទិកា​មួយដោយ​ផ្ដោតការ​យកចិត្ដ​ទុកដាក់​លើកំណើន​ជម្ងឺ​មហារីក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលនិធិ​អាស៊ាន​បាន​រៀបចំ​វេទិកា​ជម្ងឺ​មហារីក​នៅអាស៊ាន​លើក​ទីមួយ ដើម្បី​បង្ហាញ​ការយក​ចិត្ដទុក​ដាក់លើ​អត្រា​កំណើន ជម្ងឺ​មហារីក​នៅក្នុ្នង​តំបន់ និង​ប្រកាស​ចាប់ផ្ដើម​ការសិក្សា​ដំណាក់​កាលទីពីរ ដើម្បី​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹងបន្ទុក​ជម្ងឺមហារីក​ទៅលើ​ផ្នែក​សេដ្ឋកិច្ចសង្គម​នៅក្នុ្នង​ចំណោម​សមាជិក​អាស៊ាន​ទាំង១០​ប្រទេស។

ការ​ស្នើសុំ​សកម្មភាព​ចូលរួម​ពីថ្នាក់​ដឹកនាំ​តំបន់ និង​បណ្ដា​អ្នកតាក់តែង​គោល​នយោបាយ

នៅក្នុង​សុន្ទរកថា​កត់សម្គាល់​របស់​លោកបណ្ឌិត Surin Pitsuwan អគ្គលេខាធិការ​អាស៊ាន​បាន​ចាត់ទុក​វេទិកា ជម្ងឺ​មហារីក​នៅអាស៊ាន​លើក​ទីមួយ​នេះ គឺជា​ឱកាស​ដ៏ល្អមួយ​សម្រាប់មន្ដ្រី​ដឹកនាំ​សំខានៗ​ក្នុង​រដ្ឋាភិបាល អ្នកជំនាញ​ថ្នាក់​តំបន់ និង​អន្ដរជាតិ និង​មន្ដ្រី​សុខាភិបាល ដើម្បី​ជួបជុំ​គ្នាក្នុង​គោលដៅ​រួមមួយ​ផ្ដោតលើ​ការ​ចំណាយ និងការ​យកចិត្ដ​ទុកដាក់​លើជម្ងឺមហារីក។

លោក​បានបញ្ជាក់​ថា “ពិតជា​មិនមែន​ជារឿង​ភ្ញាក់ផ្អើល​ទេ ដែលការ​កើនឡើង​ជម្ងឺមហារីក​នឹង​ប៉ះពាល់​ដល់បន្ទុក​សេដ្ឋកិច្ច​បុគ្គលម្នាក់ និង​ក្រុម​គ្រួសារ​​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ាន​នេះ។ ដោយសារ​អត្រា​ប្រេវ៉ាឡង់​នៃជម្ងឺ​មហារីក​បន្ដកើន​ឡើង នេះគឺជា​ការ​ចាំបាច់​មួយដែល​យើងត្រូវ​ជួប​ប្រជុំ​ប្រទេសស​មាជិក​អាស៊ាន​ទាំងអស់ និងលើក​ទឹកចិត្ដ​ក្នុងការ​រៀបចំគោល​នយោលបាយ​ថែរក្សា​សុខភាព​ជាយុទ្ធសាស្ដ្រ​ដែល​ផ្ដោតលើការ​គ្រប់គ្រង​ជម្ងឺ​មហារីក។ គោល​នយោលបាយ​នេះត្រូវតែ​មានការ​គាំទ្រ​ពីកម្ម​វិធីបង្ការ​ជម្ងឺ មហារីក​ដោយផ្អែក​លើតថភាព​ជាក់ស្ដែង និង​មានការ​រៀបចំ​ដ៏ល្អ​មួយ និង​ត្រូវតែ​មានការ​ពង្រឹងតាម​ទិន្នន័យ​ប្រជាជន និងការ​ចុះឈ្មោះ​អ្នកជម្ងឺ​ក្នុងស្រុក​ដែលអាច​ជឿជាក់​បាន”។ លោក​បណ្ឌិត Surin បាន​គូសបញ្ជាក់​ថា ប្រសិន​បើការ​កើនឡើង​ជម្ងឺ​មហារីក​នៅអាស៊ាន​មិនត្រូវ​បានគេ​ដោះស្រាយ​ទេ បញ្ហានេះ​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខភាព​តំបន់ ហើយ​ជាការ​ពិតនឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់ សេដ្ឋកិច្ច​តំបន់។

ការ​សិក្សា​លើបន្ទុក​នៃជម្ងឺ​មហារីក

ជាការ​ទទួលស្គាល់​ពីឥទ្ធិពល​ជម្ងឺ​មហារីក​លើវិស័យ​សុខភាព​នៅអាស៊ាន មូល​និធិអាស៊ាន​យល់ឃើញ​ថា វេទិកានេះនឹ​ងជួយ​តំបន់​ទាំងមូល​ឱ្យយល់ដឹង​អំពីការ​កើនឡើង​នៃបនុ្ទក​លើជម្ងឺ​មហារីក និង​ស្វែងរក​ដំណោះ​ស្រាយ ដើម្បី​ការពារ​កុំឱ្យមាន​ការ​រីករាលដាល។ វេទិកាជម្ងឺ​មហារីក​នៅអាស៊ាន​ថ្ងៃនេះ​បានបង្ហាញអំ​ពីការ​សិក្សាមួយ​ដែលមាន​ឈ្មោះថា “បន្ទុក​នៃជម្ងឺមហារីក និង​ឥទ្ធិពល​លើសេដ្ឋកិច្ច និង​សង្គម​នៅក្នុង​សហគមន៍​អាស៊ាន”។ ការ​សិក្សានេះ​គឺជាគំនិត​ផ្ដួចផ្ដើម​ផ្នែក​សាធារណៈ និង​ឯកជន​ដែលមាន​គោល​បំណង ផ្ដល់​ជូនទិន្នន័យ​ដែលមិន​ធ្លាប់មាន​ពីមុន​ទាក់ទង​នឹងការ​រីករាលដាល​ជម្ងឺ​មហារីក​នៅក្នុង​តំបន់ និង​ស្វែងយល់​ពីបន្ទុក​នៃជម្ងឺ​មហារីក​ទៅលើ​សេដ្ឋកិច្ចសង្គម​របស់​អ្នកជម្ងឺ និង​ក្រុមគ្រួសារ នៅក្នុង​ចំណោម​សមាជិក​ទាំង១០​ប្រទេស។

លោក​វេជ្ជបណ្ឌិត Makarim Wibisono ប្រធាន​ប្រតិបត្ដិ​របស់​មូលនិធិ​អាស៊ាន​បានមាន​ប្រសាសន៍​ថា “ដើម្បីប្រ​យុទ្ធ តទល់​ជាមួយ​ជម្ងឺ​មហារីក យើងមិន​គ្រាន់តែ​ត្រូវការ​ការ​ចូលរួម​សហការ​ថ្នាក់​តំបន់​ពីសំណាក់​រដ្ឋាភិបាល​ប្រទេសស​មាជិក​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ត្រូវមាន​ភាព​ជាដៃគូ​ប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​ផ្នែក​សាធារណៈ និង​ឯកជន​ដើម្បី​រៀបចំ និង​ប្រតិបត្ដិកម្មវិធី​គ្រប់គ្រង​ជម្ងឺមហារីក”។

លោក Wibisono បានបន្ដ​ទៀតថា “យើង​សង្ឃឹមថា ការ​សិក្សានេះ​នឹងជួយ​ដល់មន្ដ្រី​ដឹកនាំ​សំខាន់ៗ របស់​សមាជិក​អាស៊ាន នៅ​គ្រប់ថ្នាក់​ដើម្បី​បង្កើត​ជំរើស​ទាក់ទង​នឹងការ​រៀបចំធនធាន និង​គោល​នយោលបាយ​គ្រប់គ្រង​ជម្ងឺ​មហារីក។ យើង​សង្ឃឹមថា វេទិកា​នៅថ្ងៃនេះ​នឹងជួយ​ពង្រឹង​សមត្ថភាព​ប្រទេស​ជាសមាជិក​ដើម្បី​រៀបចំ​ផែនការ និង​បង្កើត​កម្មវិធី​គ្រប់គ្រង​ជម្ងឺមហារីក​ប្រកប​ដោយ​ប្រសិទ្ធភាព។ លើស​ពីនេះ អ្នក​ចូលរួម​ក្នុង​វេទិកា​នឹងបាន​ស្វែងយល់​ពីការ​ចែករម្លែក​របស់​អ្នកជំនាញ​វិជ្ជាជីវៈ​ផ្នែក​សុខភាព​ថ្នាក់តំបន់ និង​អន្ដរជាតិ ដែល​មានបទ​ពិសោធន៍​ទូលំទូលាយ​ទាក់ទង​នឹងការ​ប្រតិបត្ដិការ និងការ​វាយតម្លៃ​លើកម្មវិធី​គ្រប់គ្រង​ជម្ងឺ​មហារីក”។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ស្លាប់​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់ គឺ​បណ្ដាល​មកពី​មហារីក​សួត និង​មហារីក​សុដន់

លទ្ធផល​ដែល​ទទួលបាន​នៅក្នុង​ផ្នែក​ទីមួយ​នៃការ​សិក្សា​រយៈពេល​ពីរឆ្នាំ ត្រូវបាន​ចែករម្លែក​ដល់អ្នក​ចូលរួម​ក្នុង​វេទិកា​ជម្ងឺ មហារីក​នៅអាស៊ាន​ដែលអាច​ជួយផ្ដល់​ទិដ្ឋភាព​ច្បាស់មួយ​អំពីជម្ងឺ​មហារីក​នៅក្នុង​តំបន់​អាស៊ាន។ នៅក្នុង​បទបង្ហាញ​នោះសាស្ដ្រាចារ្យ Mark Woodward មកពី​វិទ្យាស្ថាន George ផ្នែក​សុខភាព​សាកល​នៅស៊ីដនី​បានកត់​សម្គាល់​ថា មានករណី​ជម្ងឺ​មហារីកថ្មី​ប្រហែល ៧០០ពាន់​ករណី​នៅក្នុង​ប្រទេស​ជាសមាជិក​អាស៊ាន​នៅឆ្នាំ២០០៨ ហើយ​មានអ្នក​ស្លាប់​ដោយសារ​ជម្ងឺ​មហារីក​ក្នុងឆ្នាំ​ដូចគ្នា​នេះចំនួន​កន្លះលាន​នាក់។

លោក​បណ្ឌិត Woodward បានមាន​ប្រសាសន៍​ថា“ចំពោះ​បុរស ជម្ងឺ​មហារីក​សួត​គឺជាជម្ងឺ​មហារីក​ដែលបណ្ដាល​ឱ្យស្លាប់​ច្រើនជាង​គេ បន្ទាប់មក​មានជម្ងឺ​មហារីក​ថ្លើម និង​មហារីក​ពោះវៀន​ធំ។ ចំពោះ​ស្ដ្រីវិញ ជម្ងឺ​មហារីក​ចំនួនបី​ដែល​បណ្ដាល​ឱ្យស្លាប់​ច្រើន​ជាងគេ រួមមាន​មហារីក​សុដន់ មហារីក​សួត និង​មហារីក​ស្បូន។ ទោះជាយ៉ាង​ណាក៏ដោយ​អត្រានេះ​មានលក្ខណៈ​ផ្សេងគ្នា​ទៅតាម​តំបន់​នៅក្នុង​សហគមន៍​អាស៊ាន។ ឧទាហរណ៍ អត្រា​ស្លាប់​ដោយសារ​ជម្ងឺម​ហារីក​សុដន់​នៅឥណ្ឌូនេស៊ី​មានកម្រិត​ខ្ពស់ជាង​បីដង ធៀបនឹង​ប្រទេស​ឡាវ និង​វៀតណាម ស្របពេល​ដែលអត្រា​មហារីក​ក្រពះ​នៅវៀតណាម​មានកម្រិត​ខ្ពស់ជាង​ដល់​ទៅបួនដង​ទៅប្រាំ ដង​នៅឡាវ ហ្វ៊ីលីពីន និង​ថៃ។ ការ​ស្រាវជ្រាវ​ត្រូវ​ទាមទារ​ធ្វើការ​ស្វែងយល់​ពីមូលហេតុ​ដែលមាន​ភាពខុសគ្នា​ទាំងនេះ”។

ការ​អំពាវនាវ​ឱ្យមាន​ការ​ចាត់វិធានការ​ចាំបាច់​ត្រូវបាន​គាំទ្រ​ដោយអ្នក​ចូលរួម​ក្នុង​វេទិកា​ជម្ងឺ​មហារីកនៅអាស៊ាន ដែល​បានសន្យា​ធ្វើការ​សហការ​ជិតស្និទ្ធ​ដើម្បី​គាំទ្រ​ដល់ការ​សិក្សាលើ​ជម្ងឺ​មហារីកនេះ​។

លោក​បណ្ឌិត Wibisono បានមាន​ប្រសាសន៍​បិទវេទិកា​នេះថា “មាន​តែការ​ធ្វើរួមគ្នា​ទេ ទើប​យើងអាច​ធានាបាន​ថាជម្ងឺ មហារីក​ត្រូវបាន​ចាំទុកថា​ជាបញ្ហា​ប្រឈម​នៃសុខភាព​ដែលត្រូវ​យកចិត្ដ​ទុកដាក់ និងជា​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹងការ​អភិវឌ្ឍន៍​សុខភាព និង​សមធម៌​នៅតំបន់​អាស៊ាន”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative