ស្បែកខ្ញុំ​​​​ប្រតិកម្ម

ប្រតិកម្មស្បែកកើតមានឡើងដោយសារ​មូលហេតុជាច្រើន រួមមានការប្រតិកម្មដោយ​ផលិតផលគ្រឿងសម្អាង ចំណីអាហារ សារជាតិគីមី គ្រឿងអលង្ការ និងអាចប្រតិកម្មស្បែកដោយការ​ទទួលទាន​​​ថ្នាំផងដែរ។ ការព្យាបាលស្បែក ដែលប្រតិកម្មគឺមានលក្ខណៈពិបាក​ជាជាងជម្ងឺដទៃទៅទៀត ដោយសារតែ​​​នេះជា​​​បញ្ហាមួយ​​​​ដែលត្រូវ​​​ការពិនិត្យ​​​ឱ្យបាន​​​​ជាក់ច្បាស់ និងត្រឹមត្រូវ​​​ មុននឹង​​​សម្រេច​​​ធ្វើការ​​​ព្យាបាល។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីឱ្យមិត្ដអ្នកអាន​ជ្រាបកាន់ច្បាស់ពី​បញ្ហាស្បែកប្រតិកម្មនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្ស​នៃសម្អាងការលុច្ស។

អ្វីទៅជាស្បែក​ប្រតិកម្ម?

ស្បែកប្រតិកម្ម ត្រូវពិនិត្យត្រឹមត្រូវ​ដោយអ្នកជំនាញ និងម៉ាស៊ីន ដើម្បីដឹងថាស្បែករបស់លោកអ្នក​ប្រតិកម្មដោយសារ មូលហេតុអ្វី។ ក្នុងករណីប្រតិកម្មដោយ​សារអាឡែកស៊ី​មានទាក់ទងជាមួយ​នឹងកត្ដាជាច្រើន ដូចជាការប្រើប្រាស់​ផលិតផលគ្រឿង សម្អាងខុស​ជាមូលហេតុមួយក្នុង​ចំណោមមូលហេតុជាច្រើន ដែលបណ្ដាលឱ្យស្បែក​មានប្រតិកម្ម។ ចំណីអាហារក៏ជាកត្ដាមួយផ្នែក ដែលបណ្ដាលឱ្យ​លោកអ្នក​ប្រតិកម្មស្បែក ជាពិសេសចំពោះប្រភេទអាហារសមុទ្រ​ដែលងាយធ្វើឱ្យស្បែក​របស់លោកអ្នកមានប្រតិកម្ម ។ នោះមិនមែនបានន័យថា​គ្រប់អាហារសុទ្ធតែ​ប្រតិកម្មទៅលើស្បែកនោះទេ គឺសំដៅចំពោះតែលោកអ្នក​ដែលមានស្បែកប្រតិកម្ម ជាមួយអាហារសមុទ្រតែប៉ុណ្ណោះ។ ការប្រតិកម្ម​ជាមួយនឹងសារជាតិគីមីអ្វីមួយ​ក៏នឹងអាចបណ្ដាលឱ្យស្បែក​របស់លោកអ្នកឡើង កន្ទួលរមាស់ផងដែរ ដែលជាហេតុងាយនឹងបំផ្លាញ​សម្រស់របស់ស្បែកបំផុត។ គ្រឿងអលង្ការគឺ​ជាវត្ថុលម្អកាយសម្រាប់​មនុស្សគ្រប់គ្នា បើសិនជាចំពោះលោកអ្នក​ដែលមានបញ្ហាស្បែកប្រតិកម្ម​នឹងគ្រឿងអលង្ការនេះ គឺមិនអាចពាក់បាននោះទេ។ គ្រឿងអលង្ការដែល ងាយមានប្រតិកម្មគឺ​ជាពពួកគ្រឿងដែក មាស ឬផ្លាកទីន។

វិធីការពារស្បែកប្រតិកម្ម

ការប្រតិកម្មស្បែកជាមួយមូលហេតុណាមួយ​ធ្វើឱ្យស្បែករមាស់ឡើងកន្ទួល។ ដូចនេះលោកអ្នក​គប្បីដឹងពីប្រភេទនៃស្បែក របស់ខ្លួនថាតើ​ប្រតិកម្មដោយសារមូលហេតុអ្វី​ជាមុនសិន។ វិធានការការពារដើម្បីកុំឱ្យ​កើតមានស្បែកប្រតិកម្មដំបូង​លោកអ្នកត្រូវ គិតអំពីប្រភេទស្បែក​ជាមុនសិន មុននឹងលោកអ្នកសម្រេចចិត្ដ​ប្រើប្រាស់ផលិតផលណាមួយ​ដើម្បីព្យាបាល។ លោកអ្នក​ត្រូវសម្រេច ចិត្ដជ្រើសរើសផលិតផលណា​ដែលល្អតាមការណែនាំ​បស់អ្នកជំនាញ ហើយមិនត្រូវប្រើប្រាស់ផលិតផល​ដែលមិនមានការទទួលស្គាល់ ពីក្រុមហ៊ុនណាមួយនោះ ព្រោះអាចជាផលិតផលក្លែងក្លាយ ដែលជាហេតុកាន់តែធ្វើឱ្យស្បែក​របស់លោកអ្នកមានបញ្ហា។ ជា ឧទាហរណ៍នៅពេលដែលលោកអ្នក​ដឹងថាស្បែកមានប្រតិកម្មជាមួយគ្រឿងអលង្ការ​ប្រភេទណាមួយ លោកអ្នកអាចសម្រេចចិត្ដងាក មករកការសម្អាងកាយ​ជាមួយគ្រឿងអលង្ការ​ប្រភេទផ្សេង ដែលមានលក្ខណៈជាខ្សែអំបោះ ឬខ្សែជ័រជាដើម ទើបមិនអាចធ្វើឱ្យលោក មានបញ្ហាប្រតិកម្មស្បែក។

វិធីព្យាបាល​ស្បែកប្រតិកម្ម

ការព្យាបាលស្បែកប្រតិកម្មនេះគឺ​មិនអាចព្យាបាលតាមវិធីសាស្ដ្រតៗគ្នា ឬសម្រេចចិត្ដព្យាបាលដោយ​ខ្លួនឯងនោះ។ មាន មូលហេតុជាច្រើន​ដែលបណ្ដាលឱ្យស្បែកមានប្រតិកម្ម ដូចនេះលោកអ្នកមិនអាចដឹងច្បាស់ថា​មកពីមូលហេតុណាមួយប្រាកដនោះទេ គឺមានតែការពិនិត្យ និងស្វែងរកមូលហេតុ​របស់ក្រុមគ្រូពេទ្យ​អ្នកឯកទេសតែប៉ុណ្ណោះ ដែលអាចឱ្យលោកអ្នកបានដឹងច្បាស់​ពីដើមហេតុ។ ក្នុងករណីដែលលោកអ្នក​ប្រតិកម្មស្បែកដោយការ​ប្រើប្រាស់ផលិតផល លោកអ្នកត្រូវតែប្រញាប់មកព្យាបាល​ជាមួយនឹងអ្នក ជំនាញដើម្បីបំបាត់ស្បែក​ប្រតិកម្មនេះភ្លាម។ បើបណ្ដែតបណ្ដោយទុក​ឱ្យកាន់តែយូរនោះ វានឹងបណ្ដាលស្បែក​របស់លោកអ្នកមាន បញ្ហាកាន់តែធ្ងន់ធ្ងរ។ ដូចនេះលោកអ្នកត្រូវតែជួបជាមួយ​គ្រូពេទ្យសើស្បែក ដើម្បីទទួលការព្យាបាល​ឱ្យបានត្រឹមត្រូវ។

ដំបូន្មាន​អ្នកជំនាញ

បើសិនជាលោកអ្នក​សម្រេចចិត្ដចង់ព្យាបាល​ស្បែកប្រតិកម្ម គប្បីស្វែងរកកន្លែងព្យាបាលមួយ​ដែលមានឯកទេសច្បាស់លាល់។ បើសិនជាលោកអ្នកសម្រេចចិត្ដព្យាបាល​ដោយមិនមានការពិនិត្យ និងពិគ្រោះយោបល់នោះទេ បញ្ហានេះនឹងអាចវិវឌ្ឍន៍ កាន់តែធ្ងន់ធ្ងរដល់​ណាក់កាលចុងក្រោយ និងមិនអាចស្រោចស្រង់​ឱ្យដូចដើមនោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative