បាញ់​ទឹកកាម​ចេញក្រៅ និងការ​ពន្យារ​កំណើត

សូម​ជម្រាប​សួរលោក​វេជ្ជបណ្ឌិត! នាងខ្ញុំ​មានអាយុ​២៥ឆ្នាំ​មកហើយ នាងខ្ញុំ​បានរៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំមុន។ រយៈ ពេល​ជាងមួយ​ឆ្នាំនេះ នាងខ្ញុំ​បាន​ជ្រើសរើស​យកវិធី​ពន្យារ​កំណើត តាមរយៈ​ការលេប​ថ្នាំគ្រាប់​ពន្យារ​កំណើត។ ប៉ុន្ដែ​ពេលថ្មីៗ​នេះ ឪពុកម្ដាយ និង​ប្ដី​របស់នាង​ខ្ញុំមិន​ព្រមឱ្យ​នាងខ្ញុំ​ប្រើប្រាស់​នោះទៀត​ទេ ដោយ​ពួកគាត់​ខ្លាចនាង​ខ្ញុំខូច​សុខភាព។ មិត្ដភក្ដិ​របស់​នាងខ្ញុំ​បាន ទូន្មាន​ឱ្យនាងខ្ញុំ​ជ្រើសរើស​វិធី​ចាក់ទឹក​ក្រៅពាង។ តើ​វិធីនេះ​មាន​ប្រសិទ្ធភាព​ឬទេ? សូមលោក​វេជ្ជបណ្ឌិត​មេត្ដា​ជួយឱ្យ​យោបល់​ដល់ នាងខ្ញុំ​ផង សូមអរគុណ​ទុក​ជាមុន។
លោកស្រី វ. ល. ណ អាយុ២៥ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជម្រាបសួរ​ប្អូនស្រី! ការបាញ់​ទឹកកាម​ចេញក្រៅ ឬ​ចាក់ទឹក​ក្រៅពាង​នោះ គឺជា​វិធីសាស្ដ្រ​មួយ​សម្រាប់បុរស​ដែលត្រូវ​ដក​ប្រដាប់ភេទ​ឬលិង្គ​ចេញមក​ខាងក្រៅ​មុនពេល​បាញ់ទឹកកាម​ចេញ ក្នុង​គោលបំណង​បញ្ចៀស​ការបាញ់​ទឹក កាម​ចូលទៅក្នុង​ទ្វារមាស ដែល​នាំឱ្យ​មេជីវិត​បង្កកំណើត​បាន។ ប៉ុន្ដែ​នៅក្នុង​ការ​អនុវត្ដ​ជាក់ស្ដែង ការបាញ់​ចេញទឹក​កាម​ខាងក្រៅ​នេះ មាន​គុណវិបត្ដិច្រើន ដែលក្នុង​នោះអាច​មានកង្វះ​ភាពជាក់​លាក់នៃ​ប្រសិទ្ធភាព។ ការបាញ់​ទឹកកាម​ចេញក្រៅ​នោះ តម្រូវឱ្យ​បុរស​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ឆន្ទៈ ជាពិសេស​ពេលបាញ់​ចេញទឹកកាម ដែល​ជួនកាល​ពិបាក​នឹងអនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ។ ម្យ៉ាងទៀត​មេជីវិត ស្ពែមម៉ាតូសូអ៊ីដ​អាចមាន​នៅក្នុង​ទឹករំអិល​ភេទ ដែល​ហៀរចេញ​មុនពេល​បាញ់ទឹកកាម​ចេញ។ រីឯស្ដ្រី​ជាដៃគូ​ជួនកាល​មានការ​សង្ស័យ មិន​ទុកចិត្ដ​ទៅលើភាព​ប៉ិនប្រសប់ ឬភាព​សុខស្រួល​របស់ដៃ​គូខ្លួន។ ព្រោះថា​នៅក្នុង​ទឹកកាម​១មីលីលីត្រ​អាចមាន​មេជីវិត​ស្ពែមម៉ាតូសូអ៊ីដ​ដល់ទៅ​២០លាន​ឯណោះ ដែល​យើងអាច​ពិចារណា​បានថា គ្រោះមាន​ផ្ទៃពោះ​អាចកើត​មានឡើង​យ៉ាងខ្លាំង។ បើតាម​ការ​ស្រាវជ្រាវ ការ​បាញ់​ទឹកកាម​ចេញក្រៅ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការមាន​គភ៌បាន​ចំនួន​ប្រមាណ​ជា៨០%​តែប៉ុណ្ណោះ មានន័យថា​អត្រាគ្រោះ​មាន​ផ្ទៃពោះ​អាចមាន​កម្រិត​ពី២០%​ទៅ២៧%។

បើនិយាយ​អំពី​គុណវិបត្ដិ​នៃការ​បាញ់ចេញ​ទឹកកាម​ខាងក្រៅ​នេះ អាច​នៅតែ​មានផ្ទៃពោះ​ដដែល មានអត្រា​គួរឱ្យ​កត់សម្គាល់ពី​២០%ទៅ​២៧%។ ហេតុនេះ​អត្រា​បរាជ័យ​មានកម្រិត​ធំ ដែលអាច​ឈាន​ទៅដល់​ការមាន​ផ្ទៃពោះ​បាន។ បើគិត​ពីហេតុ​ផលវិញ មានច្រើន​គឺ ៖

  • បុរស​ជាដៃគូ​មិនបាន​ដកលិង្គ​មកខាងក្រៅ​ទាន់ពេល​វេលា និង​ជាប្រចាំ​នោះទេ ឬ​ជួនកាល​គាត់មិន​បានដឹង​ឬចាប់​អារម្មណ៍ ថាអាច​បាញ់ចេញ​ទឹកកាម​ពេលណា​នោះទេ
  • ទឹក​រំអិលភេទ​ដែលចេញ​មុនពេល​បាញ់ទឹកកាម​ចេញ អាចមាន​ផ្ទុកទៅ​ដោយ​មេជីវិត​ស្ពែមម៉ាតូសូអ៊ីដ។

បើនិយាយ​អំពី​គុណប្រយោជន៍ វិធី​បាញ់ទឹក​កាមចេញក្រៅ​នេះមាន​ផល​ប្រយោជន៍​តិចតួច​បំផុត គឺជា​មធ្យោបាយ​ងាយ មិន​ចំណាយ​ថវិកា មិនមាន​ផល​ប៉ះពាល់​ជាដើម លើកលែង​តែការ​អាចតាំង​គភ៌​ដោយ​ចៃដន្យ។

សរុប​សេចក្ដីមក វិធី​បាញ់​ទឹកកាម​ចេញក្រៅ​មិនអាច​ទប់ស្កាត់​ការតាំង​គភ៌ និងការ​ឆ្លង​មេរោគជម្ងឺ​កាមរោគ​បាននោះ​ទេ។ ជារួម​វាមិនមែន​ជាវិធី​ពន្យារកំណើត​ត្រឹមត្រូវ ប្រសិទ្ធភាព​១០០%​នោះទេ។ ហេតុនេះ​ប្អូនស្រី​មិនគួរ​ទុកចិត្ដ​លើវិធី​នេះឡើយ ក្នុងការ​ពន្យារ​កំណើត។ វិធីនេះ​អាចមាន​ប្រសិទ្ធភាព​ខ្ពស់ បើសិនជា​អាចប្រើ​ថ្នាំសម្លាប់​មេជីវិត​ដាក់នៅ​ក្នុងទ្វារមាស​បន្ថែម។ បើ​ប្អូនស្រី​នៅតែ​មានចម្ងល់ អាច​សាកសួរ​មក​ទស្សនាវដ្ដី សុខភាពយើង និង​ខ្ញុំបាទ​ម្ដងទៀត ឬ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងពន្យារ​កំណើត។ សូម​ប្អូនស្រី​ជួបសំណាង​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative