តួលេខថ្មី​អំពីអត្រា​អ្នកផ្ទុក​មេរោគ​អេដស៍​នៅកម្ពុជា

ពាក្យថា​អេដស៍​នៅពេល​ដែល​លោកអ្នក​បានស្ដាប់ ឬឮ​ពិតជាមាន​អារម្មណ៍​ព្រឺព្រួច​ជាខ្លាំង ដោយសារ​ជម្ងឺនេះ​មិនទាន់​មានថ្នាំ​ព្យាបាល​ឱ្យជានៅ​ឡើយទេ ប៉ុន្ដែ​មានថ្នាំ​សម្រាប់​ពន្យារ​អាយុជីវិត​អ្នកជម្ងឺ​បាន។ ស្រប​ជាមួយ​នេះដែរ នៅថ្ងៃ​០៤ ខែ កក្កដា ឆ្នាំ២០១១ មាន​សិក្ខាសិលា​មួយដោយ​ផ្ដោត​ទៅលើ​អត្រាអ្នក​ផ្ទុក​មេរោគអេដស៍​នៅកម្ពុជា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​ខែមុន មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺ​អេដស៍​សើស្បែក និង​កាមរោគ បាន​រៀបចំ​នូវកិច្ច​ប្រជុំក្រុម​អ្នកជំនាញ​ថ្នាក់ជាតិ និង​អន្ដរជាតិ ដើម្បី​ធ្វើការ​ប៉ាន់ស្មាន​អំពីអត្រា​អ្នកផ្ទុក​មេរោគអេដស៍​នៅកម្ពុជា។ នេះជា​កិច្ចប្រជុំ​លើកទីបួន​ហើយ ចាប់ពី​ឆ្នាំ១៩៩៨​មក។
លទ្ធផល​នៃការ​អង្កេត​ឈាម​រកអត្រា​ផ្ទុកមេរោគ​អេដស៍​ឆ្នាំ២០១០​នេះគឺ​បង្ហាញ​ពីកិច្ច​សហប្រតិបត្ដិការ​ដ៏ស្អ្អិត​រមួតរបស់ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ្ធ​ប្រឆាំង​នឹងជម្ងឺ​អេសដ៍ សើស្បែក និង​កាមរោគ​ជាមួយ​នឹងដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្ដរជាតិ។ ព្រោះថា​ការអង្កេត​នេះ បាន​ធ្វើឡើង​យ៉ាង​ហ្មត់ចត់​តាមបែប​វិទ្យាសាស្ដ្រ ដើម្បី​កាត់បន្ថយ​ភាព​លម្អៀង​ជាអតិបរមា ដែល​ធ្វើឱ្យ​លទ្ធផល​នៃការ អង្កេតនេះ​មានភាព​ត្រឹមត្រូវ​អាចយក​ទៅប្រើប្រាស់​បាន។

ក្រុមអ្នក​ជំនាញ​បាន​ប្រើប្រាស់​យុទ្ធសាស្ដ្រ​ផ្សេងៗ​ដែល​សកល​លោក​កំពុង​ប្រើប្រាស់ ហើយ​បូករួមទាំង​ទិន្នន័យ​ពីប្រភព​ផ្សេងៗ​របស់​ប្រទេស​កម្ពុជា ដើម្បី​គណនា​អត្រា​ផ្ទុក​មេរោគ​អេដស៍នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ពេល​បច្ចុប្បន្ន។ ការ​ប៉ាន់ស្មាន​នេះ ត្រូវធ្វើ​ឡើងឱ្យ​កាន់តែ​ប្រសើរ​ជាងមុន ដោយសារ​មាននូវ​ឧទាហរណ៍ និងការ​សន្មតថ្មីៗ។ វិធី​សាស្ដ្រ​សម្រាប់​ធ្វើការ​ប៉ាន់ស្មាន​អំពីអត្រា​ផ្ទុកមេរោគ​អេដស៍​នៅកម្ពុជា​នេះគឺ​បានបូក​រួមបញ្ចូល​ទាំងឥទ្ធិពល​នៃការ​ផ្ដល់ថ្នាំ​ប្រឆាំង​នឹង​មេរោគអេដស៍​ផងដែរ។

ក្រុម​អ្នកជំនាញ​បានយល់​ស្រប​ទាំងអស់​គ្នាថា អត្រា​អ្នកផ្ទុក​មេរោគអេដស៍​ក្នុង​ចំណោម​ប្រជាជន​អាយុ​ពី១៥ឆ្នាំ​ទៅ៤៩ឆ្នាំ
នៅកម្ពុជា​ក្នុងឆ្នាំ​២០១០​គឺ០,៨ភាគរយ។ អត្រានេះ​គឺមាន​ការធ្លាក់​ចុះជា​បន្ដបន្ទាប់​ពី២,៤ភាគរយ​កាលពី​ឆ្នាំ១៩៩៨។ ការ​ធ្លាក់ចុះ​នេះ គឺ​បណ្ដាល​មកពី​ការធ្លាក់​ចុះនូវ​ការឆ្លង​ជម្ងឺ​អេដស៍​ថ្មី។ ក្នុងកំឡុង​៤ទៅ៥ឆ្នាំ​ចុងក្រោយ​នេះ អត្រា​នៃការ​ធ្លាក់ចុះ​មានសភាព​យឺតជាងមុន ព្រោះ​មានការ​ធ្លាក់ចុះ​នូវអត្រា​ស្លាប់​របស់​អ្នកជម្ងឺ​អេដស៍ ដោយសារ​មានការ​កើនឡើង​យ៉ាង​គំហុក​នៃការ​គ្របដណ្ដប់​របស់​សេវា ផ្ដល់ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ដល់អ្នក​ផ្ទុ្ទក​មេរោគអេដស៍​នៅកម្ពុជា។

កម្ពុជានឹង​ប្រើប្រាស់​នូវ​តួលេខថ្មី​អំពី​អត្រា​អ្នកផ្ទុក​មេរោគអេដស៍​នេះ ដើម្បី​ធ្វើការ​ប៉ាន់ស្មាន​នូវផល​ប៉ះពាល់​ដល់ការ​រីករាលដាល​មេរោគអេដស៍​ដែលនឹ​ងកើត​មានឡើង​នៅ​បណ្ដាឆ្នាំ​ខាងមុខ រួមមាន​ចំនួន​អ្នកផ្ទុក​មេរោគ​អេដស៍ ចំនួន​អ្នកដែល​ត្រូវការ​ថ្នាំ ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​ចំនួនអ្នក​ដែល​ស្លាប់​ដោយសារ​ជម្ងឺអេដស៍។ នៅក្នុង​កំឡុង​ប៉ុន្មានខែ​ខាងមុខ យើង​នឹងបន្ដ​ធ្វើការងារ​ប៉ាន់​ប្រមាណ​អំពីការ​រាលដាល​នៃមេរោគ​អេដស៍ និង​តម្រូវការ​នាពេល​អនាគត​ទាំងនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative