រ៉ែខនិជ ៖ ជាតិ​ស័ង្កសី(ត)

សូម​លោកអ្នក​កុំច្រឡំ​ស័ង្កសី​ដែលជា​លោហៈធាតុ​ប្រើ​សម្រាប់​ប្រក់​ដំបូល​ផ្ទះ និងជាតិ​ស័ង្កសីដែលជា​រ៉ែខនិជ ឬ​អាហារ​បំប៉ន​សម្រាប់​បំប៉ន​រាងកាយ​របស់​មនុស្ស។ ជាតិ​រ៉ែខនិជ​ស័ង្កសី​នេះមាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ជីវិត​មនុស្ស ដែល​ត្រូវបាន​យកទៅប្រើ​ជាធាតុផ្សំ​យ៉ាង​សំខាន់​នៅក្នុង​អាហារ​បំប៉ន​សម្រាប់​ប៉ូវ​ផ្លូវភេទ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​ជាតិ​ស័ង្កសី

សារធាតុ​ស័ង្កសី​ដែលបាន​ចាត់បញ្ចូល​ទៅក្នុង​ចំណាត់​ថ្នាក់រ៉ែខនិជ​ឬអាហារ​បំប៉ន​ត្រូវបាន​គេស្គាល់​ថាជា​ជាតិរ៉ែខនិជ​ជួយ​ផ្លូវភេទ។ វាមាន​តួនាទី​ពិសេសៗ​ដូចជា ៖

  • ជួយការ​វិវឌ្ឍន៍​នៃសរីរាង្គ​ភេទ(អូវែរ និង​ពងស្វាស) ៖ ជាតិ​ស័ង្កសី​គឺជា​សារធាតុ​ជីវិតមួយ​ដែល​ចូលរួម និងជួយ​ដល់​ដំណើរ​ការ​ផលិត​ឬលូតលាស់​នៃ​សរីរាង្គ​ភេទ ជាពិសេស​គឺការ​កកើត​នៃអូវែរ​របស់​ស្ដ្រី និង​ពងស្វាស​របស់​បុរស។
  • ជួយ​មេតាប៉ូលីស​ផ្លូវ​រំលាយ​អាហារ ៖ ជាតិ​ស័ង្កសី​ដើរតួនាទី​សំខាន់​នៅក្នុងការ​ធ្វើឱ្យ​ដំណើរការ​ទៅបាន​ល្អផង​ដែរ នៃមេតា​ប៉ូលីស​ផ្លូវ​រំលាយ​អាហារ។
  • ជួយ​សុខភាព​កោសិកា ៖ ជាតិ​ស័ង្កសី​ជាសារធាតុ​សំខាន់​មួយ​របស់​កោសិកា​នៅក្នុងការ​ទ្រទ្រង់​សុខភាព​កោសិកា​បានល្អ ដូចជា​ការមាន​កូន ការ​វិវឌ្ឍន៍​លូតលាស់ ការ​ផ្សះ​របួស​ស្នាម​ប្រព័ន្ធការពារ​ជាដើម ព្រម​ទាំង​ចូលរួម​នៅក្នុង​ការ​ផលិត​ប្រូតេអ៊ីន ឬ​អាស៊ីត​ដេអុកស៊ីត​នុយក្លេអិច​(អាដេអ៊ិន​ឬឌណៅ) និង​អាស៊ីត​រីបូនុយ​ក្លេអ៊ិច​(អាអ៊ែរអិន​ឬណ្រៅ)។ ជារួម​វាស្ថិត​នៅក្នុង​ចំណោម ធាតុផ្សំ​នៃសារធាតុ​អង្គស៊ីម​ចំនួន​២០០មុខ។
  • ជួយ​សុខភាព​ផ្លូវភេទ ៖ ស័ង្កសី​ជួយឱ្យ​សុខភាព​ផ្លូវភេទ​រឹតតែ​ប្រសើរ​ឡើង។
  • ជួយ​សាច់ដុំ ៖ ស័ង្កសី​ដឹកនាំ​សាច់ដុំ​ឱ្យមាន​ការ​កន្ដ្រាក់បាន​ប្រសើរ​ឡើង។
  • ជួយត្រួ​តត្រា​ជាតិស្ករ និង​ជាតិសាច់ ៖ ស័ង្កសី​ជួយ​សម្រួល​លំនឹង​ជាតិស្ករ​នៅក្នុង​ឈាម និងការ​បញ្ចេញ​អ័រម៉ូន អាំងស៊ុយ​លីន ព្រមទាំង​ជួយឱ្យ​ជាតិស្ពាន់​នៅក្នុង​ឈាម​មានលំនឹង​ផងដែរ។
  • ជួយ​ប្រឆាំង​វ័យ​ចំណាស់ ៖ ស័ង្កសី​គឺជា​អង់ទី​អុកស៊ីដង​យ៉ាង​មានឥទ្ធិពល​ដែល​សំខាន់​នៅក្នុង​ការ​ទប់ស្កាត់​វ័យ​កុំឱ្យ​ឆាប់ចាស់ ដោយ​ទ្រទ្រង់​នូវ​សុខភាព​ភ្នែក​ឬគំហើញ ប្រព័ន្ធ​ប្រសាទ​បញ្ជា​ក្រៅ និង​បញ្ជា​ក្នុងជួយ​ឱ្យរបួស​ឆាប់​ជាសះផ្សះ​ល្អ ទប់ស្កាត់​ផល​ប៉ះពាល់​នៃការ​ជក់បារី កាត់​បន្ថយ​ជម្ងឺក្រិន​សរសៃ​ឈាម និងជួយ​បញ្ចុះ​ជាតិខ្លាញ់​កូឡេ​សស្ដេរ៉ុល។
  • ជួយ​សុខភាព​បន្ដពូជ​បុរស ៖ ស័ង្កសី​អាចជួយ​ការពារ និង​ព្យាបាល​រោគ​ប្រូស្ដាត​របស់​បុរស និងជួយ​បង្កើន​លទ្ធភាព​មានកូន​របស់​បុរស​បាន​ប្រសើរ​ទៀតផង។
  • ជួយ​ព្យាបាល​មុន ៖ ស័ង្កសី​ត្រូវបាន​ប្រើ​លាយ​ជាថ្នាំ​ព្យាបាល​រោគមុន។
  • ជួយ​ទប់ស្កាត់​អាឡែកស៊ី និងការ​លូតលាស់​នៃ​រាងកាយ ៖ ស័ង្កសី​អាចកាត់​បន្ថយ​គ្រោះ​ដែលបង្ក​ជាប្រតិកម្ម​ឬអាឡែកស៊ី ។ ជារួម​វាជួយ​បង្កើន​កម្លាំង​ប្រព័ន្ធ​ការពារ​រាងកាយ និងការ​លូតលាស់​នៃរាងកាយ។
  • ជួយ​ព្យាបាល​រោគចិត្ដ ៖ វាអាច​ប្រើប្រាស់​ជាឱសថ​ធម្មជាតិ​ផងដែរ នៅក្នុង​ការ​ព្យាបាល​រោគ​តានតឹង​ផ្លូវចិត្ដ ឬ​បាក់​ទឹកចិត្ដ។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​ជាតិស័ង្កសី

ខ្លួន​ប្រាណ​មនុស្ស​ត្រូវការ​ការ​ទទួលទាន​ចូល​ជាប្រចាំ​នូវ​សារធាតុ​ស័ង្កសី​ក្នុង​បរិមាណ​ចំនួន​ជាមធ្យម​១៤មីលីក្រាម​ក្នុង​១ថ្ងៃ សម្រាប់​បុរស ចំនួន​១២​មីលីក្រាម​សម្រាប់​ស្ដ្រី។ ចំពោះស្ដ្រី​ដែលមាន​ផ្ទៃពោះ តម្រូវការ​អាច​កើនឡើង​ដល់ទៅ​១៦មីលីក្រាម​ក្នុង១ថ្ងៃ ស្ដ្រី​បំបៅដោះ​កូន​ត្រូវការ​ចំនួន​២៣មីលីក្រាម​ក្នុង​១ថ្ងៃ។ រីឯ​មនុស្ស​វ័យ​ចំណាស់ គឺ​ចំនួន​១៤មីលីក្រាម​ក្នុង១ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កង្វះ​ជាតិស័ង្កសី​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

ប្រសិន​បើយើង​ទទួលទាន​សារធាតុ​ស័ង្កសី​មិនបាន​គ្រប់គ្រាន់​នោះទេ អាច​នាំឱ្យ​ប៉ះពាល់​ដល់សុខភាព​គួរឱ្យ​កត់សម្គាល់។ ផល​ប៉ះពាល់​ទាំងនោះ​រួមមាន ដែល​ចម្បង​ជាងគេ​គឺ ភាពគ្មាន​កូន(អា) និង​លិង្គងាប់​សម្រាប់​បុរស​ផល​ប៉ះពាល់​ពេលមាន​ផ្ទៃពោះ សម្រាប់​ស្ដ្រី​(អត្រាកូន​កើតមិន​គ្រប់ខែ​កើនដល់​ទៅ៣​ដងឯណោះ​ខុសពី​ធម្មតា) សុខភាព​ទូទៅខ្សោ​យ ការ​លូតលាស់​នៃរាងកាយ​យឺតយ៉ាវ ជម្ងឺ​ស្លេកស្លាំង​(ខ្វះគ្រាប់​ឈាម​ក្រហម) សរីរាង្គ​ភេទតូច​ឬខុស​ប្រក្រតី ក្រចក​ពុកផុយ ស្បែកស្ងួត កើត​រោគមុន មិនសូវ​ឃ្លាន​អាហារ ងាយក្លាយ​រោគ ងាយកើត​ប្រតិកម្ម ឬ​អាឡែកស៊ី របួស​ស្នាម​ពិបាក​ជាផ្សះ​ជាដើម។

មូលហេតុ​បង្កឱ្យ​ខ្វះជាតិ​ស័ង្កសី

តាមការ​សិក្សា​លម្អិត​អំពី​ដើមហេតុ​នៃការ​ខ្វះជាតិ​ស័ង្កសី​នេះបាន​ឱ្យដឹង​ថា កង្វះជាតិ​ស័ង្កសី​កើតមាន​ឡើង​ដោយសារ​កត្ដា​មួយចំនួន ជាពិសេស​នៅក្នុង​ចំណោម​មនុស្ស​ដូចតទៅ គឺអ្នក​ពិសាបារី​ច្រើន អ្នកផឹក​កាហ្វេ អ្នក​ប្រើថ្នាំ​បញ្ចុះ​ទឹកនោម​ដែលនាំ​ឱ្យបញ្ចុះ​ទាំងជាតិ​ស័ង្កសី អ្នក​កើតជម្ងឺ​ពោះវៀន និង​តម្រង់នោម អ្នក​ពិសាស្រា ដែល​ទប់ស្កាត់​ការ​ជ្រាបចូល​របស់​ស័ង្កសី​ទៅក្នុង​ខ្លួន អ្នក​ទទួលទាន​ម្ហូបបួស​(ដោយសារ​ជាតិស័ង្កសី​ធ្វើ​សំយោគ​មិនសូវល្អ​នៅក្នុង​បន្លែ) ចំណីអាហារ​ចេញពី​រោងចក្រ​(ស្ករស ម្សៅ និង​បាយស​ដែលសម្រិត​សពេក) និង​វ័យចាស់​ជរា។

ចំណី​អាហារ​ដែលមាន​ជាតិស័ង្កសី

ជាតិ​ស័ង្កសី​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន ជាពិសេស​មាន​នៅលើ​ចំណី​អាហារ ដូចជាគ្រឿង​សមុទ្រ ថ្លើមសត្វ សាច់សត្វ ត្រី ស៊ុតលឿង មេស្រាបៀរ សណ្ដែក​បារាំង គ្រាប់​ធញ្ញជាតិ និង​បន្លែក្រៀម។

ជាតិស័ង្កសី​ជាគ្រាប់​ថ្នាំអាហារ​បំប៉ន

គ្រាប់ថ្នាំ​អាហារ​បំប៉ន​ស័ង្កសី​តម្រូវ​ឱ្យប្រើ​នៅក្នុង​ករណី​ជាច្រើន ជាអាទិ​រោគប្រូស្ដាត ក្លាយ​រោគ​ឬឆ្លង​មេរោគ​ដដែលៗ ក្រោយពី​ធ្វើការ​វះកាត់​អ្វីមួយ​(ពិបាក​ជាសះផ្សះ) បញ្ហាក្រ​ចក បញ្ហា​ស្បែក​(ជាពិសេស​រោគមុន) លូតលាស់​យឺត​ឬក្រិន ជម្ងឺ​ទឹកនោម​ផ្អែម បុរស​អត់កូន​ឬអាបុរស​ខ្សោយលិង្គ​មិនសូវ​ឡើងរឹង ស្ដ្រី​ដែលមក​រដូវ​មិនទៀង​ឬជួយ​ឱ្យរដូវ​ដើរទៀង​ល្អ(ប្រើ​ជាមួយ​វីតាមីន​បេ ៦) និង​សម្រាប់​មនុស្ស​ដែលខ្សោយ​ជីវ្ហាវិញ្ញាណ និង​ឃានវិញ្ញាណ។

ប៉ុន្ដែ​លោកអ្នក​មិនត្រូវ​ប្រើគ្រាប់​ថ្នាំ​អាហារ​បំប៉ន​ដែលមាន​ជាតិស័ង្កសី​លើសពី​៣០មីលីក្រាមនោះ​ទេ។ រីឯការ​ទទួលទាន​ត្រូវ​ប្រើប្រាស់​ឱ្យឆ្ងាយពី​ពេល​ទទួលទាន​អាហារ និង​ពីពេល​ទទួលទាន​ជាតិថ្នាំ​ពាសក្រពះ។

សូម​ប្រុង​ប្រយ័ត្ន

ជាតិដែក​ជាសារធាតុ​មួយដែល​ទប់ស្កាត់​ការ​ជ្រាបចូល​ទៅក្នុង​ខ្លួននៃ​ជាតិស័ង្កសី។ ហេតុនេះនៅក្នុង​គ្រាប់ថ្នាំ​អាហារ​បំប៉ន គេ​កម្រឃើញ​មាន​សារធាតុ​ទាំងពីរ​នេះ​នៅជាមួយ​គ្នាណាស់។ ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវជាតិដែក​ជាខ្លាំង ចំពេល​ដែលគាត់​ត្រូវការ​ជាតិ​ស័ង្កសី​ផងដែរ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative