មន្ដ្រី​សុខាភិបាល​ព្រមាន​អំពី​គ្រោះថ្នាក់​នៃជម្ងឺ​មិនឆ្លង

មន្ដ្រី​សុខាភិបាលកា​លពី​ថ្ងៃទី២ ខែ​កក្កដា បាន​ព្រមាន​ថា ប្រជាជន​កម្ពុជា​កំពុង​ប្រឈមមុខ​នឹងកត្ដា​ហានិភ័យ​ខ្ពស់ ពាក់ព័ន្ធ​នឹងជម្ងឺ​មិនឆ្លង ដែល​ជាមូលហេតុ​ធ្វើឱ្យ​អត្រាស្លាប់​មានចំនួន​កើនឡើង​ស្មើពាក់​កណ្ដាល​នៃជម្ងឺ​ឆ្លងទូទៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ឯកឧត្ដម អេង ហួត រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ថ្នាក់ជាតិ​នៅសណ្ឋាគារ​ណាហ្គាវើល កាលពី​ថ្ងែទី២ ខែកក្កដា​ថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​រក​ប្រេវ៉ាឡង់​នៃកត្ដា​ហានិភ័យ​របស់​ជម្ងឺ​មិនឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា ឆ្នាំ២០១០ គេ​សង្កេតឃើញ​ថា ប្រជាជន​កម្ពុជា​កំពុងតែ​ប្រឈម​មុខនឹង​កត្ដា​ហានិភ័យ​របស់​ជម្ងឺ​មិនឆ្លង​ខ្ពស់ជាង​ប្រទេស​ជិតខាង ដែលជា​សក្ខីភាព​បញ្ជាក់​ពីទំនោរ​នៃការ​កើនឡើង​នៃបន្ទុក​ជម្ងឺ​មិនឆ្លង ដូចជា​ជម្ងឺទឹកនោម​ផ្អែម ជម្ងឺ​មហារីក ជម្ងឺ​លើស​ឈាម ជម្ងឺ​បេះដូង ជម្ងឺ​ដាច់សរសៃ​ឈាម…។ លោក​បន្ដថា កត្ដា​ហានិភ័យ​របស់ជម្ងឺ​ទាំងនេះ ត្រូវបាន​បង្កឡើង​ដោយការ​ផឹកស្រា ការជក់​បារី ការ​មិនធ្វើ​កាយវប្បកម្ម និងការ​ហូបចុក​មិនបាន​ត្រឹមត្រូវ​ជាដើម។ លោក​ថ្លែងថា ៖ “ដើម្បី​បង្ការ​ជម្ងឺមិនឆ្លង គឺ​ត្រូវចេះ​បង្ការ​កត្ដា​ហានិភ័យ​របស់វា ដោយ​ទាមទារឱ្យ​យើង​ទាំងអស់គ្នា​ត្រូវ​ខិតខំ​ព្យាយាម​ធ្វើការ​អប់រំ​ជូនប្រជាពលរដ្ឋ​របស់​យើង សហគមន៍​យើង ឱ្យយល់​ដឹងច្បាស់​អំពី​ជម្ងឺ​មិនឆ្លង ជាពិសេស​ឱ្យអ្នក​ទាំងនោះ​បានយល់​ច្បាស់ថា ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺ​លើសឈាម ជម្ងឺ​មហារីក និង​ជម្ងឺ​រ៉ាំរ៉ៃ​មួយចំនួន​ធំទៀត ពុំអាច​ព្យាបាល​ឱ្យបាន​ជាសះស្បើយ​ឡើយ។

នៅ​ទីក្រុង​ភ្នំពេញ​ជម្ងឺ​មិនឆ្លង​បាន​កើតមាន​ចំពោះ​ប្រជាជន​កម្ពុជា​មានចំនួន​ប្រមាណ​៥,៦ភាគរយ រីឯ​នៅតាម​ជនបទ​វិញអ្នក​ជម្ងឺមាន​ប្រមាណ​តែ២,៣​ភាគរយ​ប៉ុណ្ណោះ

អ្នកស្រី​វេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​នៃក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា ក្នុង១ ឆ្នាំៗ​មានអ្នក​កើតជម្ងឺ​មិនឆ្លងប្រ​មាណ​៥០%​ត្រូវបាន​ស្លាប់។ ដែលនេះ​គឺជា​តួលេខ​មួយមាន​ការ​កើនឡើង​ខ្ពស់បើ​ធៀប​នឹងជម្ងឺ​ផ្សេងៗ ទៀត​ដែលបាន​កើតមាន​នៅក្នុង​តំបន់។ អ្នកស្រី​បន្ដថា ជារៀង​រាល់ឆ្នាំ​មានអ្នក​ជម្ងឺ​មិនឆ្លង​មកសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន​ដល់ទៅ​៤៥ភាគរយ ហើយ​ភាគច្រើន​ពួកគេ​ទាំងនោះ​គឺជា​អ្នករស់នៅ​ក្នុងទី​ប្រជុំជន និង​តាម​ទីជនបទ​ផងដែរ។ អ្នកស្រី​និយាយ​ថា ៖ “ជម្ងឺ​មិនឆ្លង​ប្រសិនបើ​កើតមាន​ហើយ​ត្រូវតែ​អនុវត្ដ​នូវ​របបអាហារ និងការ​ប្រើប្រាស់​ថ្នាំឱ្យ​បានទៀង​ទាត់ផង​នោះ ទើបអាច​រស់រាន​មានជីវិត​រហូត​ដល់អាយុ​កាល​របស់យើង។

លោក Pieter JM Van Maaren តំណាង​អង្គការ​សុខភាព​ពិភពលោក​(WHO)បានមាន​ប្រសាសន៍​ថា លោក​សូម សម្ដែងការ​គាំទ្រ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​នៃក្រសួង​សុខាភិបាល ដែលបាន​យកចិត្ដ​ទុកដាក់​ក្នុងការ​គិតគូរ​ហានិយភ័យ​នៃជម្ងឺ​ដែលមិន​អាច​ព្យាបាល​ឱ្យជា​សះស្បើយ​នោះ។ លោកបន្ដ​ថា វាគឺជា​ការជំរុញ​មួយ​ដើម្បី​លើក​ទឹកចិត្ដ​ដល់​ប្រជាជន​កម្ពុជា​ឱ្យចេះថែរក្សា​សុខភាព​របស់​ពួកគេ តាមរយៈ​ការ​ទទួលទាន​របប​អាហារ​ដែល​សមស្រប និង​ធ្វើឱ្យ​ពួកគេ​ចេះស្រឡាញ់​កាយ​សម្បទា​របស់ខ្លួន តាមរយៈ​ការធ្វើ​លំហាត់​ប្រាណ ដើម្បី​ឱ្យមាន​ភាពរឹងមាំ ចៀសផុត​ពីជម្ងឺ​ផ្សេងៗ​នៅក្នុង​ខ្លួនពួកគេ។ លោកថ្លែង​ថា ៖ “យើង​នៅតែ​ផ្ដល់ការ​គាំទ្រ សម្រាប់​បញ្ហា​សុខភាព​របស់​ប្រជាជន​កម្ពុជា​ជានិច្ច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative