របៀប​សន្សំ​សំចៃ​ថាមពល​អគ្គិសនី

នៅតាម​ទីក្រុង​ក៏ដូចជា​ទីប្រជុំជន​នានា ត្រូវការ​ជាចាំបាច់​នូវ​ថាមពល​សម្រាប់​ប្រើក្នុងការ​បំពេញ​ការងារ​ប្រចាំថ្ងៃ។ តម្រូវការ​នៃថាមពល​បានធ្វើ​ឱ្យ​លោកអ្នក​មានការ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅលើវា។ ពេលខ្លះ​លោកអ្នក​មួយចំនួន​ប្រើប្រាស់​ថាមពល​ដោយគ្មាន​ការ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ពោល​គឺប្រើ​ក្នុងសភាព​ខ្ជះខ្ជាយ​តែម្ដង។ លោកអ្នក​មួយចំនួន​ក៏ចង់​ប្រើប្រាស់​ដោយ សន្សំ​សំចៃ​ដែរ តែ​មិនដឹង​ធ្វើដូចម្ដេច​ទើបអាច​កាត់បន្ថយ​បាន ព្រោះ​អ្នក​ទាំងនោះ​មិនបាន​ដឹងថា​សកម្មភាព​មួយចំនួន​របស់​ពួកគេ​គឺជា ការ​ខ្ជះខ្ជាយ​ថាមពល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ ទស្សនាវដ្ដី សុខភាពយើង លើក​អំពី​ប្រការ​ទាំងឡាយ​ដែល​លោកអ្នក​អាចយក​ទៅអនុវត្ដ ដើម្បី​កាត់បន្ថយ ការ​ប្រើប្រាស់​ថាមពល​ប្រចាំថ្ងៃ ហើយអាច​សន្សំ​សំចៃ​ប្រាក់កាក់លោកអ្នក​ទៀតផង។

នរណា​ជាអ្នក​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​បាន?

កន្លែងស្នាក់​នៅនរណា​ថាមិន​សំខាន់ ដោយសារ​ចំនួន​លំនៅដ្ឋាន និង​បន្ទប់​ស្នាក់នៅ​ផ្សេងៗ​មានចំនួន​ច្រើន​ទៅតាម​ចំនួន មនុស្ស​ក្នុងគ្រួសារ​នីមួយៗ ដូច្នេះ​គ្មាន​នរណា​អាចកំណត់​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្រៅពី​មេគ្រួសារ និង​សមាជិក​គ្រប់គ្នា​នៅក្នុង​ផ្ទះនោះ​ឡើយ។ ដូចគ្នាផងដែរ​សម្រាប់​ការ​បង់ថ្លៃ​ថាមពលអគ្គិសនី​ដែលបាន​ប្រើប្រាស់ គឺ​មានតែ​មេគ្រួសារ​នៅក្នុង​ផ្ទះតែ​ប៉ុណ្ណោះ ដែល​ជាអ្នក​ទូទាត់ ដូច្នេះ​បញ្ហា​ក្នុងការ​សន្សំ​សំចៃ​ថាមពល​គឺជា​បញ្ហាជិត​មេគ្រួសារ និង​សមាជិក​ស្នាក់នៅ​គ្រប់គ្នា ដែល​នឹងអាច​ជួយ​កាត់​បន្ថយ​ថាមពល​អគ្គិសនី និងថ្លៃ​ចំណាយ​បាន។ ប្រសិនបើ​គ្រប់ផ្ទះ​រួមដៃគ្នា​អនុវត្ដ​ការសន្សំ​សំចៃ​នោះ វានឹង​អាចសន្សំ​សំចៃ​ការ​ប្រើប្រាស់ ថាមពល​របស់​គ្រួសារ។

កាត់​បន្ថយការ​ប្រើប្រាស់​ថាមពល​អាចធ្វើ​បាន​ដូចម្ដេច?

សន្សំ​សំចៃ​លើការ​ចំណាយ​ថ្លៃ​ថាមពល​អគ្គិសនី មិនមែន​ជារឿង​ពិបាក​នោះទេ។ យើង​អាច​ចាប់ផ្ដើម​ពីវិធី​ងាយៗ ដែល​អាច​អនុវត្ដ​បាន​ដោយ​ខ្លួនយើង​ផ្ទាល់។ យើង​អាច​អនុវត្ដ​នូវវិធានការ​សន្សំសំចៃ​ថាមពល​បាន យើង​ក៏អាច​សន្សំ​សំចៃ​ចំណាយ​លើថ្លៃ​ភ្លើង​បានដែរ។ បើ​យើងប្រើ​កាន់តែ​ត្រឹមត្រូវ​តាមវិធី​ទាំងនោះ វានឹង​ធ្វើឱ្យ​កាន់តែ​សន្សំសំចៃ​កាន់តែ​បានច្រើន នៅពេល​ដែលមាន​ការកែ​សម្រួល ឬ​ផ្លាស់ប្ដូរ​ឧបករណ៍​ខ្លះៗ តាមបី​ដំណាក់​កាល​ដូចខាង​ក្រោម ៖

1 . ដំណាក់​កាលទី១ កាត់​បន្ថយ​ឬបញ្ឈប់ ៖ ត្រូវ​កាត់បន្ថយ​រយៈពេល ឬ​បញ្ឈប់​នូវ​សកម្មភាពការ​ប្រើប្រាស់​ភ្លើងបែប ខ្ជះខ្ជាយ ដូចជា ៖

  • កាត់​បន្ថយការ​បើកភ្លើង ដូចជា​ពីមុន​បើក១២​ម៉ោង​ឱ្យនៅ​សល់ត្រឹម​៨ម៉ោង
  • កាត់​បន្ថយការ​បើក​ម៉ាស៊ីន​ត្រជាក់​ក្នុងបន្ទប់​មួយថ្ងៃ​១ឬ២ម៉ោង
  • ចៀសវាង​ការ​បើកវិទ្យុ​ស្ដាប់​ចម្រៀង និងបើក​ទូរទស្សន៍​ព្រមគ្នា មានន័យ​ថាសុំ​ឱ្យមក​មើលជាមួយ​គ្នានៅមុខ​ទូរទស្សន៍ តែមួយ​សន្សំ​សំចៃ​ទាំងថ្លៃ​ភ្លើង និងមាន​ភាពកក់​ក្ដៅក្នុង​ចិត្ដ ព្រោះ​បាន​នៅជុំគ្នា​ជាមួយ​គ្រួសារ។
  • បញ្ឈប់​ការដោត​ឌុយ​កំសៀវ​ទឹកក្ដៅ​ចោល ដើម្បី​ឆុងកាហ្វេ​នៅពេល​ក្រោយៗ​ទៀត ដកឌុយ​ភ្លាម​នៅពេល​ដែលឈប់​ប្រើវា។

2 . ដំណាក់​កាលទី២ ថែទាំ និង​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ ៖ ព្យាយាម​ថែទាំ​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ ជួយ​ពន្យារ​ពេល ក្នុងការ​ប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ដែល​មិនធ្វើ​ឱ្យខ្ជះខ្ជាយ​ភ្លើង និង​សន្សំសំចៃ ដូចជា ៖

  • កំណត់​សីតុណ្ហ​ភាពម៉ាស៊ីន​ត្រជាក់​ឱ្យសមរម្យ​ត្រង់​កម្រិត​២៥អង្សាសេ
  • សម្អាត​តម្រង​ម៉ាស៊ីន​ត្រជាក់​កុំឱ្យ​ជាប់ធូលី
  • ដាក់​ទូទឹកកក​ឱ្យឃ្លាត​ពីជញ្ជាំង​យ៉ាងតិច​១៥សង់​ទីម៉ែត្រ ដើម្បីឱ្យ​វាបញ្ចេញ​កម្ដៅបាន​ស្រួល
  • រំលាយ​ទឹកកក​ក្នុងទូ​ឱ្យបាន​ទៀងទាត់ ដើម្បីឱ្យ​ប្រព័ន្ធ​ត្រជាក់​មាន​ប្រសិទ្ធភាព​ខ្ពស់
  • មិនយក​ចំណី​អាហារ​ដែលនៅ​ក្ដៅមក​ទុកក្នុង​ទូទឹកកក
  • ជូតសក់​ដោយ​ក្រណាត់​ឱ្យជិត​ស្ងួត មុននឹង​ប្រើ​ឧបករណ៍​ផ្លុំសក់
  • នៅពេល​ទិញ​ឧបករណ៍​ប្រើប្រាស់​អគ្គិសនី ត្រូវ​សិក្សា​ព័ត៌មាន​ក្នុងការ​ប្រើប្រាស់​ឱ្យបាន​ល្អិតល្អន់​ជាមុន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 

3 . ដំណាក់​កាលទី៣ កែ​សម្រួល និង​ផ្លាស់ប្ដូរ ៖ ប្រសិន​បើយើង​ចង់សន្សំ​សំចៃ​កាន់តែច្រើន​នោះ យើងត្រូវ​ចំណាយ​ដើមទុន ទិញ​ឧបករណ៍​ខ្លះ ឬប្ដូរ​ឧបករណ៍​ចាស់ដែ​លស៊ី​ភ្លើង​ច្រើន និងគ្មាន​ប្រសិទ្ធភាព​ដូចជា ៖

  • បិទហ្វីល​ជះពន្លឺ​កម្ដៅ​កាំរស្មី​លើបង្អួច​កញ្ចក់ ដើម្បី​កាត់បន្ថយ​កម្ដៅចូល​ក្នុងផ្ទះ
  • ដាំដើម​ឈើដើម្បី​បាំងផ្ទះ​កុំឱ្យ​កម្ដៅថ្ងៃចាំង​មកលើ
  • បំពាក់​ឆ្នួនលើ​ពិដាន និង​កាត់បន្ថយ​ការបើក​ម៉ាស៊ីន​ត្រជាក់
  • ប្ដូរ​អំពូល​ពងមាន់​មកជាអំ​ពូល​អ៊ុយវិញ និង​ឧបករណ៍​ផ្សេងៗ។

បណ្ដាំ​ផ្ញើ

តម្លៃភ្លើង​កាន់តែ​ថ្លៃ លោកអ្នក​ត្រូវតែ​សន្សំ​សំចៃ​កាន់តែ​ខ្ពស់ ព្រោះ​លោកអ្នក​មិនមាន​លទ្ធភាព​រកប្រាក់​ចំណូល​សម្រាប់​តែបង់​ថ្លៃភ្លើង​នោះទេ។ សមាជិក​ក្នុងគ្រួសារ​ទាំងអស់​ត្រូវតែ​មានចំណែក​ក្នុងការ​សន្សំសំចៃ​ភ្លើង។ សូម​ចងចាំ​ថា ដោតឌុយ​ចោល​គឺខាតបង់​ប្រាក់ក្នុង​ហោប៉ៅ។ សូម​រួមគ្នា​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ថ្លៃភ្លើង។

 

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative