ចំណុច​ត្រូវដឹង​ពីការ​ទទួលទាន​អាហារ

សុជីវធម៌​ជាឥរិយាបថ​មួយដែល​បង្ហាញ​ពីភាព​ថ្លៃថ្នូរ​របស់​មនុស្ស​ក្នុងការ​រស់នៅ។ គប្បីត្រូវ​មាន​សុជីវធម៌​គ្រប់​កាលៈទេសៈ សូម្បី​តែការ​ទទួលទាន​អាហារ។ ទោះបី​ជាការ​ទទួលទាន​អាហារ​ជាមួយ​ក្រុមគ្រួសារ​ពុំចាំបាច់​ប្រកាន់​ខ្ជាប់នូវ​សុជីវធម៌​ពេក​នោះទេ តែ​លោកអ្នក​ក៏ត្រូវ​ស្វែងយល់​ពីសុជីវធម៌​មួយចំនួន​នៅពេល​ដែលការ​ទទួលទាន​ជាមួយ​អ្នកដទៃ ឬការ​បញ្ចេញ​អាកប្ប​កិរិយា​ចំពោះការ​ទទួលទាន​អាហារ​នៅខាងក្រៅ​ជាលក្ខណៈ​ថ្លៃថ្នូរ​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ស្វែងយល់​ពីសុជីវធម៌​មួយចំនួន​នៃការ​ទទួលទាន​អាហារ​នេះ ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​នឹង​លោកស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​ក្នុងការ​រៀបចំ​គេហដ្ឋាន។

ការ​ទទួលទាន​អាហារ​នៅក្នុង​ផ្ទះ

ជាការ​ទទួលទាន​អាហារ​ជាលក្ខណៈ​ក្រុមគ្រួសារ​ជាប្រចាំ មិនសូវ​ជាគិតគូរ​ពីរបៀបរៀបចំ​ខ្លួនក្នុង​ការ​ទទួលទាន​ប៉ុន្មានទេ។ ផ្ទុយ​ទៅវិញ​នៅពេល​មាន​បងប្អូន ឬភ្ញៀវ​មក​ចូលរួម​ទទួលទាន​អាហារ​ជាមួយ លោកអ្នក​ចាំបាច់​ត្រូវយក​ចិត្ដទុក​ដាក់ដល់​សុជីវធម៌​នៃ ការ​ទទួលទាន​អាហារ។ លោកអ្នក​ចាំបាច់​ត្រូវអង្គុយ​ឱ្យត្រង់​ខ្លួន ហើយ​រក្សា​ឥរិយាបថ​ឱ្យបាន​ត្រឹមត្រូវ រៀបចំឱ្យ​បាន​គ្រប់គ្រាន់ និង​ឱ្យបាន​ត្រឹមត្រូវ​នូវ​សម្ភារៈ​មួយចំនួន ដូចជា​កែវទឹក កែវស្រា ឬ​ក៏កែវ​ភេសជ្ជៈ​អ្វីផ្សេង​ទៀត ត្រូវដាក់​នៅខាង​លើ សម ស្លាបព្រា និងចាន​នៅផ្នែក​ខាងស្ដាំ​ដៃ។ កាំបិត និង​កូនកន្សែង​ត្រូវដាក់​នៅផ្នែក​ខាងឆ្វេង​ដៃ តែបើ​តាមទម្លាប់​របស់ខ្មែរ​ការ​ទទួលទាន​អាហារ តែងតែ​ប្រើ​ជាមួយ​សម និង​ស្លាបព្រា។ លោកអ្នក​ត្រូវប្រើ​ជាមួយ​សម្ភារៈ​ទាំងនេះ​ដោយ​ប្រុងប្រយ័ត្ន ចៀសវាង​កុំធ្វើឱ្យ​ស្រក់​ប្រឡាក់ នៅលើ​តុអាហារ​ឱ្យសោះ។ ពេល​ទទួលទាន​ត្រូវ​ព្យាយាម​បរិភោគ​ឱ្យអស់​ពីចានបាយ ហើយ​កុំចាប់​ម្ហូប​ដាក់ចាន​ច្រើនពេក រហូត​ទទួលទាន​មិនអស់។

ការ​ទទួលទាន​អាហារ​នៅខាង​ក្រៅផ្ទះ

នេះជា​ប្រការ​សំខាន់​ណាស់​ចំពោះ​លោកអ្នក​ដែល​ត្រូវទៅ​ទទួលទាន​អាហារ​នៅខាងក្រៅផ្ទះ ដូចជា​នៅតាម​ភោជនីយដ្ឋាន ឬ​តាម​សណ្ឋាគារ​នានា​ដែលត្រូវ​មាន​សុជីវធម៌​ឱ្យបាន​ត្រឹមត្រូវ។ លោកអ្នក​ដែល​ទៅទទួលទាន​នៅ​ខាងក្រៅ ត្រូវមាន​សុជីវធម៌​ដូចនៅក្នុង​គេហដ្ឋាន​របស់អ្នក​នៅពេល​ដែលមាន​ភ្ញៀវ ឬ​បងប្អូន។ បើ​លោកអ្នក​ដែល​ទៅទទួលទាន​នៅខាង​ក្រៅ អាហារ​ជាលក្ខណៈ ប៊ូសហ្វេ​វិញនោះ គប្បី​ចាប់ម្ហូប​ទទួលទាន​ឱ្យមាន​កំណត់​តាមដែល​អាច​ទទួលទាន​អស់។ លោកអ្នក​មិនត្រូវ​ចាប់​អាហារ​ច្រើនពេក​នោះទេ ចៀសវាង​ការ​ទទួលទាន​មិនអស់​ធ្វើឱ្យ​សល់ច្រើន​នៅក្នុង​ចាន អ្នកដទៃ​នឹងអាច​វាយតម្លៃ​ថាលោកអ្នក​ខ្ជះខ្ជាយ​ក្នុងការ ទទួលទាន​អាហារ។

ដំបូន្មាន​អ្នក​ជំនាញ

ជាការ​ចាំបាច់​ណាស់​ដែល​លោកអ្នក​ត្រូវមាន​សុជីវធម៌ល្អ​ក្នុងការ​ទទួលទាន​អាហារ។ មិនថា​នៅក្នុង​ផ្ទះ ឬ​នៅខាង​ក្រៅផ្ទះ ចាំបាច់​ត្រូវមាន​សេចក្ដី​ថ្លៃថ្នូរ​ក្នុងការ​ទទួលទាន​អាហារ។ នេះក៏ជា​ឥរិយាបថ​ដែល​បង្ហាញ​ពីចរិត​មារយាទ​ល្អ និង​សេចក្ដី​ថ្លៃថ្នូរ​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative