ភេទ​ទី៣

ខ្ញុំបាទ​អាយុ​១៧ឆ្នាំ។ សព្វថ្ងៃ​ខ្ញុំកំពុង​សិក្សា​នៅវិទ្យាល័យ​មួយក្នុង​រាជធានី​ភ្នំពេញ។ នៅក្នុង​ថ្នាក់រៀន​ខ្ញុំ មាន​មិត្ដភក្ដិ​ខ្ញុំម្នាក់ ជាក្មេង​ប្រុស តែមាន​ចរិត​មិនប្រក្រតី​សោះ ខ្ញុំសង្ស័យ​ថា គាត់​ជាភេទទី៣​ដូចគេ​ធ្លាប់និយាយ​តៗគ្នា។ សូមលោក​វេជ្ជបណ្ឌិត​យើង ជួយ​បកស្រាយ​ឱ្យខ្ញុំបាទ​បានដឹង​ផង តើ​មកពីហេតុ​អ្វីទៅ។
យុវជនអ.ប.ហ អាយុ១៧ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ ភេទទី៣​ដែលប្រ​ជាពលរដ្ឋខ្មែរ​នាំគ្នា​ហៅតៗ​គ្នាមកនេះ ប្រហែល​ជាចង់​សំដៅទៅរក​ភេទខ្ទើយ។ សព្វថ្ងៃ​នេះ នៅលើ​ពិភពលោក​មានភេទ​លើសពី២ ដែល​ធម្មជាតិ​ចង់បង្កើត​មនុស្ស​មកឱ្យ​មានតែ​២ភេទ គឺភេទ​ប្រុស និង​ភេទស្រី។ នៅ​ប្រទេស លោក​ខាងលិច​ខ្លះបាន​បែងចែក​ភេទមនុស្ស​រហូត​ដល់ទៅ៣​ភេទ ៤ភេទ ឬ​៥ភេទ​ឯណោះ។ ចំណែក​នៅប្រទេស​កម្ពុជាយើង​សព្វថ្ងៃ យើង​ធ្វើការ​បែងចែក​ជា២ភេទ​ជាផ្លូវការណ៍ ជាពិសេស​ពេលលោក​អ្នក​បំពេញ​ប្រវត្ដិរូប ឬ​ឯកសារ​ផ្លូវការណ៍​ផ្សេងៗ។ រីឯ​ខ្ទើយ និង ភេទ​ទី៣នេះ​ជាការ​កំណត់​អត្ដសញ្ញាណ​អ្នកដែល​មិនមែន​ជាបុរស ឬ​ជាស្ដ្រី​ពេញលក្ខណៈ។ ជាអាទិ​ភេទទី៣​នេះចង់​សំដៅ​បុរស ស្រឡាញ់​បុរស ឬស្ដ្រី​ស្រឡាញ់​ស្ដ្រី។ ទាក់ទង​នឹងសំណួរ​ប្អូនប្រុស​ដែលចង់​សួរអំពី​មូលហេតុ​នៃភេទ​ទី៣ មានការ​ពិបាក​ឆ្លើយឱ្យ​បានឥត​ខ្ចោះបន្ដិច ដោយសារ​ចំណេះដឹង និងការ​ស្រាវជ្រាវ​សព្វថ្ងៃ​នៅមាន​កម្រិត។ ប៉ុន្ដែ​វេជ្ជបណ្ឌិត​យើង សូមធ្វើ​ការឆ្លើយ​ថាវា​បណ្ដាល​មកពី មូលហេតុ​ធំពីរយ៉ាង គឺកត្ដា​សេនេទិច​(ជីវសាស្ដ្រ) និង​កត្ដាផ្លូវចិត្ដ​(ចិត្ដសាស្ដ្រ)។ កត្ដា​ជីវសាស្ដ្រ​កើតមាន​ឡើងពេល​កកំណើត គឺជាការ​ផ្សំផ្គុំ​ក្រូម៉ូសូម និងការ​វិវឌ្ឍន៍​នៃការ​ផលិត និង​ប្រើប្រាស់​អ័រម៉ូនភេទ។ រីកត្ដា​ផ្លូវចិត្ដភេទ​ទាក់ទង​នឹងអារម្មណ៍ បរិស្ថាន​គ្រួសារ និង​សង្គម ជួន​បណ្ដាល​មកពីការ​សេពគប់ និង​បុគ្គលិក​លក្ខណៈ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative