តួនាទី​របស់​សិស្ស និង​គ្រូ

ពាក្យថា​សិស្ស​មាន​អត្ថន័យ​យ៉ាង​ទូលាយ​នៅក្នុង​សង្គមខ្មែរ​យើង​យូរយារ​ណាស់មក​ហើយ មិនថា​នៅក្នុង​សាលារៀន និង​ក្នុងសង្គម​ទេ សិស្ស​ដែលបាន​បំពេញ​នូវតួនាទី​បានល្អ​ចំពោះ​គ្រូ គ្រូ​រមែង​លើកតម្កើង​នូវ​គុណសម្បត្ដិ​របស់​សិស្សខ្លួន​អួត​ប្រាប់​គេឯង។ ដើម្បី​ឱ្យក្លាយ​ខ្លួនទៅជា​សិស្ស​គំរូ​ម្នាក់​នៅក្នុង​សង្គមជាតិ តើ​ក្នុងនាម​ជាសិស្ស​ត្រូវ​បំពេញ​តួនាទី​អ្វីខ្លះ​ចំពោះ​គ្រូទើប​ជាការ​ប្រសើរ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​ព្រះភិក្ខុ ហ៊ុំ សុទ្ធា ព្រះគ្រូ​សូត្រឆ្វេង​នៅវត្ដ​សំពៅមាស ព្រះតេជគុណ​នឹងធ្វើ​ការ​បកស្រាយ​រាល់អំពី​តួនាទី​របស់​សិស្ស​ចំពោះគ្រូ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

អ្វីទៅ​តួនាទី​របស់​សិស្ស​ចំពោះគ្រូ?

តួនាទី​របស់​សិស្ស​មានន័យថា​ជាការ​បំពេញ​នូវកាតព្វកិច្ច​របស់ខ្លួន​ចំពោះគ្រូ បើជា​កូនប្រុសស្រី​ត្រូវ​បំពេញ​តួនាទី​ក្នុងនាម​ជាកូនល្អ​ចំពោះ​មាតាបិតា មិនមែន​កូនដើរ​តួជាមាតាបិតានោះ​ទេ។ ពាក្យថា​តួនាទី​ជារឿង​សំខាន់​ដែល​មនុស្ស​ម្នាក់ត្រូវ​បំពេញ ឬ​ត្រូវធ្វើ។ ឧបមាថា​បើធ្វើការ​រាជការ ត្រូវ​បំពេញ​តួនាទី​ក្នុង​ដំណែង​ណាមួយ​ជាមន្ដ្រី​រាជការ ជាប្រធាន​មន្ទីរ ឬ​ជាអនុប្រធាន​មន្ទីរ​ជាដើម។

តួនាទី​៥យ៉ាង​របស់​សិស្ស​ចំពោះគ្រូ

1 . ឧដ្ឋានេន ៖ ជាការ​ក្រោកឡើង​ទទួលមាន​ន័យថា​នៅពេល​ដែលគ្រូ​ឬអ្នកដទៃ​(អ្នកមាន​អាយុច្រើន​ជាងសិស្ស)​ចូលក្នុង​ថ្នាក់សិស្ស​គួរតែ​ក្រោកឈរ​ឡើង​ដោយ​សេចក្ដី​គោរព បើតាម​ទំនៀម​ទម្លាប់​ខ្មែរយើង​ក្រោកឈរ​ឡើង និង​សំពះ​ទៀត។

2 . ឧបដ្ឋានេន ៖ ការគាល់​បម្រើ​មាន​ន័យថា​ការជួយ​ធ្វើនូវ​កិច្ចការអ្វី​ដែលគ្រូ​ពឹងពាក់​អាស្រ័យ។

3 . សុស្សុសាយ ៖ ការជឿ​ស្ដាប់​នូវឱវាទ មាន​ន័យថា​អ្វីដែល​គ្រូនិយាយ​អ្វីដែល​គ្រូទូន្មាន​ត្រូវតែ​ស្ដាប់ និង​ធ្វើតាម​(សិស្ស អាចធ្វើ​តាមគ្រូ ឬ​ស្ដាប់​ដំបូន្មាន​គ្រូបាន ប៉ុន្ដែ​ចំពោះគ្រូ​ណាដែល​ណែនាំ​ឱ្យសិស្ស​ដើរទៅរក​ផ្លូវល្អ​ទើបសិស្ស​អាច​ទទួលយក​នូវការណែនាំ​នោះបាន។

4 . បារិចរិយា ៖ ការ​បម្រើ​លក្ខណៈ​តូចៗ មានន័យ​ថាជាការ​គក់ច្របាច់​ដៃជើង រែក​ទឹក ពុះអុស​ជាដើម។ ដោយនៅ​សម័យ អតីតកាល​(សម័យ​បុរាណ)​ខ្មែរយើង សិស្សដែល​ទៅបំពេញ​ចំណេះវិជ្ជា​(ទៅរៀន)​តម្រូវ​ឱ្យសិស្ស​ត្រូវ​នៅជាមួយ​គ្រូ វាខុស​ប្លែកពីសម័យ​បច្ចុប្បន្ន​នេះដោយសិស្ស​ទៅរៀន​ហើយ​មិននៅ​ជាមួយ​គ្រូទេ អាច​ត្រឡប់​មកគេហដ្ឋាន​វិញ។

5 . សក្កច្ចំ សិប្បំ បដិគ្គហនេន ៖ ការរៀន​នូវ​សិល្ប៍សាស្ដ្រ​ដោយ​សេចក្ដី​គោរព មាន​ន័យថា​អ្វីៗដែល​គ្រូបាន​បង្រៀន និង​ទូន្មាន​ប្រៀន​ប្រដៅ សិស្ស​គួរតែ​អនុវត្ដន៍ និង​ធ្វើតាម។ ពីព្រោះ​អត្ថន័យ​នៃពាក្យ​ថាគ្រូ​មានន័យ​យ៉ាង​ទូលំទូលាយ​នៅក្នុង​សង្គម ទូទៅ​បើនិយាយ​តាមពាក្យ​ចាស់បុរាណ អាច​និយាយ​បានថា គ្រូឃើញ​នូវពន្លឺ​ព្រះអាទិត្យ​មុនសិស្ស ដូច្នេះ​ហើយ​គ្រូមាន​បទពិសោធន៍ មានទាំង​គំនិត មានទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើច្រើន​ជាងសិស្ស។

តួនាទី​៥យ៉ាង​របស់​គ្រូចំពោះ​សិស្ស

1 . សុវិនីតំវិនេន្ដិ ៖ ការ​ដឹកនាំ​ល្អ នៅពេល​ដែលសិស្ស​ធ្វើនូវតួនាទី​ប្រាំយ៉ាង​នេះជូន​ចំពោះ​គ្រូ គ្រូ​រមែង​នឹងធ្វើ​តបនូវ​តួនាទី ប្រាំយ៉ាង​របស់គ្រូ​មកលើ​សិស្សវិញ។ មាន​ន័យថា​គ្រូណែនាំ​ឱ្យសិស្ស​របស់ខ្លួន​ដើរតម្រង់​ទិសទៅ​រកផ្លូវ​ដែលល្អ​ចៀសវាង​នូវ​អំពើ ឧបាយ​មុខផ្សេងៗ​ដែល​សង្គមជាតិ​ស្អប់ខ្ពើម ដូចជា​ជាក្មេង​ទំនើង​ដើរ​ប្រព្រឹត្ដ​នូវអំពើ​ឆក់ ប្លន់ លួច និងការ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។

2 . សុគ្គហិតំ គាហាបេន្ដិ ៖ ការ​បង្រៀន​ឱ្យបាន​ល្អ មាន​ន័យថា​ទេពកោសល្យ បទពិសោធន៍ ភាព​វៃឆ្លាត គំនិត​ប្រាជ្ញា ចំណេះដឹង​ផ្ទេរទៅ​ឱ្យសិស្ស​គ្រប់ៗគ្នា​ទាំងអស់​ដោយ​ឥតលាក់​លៀម។

3 . សព្វសិប្បេសុ តំ សមក្ខាយិ​នោភវន្ដិ ៖ ការ​ប្រៀន​ប្រដៅ​សិស្ស​ឱ្យចេះ​សព្វគ្រប់​ក្នុង​សិល្ប៍សាស្ដ្រ មានន័យថា​ជាការ​ទំនាក់ទំនង​រវាងគ្នា​នឹងគ្នា ជាការ​ផ្ទេរ​ចំណេះដឹង​ទៅវិញ​ទៅម​កដោយមិន​ប្រកាន់​វណ្ណៈ។

4 . មិត្ដា​មច្ចេសុដិវេទេន្ដិ ៖ ការលើក​តម្កើង​សិស្ស​នៅទី​ប្រជុំ​នៅក្នុង​មិត្ដ​អាមាត្រ មានន័យ​ថាគ្រូលើក​នូវគុណ​សម្បត្ដិ​របស់សិស្ស អួតប្រាប់​គេឯង​នៅក្នុង​ចំណោម​មិត្ដអាមាត្រ​ដទៃទៀត​(គ្រូ និង​គ្រូ)។

5 . មិសា​សុបរិត្ដាណំ ៖ ការធ្វើ​នូវ​សេចក្ដី​ការពារ​ឱ្យសិស្ស​ក្នុងទិស​ទាំងពួង មាន​ន័យថា​នៅពេល​ដែលគ្រូ​ដទៃទៀត ឬ​អ្នកណា​ក៏ដោយ​ដែលបង្កាប់​បង្ខូច​កេរ្ដិ៍ឈ្មោះ​សិស្ស គ្រូ​តែងតែ​ចេញ​មកការពារ​និងធ្វើការ​ពន្យល់​ណែនាំ​រៀបរាប់​ឱ្យអ្នកដទៃ​បានយល់ និង​ស្គាល់នូវ​ឥរិយាបទ​មាយាទ​របស់​សិស្ស​នោះ ព្រោះ​មានតែ​គ្រូទេ​ទើបបាន​ដឹង។

សរុប​សេចក្ដីមក​នៅពេល​ដែលសិស្ស​បាន​បំពេញ​នូវតួនាទី​ប្រាំយ៉ាង​ក្នុងនាម​ជាសិស្ស​ជូនចំពោះ​គ្រូហើយ គ្រូក៏​បានបំពេញ​តួនាទី​ប្រាំយ៉ាង​របស់ខ្លួន​ទៅចំពោះ​សិស្សវិញ ទង្វើ​ទាំងអស់នេះ​ហើយ​រមែង​នាំមកនូវ​ប្រយោជន៍​នៅក្នុង​សង្គម ក្នុងការ​រស់នៅ​រវាង​សិស្ស និង​គ្រូ​ចៀសវាង​នូវវិបត្ដិ​សេចក្ដី​អន្ដរាយ​នានាដែល​មានការ​អាក់អន់ចិត្ដ​នៅក្នុង​សង្គម​ទំនាស់​ផ្សេងៗ​ដែលកើត​នៅក្នុង​សង្គម​ក៏ដោយសារ​ការ​មិនគោរព​តួនាទី និងភាព​មិនចុះ​សម្រុង​នឹងគ្នា។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទំនាស់​តួនាទី​របស់​សិស្ស​និងគ្រូ

ប្រសិន​បើសិស្ស​មិនបាន​បំពេញ​តួនាទី​មិនបាន​ល្អ ឬ​មិនស្ដាប់​នូវការ​ទូន្មាន​ការប្រៀន​ប្រដៅរបស់​គ្រូទេ អាចនឹង​កើតមាន​នូវ​ទំនាស់​ផ្សេងៗ​ដែល​ញឹកញាប់​កើតមាន​នៅក្នុង​សង្គម។ សិស្សមិន​ស្ដាប់ការ​ណែនំា​របស់គ្រូ គ្រូ​មិនមាន​ទឹកចិត្ដ​ក្នុងការ​បង្រៀន គ្រូ​មិនមាន​គុណធម៌ល្អ​ចំពោះសិស្ស វានឹង​កើតឡើង​នូវគម្លាត​រវាងគ្រូ​និងសិស្សកា​ន់តែ​លែងមាន​ទំនាក់​ទំនង​ជិតស្និទ្ធ​នឹងគ្នា។ មូលហេតុ​ទាំងអស់​នេះហើយ ដែលធ្វើ​ឱ្យសិស្ស​មានគម្លាត​កាន់តែ​ឆ្ងាយពី​គ្រូ។ កាលណាសិស្ស​មានគម្លាត​កាន់តែ​ឆ្ងាយពី​គ្រូ ការ​បង្រៀន​របស់គ្រូ ឬ​ការផ្ដល់​ចំណេះដឹង​របស់គ្រូ​ទៅសិស្ស​គឺមិនបាន​ល្អទេ បាន​ន័យថា​សិស្ស​ទៅរៀន​គោរព​តែម៉ោង​សាលា ទៅរៀន​កុំឱ្យតែ​អវត្ដមាន។ គ្រូទៅ​បង្រៀន​ចេះតែ​បង្រៀន មិនសូវ​យកចិត្ដ​ទុកដាក់​ក្នុងការ​បង្រៀន មិនប្រាប់​នូវ​គន្លឹះល្អៗ​ទៅសិស្ស កត្ដា​ទាំងនេះ​ហើយ​ដែលធ្វើ​ឱ្យមាន​ភាពច្របូក​ច្របល់​នៅក្នុង​សង្គម។

បណ្ដាំផ្ញើ​របស់​ព្រះភិក្ខុ ហ៊ុំ សុទ្ធា

មនុស្សម្នាក់ៗ​ត្រូវ​រស់នៅ​ជាមួយ​គុណធម៌​ឱ្យបាន​ច្រើនជាង​លុយ សិស្សគួរ​ប្រើគុណធម៌​ឱ្យបាន​ច្រើន​ជូន​ចំពោះគ្រូ ចំណែក​គ្រូ គួរប្រើគុ​ណធម៌​ល្អចំពោះ​សិស្សវិញ។ ទីមួយ​ជួយរួម​ចំណែក​នៅក្នុង​សហគមន៍​ដ៏តូចមួយ​នៅពេល​ណាដែល​សហគមន៍​មាន​របៀប​រៀបរយ មាន​សណ្ដាប់​ធ្នាប់ល្អ មាន​ន័យថា​ការចេះ​យោគយល់​ចេះអធ្យាស្រ័យ មានការ​គោរព​រាប់អាន​គ្នាទៅវិញ​ទៅមក។ ដូចនេះ​នៅពេល ដែល​សង្គម​មាន​សណ្ដាប់​ធ្នាប់ល្អ និងមាន​ស្ថិរភាព​ក្នុងសង្គម​បានល្អ​ហើយ ធ្វើឱ្យ​ប្រទេសជាតិ​រីកចម្រើន​ទៅមុខ​ជាក់ជា​មិនខាន។ មូលហេតុ​ដែល​នាំឱ្យ​ប្រទេសជាតិ​ធ្លាក់ចុះ​ក៏ដោយ​សារតែ​មនុស្ស​មិនមាន​សីលធម៌​ល្អ សុជីវធម៌​មិនល្អ​នៅក្នុងខ្លួន មិនចេះ​គោរព​ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ​អ្នកគ្រូ​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative