ញាំ​ត្រយូង​ចេកបង្កង

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ២នាក់
  • រយៈពេល​ចម្អិន ១៥នាទី
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ២នាទី

គ្រឿង​ផ្សំ

  • បង្កង ៣ខាំ
  • ត្រយូង​ចេក ២ខាំ
  • ខ្ទឹមស ៥ក្រាម
  • ស្ករ​ត្នោត ១៥ក្រាម
  • ទឹកត្រី ១០ក្រាម
  • ខ្ទឹម​ក្រហម ៥ក្រាម
  • សណ្ដែក​ដី ១០ក្រាម
  • ការ៉ុត តាម​ចំណូលចិត្ដ
  • ជី​គ្រប់មុខ តាម​ចំណូលចិត្ដ
  • ម្ទេស​ដៃនាង ១គ្រាប់
  • ក្រូចឆ្មារ ២ផ្លែ

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿងផ្សំ

  • ត្រយូង​ចេក​បកសម្បក​ចេញយក​តែបណ្ដូល​កណ្ដាល ហើយ​យកទៅ​ត្រាំ​ជាមួយ​ទឹកខ្មេះ ឬ​ក៏ទឹកក្រូចឆ្មារ​ប្រហែល​ជា៥​ទៅ១០នាទី បន្ទាប់មក​យក​ត្រយូង​ចេក​ហាន់ស្ដើង​ទុកដោយ​ឡែក។
  • បង្កង​ត្រូវបក​សម្បក​ចេញ និងត្រូវ​វះយក​អាចម៍​ចេញ ហើយ​ត្រូវលាង​ឱ្យស្អាត​យកទៅ​ប្រឡាក់​គ្រឿង មាន​ដូចជា ស្ករត្នោត​បន្ដិច អំបិល​មួយចឹប បន្ទាប់​មកត្រូវ​យកទៅ​ដុតឱ្យ​ឡើង​ជាពណ៌​ក្រហម រួចទុក​ដោយ​ឡែក។
  • ខ្ទឹមក្រហម​ចែកជាពីរ​ចិញ្ច្រាំ និង​ហាន់ស្ដើង​ល្មម
  • ខ្ទឹមស​ចែកចេញ​ជាពីរ យកទៅ​លាយ​ជាមួយ​ទឹកជ្រលក់ និងលាយ​ជាមួយ​ញាំ
  • ជី​គ្រប់មុខ​បេះយក​តែស្លឹក ហើយ​លាងទឹក​ឱ្យស្អាត
  • ការ៉ុត​លាងទឹក​ឱ្យស្អាត ចិត​ជាសរសៃ​តូចៗ​តាមម៉ូត
  • ម្ទេស​ដៃនាង​ហាន់​ជាសរសៃ​ស្ដើងៗ

វិធី​ធ្វើទឹក​ជ្រលក់ ៖ ជាដំបូង​ត្រូវលាង​ខ្ទឹមស និង​ក្រហម​ចូលគ្នា បន្ទាប់​មកចាក់​ទឹកត្រី អំបិល ដាក់ស្ករ​ចូលដាំ​ឱ្យពុះ ការពារ​កុំឱ្យ​កើតមាន​ជម្ងឺ​ហើមពោះ បន្ទាប់​មកទៀត​ដាក់ទឹក​ក្រូចឆ្មារ​ជាការស្រេច។

របៀប​ធ្វើ

ដំបូង​យកបន្លែមក​លាយ​ចូលគ្នា ដែល​រួមមាន​ត្រយូង​ចេក ដាក់​ការ៉ុត ត្រូវ​ដាក់ទឹក​ជ្រលក់​លាយ​ចូលគ្នា ដាក់​សណ្ដែក​ដីចូល។ បន្ទាប់​មកត្រូវ​ដាក់ជី​គ្រប់មុខ​ចូល​រួមទាំង​ខ្ទឹម​ក្រហម ហើយ​ដាក់ម្ទេស​លម្អ​ពីលើ ដួស​ដាក់ចាន យក​បង្កង​ដាក់ពី​លើជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬក៏​ជាមួយ​គ្រឿងក្លែម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative