ទុក្ខវេទនា​របស់​មាតាបិតា​ដែល​ចិញ្ចឹមកូន​អកតញ្ញូ

បច្ចុប្បន្ននេះ​កូន​អកតញ្ញូ​រមែង​កើតមាន​ឡើង​ជាញឹកញាប់​នៅក្នុង​សង្គម​ជាតិខ្មែរ ហើយ​បញ្ហា​ទាំងអស់​នេះឧស្សាហ៍​កើតមាន​ឡើង​ស្ទើរ​ជារៀង​រាល់ថ្ងៃ ជាក់ស្ដែង​ដូចជា​នៅក្នុង​ទំព័រ​កាសែត ទូរទស្សន៍ ទស្សនាវដ្ដី វិទ្យុ​ជាដើម។ ដោយកូន​អកតញ្ញូ​ទាំងនេះ បង្កតែ​ទុកលំបាក​ដល់​មាតាបិតា​គ្រប់​ជំហាន និង​បណ្ដាល​ឱ្យមាតាបិតា​អាប់មុខ​អាប់មាត់​(កិត្ដិយស)​ដោយសារ​តែកូន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​ព្រះភិក្ខុ ហ៊ុំ សុទ្ធា ព្រះគ្រូ​សូត្រ​ឆ្វេងនៅវត្ដ​សំពៅមាស ព្រះតេជគុណ​នឹងធ្វើការ​បកស្រាយ​រាល់អំពី​ទុក្ខវេទនា​របស់​មាតា​ដែល​ចិញ្ចឹម​កូន​អកតញ្ញូ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប​កាន់តែ​ច្បាស់អំពី​បញ្ហា​នេះ។

កូន​អកតញ្ញូ?

កូន​អកតញ្ញូ​ជាកូន​ដែលធ្វើ​ឱ្យមាតាបិតា​ពិបាក​គ្រប់​ជំហាន ជាកូន​មិនស្គាល់​គុណ​មិនស្គាល់​នូវអំពើល្អ​របស់​មាតាបិតា និង​អាណា​ព្យាបាល​ឡើយ ទោះបីជា​ខិតខំ​ចិញ្ចឹម​ថែរក្សា​អប់រំ​តាំងពីតូច​ក្រូចឆ្មារ​រហូតដល់​ធំពេញវ័យ​​ក៏ដោយ។

ផលវិបាក​របស់​មាតាបិតា​ដែល​ចិញ្ចឹមកូន​អកតញ្ញូ

ពាក្យថា​ផល​លំបាក​ចែកចេញ​ជាពីរ​គឺលំបាក​កាយ និង​លំបាក​ចិត្ដ។ លំបាក​កាយ​មានន័យថា​មាតាបិតា​គ្រប់រូប​ខិតខំ​ប្រឹងប្រែង​រកស៊ី​ដោយ​សេចក្ដី​លំបាក​វេទនា គឺដើម្បី​ឱ្យកូន​របស់ខ្លួន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ស្គាល់ពី​តម្លៃ​សង្គម ប៉ុន្ដែកូន​បែរជា​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ​ដែល​ខុសពី​ឧត្ដមគតិ​របស់​មាតាបិតា។ រីឯ​លំបាកចិត្ដ​មាន​ន័យថា​នៅពេល​ដែលកូន​មិនបាន​ធ្វើអ្វី​ក៏មាតាបិតា​មាន ការ​លំបាក​នៅក្នុង​ចិត្ដ និង​មានការ​ព្រួយបារម្ភ​ពីកូន ព្រោះ​កូនធ្លាប់​ធ្វើខុស​ពី​ឧត្ដមគតិ​របស់​មាតាបិតា ហើយ​ធ្លាប់ធ្វើ​ខុសពី​ក្រមសីលធម៌​របស់​សង្គម​ទៀត ដែល​បណ្ដាលឱ្យ​មាតាបិតា​មានការ​ព្រួយបារម្ភ​ទៅលើ​សុវត្ថិភាព​របស់​កូន ខ្លាច​ទៅបង្ក​ទំនាស់​ជាមួយ​អ្នកដទៃ​អាចទៅ​ប្រើប្រាស់​គ្រឿងញៀន។

សរុប​សេចក្ដី​មក លំបាក​កាយ និង​លំបាកចិត្ដ​បាន​ន័យថា ប្រសិន​បើកូន​ទាំងអស់​នោះធ្វើ​ខុសពី​ឧត្ដមគតិ​របស់​មាតាបិតា ធ្វើឱ្យ​មាតាបិតា​មានការ​ព្រួយបារម្ភ​ខ្វល់ខ្វាយ​ទៅលើ​សុវត្ថិភាព​របស់​កូន។ ហេតុដូច្នេះ​ហើយ​ទើបធ្វើ​ឱ្យមាតាបិតា​មានការ​ពិបាក​ផ្លូវកាយ និង​ចិត្ដ អាចបង្ក​ឱ្យមាន​បញ្ហា​ផ្សេងៗ​នឹងកើត​មានឡើង។

តើកូន​មួយណា​ប្រសើរ​ជាងកូន​មួយណា?

នៅក្នុង​សៀវភៅ ស្រី​ហិតោបទេស​ភាគ១ បាន​ដំណាល​ពីកូន​លំបាក​បីជំពូក ៖

  • កូន​ទីមួយ​មិនទាន់​កើត(កូន​នៅក្នុងផ្ទៃ​របស់​មាតា​នៅឡើយ)
  • កូន​ទីពីរ​កើតមក​ហើយ​ស្លាប់​ទៅវិញ
  • កូន​ទីបីកើត​មកហើយ​មិនស្លាប់​ទេ ប៉ុន្ដែ​ល្ងង់​(មិនស្គាល់​គុណ មិនស្គាល់​បុណ្យ មិន​ស្គាល់​បាប មិនចេះ​សិល្ប៍សាស្ដ្រ​កើតជា​មនុស្ស​បង្គ្រប់​តែជាតិ)។

កូន​ទាំងពីរ​ខាងដើម កូន​ទីមួយ និង​កូនទីពីរ​ប្រសើរ​ជាងកូន​ទីបី ដែល​កើតមក​ហើយ​ល្ងង់។ ដោយ​សម្អាង​ថាកូន​ដែល​មិនទាន់​កើតមក ពោល​គឺនៅក្នុង​ផ្ទៃ​របស់​មាតា​គ្រាន់តែ​ធ្វើឱ្យ​មាតា​រងទុក្ខតែ​រយៈពេល​ប្រាំបួន​ខែទៅដប់ខែ​ប៉ុណ្ណោះ។ ចំណែក​ឯកូន​ដែលកើត​មកហើយ​ស្លាប់ទៅ​វិញ ធ្វើឱ្យ​មាតាបិតា​រងទុក្ខ​យំស្ដាយ​ស្រណោះ​តែមួយ​រយៈ​ក៏រំសាយ​ទៅវិញ​ក្នុង​រយៈពេល​ខ្លីទេ។ ចំពោះ​កូនទីបី ដែល​កើតមក​ហើយ​រស់រាន​មានជីវិត ប៉ុន្ដែ​ល្ងង់​មាន​ន័យថា​បំពេញ​ទុក្ខ​មាតាបិតាគ្រប់​ជំហាន​ទាំងអស់។

បណ្ដាំ​ផ្ញើរបស់​ព្រះភិក្ខុ ហ៊ុំ សុទ្ធា

សង្គមខ្មែរ​នាពេលបច្ចុប្បន្ន​នេះ កូន​អកតញ្ញូ​ភាគច្រើន​បណ្ដាល​មកពី​កត្ដា​សង្គម ដោយ​អរិយធម៌​វប្បធម៌​របស់​បរទេស​បានជ្រាប​ចូលក្នុង​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជំរុញឱ្យ​កូន​មួយចំនួន​ក្លាយ​ទៅជា​កូន​អកតញ្ញូ។ ក្នុងនាម​យើង​ទាំងអស់​គ្នាជាប្រជាពលរដ្ឋ​ខ្មែរ ជាកូន​ខ្មែរ មិន​ត្រូវធ្វើជា​កូនអកតញ្ញូ​ទេ គប្បី​ត្រូវដឹង​នូវអ្វី​ជាគុណ ទើប​ជាការ​ប្រសើរ។ ក្នុងនាម​ជាកូន​មិន ត្រូវ​ធ្វើឱ្យ​មាតាបិតា​ពិបាក​ទាំងផ្លុវកាយ​និងចិត្ដ​ទេ ហើយត្រូវ​ខិតខំ​រក្សា​នូវអ្វី​ដែលជា​ទំនៀម​ទម្លាប់​ប្រពៃណីខ្មែរ​សព្វបែប​យ៉ាង ដែល​បុព្វបុរស​ដូនតា​បានបន្សល់​ទុក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative